រឿង ចចកនិងអណ្ដើក
ក្នុងសម័យព្រេងនាយ មាននិទានមួយដំណាលថា៖
ថ្ងៃមួយមានសត្វចចកនិងអណ្ដើកបានជួបគ្នា
ហើយបបួលគ្នាប្រលងប្រជែងដោយលោតចម្ងាយ
ឆ្លងពីមាត់ស្ទឹងម្ខាងទៅមាត់ស្ទឹងម្ខាង ។ អណ្ដើកបានសួរទៅឆ្កែចចកថា “
នែ ! បងចចកខ្ញុំចង់ភ្នាល់ណាស់ ថ្វីបើជើងខ្ញុំខ្លី ” ។ ចចកឆ្លើយថា “
មើល៍ ! បងអណ្ដើក ដែលបងឯងបបួលខ្ញុំភ្នាល់នេះ តើភ្នាល់របៀបណា ? ” ។ អណ្ដើកថា
“ភ្នាល់លោតឆ្លងស្ទឹងនេះ ហើយចង្អុលទៅស្ទឹងដែលនៅក្បែរខ្លួន ” ។ ចចកថា “
យី ! ខ្ញុំដូចជាឆ្ងល់ដែរ ចុះបងឯងបបួលខ្ញុំភ្នាល់ដូចម្ដេច
បើជើងបងឯងប្រវែងជើងក្អាត់ដូច្នេះ, លោតម្ដេចនឹងកើត ” ។ អណ្ដើកឆ្លើយថា “ យើ ! បងចចក
មើលងាយខ្ញុំជើងខ្លីទេតើ ?
បងឯងមិនទាន់ដឹងអាជើងខ្លីហ្នឹងទេ
មើលបងឯងសាកល្បងមើល ! ”
។ ចចកថា “ បើបងអណ្ដើកឯងចាញ់ខ្ញុំ
តើបានអ្វីឲ្យខ្ញុំ ! ” ។ អណ្ដើកថា “ ខ្ញុំសុខចិត្តរកសត្វជើងពីរ ឲ្យបងចចកឯងស៊ី” ។
ចចកថា “បើខ្ញុំលោតចាញ់បងអណ្ដើកឯង
ខ្ញុំរកសត្វជើងមួយឲ្យបងឯងស៊ីជាអាហារ” ។ ថាដូច្នោះហើយ
សត្វទាំងពីរក៏ប្រុងប្រៀបរៀបចំលោតប្រឡងគ្នា ។ អណ្ដើកថា “ ហ៎ ! បងចចកឯងមកឈរពីមុខខ្ញុំរៀបចំលោត
” ។ ចចកថា “ ហ្អេះ ! មិនបាច់តទីឲ្យខ្ញុំទេ ” ។ អណ្ដើកមកឈរពីខាងក្រោយចចក ៗ
ប្រុងនឹងបោះពួយយ៉ាងអង់អាច ។ រៀបនឹងលោត អណ្ដើកក៏ខាំចុងកន្ទុយចចកជាប់
ចចកភ្ញាក់ក៏រលាស់កន្ទុយទៅ ដូចជាគេបោះអណ្ដើកទៅខាងត្រើយម្ខាង
ចចកធ្លាក់ទឹកប្រូង ។ អណ្ដើកងើបឡើងសើច ហោះ ! ហោះ ! ហោះ ថា “ យីបងចចកជើងវែង
ម្ដេចក៏លោតមិនរួច ” ។ ចចកក៏ប្រវេប្រវាឡើង ទៅលើគោករលាស់ខ្លួនភឹល
នឹកខឹងណាស់ក៏ចាប់លោតម្ដងទៀត គម្រប់ ២ ដង ៣ ដង
ក៏នៅតែចាញ់កលអណ្ដើកគ្រប់លើកទាំងអស់ ។ ឯចចកបានជាហ៊ានធានារកសត្វជើង
១ ឲ្យអណ្ដើកស៊ី ក្នុងពេលដែលខ្លួនចាញ់នោះ ដោយអាងថា
អណ្ដើកលោតមិនឈ្នះខ្លួន លុះដល់ពេលលោត ត្រឡប់ជាចាញ់អណ្ដើកវិញនោះ
ក៏នឹកភ័យ មិនដឹងជាទៅរកសត្វជើង ១ ឯណាឲ្យអណ្ដើកស៊ី
ក៏គេចរត់ភៀសខ្លួនចេញ ។ អណ្ដើកក៏ខំដើរតាមរកចចក ៗ រត់ទៅ ៗ
បានជួបនឹងសុភាទន្សាយ កំពុងតែធ្វើជាងដំដែកឮប៉ឹក ៗ បានឃើញឆ្កែចចក
បោលចូលមកក៏សួរថា “បងចចកឯងមាន ភ័យអាសន្នអ្វី
បានជារត់មកត្រហេបត្រហបយ៉ាងនេះ? ” ។ ចចកឆ្លើយថា “
ខ្ញុំភ័យខ្លាចសត្វអណ្ដើកវាដេញតាមខាំខ្ញុំ
ពីព្រោះខ្ញុំភ្នាល់លោតទឹកចាញ់វា ” ។ សុភាទន្សាយឆ្លើយថា “ អូ ! អីចឹងទេឬ ? បើដូច្នេះចូរបងកុំភ័យឲ្យសោះ
ជួយដំដែកឲ្យខ្ញុំ ខ្ញុំនឹងជួយឲ្យបងឯងរួចខ្លួន” ។
ឆ្កែចចកក៏ខំដំដែកឲ្យបងសុភាទន្សាយទៅ ។ ឯអណ្ដើកក៏វារខ្វះ ៗ
តាមមកទាន់ ឃើញចចកកំពុងតែដំដែក អណ្ដើកក៏ស្រែកថា “យើ ! បងចចកឯងនៅទីនេះទេ ? ខ្ញុំខំតែដើររកមុខយូរហើយ
ឥឡូវស្រាប់តែឃើញបងចចកមុខក្រាស់នៅទីនេះសោះ” ។ ទន្សាយថា “ឈប់ ៗ
បងអណ្ដើក” ហើយស្ទុះលោតទៅជិះលើខ្នងអណ្ដើក អង្គុយប្រហោងដាក់ពង ៣
ប្របេះមាត់អណ្ដើក ៗក៏លូនក្បាលចេញមកខាំពង៣ ទន្សាយដាច់មួយកំណាត់ទៅ ។
ទន្សាយដឹងថាអណ្ដើកខាំពងរបស់ខ្លួនដាច់ហើយ ក៏លោតហក់រត់ភឹង
យ៉ាងលឿនអស្ចារ្យ ប្រៀបបាននឹងព្រួញ ។ ចចកបានឃើញទន្សាយរត់ដូច្នោះ
ក៏ផាយត្រង់កន្ទុយភ្លឹង តាមក្រោយទន្សាយទៅដែរ ដោយនឹកស្មានថា
ប្រហែលជាទន្សាយទប់ទល់នឹងអណ្ដើកមិនឈ្នះ ។ អណ្ដើកស្រែកឃាត់ថា “ ឈប់ ៗ ! ” ។
ចចកឆ្លើយថា “ ទេ ! អញមិនឈប់ទេ អញមិតចូលព្រៃជាមួយបងទន្សាយហើយ ” ។
ថាតែប៉ុណ្ណោះ ចចករត់ឥតងាកក្រោយតម្រង់ទៅព្រៃបាត់ទៅលែងចូលមកភូមិស្រុកវិញរហូត
។
ព្រោះមានរឿងដំណាលដូច្នេះ
បានជាអ្នកប្រាជ្ញបុរាណ លោកបានក្រើនរំលឹកថា “
អ្នកធំកុំមើលងាយអ្នកតូចតាច ប្រយ័ត្នមានគ្រោះថ្នាក់ដូចរឿងដំណាលមកនេះ
” ។
រឿង ចចកនិងអណ្ដើក
Reviewed by VannyDa
on
2:59 PM
Rating: