រឿង ក្អែកមួយជាក្អែកដប់
កាលពីព្រេងនាយ មានបុរស ២ នាក់
ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។
អាខូចជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍ល័ក្ដបិទភ្ជិតយ៉ាងល្អ
មិនឲ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ១
មានផ្លែប៉ុនចង្កឹះអកកំបោរដងប៉ុនកដៃ ស្រោមធំវែងប្រហែល ១ លូក
អាខិលស្ពាយកាំបិតនោះដើរទៅលក់ ឯអាខូចក៏ពុនពាងអាចម៍នោះដើរទៅលក់ដែរ
។ អាខិលទៅពីនេះ អាខូចមកពីនោះ ជួបគ្នាកណ្ដាលផ្លូវ អាខូចពពាយនាយថា
អ្នកអើយទិញផ្អកយកទៅពិសា ផ្អកចាវយ៉ាងល្អ ស្ងោរក៏បាន ចំហុយក៏បាន
ឆ្ងាញ់របស់ខ្ញុំណាស់ ។ អាខិលឆ្លើយថា ទាស់តែលក់ដាវខ្ញុំមិនដាច់
គ្មានលុយទិញ បើដូរជាដាវនេះព្រមដូរឬទេ ? អាខូច
ឃើញដាវនោះវែងក៏ឆ្លើយថា « ដូរក៏ដូរ »
។ អាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះ
មុតបំផុត មេដែករបស់ខ្ញុំផង បើត្រូវការសឹមហូតកាប់តែម្ដង
អ្នកឯងកុំប្រញាប់ហូតមើល បើហូតលព្រើល ៗស៊កទៅវិញមិនចុះទេ
ដាវខ្ញុំពូកែ ខ្ញុំស្ដាយរបស់ខ្ញុំណាស់ បើកុំតែខែនេះក្រម្ហូបពេក
កុំអីខ្ញុំមិនដូរទេ »
។ អាខូចក៏ប្រគល់ពាងអាចម៍ឲ្យទៅអាខិល ហើយហាមថា «ផ្អកខ្ញុំហ្នឹងក៏ដែរ
ដល់ពេលស៊ីសឹមបើកយកមកចំហុយ កុំអាលបើកមើល
ក្រែងវាស្អុយរុយបែងក្រែងវាធុំខ្មោះ ស៊ីមិនទាន់អស់ វាទៅជាខានឆ្ងាញ់
នឹកឃើញជីដូនជីតា បានតែខ្វារស៊ីទៅ » ។ អាទាំងពីរ
បែកគ្នាទៅដល់ផ្ទះរាល់ខ្លួន
ហើយតឿនប្រពន្ធកូនថាដណ្ដាំបាយទៅអញបានផ្អក ។ ប្រពន្ធថា «បានផ្អកពីណា ? អាខិលថា
«ដូរដាវគេ ៗថាផ្អកចាវគេឆ្ងាញ់ពិសាណាស់ » ។
ប្រពន្ធក៏អរពេញចិត្តនឹកថា «ប្ដីចេះធ្វើកាំបិតដូរផ្អក » ស្ទុះភ្លែតទៅលាងចានដួសបាយ
ហើយកាន់កាំបិតយ៉ាងគំរឹល កកិលទៅជិតពាងផ្អក
យកកាំបិតគាស់អាចម៍ល័ក្ដនោះបើកឡើង ហើយលូកខ្វារបាន ១
ក្ដាប់ដាក់ផ្លាប់ទៅក្នុងចាន សល់នៅដៃប៉ុន្មានក៏លិទ្ធផ្លប់ភ្លក់មើល
ងើបមុខឡើងថា «យី ! ផ្អកចាវអីក៏ស្អុយដូចអាចម៍ គ្មានឆ្អឹងនិងសាច់កខ្វិកកខ្វក់
ម៉ដ្ឋផង់យ៉ាងហ្នឹង តើផ្អកត្រីអី?» ប្ដីថា «ក្រែងត្រីពោ » ។
ប្រពន្ធក៏លូកកូររាវរកក្បាល លូកបានពាក់កណ្ដាលក្អួតចង្អោរ ២០ វ៉ក
ដឹងជាក់ជាអាចម៍ មិនមែនផ្អក មកបន្ទោសទៅម្ចាស់ដើម ឆ្អើមលេបបាយមិនរួច ។
និយាយអំពីអាខូច ត្រេកអរណាស់
ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថា «អាចម៍មួយពាងដូរបានដាវមួយដែរ» ទទួលខឹងនឹងឆ្កែវានោមច្រាសស្លឹកគ្រៃ
កន្ទ្រាក់ដាវលោតទៅដល់ដី បម្រុងនឹងកាប់ឆ្កែសម្លាប់
ក៏ចាប់ដងដាវហូតខ្វិចឃើញផ្លែដាវនោះកំប៉ិច
គេចឡើងលើផ្ទះបង្ហាញប្រពន្ធមើល ហើយសើចទាំង ២ នាក់
សើចហើយប្រាប់ប្រពន្ធថា «ប្រាជ្ញាអានោះស្មើនឹងអញ ៗ ទៅបបួលវាធ្វើសំឡាញ់គ្រាន់រកស៊ីពីរនាក់
នឹងបានមាសប្រាក់ដោយងាយ»
។ លុះទៅប្រទះនឹងអាខិល ដើរមកពីនាយសើចពព្រាយ
និយាយសួរថា « ឯងទៅណា ! »
។ អាខិលឆ្លើយថា «អញមកសុំឯងធ្វើសំឡាញ់» អាទីមួយក៏ថា
«អញសុំឯងធ្វើក្លើដែរ »
ហើយក៏សុខចិត្តដើរពីរនាក់
ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ ជរា ឈឺស្លាប់
គេដាក់ក្នុងក្ដារមឈូសបម្រុងបូជាថ្ងៃស្អែក ។
ចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នា វេលានោះអាទាំងពីរ
ស៊ើបសួរអ្នកដើរខាងក្រៅថា «អ្នកណាស្លាប់ បានជាគេយំ !» ។ គេប្រាប់ថា « មហាសេដ្ឋីស្លាប់» ។
អាទាំងពីរនាក់គិតគ្នាថា ឯងត្រូវក្លែងសំបុត្រមួយច្បាប់ទៅប្រាប់ថា
សំបុត្រសេដ្ឋីឲ្យមកយកទ្រព្យរបស់ អញបន្លំលបចូលដេកក្នុងមឈូស
អំពីលើខ្មោចសេដ្ឋីស្ដីតបនឹងឯង » ។ ហើយយក៏បន្លំដេកដូចគំនិត
។ អ្នកនៅជិតមិនបានឃើញ មិនបានដឹង
ត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម្ម
កូនចៅតូចធំរវល់តែយំសោក ។ អាខូចដើរទៅរកក្រដាសបានធ្វើសំបុត្រក្លែង
កាន់ដើរទៅ សម្ដែងសូត្រឲ្យគេស្ដាប់ «សំបុត្រអំពីមហាសេដ្ឋីប្រាប់ថាចៅខូចកម្សត់តាំងពីតូចជាកូនធម៌
ឥឡូវអាពុកជរាហើយ កូនអើយ !
ចូរទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចុះ » ។
កូនចៅប្រុសស្រី គេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសេដ្ឋី ។
អាខូចឆ្លើយថា «ខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហៅទៅសួរលោកចុះ
បើលោកស្ដី នុះខ្ញុំត្រង់ពិត បើលោកស្ងៀមនុះខ្ញុំក្លែងបញ្ឆោតទេ» ។
កូនសេដ្ឋីចូលភ្លាមទៅស្រែកហៅឪពុក ។ អាខិលឆ្លើយថា «អើ» !។
កូនសួរថា «ឪពុកបានឲ្យសំបុត្រទៅកូនធម៌ មកយករបស់មែនឬ » ។
អាខិលថា អើ !
កូនអញឈ្មោះខូច វាមកហើយឬ ! » ។ កូនឆ្លើយថា «ទានប្រោស !
មកហើយ ។ អាខិលថា អើ ! មើលយករទេះមួយធំ
ក្របីមួយនឹមទឹមរទេះនោះ ហើយយកមាស ប្រាក់ កែវ កង សំពត់ អាវ
វាល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មាន
ឲ្យវាយកទៅចុះ »
។ កូនចៅស្រីប្រុស ចាញ់ឧបាយកលអាខិលអាខូច
ក៏ខឹងខ្មោចសេដ្ឋី ស្លាប់ហើយចេះស្ដី ហៅពេញជាអស្ចារ្យ
ឥឡូវនឹងបើកក្ដារមើលឲ្យច្បាស់ ចាស់ៗហាមប្រាមថា មើលមុខខ្មោចមិនបាន
ខ្លាចដេកយប់ទៅមមើមមាយ ម៉្លោះហើយក៏ជឿជាក់យកមាសនិងប្រាក់ សំពត់ អាវ
សំលៀកបំពាក់ និងកន្ទេល ពូក ខ្នើយ ហើយថែម តុ ថាស ចានល្អ ៗ អំបិលប្រហុក ៤
ក្រឡអង្ករ ៥ ការុង ដាក់ផ្លុងទៅឲ្យអាខូចអាខិល បង្វិលរទេះយ៉ាងធំ ជជែក យំ
ទឹកភ្នែកឲ្យដឹងខឹងដោយបញ្ជោះ ទាំងស្រីទាំងប្រុស ហើយក៏ដឹកក្របីមួយនឹម
ទឹមរទេះប្រគល់ឲ្យអាខូចទៅ ។ អានេះត្រេកអរឡើងបររទេះចេញទៅ
អ្នកទាំងអស់ដែលនៅចេះតែជ្រួល មិនស្រួលព្រោះត្បិតខឹងនិងស្ដាយ ។
អាខិលលួចមើលនាយអាយលបចេញប្រិច រត់តាមទៅបន្តិចក៏ទាន់រទេះ
ហើយនិយាយគ្នាថា «យើងបានទ្រព្យរបស់តែទាស់ឃ្លានបាយ បើឈប់ដណ្ដាំបាយ នៅរៀងអាយ
ក្រែងមិនស្ងាត់ខ្លាចចោរតាមមកស្ទាក់ប្លន់យកទ្រព្យមួយរទេះ, បើដូច្នេះឯងឈប់ចាំអញ
ៗ ទៅសុំបាយគេស៊ីខ្លះ យកខ្លះមកឲ្យឯង » ។ អាមួយព្រមហើយ
អាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកនឹងលាយបាយ ឲ្យពុលស្លាប់អន្តរាយ
នឹងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯង ។ អាមួយដែលនៅចាំរទេះ
ក៏ធ្វើខ្នារដាក់ស្ទាក់ផ្លូវបម្រុងឲ្យត្រូវអានោះស្លាប់
នឹងយកទ្រព្យតែម្នាក់ឯងដែរ ។ វេលានោះអាមួយទៅសុំបាយគេស៊ី ៗ
រួចហើយសុំមួយចានផ្ញើសំឡាញ់ គេមិនកំណាញ់
ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផង ។ អានោះក៏លាគេដើរចេញមក
ហើយយកថ្នាំប្រឡាក់បាយ មកដល់ខាងអាយ ក៏ត្រូវនឹងខ្នារនោះស្លាប់
អាមួយដើរប្រញាប់ចាប់បាយស៊ី ទើបនឹងស្កាំអាសិរពិសថ្នាំ
ក៏ពុលស្លាប់បន្ទាប់គ្នា ។ ឯក្របីនោះ ក៏អូសរទេះចូលព្រៃ
រតែករតោកទៅជ្រកក្នុងទឹកត្រពាំង ប្រឆាំងដាច់ខ្សែទាម ដេកត្រាំទឹកទៅ ។
ដល់វេលាព្រឹកមានបុរសម្នាក់ ដើរទៅឃើញទ្រព្យរបស់ទាំងអស់
នៅក្នុងព្រៃនឹកម្ដងភ័យ នឹកម្ដងអរថា ឯងអ្នកក្រ
មិនដែលប្រទះទ្រព្យច្រើនណាស់ ដូច្នេះបើលៃលកយកទៅជារបស់ខ្លួន
ក្រែងពុំបានសុខ ក៏រុញរទេះសម្រុកទៅទុកក្នុងព្រៃ ចងក្របីជាប់
ត្រឡប់ទៅផ្ទះវិញ ហើយក៏ពិសោធន៍មារយាទប្រពន្ធដោយគិតថា «បើប្រពន្ធមារយាទល្អ
នឹងយកទ្រព្យនោះទៅជារបស់ខ្លួន
បើនិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដី
ជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួន» ។ គិតហើយដើរដល់ផ្ទះ
ក៏កុហកប្រាប់ប្រពន្ធថា អញជុះអាចម៍មិញ
មានសត្វក្អែកមួយហើរចេញអំពីក្ដិត តែឯងអាណិតបិតមាត់ឲ្យឈឹង
កុំឲ្យនរណាគេដឹងមួយជាពីរ តែចូលត្រចៀកគេវាបែកការអាក្រក់ណាស់
កើតមានជំនុំជម្រះ សួរទៅសួរមក ហើយគ្មានទាំងសាក្សីបានដឹងនឹងអាង
ក្រែងគេយកអញទៅឆ្កាង ឬយកទៅដាក់គុក ប្រពន្ធមិនលាក់ទុក
ក៏ដើរទៅប្រាប់គេថា « មានក្អែកហើរចេញពីក្ដិតប្ដីអញ តែឯងកុំមាត់ » ។
មេមួយទៀតមិនអត់ទៅ ប្រាប់គេថែមទៀត ក្អែក ៥ ប្រាប់លើសមួយៗតគ្នា
ដរាបដល់ក្អែកដប់ ។ រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រ ៗ
ទ្រង់ចាត់ប្រើរាជអាមាត្យ ឲ្យស្រាវជ្រាវរកដល់បុរសនោះ ៗ
ក៏ថ្វាយបង្គំគាល់ ស្ដេចទ្រង់ឆ្ងល់ ត្រាស់សួរថា « មែនឬមិនមែន» ។
បុរសក្រាបទូលថា ទូលព្រះបង្គំជាខ្ញុំ
កុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើន ។
បុរសនោះរៀបរាប់ក្រាបទូលដូចខាងលើ
ហើយក្រាបបង្គំលាទៅទឹមរទេះយកទ្រព្យមកថ្វាយស្ដេច ៗ
ទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាល ពាក់កណ្ដាលដាក់ឃ្លាំង ។
ធ្វើផ្ទះ
កុំដាក់ជណ្ដើរ
លោះខ្ញុំប្រើ
កុំឲ្យបាយស៊ី
រឿង ក្អែកមួយជាក្អែកដប់
Reviewed by Admin
on
4:49 PM
Rating: