រឿង កណ្ដុរស ឡើងជាស្ដេច
អ្នកផងតែងនឹកឆ្ងល់ថា៖ សត្វកណ្ដុរតូចតាចពេកណាស់
ហើយពុំមែនជាសត្វមានឫទ្ធផង ហេតុអ្វីក៏គេលើកធ្វើជាតំណាងឆ្នាំទី ១
គឺឆ្នាំជូត បានដូច្នេះ ព្រោះមានរឿងព្រេងមួយទាក់ទងនឹងកណ្ដុរ ។
មានសេចក្ដីនិទានថា៖
មានប្ដីប្រពន្ធជាអ្នកទាល់ក្រមានកូន ១៧ នាក់សុទ្ធតែស្រី ។
ថ្ងៃមួយឪពុកម្ដាយជំនុំគ្នាថា៖
យើងបើទាល់ក្រម្ល៉េះនឹងទ្រទ្រាំចិញ្ចឹមកូនពុំបានទេ
ត្រូវតែយើងដាច់ចិត្ត នាំយកទៅប្រោសចោល តាមតែផលកម្មរបស់វាចុះ ។
ហើយនិយាយទៅកូនទាំងនោះថា ៖
-កូនអើយយើងនៅក្នុងស្រុករកស៊ីចិញ្ចឹមជីវិតមិនរស់ទេ
គួរទាំងអស់គ្នាទៅនៅព្រៃវិញ ។
ឯកូនក៏ស្រុះស្រួលតាមទាំងអស់ ។
ឪពុកម្ដាយគិតគ្នាហើយស្រេចថាយើងនាំវាទៅឲ្យដល់ព្រៃធំ
ហើយចូលឲ្យជ្រៅទៅទៀត សឹមយើងគេចចេញពីវា ។ គិតហើយក៏នាំកូនចេញទៅ, ដឹងថាបានឆ្ងាយអង្វែង
ហើយក៏ឈប់សម្រាកនៅទីនោះ ហៅកូនឲ្យមកជុំគ្នា និយាយទៅកូនថា
-កូនឯងកុំដើរបែកគ្នា បានចំណីអ្វីស៊ីចែកគ្នាស៊ី
ឥឡូវទាំងអស់គ្នានៅទីនេះចុះ ឪម៉ែទៅរកផ្លែឈើ ។
ថាហើយ ក៏ដើរចេញទៅ
នាំគ្នាគេចទៅភូមិផ្ទះវិញ ។ លុះបាត់យូរពេក កូនទាំងអស់នាំគ្នាដើរទៅរក
។ ដើរ ៗទៅចូលទៅក្នុងស្រុកយក្ស ។ យក្សដែលជាធំនៅកំលោះ
តែគ្មានឪពុកម្ដាយ មានតែប្អូនស្រីក្រមុំម្នាក់ ។ ថ្ងៃមួយ
យក្សប្រុសឲ្យប្អូនស្រីដាំបាយដំណើបឲ្យច្រើនហើយវារែកយកទៅចាក់ពូនធ្វើជាទំនប់ភ្លឺស្រែ
។ ចាក់ហើយក៏ទៅលំនៅវិញ ទទួលពេលនោះនាង ១៧ នាក់ ដើរទៅបានជួបប្រទះ
នាំគ្នាស៊ីបាយដំណើបនោះ ស្រាប់តែយក្សមកទាន់ក៏ចាប់យកអស់ទៅ
ហើយយកទៅប្រគល់ឲ្យប្អូនស្រីវាទុកជាខ្ញុំបម្រើតរៀងទៅ ។
នាងទាំងនោះលំបាកណាស់ ព្រោះយក្សប្រើឥតមានត្រាប្រណី សំលៀកបំពាក់គ្មានទេ
វាឲ្យដេកនៅតែក្រោមផ្ទះ គឺយក្សមានបំណងថា
ឲ្យតែនាងទាំងនេះធំវានឹងយកធ្វើចំណីអាហារ ។
ថ្ងៃមួយយក្សហាមប្រាមនាងទាំងអស់នោះថា កុំឲ្យដើរទៅទិសខាងកើត
និងទិសខាងត្បូងឲ្យសោះ ។
ចាប់តាំងពីថ្ងៃបានហាមហើយ
យក្សប្រុសចេះតែដើរលេងសប្បាយមិននឹងប្រាកដទីលំនៅ ។
នាងទាំងអស់នឹកឆ្ងល់ណាស់ ចង់លបដើរទៅមើល ទៅទិសខាងកើតឃើញប្រាសាទ
ក៏នាំគ្នាចូលទៅមើលខាងក្នុង ក៏ឃើញមានពាងអុងធំ ៗ
បបួលគ្នាបើកមើលឃើញសុទ្ធតែទឹកមាសនិងទឹកប្រាក់ពេញ ៗ អុង
ក៏យកចង្អុលដៃទៅជ្រលក់ ក្នុងទឹកមាសគ្រប់ ៗ គ្នា
ដកឡើងដិតជាប់ដៃជូតមិនជ្រះសោះ ក៏នឹកភ័យក្រែងយក្សដឹង
គិតគ្នាយកកំណាត់រុំ ក៏រុំចង្អុលដៃដូច ៗ គ្នា
ហើយក៏នាំគ្នាដើរទៅរកមើលខាងទិសឯត្បូងទៀត ។ នាងទាំងនោះ
បានយល់រោងមួយធំ លុះដើរចូលទៅមើល ឃើញគំនរឆ្អឹងមនុស្សគរជាពំនូក ៗ
តាមផ្នែកឆ្អឹង ដោយឡែក ៗ ពីគ្នា ។ នាងទាំងឡាយភ័យខ្លាចក៏ថយចេញមកវិញ
ជំនុំគ្នានឹកគិតព្រួយថា៖ បើយើងនៅទីនេះយូរទៅ មុខជាយក្សស៊ីជាមិនខាន
។ ជំនុំគ្នាគិតរត់ ក្រែងរត់មិនរួច ទាល់គំនិតក៏ព្រួយក្នុងចិត្តឥតឧបមារាល់
ៗ ថ្ងៃ ។
ពេលមួយអាយក្សប្រុស
ត្រឡប់មកពីក្រៅមកដល់ផ្ទះ ឃើញនាងទាំង ១៧ រុំចង្អុលដៃដូច ៗ គ្នា
ក៏សួរថា ៖
- វាស្អី បានជារុំចង្អុលដៃស្រុះគ្នាម្ល៉េះ ?
- នាងទាំងនោះភ័យ ហើយឆ្លើយថា “ កាំបិតមុត ”
យក្សឆ្លើយវិញថា “ អញមិនជឿទេ
ស្រាយកំណាត់រុំចេញ ឲ្យអញមើលភ្លាម ! ”
នាងទាំងនោះស្រាយប្រញាប់ប្រញាល់
យក្សឃើញហើយក្រេវក្រោធ ស្រែកសន្ធាប់ថា៖
- អញហាមផ្ដាច់ហ្នា៎ ឥឡូវម៉េចក៏ចិត្តធំចង្រៃ
ទៅបំផ្លាញទាល់តែបានយ៉ាងនេះ ?
ហងឯងចង្រៃអាក្រក់ណាស់ ! មកទាំងអស់គ្នា ! ទៅកន្លែងនោះម្ដងទៀត
។
នាងទាំងឡាយភ័យយំសស្រាក់
នឹកថាយក្សនាំទៅសម្លាប់ហើយ លុះដើរទៅដល់ជិតឃ្លាំង យក្សវាក្ដៅចិត្តវា
វាចាប់នាងទាំងនោះម្ដងមួយ ៗ លើកទម្លាក់ទៅក្នុងទឹកមាស
នៅលិចលង់រងវេទនា ទាល់តែអស់ចិត្តទើបវាស្រង់ឡើង នាងទាំងនោះល្ងីល្ងើស្ទើរស្លាប់
តែជាគុណម្យ៉ាងគឺនាងនោះ
មានរូបរាងប្រកបដោយរស្មីភ្លឺចិញ្ចែងវិសេសដូចមាស ចាប់តាំងពីពេលនោះមក
។ នាងទាំងអស់កើតទុក្ខព្រួយជានិច្ច នឹកថា៖ ទ្រាំនៅទៀតមុខជាស្លាប់ ។
គ្រានោះមានកណ្ដុរសបានមកយល់រឿងនេះ
កណ្ដុរក៏មានចិត្តមេត្តាដល់នាងទាំងនោះ លុះដល់ពេលស្ងាត់
កណ្ដុរមកប្រាប់ថា ៖
-នាងឯងរាល់គ្នា តែខំនៅទីនេះ មុខជាយក្សវាស៊ី ជាចំណីវាហើយ
បើគិតរត់ក៏មិនរួចជើងវាដែរ ។
ឥឡូវនេះយើងជួយគិតឧបាយសង្គ្រោះបានតែនាងឯងចូរចាំថា ដល់ពេលជាត់បាយកុំជាត់ចោល
ទុកទឹកបាយឲ្យយើងផឹក យើងនឹងកាយរូង
ក្នុងដីធ្វើផ្លូវឲ្យនាងរួចរត់ឲ្យផុតពីស្រុកយក្ស
ហើយនាងត្រូវលៃធ្វើបាយខាវតាកសម្រាប់ធ្វើជាស្បៀងតាមផ្លូវចុះ ” ។
នាងទាំងអស់ទទួលថា “ មិនអីទេ
សូមឲ្យតែកណ្ដុរជួយសង្គ្រោះធ្វើឲ្យខ្ញុំបានចុះ ”
គ្រានោះកណ្ដុរសនិយាយឲ្យការណ៍សព្វគ្រប់ហើយក៏ថយទៅ
ឯនាងទាំងនោះ ជាត់បាយហើយ តែងតែទុកទឹកបាយ ឲ្យកណ្ដុរផឹកជានិច្ច
ចំណែកបាយខាវតាក ក៏បានប្រុងប្រៀបលៃលកទុកសម្រាប់ខ្លួនជាស្រេច ។
រវាងកន្លះឆ្នាំ កណ្ដុរសចូលមកនិយាយប្រាប់នាងទាំង
១៧ ថា៖ ផ្លូវយើងធ្វើរួចស្រេចហើយ ឯដើមផ្លូវនៅត្រង់ចន្លោះនោះ
យើងបានកាច់មែកឈើទុកឲ្យជាសញ្ញា ចូរនាងប្រញាប់ដោះខ្លួនកុំនៅយូរ
រួចហើយកណ្ដុរសក៏លាថយចេញទៅ ។ លុះដល់ពេលស្ងាត់នាងទាំង ១៧
ដើរទៅរកមើលផ្លូវ ឃើញហើយក៏រីករាយចិត្ត ផ្លូវនោះស្អាតទូលាយណាស់
ក៏ថយមកកន្លែងវិញ គិតគ្នាលៃលកអំពីអាហារ ដំណើរតាមផ្លូវ
ក្រែងពុំបានគ្រប់គ្រាន់ ។ លុះគិតរួចស្រេចអស់ហើយ
ថ្ងៃមួយពេលស្ងាត់យក្សប្រុស វាចេញដើរទៅក្រៅបាត់ នាងទាំង ១៧
នាំបងប្អូនចេញទៅ តាមផ្លូវដែលស្ដេចកណ្ដុរធ្វើឲ្យ
ហើយនាំគ្នាប្រឹងរូតដំណើរ មិនហ៊ានសម្រាកសោះឡើយ ក្រែងមិនផុត
ហើយអស់ដាច់អាហារតាមផ្លូវ ។ ដំណើរត្រាច់ទៅនោះរវាង ៣ ខែ ទើបបានផុត
ទៅដល់នគរមួយផ្សេងទៀត ទៅនៅនឹងមាត់ស្រះទឹកមួយជាស្រះទឹករបស់ស្ដេច
ដែលភីលៀងស្ដេចតែងតែទៅដងទឹកស្រះនោះជារឿយ ៗ ។
តាំងពីនោះមក នាងទាំង ១៧
នាក់បានសុខសប្បាយ ហើយខ្លួនក៏កាន់តែពេញជំទង់ក្រមុំអស់ហើយ
នៅលំហែកាយនឹងស្រះនោះ ទទួលនឹងពេលមួយ
ភីលៀងទៅដងទឹកបានឃើញនាងទាំងអស់នោះឋិតនៅព្រោងព្រាតក្បែរស្រះ
នាងពិនិត្យមើលឃើញសព្វគ្រប់ ក៏ប្រញាប់ទៅទូលព្រះរាជាវិញ ។
ដល់ហើយក្រាបបង្គំទូលថា៖
-ខ្ញុំម្ចាស់ទាំងអស់គ្នា ទៅដងទឹកឯស្រះនោះ បានជួបប្រទះឃើញ
មានស្ត្រីក្រមុំ ១៧ នាក់ មានរូបរាងកាយភ្លឺល្អ ៗ
ណាស់មកជ្រកនៅនឹងមាត់ស្រះ ប៉ុន្តែគ្មានសំលៀកបំពាក់ទេ
ខ្លួនប្រាណនៅទទេស្អាតទាំងអស់ ។ ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយ
ទ្រង់ស្លូតព្រះរាជហឫទ័យ
ក៏ទ្រង់ចាត់ព្រះរាជបម្រើឲ្យទៅហៅនាំយកនាងទាំង ១៧
នោះចូលមកកាន់ព្រះរាជដំណាក់ ។ ឯនាងនោះបានប្រកែកថា ៖
ខ្លួនខ្មាសដោយគ្មានអ្វីស្លៀកពាក់ ។ ឯរាជបម្រើក៏ត្រឡប់ទៅវិញ
ទៅក្រាបទូលស្ដេចតាមដំណើរ ស្ដេចបានចាត់ឲ្យស្រីស្នំភីលៀង
នាំយកសំលៀកបំពាក់ ទៅឲ្យនាងទាំង ១៧ ហើយដង្ហែចូលមកធ្វើជាមហេសី ។
កាលបើបានជាមហេសីស្ដេចហើយ នាងទាំង១៧
ក៏ចាត់ឲ្យស៊ើបរកឪពុក-ម្ដាយទាល់តែឃើញ នាំមកប្រទានទ្រព្យនិងយសងារ
ហើយចាត់ឲ្យស្វែងរកកណ្ដុរសដែលជួយសង្គ្រោះនោះ
មកចិញ្ចឹមរក្សាក្នុងទីកន្លែងសមគួរ ព្រមទាំងតែងតាំងឲ្យកណ្ដុរសនោះ
ជាស្ដេចលើកណ្ដុរទូទៅ ។
រឿង កណ្ដុរស ឡើងជាស្ដេច
Reviewed by VannyDa
on
3:01 PM
Rating: