រឿង គ្រូមើលស្កន់
កាលនោះមានស្រីម្នាក់តាំងទីលំនៅៗក្នុងភូមិសួនចំការ
ផ្ទះនោះនៅដាច់ពីគេ នាងនោះមានកូនខ្ចីអាយុប្រហែល ៨-៩ ខែ។
តាំងពីប្ដីស្លាប់ទៅ នាងនោះក៏មេម៉ាយនៅតែជាមួយនឹងបងប្អូន
ឯកូនខ្ចីនោះពុំសូវជា ជួនកើតរោគគ្រុនស្កន់ជាន់ម្ដងៗ
កើតរីងរៃស្គមលឿង។ លុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថា
នាងមេម៉ាយនោះមានសម្បត្តិច្រើន
ទើបវាស្វែងរកមើលចន្លោះឱកាសនឹងទៅបញ្ឆោតកុហកបោកប្រាសនាងមេម៉ាយនោះ។
លុះដល់រដូវកាលគេច្រូតកាត់ ទើបបងប្អូនញាតិដែលនៅជាមួយផងនោះ
គេនាំគ្នាទៅច្រូតស្រូវទាំងអស់គ្នា
នៅតែនាងមេម៉ាយតែម្នាក់នៅចាំផ្ទះ។ មនុស្សពាលនោះ
កាលណាបានឱកាសហើយវាក៏កោរក្បាល ហើយលួចយកស្បងចីពរលោកសង្ឃដែលគេគរចោលតាមគល់ពោធិ
មកស្លៀកពាក់ធ្វើអាការកិរិយាជាលោកសង្ឃ ដើរត្រង់ទៅផ្ទះនាងមេម៉ាយនោះ ។
លុះដល់ហើយវាធ្វើជាដើរឈររេរានៅមុខផ្ទះ
ឯនាងមេម៉ាយនោះអង្គុយនៅរានហាលឲ្យកូនបៅដោះ
លុះបានឃើញអ្នកក្លែងភេទនោះហើយ ក៏នឹកថាលោកសង្ឃបរិសុទ្ធ
ទើបបីកូនចុះទៅថ្វាយបង្គំសួរថា "ព្រះករុណាម្ចាស់
និមន្តមកពីវត្តណា ត្រូការរកអ្វី ព្រះគុណ ?"។ ចៅពាលក៏ឆ្លើយថា
"ចម្រើនពរអាត្មាភាពមកពីវត្តក្រោម មករកបិណ្ឌបាតទៀនធូប
យកទៅរៀនសមណធម៌។ ញោម! អ្នកភូមិនេះគេទៅណាអស់ហើយ បានជាស្ងាត់ម្ល៉េះ ? "ករុណាម្ចាស់
គេទៅច្រូតស្រូវឯស្រែអស់ហើយលោកម្ចាស់" ។ "ដូច្នេះញោម
ចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេ ?" "ឱ
ករុណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រូតកាត់និងគេឯណាបាន កូនតូចនេះ
វាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះ
ព្រះករុណាម្ចាស់" ។ "ចម្រើនពរ ចុះវាឈឺយ៉ាងណា កូនញោមនោះ ?" "ករុណា
ម្ចាស់អាការជម្ងឺនោះកំណត់មិនបានជួនកាលវាគ្រុនក្ដៅក្រហាយទៅ
ជួនណាវាកើតជាស្កន់ជាន់គ្របបាត់ដង្ហើមទៅម្ដងៗក៏មាន ករុណាម្ចាស់"
។ "ឱ!អាណិតវាពេកណាស់ញោម។ ជម្ងឺនេះគេហៅថា ស្កន់ខ្លាវាជាន់ណាញោម
ម្ដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅ
បណ្ដោយឲ្យឈឺយ៉ាងនេះជម្ងឺនេះមិនមែនជាក្រទេ ល្មមរក្សាបាន។
កូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងហ្នឹងដែរ អាត្មាមើលជាទៅ
ឥឡូវធាត់ទ្រលុកៗញោម ឱ! ស្ដាយកូនញោមនេះពេកណាស់ប្រុសផង
គួរតែខំមើលរក្សាទៅអេះ" ។ "ករុណាម្ចាស់
គ្រូនោះបានឲ្យគេមើលក៏ច្រើនអ្នកណាស់មកហើយ តែបានគ្រាន់តែ ២-៣ ថ្ងៃ
ក៏ត្រឡប់ឈឺដូចដើមវិញ ករុណាម្ចាស់" ។ "ឱ! គ្រូ
មើលជម្ងឺកូនក្មេងនោះគ្រាន់តែស្ដោះផ្លុំតែពីក្រៅ
ធ្វើម្ដេចនឹងជាដាច់រោគស្កន់ខ្លានេះបាន តោមមើលដោយឧបទេសទើបជាដាច់ញោម
អាត្មាចេះខ្លះដែរ
តែអាត្មាដែលមកនេះដោយមានកិច្ចរកទៀនធូបបានហើយក៏នឹងអាលទៅរៀន
សមណធម៌ បើនៅជិតវត្តអាត្មានឹងជួយសង្គ្រោះមើលយកបុណ្យខ្លះ" ។
ឯ នាងមេម៉ាយនោះលុះឮចៅពាលពោលពាក្យដូច្នោះហើយ
ក៏សម្គាល់ថា ជាលោកអ្នកចេះមើលជម្ងឺមែនទែន ទើបនិយាយអង្វរថា
"ព្រះករុណាម្ចាស់ បើលោកម្ចាស់ចេះសូមមេត្តប្រោសសត្វ
មើលកូនខ្ញុំករុណាសិន ឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះ
មិនជាប៉ុន្មានទេ ខ្ញុំព្រះករុណាថ្វាយខ្លួន ជាញោមឧបដ្ឋាក បវរណាលោកម្ចាស់
សូមកុំឲ្យលោកម្ចាស់ព្រួយព្រះហឫទ័យឡើយ" ។
ឯចៅពាលនោះបានឪកាសហើយក៏ឆ្លើយថា "ចម្រើនពរញោម
ធ្វើម្ដេចឯងជាសង្ឃកំពង់សត្វកាលបើឃើញញាតិញោមកើតវិបត្តិ
តោងកាត់ធុរៈខ្លួនសិនចុះ ថាហើយក៏ឡើងទៅលើផ្ទះ ។
ឯនាងមេម៉ាយក៏រៀបទីអាសនៈដ៏សមគួរឲ្យចៅពាលអង្គុយហើយក៏បៀកស្លា
មូរបារីដាក់ពាន ប្រគេនចៅពាលៗបង្កាប់ឲ្យនាងមេម៉ាយរៀបទៀន ៥ ធូប ៥
ឆ្នាំងថ្មីមួយនឹងសំពត់ស ១ ចង្អាម ទាញយន្ដបិទមាត់ឆ្នាំងហើយចៅពាលថា
"ញោម, ទីភូមិនេះមានត្បាល់ក្ដឿងដែរឬទេ ?" "ករុណាម្ចាស់, ត្បាល់ក្ដឿងខ្ញុំករុណាមាន
នៅខាងកន្សៃផ្ទះឯនោះ" ។ "អើញោមបើដូច្នេះ
ញោមយកកូននឹងគ្រឿងទៀនធូបអស់នេះ ទៅឯរោងក្ដឿង
អាត្មានឹងរៀបពិធីក្ដឿង" ។
នាង
មេម៉ាយក៏បីកូនកាន់យកទៀនធូបអស់នេះទៅឯរោងក្ដឿង
ហើយចៅពាលយកទៀនធូបអុជតាំងពិធីនៅមាត់ត្បាល់ ហើយវាបោសទីនោះស្អាតល្អ
ពុំឲ្យមានឈើព្រៃនៅខាងត្បាល់ទើបវាហៅយកកូនខ្ចីនោះ
មកតាំងខាងនាទីពិធីហើយវាថា ញោមឯងទៅជាន់ក្ដឿងឲ្យវាឡើងជាន់ជន្លៗ បាន
៣ ដង ជាឧបកិច្ច អាត្មានឹងសែកព្រះគាថា
ស្រូបយកព្រលឹងខ្លាចេញពីរូបកូនបញ្ជូនដាក់ក្នុងឆ្នាំងយន្ដ
ហើយយកទៅបណ្ដែតទឹកចោល ដើម្បីកុំឲ្យព្រលឹងខ្លា វាមកបៀតបៀនបានទៀតឡើយ
ឯនាងមេម៉ាយក៏ជឿតាម ទើបទៅជាន់ចុងក្ដឿងឡើង
ឯចៅពាលវាយកកូននោះដាក់នទៅក្នុងត្បាល់ហើយវាដកឈើទ្រនល់ដែលទល់
ក្ដឿងនោះ បោះគ្រវែងចោលទៅឆ្ងាយអំពីត្បាល់
ហើយវាចេញពីទីពិធីនោះប្រាប់ថា
ញោមប្រុងជាន់ឲ្យជាប់កុំឲ្យប្រហែសក្រែងរបូតជើងធ្លាក់ទៅត្រូវកូន
ចាំអាត្មាទៅយកថង់យាមឆាន់ស្លាមួយរំពេច សូមមកទល់ឲ្យវិញ ថាហើយចៅពាលក៏ឡើងទៅលើផ្ទះ
តាំងរើរករបស់ទ្រព្យមាសប្រាក់កែវកង សំពត់អាវស្បៃហើយវាវេចជាសំពាយធំ
តាំងស្ពាយពីលើផ្ទះរត់ទៅកាន់លំនៅវាហោង ។
ឯនាងមេម៉ាយ
ឃើញចៅពាលជញ្ជូនយកទ្រព្យសម្បត្តិខ្លួនដូច្នោះហើយ
ក៏ហៅឲ្យគេជួយក៏ពុំមានអ្នកណាមួយឮឡើយ ព្រោះផ្ទះនោះនៅដាច់អំពីគេ
ម្លោះហើយនាងមេម៉ាយក៏អន្ទះអន្ទែងនៅចុងក្ដឿងនោះឯង
បើនឹងលែងក្ដឿងវេញទៅ ខ្លាចធ្លាក់ទៅត្រូវកូន
ដោយចិត្តមាតាតែងទន់ទោរចុះទៅកាន់កូនអាត្មាជាធម្មតា
ការដែលសោកស្ដាយទ្រព្យសម្បត្តិក្រៅគឺជាមធ្យម ឯសេចក្ដីដែលលោកអាណិតកូននោះ
លើសលែងសម្បត្តិខាងក្រៅនាងមេម៉ាយក៏នៅច្រងាងដូចបុគ្គលគេចង
ភ្ជាប់រេតែខ្លួនក៏ពុំរួច
លុះដល់ល្ងាចទើបមានគេដើរមកទើបឲ្យគេទល់ចន្ទល់ក្ដឿងយកកូនបាន ។
អាសូរនាងមេម៉ាយកាយជាប់ក្ដឿង ព្រោះអាចោរសំពត់លឿងវាបញ្ឆោត
សែនក្ដួលសែនក្ដៅសែនក្រែវក្រោធ នឹងលោតទៅតាមចាប់អាចោរ ។
ក្រែងក្ដឿងត្រូវកូនសូន្យជីវិត ដោយចិត្តមាតាតែងទន់ទោរ
តែមានអារម្មណ៍ឲ្យខឹងឃោរ នឹងចោលបង់កូននៅពុំមាន ។
រឿង គ្រូមើលស្កន់
Reviewed by Admin
on
5:43 PM
Rating: