រឿង សំលាញ់ពីរនាក់
កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា
«កាលបើយើងមានប្រពន្ធហើយអែងក្ដីអញក្ដី
បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅវិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់មួយ មានប្រពន្ធគ្រប់លក្ខណ៍
សំលាញ់មួយទៀតមានប្រពន្ធខាតលក្ខណ៍។ បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះវេលាយប់ចូលដំនេក
និយាយគិតគ្នាប្ដីប្រពន្ធថា «យើងរកស៊ីអីអោយមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី រឺប្រើខ្ញុំអោយត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។
លុះកន្លងមកពេលចូលដំនេកយប់ក្រោយទៀត ប្ដីនិយាយនឹងប្រពន្ធថា
«នាងអើយបងគិតឃើញរបរមួយមុខ
បើបានដូចគំនិតនឹងបានមាសប្រាក់ ផ្ដិល តុ ថាស ដោយងាយ»។ ប្រពន្ធសួរប្ដីថា «គិតធ្វើដូចម្ដេចក៏បានងាយម្លេះ? » ។ ប្ដីប្រាប់ប្រពន្ធថា
“ក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេស ខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំមកហើយរបស់ទ្រព្យសព្វសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើន យើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះអោយរីងក្រ អ្វីមាសប្រាក់គ្រប់មុខនោះ
បើបានត្រីធំតូចយើងវះធ្វើងៀត ធ្វើផ្អក ប្រហុក ព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើអោយមានម្ហូបនិងស្លាម្លូផង ព្រហាមយើងទៅបាចទឹកសមុទ្រអោយរីង»។ ប្រពន្ធលឺប្ដីប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្ដី។
លុះព្រឹកឡើងរៀបគ្រប់ ប្រដាប់រួចក៏នាំគ្នាទៅដល់មាត់សមុទ្រ ហើយទុកដាក់ម្ហូបចំនីដោយស្រួល
ទើបប្ដីកាន់កញ្ជើ១ ប្រពន្ធកាន់កញ្ជើ ១ខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគ
បរិភោគបាយ រួចនាំប្ដីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញ។ បាចបានចំនួន ៤ថ្ងៃប្ដីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថា
«ទឹកស្រកសន្ដកហើយនាង»។ ប្រពន្ធឆ្លើយថា “បើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយ
យើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់ មួយទៀតសំពៅទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះ
យើងត្រូវកាយយកប្រាក់មាស តុ ថាស ចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេ» ថារួចដល់ល្ងាចត្រលប់មកផ្ទះវិញ។
ព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលៗដូចថ្ងៃមុន។ ហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់លឺដឹងដំនឹងសព្វគ្រប់
ភ័យបារម្ភណាស់ជំនុំគ្នាថា «យើងមុខជាស្លាប់ម្ដងហ្នឹងយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រួចជីវិតគិតហើយនាំគ្នា
មុជហែលទៅដល់ស្ដេចត្រីទូលតាមដំនើរដែលបុរសប្ដីប្រពន្ធមកបាចទឹកសមុទ្រនោះ។ ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថា
«ឯងរាល់គ្នាពាំយកមាសបាន
៥ក្រឡ ប្រាក់ ៥ក្រឡ និង តុ ថាស ផ្ទិល ចាន ទៅអោយបុរសប្ដីប្រពន្ធអង្វរគេអោយលែងបាចទឹកសមុទ្រទៅ”។
ត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធ
អង្វរសូមអោយលែងបាចទឹកសមុទ្រ ត្រីទាំងនោះក៏ហាមាត់ខ្ជាត់ ក្រឡ មាសប្រាក់តុថាសផ្ទិលចានអោយបុរសប្ដីប្រពន្ធ។
បុរសប្ដីប្រពន្ធមានសេចក្ដីត្រេកអរពន់ពេកក៏ឈប់លែងបាចទឹកពីថ្ងៃនោះ នាំប្ដីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់។
បុរសប្ដីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើន ថ្កើនរុងរឿងបានសេចក្ដីសុខរៀងទៅ ។
ពណ៌នាពីសំលាញ់ដែលមានប្រពន្ធខាតលក្ខណ៍គាត់ភ្នកនឹករលឹកដល់សំលាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍លុះដល់លើផ្ទះគេក៏រាប់អានចាប់ចិត្តស្និតស្នាលដូចពីដើម
គាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះហើយនឹកក្នុងចិត្តថា «ពីដើមសំលាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេ
ឥលូវនេះគេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ គិតហើយត្អូញប្រាប់សំលាញ់ដែលមានទ្រព្យសម្បត្តិថា
«សំលាញ់អើយ ! អញសព្វថ្ងៃនេះក្រលំបាកណាស់សំលាញ់អែងរកស៊ីជំនូញអ្វីក៏
មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ សំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ថា «សំលាញ់អើយ!អញរកស៊ីបាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញ
ពេលព្រឹកទៀបភ្លឺប្រពន្ធឡើង ដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាចទឹកសមុទ្រល្ងាចត្រលប់មកផ្ទះវិញ
ស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបរិវាអោយពាំយកមាសប្រាក់ និង របស់គ្រប់មុខមកអោយអញ»។
ឯសំលាញ់ប្រពន្ធខាតលក្ខណ៍ដឹងហើយ ក៏លាសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍
ៗគេក៏អោយប្រាក់យកទៅចិញ្ចឹមជីវិត។ លុះត្រលប់ទៅផ្ទះវិញពេលចូលដំនេកបុរសនោះនិយាយនឹងប្រពន្ធថា
«ព្រឹកនេះបាឯងដាំពីយប់រៀបប្រដាប់អោយមានសព្វគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាចទឹកសមុទ្រអោយបានមាសប្រាក់របស់ទ្រព្យដូចសំលាញ់យើង »។ មេខាតលក្ខណ៍ជាប្រពន្ធភ្លឺច្បាស់
បានក្រោកបង្កាន់ភ្លើងឆេះ ហើយបានទៅបើកខាប់អង្ករ ៗកំពុបម្ដងមួយទូកដៃយកអង្ករទៅលាងកំពុបមួយទុកដៃទៀតច្រកអង្ករទៅក្នុងឆ្នាំងកំពប់ទៀតដល់ពុះជាត់បាយកំពប់ទៀតច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំង
ទាល់ថ្ងៃទើបដួសដាក់កញ្ជើហើយបន្ដើរប្ដីប្រពន្ធទៅបាចទឹកសមុទ្របាចទាំងខឹងទាំងជា ។ បានចំនួន
៥ថ្ងៃអស់ហ្វូងមច្ចាធំតូចផ្អើលភិតភ័យនិយាយគ្នាថា «បុរសប្ដីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយ »ពួកត្រីក៏សំលឹងទាំងហ្វូងចាំមើលចាំស្ដាប់។
ប្រពន្ធខាតលក្ខណ៍បោកល្អីដែលបាចទឹកនោះថា «បាចយូរថ្ងៃហើយមិនបានឃើញរបស់អ្វី អញមិនខ្ចីទេ អញលែងបាចហើយ» ឈ្លោះប្ដីប្រពន្ធ ប្រពន្ធជេរម្ដាយប្ដី
ប្ដីបញ្ជោរប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញថ្នក់សំពត់គ្នាទៅវិញទៅមក ទាល់តែអាក្រាតទាំងប្ដីប្រពន្ធលេចកេរ្ដ៍ខ្មាសនៅ
មាត់សមុទ្រ ហើយអ្នកទាំងពីរនាក់ថា «ខ្ញុំគេក៏ខ្ញុំចុះលែងបាចហើយ »។ ត្រីទាំងនោះលឺថាលែងបាចក៏ត្រេកអរធូរចិត្ត លែងសួរអោយមាសប្រាក់របស់ទាំងពួង
។ ត្រីទាំងនោះបានឃើញកេរ្ដ៍ខ្មាស បុរសប្ដីប្រពន្ធក៏លោតសើចទាំងហ្វូង ។ ឯត្រីសន្ដាយសើចទាល់តែរយះមាត់បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះ
។
បុរសប្ដីប្រពន្ធគ្មានបានអ្វីសោះ ក៏លែងឈ្លោះគ្នា
ដកសារាយប្ដីមួយអំរែក ប្រពន្ធមួយទ្រនូលត្រលប់មកផ្ទះវិញ ចាក់សារាយចោលនៅកៀនជញ្ជាំងអោយ
រលួយខូចអស់ទៅ ។
នាងរត់រកអ្នក មេខាតលក្ខណ៍ រត់រកអាបាក់ទន្សា
រឿង សំលាញ់ពីរនាក់
Reviewed by Admin
on
5:55 PM
Rating: