រឿង សត្វឥន្រ្ទីរបស់ព្រះឥសូរ
មានសត្វឥន្ទ្រី ១
ជាទីគាប់ព្រះទ័យនៃព្រះឥសូរ បើសត្វឥន្ទ្រីនេះ វាចង់បានអ្វី ៗ ក្ដី
ឬចង់ស៊ីសាច់សត្វណាក្ដី
វាទូលព្រះឥសូរថាវាយល់សុបិនត្រូវស៊ីសាច់សត្វនោះ
ព្រះឥសូរក៏ចេះតែជឿតាម ហៅសត្វមកឱ្យវាស៊ីតែរឿយៗ ។ សត្វទាំងឡាយ មានគោ
ក្របីជាដើម កើតក្ដៅក្រហាយនិងសត្វឥន្ទ្រីនេះមហិមា តែពុំហ៊ានថាអ្វី
ព្រោះខ្លាចអំណាចព្រះឥសូរ ជាម្ចាស់លើសត្វលោកនោះ ។ ថ្ងៃ ១ សត្វឥន្ទ្រីនេះ
វាចង់ស៊ីសាច់ស្ដេចដំរី ទើបវាទូលព្រះឥសូរថា វាយល់សុបិនត្រូវស៊ីសាច់ស្ដេចដំរីស
។ ព្រះឥសូរក៏ជឿតាមទើបឱ្យបម្រើទៅប្រាប់ដំរីសម្ដាយនិងកូនថា
ឱ្យទៅលាងខ្លួនឱ្យស្អាតហើយឱ្យចូលមកក្នុងវេលាព្រឹកនេះ
ឱ្យសត្វឥន្ទ្រីគេស៊ី ត្បិតគេយល់សុបិនត្រូវត្រង់រូបខ្លួនហើយ ។
ឯដំរីសម្ដាយនិងកូន កាលណាបើឮថា
ព្រះឥសូរឱ្យហៅខ្លួនខ្លួនទៅឱ្យសត្វឥន្ទ្រីស៊ីដូច្នោះ
ក៏ភិតភ័យនឹងសេចក្ដីស្លាប់នោះមហិមា នាំគ្នាយំសោកវិយោគទៅផ្សេង ៗ
ពុំដឹងបើនិងរក លោកអ្នកណាមេត្តាជួយដោះជីវិតនៃអាត្មាបាន
ហើយក៏នាំគ្នាដើរចុះទៅក្នុងស្រះ ដើម្បីនឹងងូតទឹកដុសលាងកាយ ។
គ្រានោះមានសត្វទីទុយ ១ ទំនៅលើមែកឈើ
បានឃើញដំរីសម្ដាយនិងកូន ដើរយំសោកដូច្នោះ ក៏សួរទៅថា "នែដំរីស ! អ្នកមានទុក្ខទោមនស្សព្រោះហេតុអ្វី ?" ។
ដំរីសម្ដាយនិងកូន ក៏ថ្លែងសេចក្ដីទុក្ខប្រាប់ទីទុយតាំងពីដើម ដល់ចប់សព្វគ្រប់ប្រការ
ទីទុយឮដូច្នោះក៏ថា "ឱព្រះឥសូរលោកម្ដេចក៏ប្រកបដោយឆន្ទាគតិ
គឺលំអៀងច្បាប់ លំអៀងសេចក្ដីទៅតាមសេចក្ដីស្រឡាញ់ ទៅជឿស្ដាប់
តែពាក្យសត្វឥន្ទ្រីឱ្យយាយីគេឯទៀតដូច្នោះ" ។ ដំរីសតបថា "
ឱ្យអ្នកទីទុយអើយ! ខ្ញុំនេះឥតទីពឹងពំនាក់សោះឡើយ
សូមអ្នកមេត្តាជួយសង្គ្រោះដោះដូរជីវិតខ្ញុំឱ្យរួច
ពីភ័យម្ដងនេះទៅលោកម្ចាស់ ខ្ញុំម្ដាយនិងកូននៅជាខ្ញុំបម្រើអ្នក"
។ ឯទីទុយកើតចិត្តមេត្តាករុណា ក៏ឆ្លើយទទួលថា
"អើបើដូច្នោះអ្នកឯងឆ្លើយទទួលសារភាពថាជាបាវខ្ញុំចុះ ខ្ញុំឯងនឹងទៅនិយាយកែតាមកលឧបាយតនិងព្រះឥសូរមើលម្ដង
" ។ ដំរីសក៏ព្រមតាម ហើយឱ្យទីទុយជិះទំលើក្បាលកូនដំរីសចរទៅ
កាន់ដំណាក់ព្រះឥសូរឰដ៏ភ្នំកៃលាសមហាស្ថានដល់ហើយទីទុយក៏ចុះចាកក្បាលដំរីស
ចូលទៅទៀបបល្ល័ង្កទីន័ងព្រះឥសូរហើយទូលថា
"បពិត្រព្រះអង្គជាកំពូលលោក
ព្រះអង្គមានការអ្វីបានជាទ្រង់ហៅដំរីសជាបាវខ្ញុំទូលព្រះបង្គំមកនេះ
មានហេតុភេទយ៉ាងណាព្រះករុណា ?
ព្រះឥសូរឆ្លើយថា "អើទីទុយ ! បាវឯងនេះត្រូវដល់សេចក្ដី
ស្លាប់ហើយក្នុងថ្ងៃនេះ ត្បិតសត្វឥន្ទ្រី គេយល់សុបិនថា
ត្រូវបរិភោគសាច់ដំរី ហេតុទើបយើងឱ្យហៅដំរីសជាបាវឯងមកឱ្យគេស៊ី"
។
ទីទុយតបថា "សូមទាន
ឯកិរិយាយល់សុបិនរបស់សត្វឥន្ទ្រីនោះជាទៀងពិតប្រាកដ
ព្រះអង្គយកជាប្រមាណណាស់ទៅឬយ៉ាងណាដូចម្ដេច ។
"អើទីទុយ សត្វឥន្ទ្រីនោះគេយល់សុបិនហើយ
សុបិននោះនិមិត្តទៀងពិតណាស់ ហើយយកជាប្រមាណបាន" ។ "ក្រាបទូល
ទូលព្រះបង្គំជាខ្ញុំជឿតាមព្រះបន្ទូល ដែលទ្រង់ជឿសុបិនសត្វឥន្ទ្រីនោះ
ដំរីសបាវខ្ញុំព្រះករុណាវិសេសក៏គួរស្លាប់
ហើយខ្ញុំម្ចាស់នាំមកថ្វាយឱ្យទ្រង់ប្រទានដំរីសឱ្យសត្វឥន្ទ្រីគេបរិភោគចុះ
តែខ្ញុំល្អងធូលីព្រះបាទយប់មិញនេះមានធុរៈដើរចាប់ក្ដាមបរិភោគ
ពុំបានទទួលទានដំណេកសោះ បើដូច្នេះសូមមេត្តាអត់ទោស
សូមទទួលទានដំណេកបានមួយស្រឡេតសិន
ហើយសឹមខ្ញុំនាំបាវទៅឱ្យសត្វឥន្ទ្រីនោះស៊ី" ថាហើយទីទុយក៏ធ្វើជាធ្មេចភ្នែកសម្ងំដេកបន្តិច
ទីទុយក៏ធ្វើជាភ្ញាក់ឡើង ហើយពត់ខ្លួនពត់ប្រាណសិតស្លាប
ធ្វើកិរិយារីករាយ ហើយទូលព្រះឥសូរថា "សូមទ្រង់ព្រះមេត្តាប្រោស
ទូលព្រះបង្គំជាខ្ញុំទទួលទានដំណេកអម្បាញ់មិញនេះទៅយល់សុបិនល្អណាស់
ជាសុបិនមង្គលហៅ សុភនិមិត្ត" ។ ព្រះឥសូរក៏សួរថា
"បាឯងយល់សុបិននោះដូចម្ដេចចូរនិយាយទៅមើល ?” ។
ទីទុយក៏ទូលថា
"សុបិនទូលព្រះបង្គំជាខ្ញុំនេះមានសេចក្ដីប្លែកណាស់ស្ទើរតែមិនហ៊ាននិយាយ"
។ "មើលឯងនិយាយទៅមើល សុបិនឯងនោះយ៉ាងណា? " ។ "សូមទានសុបិននោះឃើញថា
សម្ដេចនាងឧមាភគវតីជាព្រះរាជមហេសីល្អងធូលីព្រះបាទនេះ
ស្រឡាញ់ខ្លួនខ្ញុំព្រះករុណាវិសេស ល្អងធូលី
ព្រះបាទក៏ប្រោសប្រទានឱ្យមកជាភរិយាខ្ញុំ
សុបិនខ្ញុំនេះទៀងពិតប្រាកដណាស់ យកជាប្រមាណបាន
បើដូច្នោះសូមល្អងធូលីព្រះបាទហៅព្រះនាងឧមាភគវតីនោះព្រះរាជទានឱ្យទូលព្រះបង្គំជាខ្ញុំ
ទុកជាព្រះកេរ្តិ៍របស់ព្រះករុណាវិសេស" ។
ព្រះឥសូរឮដូច្នោះក៏តូចព្រះរាជហឫទ័យ ទើបត្រាស់ថា
"អាឯងយល់សុបិននេះតែផ្ដាសទេ យើងនឹងយកជាប្រមាណពុំបាន
នឹងជឿស្ដាប់ពុំបានទេ អាទីទុយអើយ! " ។ ទីទុយតបថា
"ការយល់សុបិនខាងទូលព្រះបង្គំជាខ្ញុំ ! ព្រះអង្គយល់ជាប្រមាណពុំបាន
នឹងជឿស្ដាប់ពុំបាន
ចុះខាងសត្វឥន្ទ្រីនោះម្ដេចក៏ព្រះអង្គជឿស្ដាប់យកជាប្រមាណបាន ! អើបើសុបិនទូលព្រះបង្គំជាខ្ញុំមិនពិត
សុបិនសត្វឥន្ទ្រីនោះក៏មិនពិតដូចគ្នា ព្រោះជាវិស័យសកុណជាតិដូចគ្នា
សូមព្រះអង្គកាត់សេចក្ដីនេះឱ្យបានប្រកបដោយយុត្តិធម៌ទាំងសងខាងឱ្យទាន"
។ ព្រះឥសូរឮទីទុយស្ដីដូច្នោះចូរឯងនាំយកដំរីសជាបាវឯង
វិលទៅកាន់ទីលំនៅឯងវិញចុះ ការនេះយើងលើកលែងគ្នាតែប៉ុណ្ណេះ " ។
ទីទុយក្រាបថ្វាយបង្គំលានាំដំរីសម្ដាយនិងកូនទៅកាន់លំនៅវិញ
ដំរីទាំងម្ដាយទាំងកូនក៏បានរួចជីវិតនៅជាសុខសប្បាយតទៅ
ព្រោះបានជួបនឹងទីទុយជាកល្យាណមិត្រជាអ្នកប្រាជ្ញ
អាចជួយដោះទុក្ខបានដោយប្រពៃ ។
រឿង សត្វឥន្រ្ទីរបស់ព្រះឥសូរ
Reviewed by VannyDa
on
2:26 PM
Rating: