រឿង ព្រេងភ្នំវរវង្សសូរវង្ស (នៅខេត្តកំពង់ស្ពឺ)
ឮសូរឈ្មោះ ភ្នំវរវង្សសូរវង្ស
យើងសព្វថ្ងៃដូចជាងឿងបន្តិចដែរ ព្រោះនឹកទៅ ពុំធ្លាប់បានឮឈ្មោះនេះ
នៅទីណា ឲ្យជាក់ច្បាស់សោះ លើកលែងតែអ្នកចាស់ទុំ
ហើយធ្លាប់នៅជិតខាងទីកន្លែងនោះផ្ទាល់តែម្ដង ។ តាមពិត ឈ្មោះ
"ភ្នំវរវង្សសូរវង្ស" មានជាប់នៅក្នុងរឿងព្រេងយើង
គឺគេសំគាល់យកភ្នំវែងអន្លាយចាប់តាំងពីក្នុងខេត្តកំពង់ស្ពឺ
រហូតដល់ដីខេត្តកោះកុងសព្វថ្ងៃ ។ បើនិយាយឲ្យចំទៅទៀត គឺភ្នំ
"គិរីរម្យ" នេះឯង ។ ឈ្មោះគិរីរម្យ ជានាមថ្មី ទើបតែប្រតិស្ឋានឡើង
រវាងឆ្នាំ ១៩៣០ ប៉ុណ្ណោះ ដូច្នេះហើយ បានជាអ្នកផង តែងឆ្ងល់ថា ឈ្មោះ
"គិរីរម្យ" មិនសមជាឈ្មោះពីបរមបុរាណសោះ សមតែជានាមថ្មី
ដែលអ្នកចេះភាសាបាលី ទើបតែសន្មតឡើង ។ មតិនេះ យល់ត្រូវណាស់
ព្រោះតាមឯកសារដែលមានខ្លះ នៅក្រុមជំនុំទំនៀមទម្លាប់ និង
តាមការសាកសួរចាស់ៗ ដែលនៅចេះចាំរឿងនេះ បានបញ្ជាក់ថា ពីដើម
ភ្នំគិរីរម្យ ទាំងមូល រួមបញ្ចូលទាំងភ្នំជិតខាងផង អ្នកស្រុកហៅថា
"ភ្នំវរវង្សសូរវង្ស" ទាំងអស់ ។ ទើបតែក្នុងរវាង គ.ស. ១៩៣០–៣១
ប៉ុណ្ណោះ ទើបមាននាមថា "គិរីរម្យ" នេះកើតឡើង ។
ដើមហេតុនាំឲ្យកើតឈ្មោះថ្មីនេះ គឺកាលនោះ
ព្រះករុណាព្រះបាទសម្ដេចព្រះមុនីវង្ស ទ្រង់បានយាងទៅលំហែព្រះកាយ
នៅលើខ្នងភ្នំត្រង់ទីនោះ ហើយព្រះអង្គទ្រង់សព្វព្រះទ័យនឹងទេសភាព
អាកាសធាតុ នៅទីនេះ ទើបទ្រង់ប្រទាននាមថ្មីថា "គិរីរម្យ"
ដែលបានន័យថា "ភ្នំជាទីរីករាយ" ជាប់រហូតមក2, ប៉ុន្តែនាមនេះ
សំគាល់តែត្រឹមខ្នងភ្នំមួយកន្លែងនេះឯង, ដូច្នេះ បានជាខ្នងភ្នំផ្សេងៗ នៅជិតខាង
សុទ្ធតែមាននាមដោយឡែកៗ ទៅទៀត ដូចភ្នំកូនសត្វ, ភ្នំកម្មជ្ជវាត, ... ។
រីឯឈ្មោះដើម ដែលអ្នកស្រុកធ្លាប់ហៅថា
ភ្នំវរវង្សសូរវង្សនោះ គឺសំដៅយកតួជួរភ្នំទាំងមូល
ហើយគេមានទាំងចាំរឿងព្រេងនិទាន ពីឈ្មោះភ្នំនេះ ដូចតទៅ ៖
សេចក្ដីដំណាលថា : កាលពីព្រេងនាយ មានព្រះរាជា ១ ព្រះអង្គ ព្រះនាមព្រះបាទសូរិយា
សោយរាជ្យនៅក្រសន់នគរ ។ ព្រះមហាក្សត្រនេះ
មានព្រះអគ្គមហេសីពីរព្រះអង្គគឺ : ទី ១ ព្រះនាមវង្សធ្យា
មានព្រះរាជបុត្រពីរព្រះអង្គគឺ : វរវង្ស និង សូរវង្ស, ទី ២ ព្រះនាងមន្ទា
មានព្រះរាជបុត្រ ១ ព្រះអង្គគឺ វៃវង្សា ។
ចាប់តាំងពីព្រះរាជបុត្រ ៣ ព្រះអង្គ
មានព្រះជន្មពេញវ័យកាលណា ព្រះនាងមន្ទា ជាមហេសីចុង
កើតមានសេចក្ដីច្រណែនឈ្នានីស ដោយខ្លាចរាជ្យសម្បត្តិធ្លាក់ទៅលើព្រះរាជបុត្រនៃមហេសីដើម
។ ដូច្នេះ ព្រះនាងមន្ទា ក៏រករឿងញុះញង់បំបែកបំបាក់រៀងរាល់ថ្ងៃ ។ ថ្ងៃមួយ
ព្រះរាជកុមារសូរវង្ស និង វរវង្ស នាំបងប្អូនដើរលេងកម្សាន្តតាមទីធ្លា, ស្រាប់តែនាងមន្ទា
ចាប់ព្រះរាជកុមារទាំងពីរ យកមកគាមជាប់នៅចន្លោះភ្លៅ ហើយស្រែកចៅរ៉ៅប្រាប់ឲ្យអ្នកផងឮថា : ព្រះរាជកុមារទាំងពីរ
ប្រមាថមើលងាយខ្លួន ហ៊ានមកចាប់ធ្វើការមិនគប្បី
ចំពោះមាតាចុងទាំងកម្លាំង ។ ព្រះបិតា បានឃើញដូច្នោះ ខ្ញាល់យ៉ាងខ្លាំង
ហើយបញ្ជាឲ្យពេជ្ឈឃាដនាំយកកុមារទាំងពីរទៅសម្លាប់ ដោយឥតបានពិចារណា ។
ប៉ុន្តែដោយបុណ្យបារមីនៃព្រះរាជកុមារ
ក្នុងពេលដែលពេជ្ឈឃាដរៀបនឹងសម្លាប់ ព្រះនាងវង្សធ្យាជាមាតា បានទៅទាន់
អង្វរពេជ្ឈឃាដសុំកុំឲ្យសម្លាប់ ពេជ្ឈឃាដមានចិត្តមេត្តា
ក៏ជួយពង្វេះគេចចេញពីព្រះនគរ ព្រះមាតាបានទាំងប្រគល់ឲ្យព្រះរាជកុមារ
នូវព្រះទម្រង់រាជ្យមួយៗ ម្នាក់ផង ហើយសន្យាថា : ដល់គម្រប់ ១០
ឆ្នាំ ឲ្យវិលមកព្រះនគរវិញ ។ ព្រះរាជកុមារទាំង ២ ពង្ស
បានទទួលបណ្ដាំព្រះមាតា ហើយយាងកាត់ព្រៃព្រឹក្សាផ្សងព្រេងតាមវាសនា, ដោយទ្រង់អស់ព្រះកាយពលខ្លាំង
ក៏ទ្រង់ផ្ទំលក់ក្រោមម្លប់ឈើ នាព្រៃដ៏ស្ងាត់ជ្រងំ ។ លំដាប់នោះ
ព្រះឥន្ទ្រាធិរាជ បានទតយល់ព្រះរាជកុមារភ្លាម ក៏និម្មិតជាមាន់ស ១ ខ្មៅ ១
ចុះមករកស៊ី នៅក្បែរព្រះរាជកុមារ ហើយនិយាយថា ៖ “ខ្ញុំជាមាន់ខ្មៅ
បើអ្នកណាបានស៊ីសាច់ខ្ញុំ កន្លងតែ ៧ ឆ្នាំ នឹងបានសោយរាជ្យ" ។
“ចំណែកខ្ញុំជាមាន់ស ក៏ដូច្នោះដែរ, បើអ្នកណាបានស៊ីសាច់ខ្ញុំ កន្លងទៅតែ ៧ ខែ
នឹងបានសោយរាជ្យ" ។
មាន់ទាំងពីរ ជជែកគ្នាហើយ
ជល់គ្នានៅចំពោះព្រះភក្ត្រព្រះរាជកុមាររហូតដល់ស្លាប់រៀងខ្លួន ។
ព្រះរាជកុមារទាំងពីរ នឹកឆ្ងល់ក្នុងព្រះទ័យខ្លាំងណាស់
ហើយដោយឃ្លានអាហារខ្លាំងពេលផង,
សូរវង្ស ក៏រើសយកមាន់ស ឯវរវង្សជាប្អូន
ក៏រើសយកមាន់ខ្មៅ យកទៅចម្អិនសោយដោយសុខសាន្ត ។
លុះសោយសាច់មាន់នោះរួចហើយ ព្រះរាជកុមារទាំង ២ ពង្ស ក៏ធ្វើដំណើរទៅទៀត
អស់រយៈកាល ៧ ខែគត់ បានដល់ទៅសាលាសំណាក់មួយ នៅក្នុងព្រៃ នានគរគន្ធពបុរី
ហើយសម្រាកនៅទីនោះ ។ និយាយពីនគរនេះ ក្រោយដែលព្រះរាជាសោយទិវង្គតទៅ
នាម៉ឺន សេនាមាត្យ រៀបចំធ្វើការផ្សងរកអ្នកមានបុណ្យ
ដើម្បីគ្រងរាជ្យសម្បត្តិនៅប្រទេសខ្លួន ។ កាលដែលបានរៀបក្បួនស្រេចហើយ
ក៏ធ្វើដំណើរចេញទៅ ដោយឲ្យរាជគជេន្ទ្រដែលតាំងបុស្សបុកនៅមុខគេបង្អស់
ហើយអធិដ្ឋានថា : បើអ្នកណាជាអ្នកមានបុណ្យ សូមឲ្យរាជគជេន្ទ្រនេះ
ឈប់ភ្លាមនៅចំពោះមុខអ្នកមានបុណ្យនោះ ។ កាលដែលរាជគជេន្ទ្រ មកដល់សាលាសំណាក់
ដែលព្រះរាជកុមារទាំងពីរកំពុងផ្ទំលក់ ក៏ឈប់នៅស្ងៀម, ក្រុមសេនាមាត្យ
នាំគ្នាឡើងទៅលើសាលា ហើយសូមយាងព្រះរាជកុមារនាមសូរវង្ស
ឲ្យយាងទៅគ្រងរាជសម្បត្តិនៅគន្ធពបុរីនោះ ។ ព្រះរាជកុមារ
ពុំព្រមទទួលសោះ ដោយប្រកែកថាគ្មានសមត្ថភាព តែសេនាមាត្យមិនព្រម
នាំគ្នាបីត្រកងលើកដាក់លើបុស្សបុក ហើយហែទៅកាន់រាជធានី ។ ព្រះកុមារ
នឹកអាល័យដល់វរវង្សជាប្អូនខ្លាំងណាស់, សុំឲ្យសេនាមាត្យយកវរវង្សជាប្អូនទៅផង
តែគេពុំព្រមយក ។ លុះទៅដល់ព្រះនគរ ក៏រៀបចំព្រះរាជអភិសេកសូរវង្ស
ជាមួយព្រះនាងសបុប្ផា ជាព្រះរាជបុត្រីនៃព្រះអតីតមហាក្សត្រនគរនេះ និង
ថ្វាយរាជ្យជាព្រះមហាក្សត្រដោយសុខសាន្ត ។ ចំណែកព្រះរាជកុមារវរវង្ស
កាលក្រោកឡើងបាត់ព្រះរៀមពុំឃើញ
ក៏ទ្រង់ព្រះកន្សែងព្រួយព្រះរាជហឫទ័យយ៉ាងខ្លាំង ដើរស្រែកដង្ហោយហៅពាសពេញព្រៃ
តែមិនឃើញសោះ ។ វរវង្ស អស់សង្ឃឹម មិនដឹងទៅរកឯណា
ក៏យាងកាត់ព្រៃតាមដានជើងដំរីរាជនោះ ទៅដល់វាំងនៃព្រះរៀម
សុំអ្នកយាមទ្វារចូលតាមទៅរក តែគេពុំព្រមឲ្យចូល ដោយកំហែងគំរាមថែមទៀត
។ ព្រះរាជកុមារ ក៏គេចចេញអំពីទីនោះទៅ តាមយថាកម្ម ។ លុះដើរកាត់ព្រៃអស់
៥ យប់ ៥ ថ្ងៃ ទើបបានទៅដល់ផ្ទះដូចចាស់ម្នាក់ នៅក្បែរវាំងនៃព្រះរាជា
នាមព្រះបាទធរណិត នានគរមួយ ហើយសុំដូនចាស់នោះ នៅស្នាក់អាស្រ័យមួយយប់ផង
ដូនចាស់ក៏ព្រមឲ្យស្នាក់នៅដោយរីករាយ ។
តែដូនចាស់អប្រិយនេះ
បានឃើញព្រះទម្រង់ព្រះរាជកុមារ នឹកស្មានថា ជាចោរលួចរបស់ព្រះរាជទ្រព្យ
ក៏ចូលទៅទូលព្រះរាជា ៗ ទ្រង់ព្រះពិរោធខ្លាំង បានបញ្ជាឲ្យសេនាទាហាន
ចាប់ចងយកទៅសួរចម្លើយ ទោះបីព្រះរាជកុមារឆ្លើយថា ព្រះទម្រង់នេះ
ជាកេរ្តិ៍ដំណែល ពីព្រះមាតារបស់ព្រះអង្គក៏ដោយ, ក៏ព្រះរាជា
នៅតែចោទថាជាចោរ ហើយបញ្ជាសេនាទាហាន ចាប់យកទៅដាក់ក្នុងទ្រុងដែក
សែនទារុណ ។ ថ្ងៃមួយ, មានយក្សកំណាច បានចូលទៅរាតត្បាតនគរជ័យបូរី
ដែលមានព្រះមហាក្សត្រ នាមព្រះបាទសោទត្ត ជាមិត្តសិទ្ធស្នាលជាមួយនឹងព្រះបាទធរណិត
បណ្ដាលឲ្យនគរនេះ ជ្រួលច្របល់យ៉ាងខ្លាំង, មិនតែប៉ុណ្ណោះ វាចូលមកដល់ក្នុងវាំង
ដេញកម្ចាត់អារក្ស ដែលយាមទ្វារវាំងស្ដេចឲ្យរត់ខ្ចាត់ខ្ចាយអស់, ហើយប្រាថ្នាស៊ីស្ដេចសោទត្តទៀត, តែមិនទាន់បានចូលទៅចាប់ស្ដេចនៅឡើយ
វាចូលទៅពួនសម្ងំនៅក្នុងគុហា នាកន្លែងអារក្សនោះនៅ ។
និយាយពីស្ដេចសោទត្ត, កាលបើដូច្នោះ ភ័យណាស់ ក៏ត្រាស់បញ្ជាឲ្យសេនាចេញសំពៅ
ទៅនគរព្រះបាទធរណិត ដើម្បីថ្វាយដំណឹងអំពីព្រឹត្តិការណ៍នេះ
ហើយសូមឲ្យព្រះអង្គជួយជ្រោមជ្រែង ក្នុងរឿងនេះផង ។ ព្រះបាទធរណិត
បានជ្រាបភ្លាម
ក៏បង្គាប់បញ្ជាឲ្យសេនារុញសំពៅទម្លាក់ទឹកនឹងធ្វើដំណើរទៅនគរជ័យបូរី ។
ប៉ុន្តែសេនាទាំងអស់រុញសំពៅនោះពុំរួចសោះ ក៏ប្រកាសរកអ្នកខ្លាំងពូកែ
ដើម្បីឲ្យរុញសំពៅនេះចុះទឹក ។ ព្រះរាជកុមារវរវង្ស ដែលនៅក្នុងទ្រុងដែក
ក៏ទទួលខ្លួនធានានឹងរុញសំពៅនេះបាន, ព្រះរាជា ក៏ទ្រង់សន្យាថា
បើឯងរុញសំពៅនេះរួចមែន នឹងដោះលែងឲ្យជាអ្នកជា
ហើយនឹងព្រះរាជទានរង្វាន់យ៉ាងច្រើន ។ ដោយបុណ្យវាសនាពីព្រេងនាយ
ព្រះរាជកុមារ ក៏រុញសំពៅទម្លាក់ទឹកបានដោយធូរ ។ ព្រះរាជា
ក៏ធ្វើដំណើរតាមសំពៅឆ្ពោះទៅនគរជ័យបូរី ដោយយកទាំងព្រះរាជកុមារវរវង្ស
នឹងព្រះនាងកេសកេសីជាព្រះរាជបុត្រី ព្រមទាំងសេនាមុខមន្ត្រីទៅផង ។
ទៅដល់នគរជ័យបូរី បានបញ្ជាឲ្យពួកពលរេហ៍ បោះព្រះពន្លានៅក្បែរវាំងព្រះបាទសោទត្ត, ហើយព្រះអង្គចូលទៅប្រាស្រ័យជាមួយនឹងព្រះបាទសោទត្ត, ក្នុងព្រះរាជវាំង
។ ថ្លែងពីព្រះនាងកេសកេសី, ទ្រង់ផ្ទំលក់ក្នុងរាត្រី បានយល់សប្ដិឃើញតាចាស់ម្នាក់
មកប្រាប់ថា : ព្រះរាជកុមារវរវង្សនេះហើយ ជាព្រះស្វាមីព្រះនាងពីអតីតកាល ។
កាលព្រះនាងក្រោកឡើង ក៏ចេះតែនឹកមមៃព្រះរាជកុមារ
រហូតទាល់តែមានព្រះទ័យប្រតិព័ទ្ធស្នេហា ចំពោះព្រះរាជកុមារយ៉ាងខ្លាំង ។
ឯព្រះរាជកុមារ ក៏មានសេចក្ដីស្នេហា ចំពោះព្រះនាងដែរ ។ មួយថ្ងៃៗ
ព្រះរាជកុមារ និង ព្រះនាង តែងនិយាយដាក់ពាក្យសំដីទៅវិញទៅមក ។
ចំណែកព្រះបាទធរណិតជាព្រះបិតា កាលបានជជែកពិគ្រោះនឹងព្រះបាទសោទត្ត
ដឹងរឿងសព្វគ្រប់ហើយ ក៏និយាយថា : "យើងមានកុមារម្នាក់
វាជាចោរលួចរបស់ព្រះរាជទ្រព្យ ហើយយើងបានចាប់យកទៅធ្វើទោសដាក់ទ្រុងដែក, ប៉ុន្តែកុមារនេះ
ខ្លាំងពូកែណាស់ អាចរុញសំពៅដែលមនុស្សជាច្រើនរុញមិនរួចនោះ ឲ្យរួចបាន, ឥឡូវជូនដំណើរយើងមកនៅក្នុងព្រះពន្លានាខាងក្រៅវាំងឯណោះ
គួរតែឲ្យកុមារនេះល្បងនឹងយក្សមើល តើវាព្រមឮមិនព្រម
បើវាព្រមសាកល្បងនឹងយក្ស ទោះបីមិនឈ្នះយក្ស ក៏យើងមិនព្រួយបារម្ភដែរ, ព្រោះវាជាមនុស្សមានទោសស្រាប់មកហើយ"
។ គិតដូច្នោះ ក៏ឲ្យបម្រើទៅហៅព្រះរាជកុមារវរវង្សមក
ប្រាប់រឿងដែលយក្សខ្លាំងពូកែ ប្រាថ្នាមកស៊ីស្ដេចសោទត្ត, ឥឡូវ
សុំឲ្យព្រះរាជកុមារទៅសម្លាប់យក្សនោះ បើសម្លាប់បាន
នឹងឲ្យរង្វាន់យ៉ាងលើសលុប ។ ព្រះរាជកុមារ ក៏ទូលតាមព្រះរាជបញ្ជា, ប៉ុន្តែ
ដើម្បីកុំឲ្យយក្សស្គាល់ថាជាមនុស្សធម្មតា ព្រះរាជកុមារវរវង្ស
បានសុំគ្រឿងព្រះរាជ្យព្រះខ័នរាជ្យ របស់ស្ដេចសោទត្ត, មកតែងព្រះអង្គ
ឲ្យដូចស្ដេចសោទត្តមែនៗ ហើយចូលប្រយុទ្ធជាមួយនឹងយក្សនៅក្នុងគុហា
លុះត្រាតែយក្សស្លាប់បាត់បង់ជីវិត ក្នុងគ្រានោះទៅ ។ ចំណែកព្រះបាទធរណិត
ឃើញព្រះរាជកុមារខ្លាំងពូកែ មានឫទ្ធិអំណាចដូច្នោះ
ក៏លើកព្រះនាងកេសកេសីជាព្រះរាជបុត្រី ឲ្យជាព្រះអគ្គជាយា
ហើយប្រគល់រាជសម្បត្តិ ឲ្យស្នងរាជ្យជំនួសព្រះអង្គ ។ ឯព្រះបាទសោទត្ត
បានឃើញព្រះរាជកុមារសម្លាប់យក្សបាន
ជាការជួយព្រះអង្គឲ្យរួចចាកពីភយន្តរាយ ក៏លើកព្រះនាងវរវតី
ជាព្រះរាជបុត្រី ជាព្រះរាជបុត្រី ផ្សំជាព្រះអគ្គជាយា ហើយប្រគល់រាជសម្បត្តិ
ឲ្យស្នងរាជ្យក្នុងនគរជ័យបូរីទាំងមូលដែរ ។ ព្រះរាជកុមារ
ត្រូវបានសោយរាជ្យនគរទាំងពីរ ហើយមានព្រះអគ្គមហេសីក៏ពីរ
គឺព្រះនាងកេសកេសី ជាព្រះអគ្គមហេសីដើម និង ព្រះនាងវរវតី
ជាព្រះអគ្គមហេសីចុង បាននៅរួមរស់ជាសុខសាន្ត នានគរជ័យបូរី ។ ឯអារក្ស
ដែលធ្លាប់តែនៅរក្សានគរជ័យបូរី បានភៀសខ្លួនគេចចេញ
ក្នុងពេលយក្សរុករាននោះ បានដឹងថាយក្សស្លាប់ហើយ
ក៏ត្រឡប់មកនៅរក្សានគរជ័យបូរីវិញ
បានទាំងនាំមកថ្វាយព្រះចៅវរវង្សមហាក្សត្រថ្មី នូវកែវមណីរត្ន ដែលអាចគ្រវីហោះហើរបានផង
។
កាលដែលព្រះនាងកេសកេសី ទ្រង់មានគភ៌បាន ៣
ខែ, ព្រះបាទវរវង្ស
នឹកភ្នកចង់ទៅលេងនគរព្រះវរបិតា-មាតា តាមបណ្ដាំព្រះមាតា
ដែលផ្ដាំថាគម្រប់ ១០ឆ្នាំឲ្យវិលទៅវិញ ។ ព្រះអង្គ ក៏លាព្រះបិតាក្មេក
ព្រមទាំងព្រះជាយា ថានឹងទៅលេងនគរព្រះបិតា-មាតា តែ ១ អង្គឯងទេ
តែព្រះនាងកេសកេសី មិនព្រមនៅសោះ សុខចិត្តតែទៅតាមផង, ទោះបីអង្វរករយ៉ាងណាក៏មិនព្រម
ព្រះបិតាក្មេក ក៏ព្រមអនុញ្ញាតឲ្យទៅ ។ ព្រះរាជកុមារវរវង្ស
ក៏នាំនាងកេសកេសីគ្រវីកែវហោះទៅ លុះដល់អាស្រមសាលាតាឥសី
ក៏ចុះឈប់សម្រាក ហើយដើរកម្សាន្តជាមួយព្រះជាយា ។
ពេលនោះឥសីក៏លួចយកកែវមណីរត្ន ហោះទៅលេងកម្សាន្តលើអាកាស ។
ដោយត្រូវខ្យល់ខ្លាំងពេក ឥសីក៏ដាច់ក្បាលធ្លាក់អន្តរាយជីវិត, ឯកែវមណីរត្ន
បានធ្លាក់ទៅក្នុងគន្ធពបុរី ជានគរព្រះរៀម ។ ពួកសេវកាមាត្យ
បានរើសយកកែវនោះ ទៅថ្វាយព្រះបាទសូរវង្សទៅ ។
រីឯព្រះរាជកុមារវរវង្ស និង
ព្រះនាងកេសកេសី កាលដឹងថាឥសីលួចកែវហោះនោះទៅបាត់ហើយ
ទាំងពីរអង្គក៏យាងដោយព្រះបាទា, លុះដល់ទៅឆ្នេរជលសាមួយ
ក៏នាំព្រះជាយាហែលឆ្លង តោងកំណាត់ឈើមួយដុំ ប៉ាក់ប៉ើកៗ កណ្ដាលមហាសាគរ ។
ដោយអកុសលកម្ម នៃព្រះរាជកុមារ និង ព្រះនាង
ក៏ត្រូវខ្យល់ព្យុះសង្ឃរាបោកបក់
ឲ្យរបូតព្រះហស្តអំពីកំណាត់ឈើបែកខ្ញែកគ្នាអស់ ។ ចំណែកព្រះនាងកេសកេសី
កាលបានរសាត់ដល់លើមាត់ច្រាំង ក៏ខំយាងរកព្រះស្វាមី តែមិនឃើញសោះ
ព្រះនាងក៏យកកន្សែងចងធ្វើជាទង់ជ័យ សម្រាប់ឲ្យស្វាមីនាងស្គាល់ថា
ព្រះនាងមិនស្លាប់ទេ, ហើយព្រះនាង ក៏យាងផ្សងព្រេងកាត់តាមដងព្រៃ យ៉ាងលន្លង់លន្លោច, លុះទៅដល់គន្ធពបូរី
បានជួបនឹងព្រានប្រមាញ់ម្នាក់ ។ ព្រះនាង បានអង្វរករគេ
សុំនៅស្នាក់អាស្រ័យជាមួយផង ។ ព្រានឃើញដូច្នេះអាណិតណាស់
បានសួរពីដំណើរដើមសព្វគ្រប់ បានដឹងអស់ហើយ ទើបនាំព្រះនាងទៅលំនៅអាត្មា
។ តែជាកម្មអកុសលរបស់ព្រះនាង
ត្រូវបានប្រពន្ធព្រានជេរបញ្ចោរដៀលពូជអំបូរ ហើយចោទថា ព្រះនាងជាស្រីមានពុតត្បុត
លួចស្រឡាញ់ប្ដីរបស់គាត់ទៀត ។
ទោះបីគាត់ព្រមឲ្យនៅធ្វើជាខ្ញុំកំដរគាត់ហើយ
គាត់នៅតែប្រើអាកប្បកិរិយាមើលងាយគំហកកំហែងរៀងរាល់ថ្ងៃ ឯព្រះនាង
ក៏ខំយកចិត្តទុកដាក់ធ្វើការបោសច្រាសផ្ទះសម្បែង ពុំដែលធ្វេស វិស័យដូចបាវព្រាវ
។ លុះព្រះនាងនៅបាន ៧ ខែ, គភ៌ព្រះនាង ក៏ត្រូវគ្រប់ទសមាស, ព្រះនាងឈឺផ្ទៃជាខ្លាំង ស្រែកយំ
ឈឺចុកចាប់ឥតឧបមា មិនដឹងបានអ្នកណាជួយឲ្យបានធូរស្បើយ ។ ឯប្រពន្ធព្រាន
បានបណ្ដេញឲ្យព្រះនាងទៅសម្រាលកូនឯក្រៅរបងផ្ទះ ព្រោះខ្លាចចង្រៃដល់ភូមិឋានរបស់គាត់
។ ព្រះនាង ខំលូនផង យកដៃឱបផ្ទៃផង បានទៅដល់ផ្លូវធ្លាខាងក្រៅរបង ។
ពេលនោះ ព្រះនាង ក៏ប្រសូតិបុត្រនៅនាកណ្ដាលទីវាល, កណ្ដាលភ្លៀងផ្គរយ៉ាងសម្បើម
និងខ្យល់បក់បោកយ៉ាងខ្លាំង ហៅសែនវេទនា ។ ខណៈនោះ ព្រះឥន្ទ្រាធិរាជ
បានទតយល់ព្រះនាងប្រសូតិព្រះរាជបុត្រដូច្នោះ
ក៏និម្មិតជាយាយចាស់ម្នាក់ មកយកអាសាជួយបីបាច់ថែរក្សាកូននាង
ហើយសន្យាថា ៖ បើនាងត្រូវការយកកូននេះវិញ ក៏យកចុះ
ផ្ទះខ្ញុំនៅខាងកើតឯនោះ ដើម្បីជាបន្ទាល់ឲ្យងាយស្គាល់ថា កូននាងមែន
ឬមិនមែនទៅថ្ងៃមុខនោះ សូមនាងឲ្យវត្ថុអ្វីមួយមក នឹងទុកជាភស្តុតាង ។
ព្រះនាង ក៏ដោះព្រះទម្រង់ ដែលជារបស់ព្រះស្វាមី ចងកឲ្យបុត្រនាង
ហើយនាងវិលទៅធ្វើការ បម្រើយាយចាស់ប្រពន្ធព្រានដូចដើមវិញ ។
កាលនាងវិលត្រឡប់មកភ្លាម ព្រះឥន្ទ ក៏និម្មិតជាត្មាតមួយយ៉ាងធំ
ក្រុងលើទារក, ហើយនិម្មិតជាសំពត់កោសេយ្យពស្ត្រទាំងផ្នត់យ៉ាងស្អាត
ទ្រាប់ទារកដាក់លើផ្លូវធ្លា ដែលព្រះរាជានគរគន្ធពបូរី តែងយាងជាធម្មតា ។
ថ្ងៃមួយ ព្រះបាទសូរវង្ស ព្រះចៅនគរគន្ធពបូរី ស្ដេចយាងចេញប្រពាតព្រៃ
បានទតឃើញត្មាតកំពុងក្រុងទារកនៅកណ្ដាលផ្លូវធ្លាដូច្នោះ
ក៏បញ្ជាឲ្យរាជសេវកាមាត្យរើសយកមក
ទ្រង់បានទតឃើញព្រះទម្រង់ដែលចងនៅកទារកនោះ
ស្គាល់ច្បាស់ជាព្រះទម្រង់វរវង្ស ជាព្រះអនុជ ។ ព្រះអង្គ
ទ្រង់ព្រះពិភាល់ក្នុងព្រះរាជហឫទ័យណាស់
ទ្រង់ក៏ត្រឡប់មកព្រះរាជវាំងវិញ បានបង្គាប់ឲ្យធ្វើសាលាឆទានមួយ ។
នៅក្នុងសាលា ព្រះអង្គបញ្ជាឲ្យគូររូបរឿងព្រះអង្គ តាំងពីដើមមក
រហូតបានសោយរាជ្យនៅនគរនេះ ហើយព្រះអង្គទ្រង់ប្រកាសដាក់ទាន
ដល់សាធារណជនទូទៅថា : បើអ្នកណាចង់បានរបស់អ្វី ព្រះអង្គនឹងព្រះរាជទានឲ្យ
ក្នុងសាលាឆ ទាននោះ ។ ចាប់ពីថ្ងៃនោះមក មនុស្សម្នាមហាជន
តែងទៅទទួលយកព្រះរាជអំណោយទាន យ៉ាងគគ្រឹកគគ្រេង
ហើយមើលរូបគំនូរដែលគូរនៅជញ្ជាំងសាលា យ៉ាងសប្បាយរីករាយ ។
និយាយពីវរវង្ស, ក្រោយពីខ្យល់ព្យុះបោករបូតដៃ
បែកខ្ញែកគ្នានោះមក ព្រះអង្គបានទៅដល់ត្រើយ
ហើយដើរស្វែងរកព្រះជាយាបានជួបនឹងកន្សែង ដែលព្រះនាងដោតជាសញ្ញានោះ
ព្រះអង្គក៏សំគាល់ថា ព្រះនាងមិនស្លាប់ទេ ហើយព្រះអង្គខំដើររក
អស់កាលជាច្រើនខែ ។ លុះបានដំណឹងថា ព្រះរាជាព្រះអង្គទ្រង់ប្រោសព្រះរាជទាន
ដល់សាធារណជន នូវចំណីអាហារគ្រប់បែបយ៉ាង ក៏យាងចូលទៅក្នុងសាលាឆទាន
ប្រាថ្នាទទួលយកព្រះរាជអំណោយ,កាលបើបានឃើញរូបគំនូរ ដែលគូរជាប់នៅជញ្ជាំងសាលា ដ៏មានដំណើររឿង
ដូចរឿងខ្លួនកាលពីដើម, រូបគំនូរទាំងនោះសោតទៀត ក៏ដូចរូបព្រះអង្គ និង ព្រះរៀម ។
ពេលនោះព្រះអង្គ ទ្រង់ព្រះកន្សែងខ្សឹកខ្សួល ដួលសន្លប់
បាត់ស្មារតីនៅទីនោះ ព្រះរាជបម្រើឃើញដូច្នោះ ក៏ទៅទូលព្រះរាជា ។
ព្រះអង្គ ក៏ទ្រង់ឲ្យរាជបម្រើនាំបុរសនោះចូលទៅក្នុងវាំង, ព្រះចៅសូរវង្ស
បានស្គាល់ថាជាប្អូន ក៏ទ្រង់ព្រះកន្សែងរៀបរាប់ ពីដំណើរបែកគ្នាមក, ព្រះបាទសូរវង្ស
បានដឹងហើយ ឲ្យគេនាំយកព្រះរាជបុត្រា និងកែវមណីរត្ន
ដែលព្រះអង្គរើសបានមកបង្ហាញ,
ព្រះបាទវរវង្ស ក៏បានស្គាល់ ព្រះទម្រង់ និង កែវនោះ
ថាពិតជារបស់ព្រះអង្គ, រួចព្រះបាទវរវង្ស ចេញទៅក្រៅវាំង ដើម្បីនឹងទៅរកព្រះជាយា ។
ទទួលពេលនោះ, ដោយការទ្រាំនៅជាមួយយាយប្រពន្ធព្រានមិនបាន
ព្រោះគាត់ធ្វើបាបខ្លាំងពេក ព្រះនាងកេសកេសី ក៏លបរត់ចេញអំពីផ្ទះយាយ
បានទៅជួបនឹងស្វាមីយ៉ាងរីករាយ,
ទាំងពីរព្រះអង្គ បានទៅថ្វាយបង្គំព្រះរៀម
រៀបរាប់តាមដំណើរហើយ ក៏បាននៅជាសុខសាន្តក្នុងវាំងនោះ ។
ព្រះបាទវរវង្ស
បានបបួលព្រះរៀមទៅនគរព្រះមាតា-បិតា តាមបណ្ដាំមាតាដែលផ្ដាំថា ដល់គម្រប់
១០ ឆ្នាំ ឲ្យត្រឡប់វិលទៅវិញ ។ ព្រះរៀម ក៏និយាយថា : បើយើងទៅតែ ៤
នាក់ស្វាមី និងព្រះជាយាប៉ុណ្ណោះ មិនសមដល់ឋានៈយើងជាស្ដេចសោយរាជ្យទេ, គប្បីយើងរៀបចំជាក្បួនទ័ពជើងគោក-ទឹកទៅ
ទើបសមរម្យ, ដើម្បីការពារគ្រោះថ្នាក់តាមផ្លូវផង ។ ព្រះបាទវរវង្ស
ព្រមទទួលបញ្ជា ក៏ត្រឡប់ទៅនគរព្រះបិតាក្មេកទាំងពីរដោយគ្រវីកែវហោះទៅ
ដើម្បីនាំទ័ពជើងគោក ចំណែកព្រះរៀមឲ្យរៀបបម្រុងទ័ពជើងទឹក ។
កាលបានទ័ពយ៉ាងសម្បើមហើយ ព្រះបាទវរវង្សជាមេទ័ពខាងជើងគោក
ឯព្រះបាទសូរវង្សជាមេទ័ពជើងទឹក លើកឆ្ពោះទៅនគរព្រះបិតា-មាតា ។
លុះទៅដល់នគរក្រសន់ ជានគរបិតា ក៏បោះទ័ពប្រុងប្រៀបព័ទ្ធនគរនោះ ។
ចំណែកព្រះបាទសុរិយាជាបិតា
ក្រោយដែលបានបញ្ជាឲ្យពេជ្ឈឃាដនាំយកព្រះរាជកុមារទាំងពីរទៅសម្លាប់
បានយកព្រះនាងវង្សធ្យាទៅដាក់ឃុំឃាំងក្នុងទ្រុងដែកយ៉ាងសែនទារុណ
ដោយចោទថាជាស្រីខូច ហើយបានប្រគល់រាជសម្បត្តិឲ្យព្រះរាជកុមារវៃវង្សា
សោយរាជ្យស្នងព្រះអង្គ ។ កាលបានដឹងថា មានព័ទ្ធសត្រូវចូលមកព័ទ្ធនគរហើយ
ព្រះបាទវៃវង្សាភ័យញាប់ញ័រខ្លាំងណាស់ ។ ឯព្រះបាទវរវង្ស
ក៏បានឲ្យរាជបម្រើ ទៅថ្វាយដំណឹងដល់ព្រះបាទវៃវង្សាថា
"ត្រូវឲ្យនគរនេះមកយើង បើមិនឲ្យទេ នឹងត្រូវច្បាំងគ្នា" ។
ព្រះបាទវៃវង្សា ឆ្លើយតបថា យើងមិនខ្លាចទេ
បើចៅហ្វាយអ្នកឯងចង់បាននគរយើងៗ ឲ្យ តែឲ្យស្ដេចអ្នកឯង
ប្រជល់ដំរីជាមួយនឹងយើង, បើយើងចាញ់ យើងឲ្យនគរនេះ បើយើងឈ្នះវិញ
យើងសុំនៅសោយរាជ្យនគរនេះតែប៉ុណ្ណោះ ។ ព្រះរាជបម្រើត្រឡប់មកវិញ
ទូលព្រះបាទវរវង្សតាមដំណើរ, ព្រះបាទវរវង្សក៏ព្រមប្រជល់ដំរីតាមបំណង ។
លុះចូលប្រយុទ្ធត្រូវព្រះបាទវរវង្ស-សូរវង្ស ព្រមទាំងពួកដំរី
សម្លាប់វៃវង្សា និងដំរីព្រះអង្គ ឲ្យស្លាប់ក្នុងសមរភូមិ ។
ឯព្រះបាទសូរិយាជាបិតា ទ្រង់ភ័យណាស់
ដោយព្រះរាជបុត្រាជាទីស្រឡាញ់ត្រូវចាញ់សង្គ្រាម
ក៏ចូលខ្លួនទៅសូមចុះចាញ់, លុះចូលទៅដល់ មិនស្គាល់ជាព្រះរាជបុត្រទេ
ដោយនឹកថាព្រះរាជបុត្រ ត្រូវព្រះអង្គឲ្យពេជ្ឈឃាដសម្លាប់ទៅហើយ
ទោះបីព្រះរាជកុមារទាំងពីរក្រាបថ្វាយបង្គំទូលយ៉ាងណា ក៏មិនជឿ, ទាល់តែព្រះរាជកុមារទាំងពីរនិយាយរឿង
កាលដែលពេជ្ឈឃាដយកទៅសម្លាប់នោះ រហូតដល់ពេលនេះ
ហើយដោយមានព្រះទម្រង់ទាំងនោះ ជាគ្រឿងសំគាល់ផង ទើបជឿថា
ព្រះរាជបុត្រមែន ។ កាលជ្រាបជាកូនហើយ
ទើបសួររឿងរ៉ាវដែលកើតឡើងតាំងពីដើមមក, ព្រះអង្គក៏យល់ថាព្រះនាងមន្ទាជាស្រីចង្រៃ
ញុះញង់បំបែករាជបុត្រ និង ព្រះនាងវង្សធ្យាចេញពីព្រះអង្គ
ក៏ទ្រង់បញ្ជាឲ្យពេជ្ឈឃាដយកព្រះនាងមន្ទាទៅសម្លាប់ចោលទៅ, ហើយដោះលែងព្រះនាងវង្សធ្យា
ឲ្យជាព្រះអគ្គមហេសីពេញលក្ខណៈ
បានប្រគល់ព្រះរាជសម្បត្តិទៅព្រះរាជបុត្រទាំងពីរស្នងព្រះអង្គតទៅ ។
ទាំងនេះឯង
ជារឿងព្រេងប្រចាំភ្នំវរវង្សសូរវង្ស ដោយគេសំអាងលើរូបសំណាកថ្មមួយ
ជារូបស្ត្រី កំបុតត្រឹមក សន្មតថា ជារូបនាងមន្ទាដែលជាអ្នកទ្រុស្តកាច
ហើយពេជ្ឈឃាដយកទៅប្រហារជីវិតចោលនោះ ។ រូបនេះ តាំងនៅក្នុងឃុំចំបក់
ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ ហើយដែលសព្វថ្ងៃ
រាជការរាប់បញ្ចូលជាសង្កាត់នៃក្រុងគិរីរម្យទៅហើយ ។ ត្រង់កំពូលភ្នំមួយដែលគេហៅថា
ភ្នំកម្មជ្ជវាតនោះ គេសំគាល់ថា ជាកន្លែងដែលខ្យល់បក់បោកកាត់ផ្ដាច់កឥសី
ដែលលួចយកកែវមណីរត្នរបស់ព្រះបាទវរវង្ស ទៅហោះលេងនោះ ។ ក្រៅពីនេះ
នៅមានកន្លែងច្រើនទៀត ដែលអ្នកស្រុកសំគាល់ថាទាក់ទងនឹងរឿងព្រេងនេះដែរ
ដូចជាកន្លែង ថ្មបាំង សេកប្រណាំង ឃ្លាំងរំសេវ ជាដើម ។
រឿង ព្រេងភ្នំវរវង្សសូរវង្ស (នៅខេត្តកំពង់ស្ពឺ)
Reviewed by VannyDa
on
2:53 PM
Rating: