រឿងព្រេង អ្នកតាកង្ហារដែក
អ្នកតាកង្ហារដែកស្ថិតនៅលើភ្នំជីសូរ
សម័យមុនហៅថាភ្នំបារមីជីសូរ បច្ចុប្បន្នហៅថាគិរីសោភ័ណ នៅសង្កាត់រវៀង
ស្រុកសំរោង ខេត្តតាកែវ ។
អ្នកតានោះមានអាយុប្រមាណជាជាងមួយសតវត្សមកហើយ
បើគេឡើងទៅលើភ្នំ តាមផ្លូវខាងកើតត្រង់កំពែងបុរាណមួយ ឈ្មោះថា សែនធមល
"ធ្មល់" តាមជណ្ដើរកាច់នោះនោះ ឡើងទៅដល់ខាងលើ
ត្រង់មាត់ទ្វារចូលទៅតាមកំពែងបន្ទាយសិលាទៅកាន់ប្រាសាទ ផ្លូវនោះបិទជិត
គេត្រូវងាកឡើងទៅខាងឆ្វេង ឬ ខាងស្ដាំទៅវិញ ។ ត្រង់កន្លែងផ្លូវបុរាណនោះ
បានជាខ្ទមតាកង្ហារដែក ទៅនៅលើកំពែងបន្ទាយសិលានោះទៅវិញ ។
ផ្ទះអ្នកតានោះសង់ឡើងដោយឥដ្ឋប្រក់ក្បឿងមានបណ្ដោយ ៣ម. ទទឹង ២ម. ៥០ ។
ក្នុងខ្ទមពីខាងក្រោយ មានរាងជាថ្នាក់ៗ មានកម្ពស់ទាំងអស់ចំនួន ៧ តឹក
សម្រាប់តម្កល់រូបសំណាកអ្នកតានិងអ្នកយាយ រូបនោះមានរបៀបជាបុរាណវត្ថុ
មានរាងកំប៉ោង អង្គុយជើងម្ខាងបត់ ជើងម្ខាងបញ្ឈរជង្គង់
ដៃកាន់កង្ហារធ្វើដោយដែក
រូបសំណាកអ្នកយាយអង្គុយបត់ជើងរូបនោះមានផើងពីរ ពេញដោយជើងធូប
មានកន្លែងបិទទៀន មានភាជន៍មួយសម្រាប់ដាក់ប្រាក់ ដែលគេយកទៅថ្វាយ ។
ពីខាងមុខ និងសងខាងអ្នកតា មានទង់ចងប្រជ្រៀតគ្នា និង ឡង់-តាំងយូជាច្រើន
ដែលគេយកទៅថ្វាយ ។ នៅក្បែរជញ្ជាំងមានច្រើនតែសក់
ដែលអ្នកបន់គេកោរថ្វាយអ្នកតានោះ ។
មនុស្សទាំងឡាយ ទោះជិតក្ដីឆ្ងាយក្ដី
តែងតែចូលទៅគោរពបូជា បន់ស្រន់រៀងរាល់ថ្ងៃពុំដែលខាន
ជាពិសេសនៅចូលឆ្នាំម្ដងៗ ។ ក្នុងរវាង ៣ថ្ងៃនោះ
នៅតាមផ្លូវពីខាងត្បូងត្រពាំងស្រង់ ស្ទើរតែរកដើរពុំរួច
ព្រោះមនុស្សច្រើនដើរប្រជ្រៀតគ្នារហូតដល់កំពូលភ្នំ ។ ក្នុងមួយឆ្នាំៗ
គ្រាន់តែតង្វាយព្រះ និងអ្នកតានោះ ប្រមាណជា ៤.០០០ ឬ ៥.០០០រៀលយ៉ាងតិច ។
កាលពីឆ្នាំ ១៩៣៥ រាជការបារាំងសែស
បានឡើងទៅរៀបចំសិលានៅលើភ្នំនោះ បានសុំរុះរើខ្ទមអ្នកតានោះចេញ
លោកគ្រូចៅអធិការព្រះនាម ប៉ុល ក៏ព្រមអនុញ្ញាតឲ្យរុះរើ
ប៉ុន្តែលោកឲ្យទៅនិយាយនឹងអ្នកតានោះផង គឺឲ្យរៀបចំបញ្ជាន់រូប
និយាយឲ្យគេសុខចិត្តផងទើបបាន ។
ពេលនោះបារាំងសែសក៏រៀបពិធីបញ្ចូលអ្នកតានោះ
គេឲ្យទៅអញ្ជើញរូបដែលចូលនោះមក រូបនោះនៅខាងកើតភ្នំឈ្មោះ តា ឯក
ប្រពន្ធឈ្មោះ ញឹក ផ្ទះក្នុងសង្កាត់ស្លា ស្រុកសំរោង ខែត្រតាកែវ ។
ក្នុងពេលបញ្ចូលនោះ គេរៀបពិធីសព្វគ្រប់ មានបាយសម្ល បង្អែម ចម្អាប
មាន់ស្ងោរ ជ្រូកខ្វៃ មានអុជ ផាវប្រអប់ប្រវែង ២ ម. លេងភ្លេងខ្មែរបុរាណ
ភ្លេងពិណពាទ្យ ឆៃយ៉ាំ ដើម្បីនឹងបញ្ចូលអ្នកតា ហើយសុំរុះរើកន្លែងនោះចេញ
។ ដល់អ្នកតាចូលរូបនោះ បារាំងក៏ចូលជជែកជាមួយនឹងរូប
បារាំងចេះភាសាខ្មែរខ្លះដែរ ពេលនោះបារាំងនិយាយពីពង្សាវតារថា
កន្លែងនេះជាដំបូលកំពែងសិលា ព្រោះបន្ទាយកំពែងសិលាកើត
មិនមែនអ្នកតាកើតមុនបន្ទាយកំពែងសិលាទេ
អ្នកតាទើបនឹងកើតក្រោយយ៉ាងពិតប្រាកដ" ។ ពេលនោះអ្នកតាក៏ព្រមចុះចាញ់បារាំង
បារាំងក៏អញ្ជើញឲ្យទៅនៅជ្រុងកំពែងខាងជើង
គេនឹងរៀបផ្ទះសងវិញឲ្យបានល្អដូចដើម
ព្រោះហេតុហ្នឹងហើយបានជាសព្វថ្ងៃនេះ
គេឃើញអ្នកតាកង្ហារដែកស្ថិតនៅខាងជើងវិញ ។ កន្លែងផ្ទះអ្នកតានោះ
ក្រោយដែលរុះរើផ្ទះអ្នកតាចេញហើយ បារាំងក៏រៀបចំចាក់ដីបំពេញ
ហើយរៀបដុំថ្មដែលធ្លាក់បាក់បែកនោះ ដាក់ឲ្យបានស្រួលដូចដើមឡើងវិញ ។
នៅខាងក្នុងបន្ទាយដែលមានដីដុះ កម្ពស់ប្រមាណ ០ម. ៧០
ក៏បារាំងឲ្យរែកដីនោះចេញអស់ បានស្អាតបាតរហូតដល់សព្វថ្ងៃនេះ ។
មានចម្រៀងមួយបទដែលទាក់ទងនឹងអ្នកតានោះ
ជារបៀបសុំពរថា
ព្រះឥសូរជាកំពូលនៃទេវតា ហើយនិងអ្នកតា
ឈ្មោះកង្ហារដែក លោកមានឫទ្ធិពេញចម្លែក
អ្នកស្រុកពឹងផ្អែក ទាំងប្រុសទាំងស្រី
។
បន្ទរ ប្រាសាទនាងខ្មៅ ស្រីស្រស់ស្រងៅ
មានឫទ្ធិចេស្ដា សូមជួយខេមរា
សូមជួយខេមរា និងរក្សាផែនដី ។
សេចក្ដីបញ្ជាក់
រឿងអ្នកតាកង្ហារដែកដែលខ្ញុំសរសេរមកនេះ គឺខ្ញុំបានដឹង
ដោយបានទៅសំណាក់នៅនឹងវត្តភ្នំជីសូរនោះ
ក្នុងពេលដែលបារាំងបានទៅរៀបចំសិលាប្រាសាទនៅលើភ្នំជីសូរនោះ ។ មួយទៀត
តាម្នាក់ឈ្មោះគ្រូ ញាណ ផ្ទះនៅភូមិជន្លាត់ដៃ សង្កាត់រវៀង ខាងលិចភ្នំ
បានឲ្យការណ៍ថា "អ្នកតានេះមិនមែនឈ្មោះដូចសព្វថ្ងៃនេះទេ
ក្នុងរវាងជាង ៤០ ឆ្នាំមកហើយអ្នកតានោះចូលរូប
គាត់ក៏បានសួរផ្ទាល់នឹងរូបអ្នកតានោះថា ហេតុអ្វីក៏ឈ្មោះថាកង្ហារដែក?”
អ្នកតាឆ្លើយថា ដើមឡើយយើងឈ្មោះ ដំបងដែក
មិនមែនឈ្មោះកង្ហារដែកទេ ព្រោះយើងមានឥទ្ធិពលខ្លាំងណាស់
សូម្បីតែដើមត្នោត ក៏យើងយកមកគ្រវីឲ្យវិលដូចកង្ហារបានដែរ
ហេតុហ្នឹងហើយបានជាអ្នកស្រុកហៅថា កង្ហារដែកៗរហូតមក ។
សួរ ៖ ចុះមានអ្នកតាមានឥទ្ធិពលជាងនេះទៀតទេនៅក្នុងស្រុកនេះ ?
ឆ្លើយ ៖ គ្មានទេ
ក្នុងខែត្រទាំងមូលមានតែយើងធំជាងគេ ហើយមានឥទ្ធិពលជាងគេ
បើមានឥទ្ធិពលជាងយើង ហើយធំជាងយើងនោះមានតែនៅឯភ្នំគូលែនឯណោះ ។
សួរ ៖
ចុះរូបសំណាកម្ដេចក៏មានកាន់កង្ហារដែកទៅវិញ?
ឆ្លើយ ៖ រូបសព្វថ្ងៃនេះគេកសាងក្រោយទេ
ឯរូបមុននោះគេធ្វើកាន់ដំបងដែក ។
រឿងព្រេង អ្នកតាកង្ហារដែក
Reviewed by VannyDa
on
3:27 PM
Rating: