រឿង ដើមកំណើតសត្វកូនលោក
មានបក្សីម្យ៉ាងហៅថាសត្វកូនលោក
រូបរាងស្រដៀងនឹងសត្វគ្រលីងគ្រលោង តែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ
ឬព្រៃភ្នំស្រោងស្រឹង ។ សត្វនេះចាស់ៗ ខ្មែរយើងបាននិយាយតៗមកថា
មានដើមកំណើតមកពីមនុស្ស ដូចមានដំណាលតទៅនេះ :
កាលពីព្រេងនាយមានកសិករពីរនាក់ប្ដីប្រពន្ធ
ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ បីនាក់ ។ កូនទី ១ ចេះដងទឹកដាំបាយ
កូនទី ២ ចេះនាំប្អូនដើរលេង កូនទី ៣ ចេះរត់លេង
ក្រោយពីពេលដែលប្ដីស្លាប់ចោលទៅ ។ នាងប្រពន្ធនៅមេម៉ាយជាមួយនឹងកូនស្រី
៣ នាក់តែងតែទៅកាប់ឧស បេះបន្លែ ទូលទៅលក់ឯផ្សាររាល់ថ្ងៃ ។
ថ្ងៃមួយនាងបានទៅជួបអ្នកលេងស៊ីផឹកម្នាក់
ដែលតែងតែដើរលួច ឆក់អ្នកដំណើរឆ្ងាយជិត បានលុយកាក់យកមកស៊ីផឹកហ៊ឺហារ
។ អ្នកលេងនោះកាលបើក្រឡេកឃើញអ្នកមេម៉ាយ
ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិឯណា ? ឆ្ងាយឬជិត ? ហេតុអ្វីក៏មិនឱ្យប្ដីជួយរែក
ប្រឹងផ្ទុកទូល ម្នាក់ឯងយ៉ាងម្ល៉េះ ? " ។
នាងក៏ប្រាប់ដោយត្រង់ថា
ខ្ញុំជាស្រីមេម៉ាយ ប្ដីស្លាប់ចោលទៅ
សព្វថ្ងៃក្រលំបាកណាស់ប្រឹងកាប់ឧសបេះបន្លែលក់គ្រាន់បានប្រាក់កាស
បន្តួចយកទៅទិញអាហារចំណីឱ្យកូនស្រី ៣ នាក់ បរិភោគ" ។ ឮដូច្នេះ
អ្នកលេងនឹកអរព្រួចក្នុងចិត្តថា នាងនេះមេម៉ាយមែន
ប៉ុន្តែមានរូបស្អាតគ្រាន់បើ
គួរអញតាមទៅសួរដល់ផ្ទះយកជាប្រពន្ធឱ្យបាន" ហើយក៏គិតនិយាយថា
"នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន ១០ កហាបណៈ សម្រាប់ទិញអីវ៉ាន់ផ្ញើកូន"។
នាងមេម៉ាយក៏ទទួលយកភ្លាម ដោយសេចក្ដីត្រេកអរ លុះលក់ឧសនិងបន្លែអស់ហើយ
នាងត្រឡប់មកផ្ទះវិញ ។ ឯអ្នកលេងក៏លបដើរតាមក្រោយ ដើម្បីគន់មើលផ្ទះវិញ
លុះពេលព្រលប់ក៏ទៅជួបឯផ្ទះនាងនិយាយគ្នា ត្រូវមាត់ហើយ ក៏យកគ្នាជាប្ដីប្រពន្ធតទៅ
។
ចាប់តាំងពីថ្ងៃនោះមក
អ្នកលេងតែងចេញទៅប្លន់អ្នកស្រុក ២-៣ ថ្ងៃមកផ្ទះម្ដងក៏មាន
កន្លះខែមកម្ដងក៏មាន ។ នាងនោះមានមាសប្រាក់ចាយ
បរិបូរណ៍ស្លៀកពាក់សុទ្ធតែរបស់ល្អៗ
ក៏ទៅជាធំចិត្តឡើងចាងក៏ដើរលេងជាមួយប្ដី នៅតាមផ្សារភ្លេចគិតដល់កូនកម្សត់ទាំងបីនាក់
មានចិត្តក្ដៅក្រហាយ ស្អប់កូនស្រីរបស់ខ្លួន ឃើញមុខកូនពេលណា
ចង់តែយកកាំបិតមកកាប់ឱ្យដាច់កទាំង ៣ នាក់
ពេលដាំស្លឆ្អិនហើយនាំប្ដីបរិភោគតែពីនាក់ ។
សល់បាយក្នុងឆ្នាំងបន្តិចបន្តួច កូនទាំង ៣ នាំបងប្អូនកេះកាយស៊ី
ខ្លះដេកលក់ក្បែរជើងក្រាន
ខ្លះដេកលក់នៅល្វែងផ្ទះខាងក្រៅមូសសុចខាំពងខ្លួន ។ ពេលព្រឹកៗ
នាងនោះតាំងតែងខ្លួនប្រាណ ទៅស៊ីផឹកនៅឯផ្សារជាមួយប្ដីរាល់ថ្ងៃ ។
ថ្ងៃមួយប្ដីបាននិយាយរំឭកថា :
បងមានសេចក្ដីអៀនខ្មាសមិត្តភក្តិខ្លាំងណាស់
ព្រោះប្អូនចេះតែតាមបងទៅស៊ីផឹកឯផ្សារ ដូច្នេះបងសូមអង្វរចិត្តអូន
សូមនៅផ្ទះថែទាំកូនស្រីទាំង ៣នាក់ចុះ ។
ឮប្ដីនិយាយយ៉ាងនេះ នាងនោះនិយាយគិតថា
"ប្ដីអញគាត់ហ៊ឺហាណាស់ ពួកស្ត្រីខូចក្នុងផ្សារស្គាល់គាត់ទាំងអស់
បើអញបណ្ដោយតទៅថ្ងៃមុខគាត់នឹងបោះបង់ចោលអញពុំខាន
គួរអញរកឧបាយសម្លាប់កូនស្រីទាំង ៣ នាក់
ចោលកុំឱ្យគាត់មានពាក្យចាក់ដោតថា ឱ្យអញនៅផ្ទះព្រោះតែកូនឡើយ ។
លុះដល់ខែពិសាខមានភ្លៀងធ្លាក់ជោកជាំ នាងនោះនិយាយបញ្ឆោតកូនថា 'កូនអើយ ! កាលឪពុកឯងនៅរស់នៅ
តែដល់រដូវនេះហើយគាត់តែងនាំម្ដាយទៅសាប
ព្រោះស្រូវនៅត្រពាំងទឹកក្នុងព្រៃជិតជើងភ្នំមានខ្ទមលំហដេកចាំស្រូវស្អែកនេះ
ម្ដាយនឹងយកស្រូវពូជទៅសាបព្រោះ ចូរកូនទៅដេកចាំចាបព្រាបលលក
កុំឱ្យស៊ីស្រូវ " ។ លុះព្រឹកឡើងនាងនោះ
នាំកូនទៅក្នុងព្រៃហោឋានជិតជើងភ្នំ
យកស្រូវទៅបាចសាបក្នុងត្រពាំងរួចផ្ដាំកូនថា "នែហងរាល់គ្នា!
ត្រូវនៅចាំស្រូវ កុំទៅណាឆ្ងាយ កុំទៅផ្ទះ បើទៅអញវាយសម្លាប់ "
ផ្ដាំហើយនាងនោះទុកបាយឱ្យ ១ចំណែកម្នាក់អង្គរ ៣ ចានពោតបួនដប់គ្រាប់
កូនឆ្នាំងដីមួយ នឹងអំបិលប្រហុក បន្តិចបន្តួចដោយគិតថា
"យប់នេះខ្លាវានឹងមកខាំស៊ី បើមិនស្លាប់ដោយខ្លាស៊ីក៏គង់
ស្លាប់ដោយអត់បាយពុំខាន" ។ លុះផ្ដាំកូនស្រេចហើយ
ក៏ត្រឡប់មកផ្ទះវិញ ដេកចាំមើលប្ដីមកពីរកស៊ី ។ លុះប្ដីមកដល់ក៏សួរថា
"កូនស្រីទាំង ៣ នាក់ទៅដើរលេងឯណាពុំឃើញមកផ្ទះ " ។
ប្រពន្ធប្រាប់ថា
ខ្ញុំប្រើវាឱ្យទៅចាំស្រូវជាមួយចាស់ទុំជាច្រើនលុះស្រូវទុំទើបវាត្រឡប់មកវិញ
។
ចំណែកកុមារីទាំង ៣
នាក់នាំបងប្អូនយកគ្រាប់ពោតទៅកប់តាមភ្លឺត្រពាំង
ពេលយប់នាំគ្នាឡើងទៅដេកលើខ្ទម ។ ឮសូរតែមាត់ដំរី ចចក
ស្វានស្វាស្រែកទ្រហឹងអឹងកងពេញព្រៃស្មសាន នាងបងមានសេចក្ដីភិតភ័យ
ញ័រខ្លួនដូចសត្វស្ទើរ គ្មានព្រលឹងនៅក្នុងខ្លួន
លួងប្អូនៗកុំឱ្យយំខ្លាចសត្វសាហាវទាំងនោះវាមកខាំសម្លាប់ ។
គ្រានោះអារក្ខទេវតាដែលឋិតនៅក្នុងព្រៃស្មសានគិតថា
"នាងម្ដាយហេតុអ្វីក៏យកកូនតូចៗមកប្រោសចោលក្នុងព្រៃដូច្នេះ
បើអញមិនជួយកុមារទាំង៣ នេះផងមុខជាម្រឹគពាទ្យយង់ឃ្នងស៊ីពុំខាន
គួរអញសង្គ្រោះកុមារទាំងនេះទម្រាំផុតពេលរាត្រីនេះ
ហើយអញនឹងក្រាបទូលសម្ដេចឥន្ទ្រាធិរាជ " ។
គិតស្រេចអារក្ខទេវតាសម្ដែងឫទ្ធិស្រែកគំរាមពួកសត្វសាហាវឱ្យរត់ខ្ចាត់ខ្ចាយទៅ
លុះព្រឹកឡើងក៏ចូលទៅកាន់សំណាក់ទេវរាជឈ្មោះវរុណ នៅទិសឦសាន
ដើម្បីឱ្យទេវរាជនេះ នាំដំណឹងទៅក្រាបទូលព្រះឥន្ទ្រាធិរាជ ។
វរុណទេវរាជរំពឹងឃើញថា
"ការនេះមិនចាំបាច់ទៅក្រាបទូលព្រះឥន្ទ្រាធិរាជទេ ព្រោះកុមារីទាំង
៣ នេះត្រូវក្លាយខ្លួនទៅជាសត្វបក្សី " ហើយបង្គាប់ថា
"ត្រូវអ្នកឯងជួយការពារកុមារីទាំង ៣ ឱ្យមធ្យ័តកុំឱ្យសត្វសាហាវបៀតបៀនបាន
ទម្រាំវាក្លាយខ្លួនទៅជាសត្វ
បើវាឃ្លានអាហារត្រូវនិមិត្តជាត្រីក្រឹមទន្សាយ ខ្យង ខ្ចៅ
ដាក់ក្នុងត្រពាំងមួយឱ្យវាស៊ីទៅ " ។
អារក្ខទេវតាត្រឡប់មកវិញក៏ធ្វើតាមបង្គាប់វរុណទេវរាជ ។ ឯកុមារីទាំង ៣
នាក់នោះនៅចាំស្រូវបាន ៣ យប់ ៣ ថ្ងៃ ក៏អស់អង្ករ ៣ ចានដែលម្ដាយទុកឱ្យស៊ី
ប្អូនយំរកបាយស៊ី បងបានដើរទៅបេះស្លឹក ថ្នឹង
ចូលទៅក្នុងថ្លុកក្ដិចត្រួយត្រកួន និង ដើមអំពៅដៀប យកមកចែកគ្នាស៊ី ។
ប្អូនបង្អស់ចេះតែស្រែកយំ
បងក៏នាំគ្នាចុះទៅចាប់ត្រីក្រឹមទន្សាយធំមួយបានមក
ប្រុងដុតស៊ីតែភ្លើងដែលម្ដាយបង្កាត់ទុកឱ្យរលត់អស់ទៅ
ក៏នាំបងប្អូនហែកស៊ីឆៅបន្តិចម្នាក់ ។
ប្អូនចេះតែយំកន្ទក់កន្ទេញចង់ទៅផ្ទះ បងថាមិនហ៊ានទេ ខ្លាចម៉ែវាយ
តែប្អូនទាំងពីរស្រែកយំខ្លាំងពេកបងទ្រាំមិនបានក៏នាំគ្នាទៅផ្ទះ ។
ឯម្ដាយកាលបើឃើញកូនបណ្ដើរគ្នាមកដូច្នោះ
ក៏មួរម៉ៅស្រែកជេរពីលើផ្ទះ មេកូនចង្រៃ ! អញថាយកវាទៅប្រោសចោល
ឱ្យស្លាប់ព្រាត់ប្រាស់អស់ទៅឥឡូវ មិនស្លាប់បែរជានាំគ្នាត្រឡប់មកវិញ
អញវាយសម្លាប់ឥឡូវហើយ កុំឱ្យអញឃើញមុខមាត់អញមិនឱ្យហងឡើងផ្ទះសម្បែងទេ
" ។ នាងបងអង្វរថា "សូមអ្នកម្ដាយអាណិតកូនផងចុះ
ព្រោះប្អូនចេះតែយំឃ្លានបាយអត់ ២-៣
ថ្ងៃហើយស៊ីតែស្លឹកឈើជំនួសបាយភ្លើងក៏រលត់អស់
បើម៉ែមិនឱ្យនៅកូនសូមតែអង្ករនិងភ្លើងត្រឡប់ទៅវិញ សូមម្ដាយកុំធ្វើបាបកូន
កូនសូមទោស " ។ ឯកូនប្អូននិយាយប្រាប់ម្ដាយថា "ម៉ែ ! បងចាប់បានសាយស៊ីអែត
" ។ ម្ដាយឮកូនប្រាប់ថា "ចាប់បានទន្សាយស៊ីឆ្អែត' ក៏រឹតមួរម៉ៅខ្លាំងណាស់ទៅទៀត
ជេរបញ្ចោរថា "មេកូនចង្រៃ!
វាបានទន្សាយចែកគ្នាស៊ីម្ដេចមិនយកឱ្យអញស៊ីផង " ។
និយាយតែប៉ុណ្ណោះក៏ស្ទុះទៅវាយកូនទាំង ៣
នាក់ធាក់ច្រំបណ្ដេញឱ្យទៅព្រៃវិញ របស់អ្វីបន្តិចបន្តួចក៏មិនឱ្យសោះ
ប៉ងឱ្យតែស្លាប់បាត់បង់ទៅ។ គួរឱ្យអាសូរកុមារីទាំង ៣
នាក់នេះពន់ពេកម្ដាយវាយបែកឈាមហូរសស្រាក់ ក៏នៅតែមិនបាត់វាចាថា
"ម៉ែៗ !" ឥតដឹងថាម្ដាយប្រុងសម្លាប់ខ្លួនចោលសោះ ។
ឯកុមារីប្អូនចេះតែអួតប្រាប់ម្ដាយថា "បានសាយស៊ីអែតៗ " ។
ម្ដាយឮដូច្នោះរឹតតែវាយខ្លាំងថែមទៀត ។
នាងបងប្រឹងទាញប្អូនទាំងពីរនាក់ទៅដោយគិតឃើញថា
បើទ្រាំនៅមុខតែម្ដាយសម្លាប់មិនខាន ហើយនាំគ្នាទៅនៅក្នុងខ្ទមដដែល
ដោយគ្រាំគ្រានឹងម្ដាយវាយសំពង់ក៏សន្លប់បាត់ស្មារតីទាំង ៣ នាក់ ។
អារក្ខទេវតាកាលបើឃើញដូច្នោះ ក៏យកទឹកមកប្រោះព្រំកុមារីទាំង ៣
នាក់ឱ្យមានស្មារតីឡើងវិញ ។
កុមារីទាំង ៣ នាក់លុះដឹងស្មារតីឡើងស្រែកទ្រហោយំទាំងអស់គ្នា
ឯនាងបងក៏ចុះទៅចាប់ត្រីក្រឹមទន្សាយ
និងរាវរកខ្យងខ្ចៅមកហែកចែកបងប្អូនស៊ីជំនួសបាយជានិច្ចរាល់ថ្ងៃ
ត្រីនិងខ្យងខ្ចៅចេះតែមានមិនអស់ព្រោះទេវតានិម្មិតឱ្យកាលណាថ្ងៃក្ដៅល្អ
ស្រង់មកហាលថ្ងៃឱ្យតែក្រៀមៗ វាយបំបែក ហែកចែកគ្នាស៊ីទៅ ។
នាងបងនិយាយកៀកកប្អូនលួងលោមថា “'អូនអើយ ! យើងទាំង ៣
នាក់នេះពុំបានជួបមុខម៉ែទៀតទេ ព្រោះគាត់មានប្ដីថ្មីទៀត
បានជាគាត់ស្អប់យើងហើយរករឿងសម្លាប់យើងចោល
យើងកុំសង្ឃឹមថាមានជីវិតរស់នៅតទៅមុខទៀត
ណាមួយសំពត់អាវមានតែមួយម្នាក់សម្រាប់ស្លៀកដណ្ដប់
ឥឡូវនេះដាច់អស់ទៅហើយ តទៅមុខយើងនឹងរងាឱបក្បាលជង្គង់ហើយ
នឹងអាក្រាតកាយនៅតែខ្លួនទទេដូចសត្វតិរច្ឆាន" ។
អំពីពោតដែលនាងបានដាំជុំវិញភ្លឺ ត្រពាំងនោះបាន ៣ ខែមានផ្លែចាស់ខ្ចី
សត្វ ជ្រូក ក្ដាន់ ស្វា កំប្រុក ពុំហ៊ានស៊ីឡើយ ព្រោះអារក្ខទេវតាតែងថែរក្សា
នាងបងតែងទៅបេះយកមកបរិភោគជាមួយ នឹងត្រីក្រឹមទន្សាយហើយនឹងខ្យងខ្ចៅ ។
លុះបាន ៦ ខែ កុមារីទាំង ៣ នាក់ស្រាប់តែដុះរោមចេញពេញខ្លួន
ដៃសងខាងដុះចេញទៅជាស្លាបទទះហើរទៅដល់ចុងឈើ
ចាប់ប្រតោងបេះផ្លែឈើបានទាំងអស់គ្នា តែហើរទៅឆ្ងាយពុំរួច
បបូរមាត់ដុះចេញទៅជាចំពុះ
រឹងមាត់និយាយភាសាមនុស្សពុំកើតគ្រាន់តែដឹងខ្លួនថា
ខ្លួននៅជាមនុស្សតែនិយាយទៅជាសំឡេងសត្វតិរច្ឆាន
យូរៗទៅកាន់តែហើរបានឆ្ងាយបន្តិចម្ដងៗ
ព្រោះតាំងពីបបូរមាត់ដុះចេញទៅជាចំពុះ មិនដែលនិយាយភាសាមនុស្សសោះ
តែបើមនុស្សនិយាយទៅរកនៅស្ដាប់បាន។
ឯប្ដីចុងរបស់នាងជាម្ដាយនៃកុមារីទាំងនោះ
តែងប្រព្រឹត្តអំពើចោរកម្មជានិច្ច ។ ថ្ងៃមួយមានអ្នកជិតខាងគេប្ដឹងដល់អ្នករាជការ
ៗ ក៏ចាប់យកទៅដាក់គុកមួយជីវិតទៅ ។
ពេលនោះ នាងជាម្ដាយដេកព្រួយចិត្ត
នឹកអាណិតដល់កូនកម្សត់ទាំង ៣ នាក់ដែលខ្លួនបានធ្វើទុក្ខបុកម្នេញ
ហើយដើរទៅក្នុងព្រៃឃើញកូននៅរញង់ក្នុងខ្ទមស្គាល់ច្បាស់លាស់ជាកូន
ព្រោះមានទម្រង់ជាមនុស្សនៅឡើយ តែដុះស្លាបមានចំពុះដូចសត្វតិរច្ឆាន
ក៏ស្រែកហៅថា "កូនអើយ !
ឥឡូវម្ដាយមកទទួលកូនទៅវិញ
ម្ដាយលែងឱ្យកូននៅក្នុងព្រៃទៀតហើយ" ។
កូនទាំង ៣ នាក់ឮមាត់ម្ដាយហៅ ស្គាល់ជាក់
ជាម្ដាយក៏គិតគ្នាថា "ម៉ែយើងមករកសម្លាប់ទៀតហើយ ត្រូវយើងកុំទុកចិត្តគាត់
យើងនាំគ្នាហើរទៅល្អជាង"
គិតដូច្នោះក៏នាំគ្នាហើរត្រសងទៅទំលើឈើខ្ពស់ ១
ដើមស្រែកប្រាប់មកម្ដាយដោយបំណងនិយាយថា
"យើងផុតនិស្ស័យជាកូនលោកហើយ យើងទៅជាសត្វតិរច្ឆានល្អជាង
អ្នកកុំមកជិតយើង" ប៉ុន្តែសំដីដែលស្រែកប្រាប់ម្ដាយនោះ
មិនច្បាស់លាស់ជាសំដីរបស់មនុស្សទេទៅ ជាស្រែកថា "កូនលោកៗ"
ទៅវិញកាលបើម្ដាយចូលទៅជិតក៏នាំគ្នាហើរទៅទំលើដើមឈើដទៃទៀតស្រែកថា
"កូនលោកៗ" ។ ម្ដាយចេះតែដើរស្រែកហៅកូន ទាល់តែអស់កម្លាំងដើរពុំរួច
ណាមួយអស់អាហារបរិភោគផង ក៏ដួលស្លាប់ទៅ ។
នៅប្រទេសកម្ពុជា
សត្វនេះវាតែងតែហើរមករើសខ្យងខ្ចៅស៊ីតាមវាលស្រែ ក្បែរជើងភ្នំ
ឬព្រៃស្រោង កាលណាវាផ្អើលនឹងមនុស្ស ឬសត្វដូចគ្នាវាស្ទុះហើរ
ស្រែកយំឮថា កូនលោក! កូនលោក! លុះរាត្រីស្ងាត់វាថ្ងូរមុខគួរឱ្យស្រណោះពន់ពេក
។
រឿង ដើមកំណើតសត្វកូនលោក
Reviewed by VannyDa
on
2:20 PM
Rating: