រឿងព្រេង សាវតារវត្ត សឆ្លោង
នៅក្នុងឃុំច័ន្ទស ស្រុកសូទ្រនិគម ខេត្តសៀមរាប
វត្តសឆ្លោង ក្លាយមកពីពាក្យថា វត្តឆ្លោង វត្តសឆ្លោងមានប្រាសាទបុរាណ
គេដាក់នាមថ្មីទៀតថា វត្តប្រាសាទអណ្ដែត ប៉ុន្តែនាមដែលគេស្គាល់ច្រើនសព្វថ្ងៃនេះ
ថាវត្តសឆ្លោង ។
មានរឿងព្រេងដែលទាក់ទងដោយវត្តសឆ្លោងនោះ
លោកគ្រូចៅអធិការ វត្តព្រឹក្សាគគីធំ តំណាលប្រាប់ខ្ញុំថា៖
ហេតុដើមមានតាម្នាក់ចុះមកពីស្រុកសុរិន្ទ ក៏ហៅឈ្មោះគាត់ថាតាសុរិន្ទ
ប្រពន្ធគាត់ឈ្មោះយាយដាម តាសុរិន្ទយាយដាម ចុះមកនៅធ្វើស្រែ
ធ្វើចម្ការត្រង់កន្លែងនោះជាយូរឆ្នាំណាស់ ។
របៀបគាត់ធ្វើស្រែចម្ការម្ដងនោះ គាត់មានធ្វើខ្សែសំឡាញខ្សែនោះ គេយកស្លឹកត្នោត
ឬស្លឹកចាកចងតគ្នាយូរវែងទៅ ហើយយកទៅចងព័ទ្ធជុំវិញស្រែឬចម្ការនោះ ដើម្បីឲ្យសត្វព្រៃ
មានជ្រូកជាដើមខ្លាច និងធ្វើពពះ
គឺការប៉ះដែលធ្វើពីស្លឹកពញឮផុងៗឲ្យសត្វខ្លាច
និងឆ្លោងចន្លោងកកូនឈើធ្វើជារូបភាពមនុស្ស ដាក់ឲ្យសត្វព្រៃដើរជាដើមខ្លាច
កុំឲ្យហ៊ានចូលមកស៊ីស្រូវគាត់
កន្លែងនោះលុះគេសាងឡើងជាវត្ត គេហៅថាឆ្លោងៗ
មកពីធ្វើវត្តនៅទីដីដែលតាសុរិន្ទគាត់ឆ្លោងនោះ លុះចំណេរតមកក៏ក្លាយពាក្យទៅជាហៅថា
វត្តសឆ្លោងៗសព្វថ្ងៃនេះឯង ។ ឯតាសុរិន្ទយាយដាមនោះ
គាត់មានគងមួយឮសូរល្អណាស់ហើយពីរោះផង គងនោះហើយ
ដែលគាត់ប្រើសម្រាប់ហៅមនុស្សមកប្រជុំគ្នា ធ្វើការងារនៅកន្លែងនោះ លុះដល់វេលាគាត់ត្រឡប់វិលទៅស្រុកកំណើតគាត់វិញ
គាត់យកទាំងគងធំល្អនោះទៅផង លុះយកទៅវាធ្ងន់ពេកពិបាកយកទៅ
គាត់ក៏កប់គងនោះលាក់ទុកក្នុងត្រពាំងទឹកមួយនៅខាងជើងស្រុកនោះ
ទើបត្រពាំងនោះអ្នកស្រុកហៅថាត្រពាំងគង ក្លាយមកពីកប់គង លុះត្រពាំងនោះគោកដីអស់ទៅ
ក៏ក្លាយជាដីវាលទំហំចំនួន ៥ ម៉ែត្រ សព្វថ្ងៃនេះហៅថា វាលគងៗ ។
រឿងព្រេង សាវតារវត្ត សឆ្លោង
Reviewed by Admin
on
5:20 PM
Rating: