រឿងព្រេង ទាក់ទងនឹងទំនៀមប្រើពពិលក្នុងមង្គលការ
អតីតនិទានថា កាលដែលប្រឹថពីរលាយដោយភ្លើងកល្បទៅហើយ
ៗ កកើតឡើជាថ្មី មានឈ្មោះ "ព្រះឥស្វរ" មួយអង្គ
ដែលអ្នកនគរយើងតែងហៅថា "ព្រះឥសូរ" (មិនដឹងជាហេតុដូចម្ដេច
ក៏ហៅថា "ព្រះឥសូរ" វិញ ?
ប្រហែលយកជើង "វ" ថាស្រះ "អូ"
ក៏មិនដឹង ? ឬមួយមិនស្គាល់ឈ្មោះ ឃើញលោកពូកែផុតមនុស្ស ក៏នាំគ្នាសន្មតហៅថា
"ព្រះឥសូរៗ" ដែលមានន័យថា "ជាកំពូលលើមនុស្ស"
ដូច្នេះក៏មិនដឹង ?) ។
ឥឡូវនេះ យើងត្រូវហៅ "ព្រះឥសូរ"
តាមអ្នកនគរសន្មតទៅចុះ ។ ព្រះឥសូរនេះ លោកជាស្ដេចធំនៅឋានកៃលាស
ជាប់ជិតចង្កេះភ្នំហិមាល័យ, មនុស្សយើងទៅមិនដល់ទេ,
ព្រះអគ្គទេពីលោក ព្រះនាមនាង "ឧមាភគវតី"1, តាមមាត់អ្នកស្រុកថា
ជាស្ត្រីគ្រប់លក្ខណា2 ប្រសើរលើសទេវតា និងស្ត្រីទ្វីបទាំង ៤ 3 ។
ព្រះឥសូរនោះ
មានឫទ្ធានុភាពនឹងប្រៀបផ្ទឹមពុំបាន ចេះចប់សព្វឈានលោកិយ
និងសិល្បសាស្ត្រគ្រប់មុខ ។ ពពួកទេវតា ឥន្ទ ព្រហ្ម យក្ស គន្ធព នាគ វិជ្ជាធរ
ស្ញប់ស្ញែងកោតខ្លាច ចូលមកគោរពសុំរៀនពីសម្នាក់លោកទាំងអស់, ពូកែនោះ
សូម្បីតែអង្គជាតិរបស់លោក កាលណាមានតម្រេក
ហើយកម្រើកស្រក់ធ្លាក់ចេញចាកទីមក ពុំមានភពណាអាចទទួលរងបានឡើយ, បើធ្លាក់ដល់ផែនដី
នឹងឆេះផែនដី, បើធ្លាក់ដល់ទឹក នឹងកើតព្យុះខ្យល់បក់បោក
ល្អិតខ្ទេចខ្ទីឈើលតាវល្លិ អន្តរាយមនុស្សម្នានឹងរាប់ពុំបាន, ឫទ្ធិនោះ
សូម្បីតែមនុស្សស្លាប់បាត់ជីវិតទៅអស់កាលយូរ ដល់ទៅ ១០០ ឆ្នាំក៏ដោយ
ឲ្យតែនៅសល់កម្ទេចឆ្អឹងបន្តិចបន្តួច ក៏នៅតែខ្លាចឫទ្ធិលោកដែរ, បើចង់ដឹងថា
"ឈ្មោះណាម្នាក់ស្លាប់ទៅ ៗ កើតក្នុងទីណាៗ"
យកតែឆ្អឹងឈ្មោះនោះបន្តិចមកថ្វាយលោក ៗ នោះសួរឆ្អឹង ៗ ប្រាប់លោកថា
"ទៅកើតឋានសួគ៌-នរក ឬប្រេតតិរច្ឆានបានទាំងអស់, បានជាថា
"ឆ្អឹងក៏នៅខ្លាចឫទ្ធិលោកដែរ" ។
ពួកយក្ស គន្ធព គ្រុឌ នាគ កិន្នរ
មុននឹងផ្សំផ្គុំកូនចៅជាប្ដីប្រពន្ធនឹងគ្នា និយមទៅសុំពរពីព្រះឥសូរ
និងនាងឧមាភគវតី មកធ្វើជាមង្គលប្រយោជន៍ឲ្យកូនចៅមកខាងក្រោយ
បានទទួលចំណែករឹទ្ធិអំណាច អំពីព្រះឥសូរ ព្រោះព្រះអង្គជាតិព្រះអង្គ
និងលក្ខណានាងនោះ ពូកែណាស់ ។
ក្រោយនោះយូរមក មានស្ដេចមនុស្សមួយអង្គ
ឈ្មោះ "ព្រះជ័យសុរិយា" ជាខ្សែស្រឡាយអម្បូរព្រះភិរុទ្ធ
នៅនគរកែវកេតជម្ពូ ។ ស្ដេចអង្គនេះ
ដើរស្វែងរករៀនសិល្បសាស្ត្រក្នុងព្រៃហិមពាន្ត អស់រយៈពេលជាងមួយឆ្នាំ
មិនចេះជួបប្រទះនឹងឥសី (ឫសី) ឬតាបសណាមួយសោះ ។
សម័យថ្ងៃមួយ ព្រះឥសូរ ទ្រង់អផ្សុក
ហោះមកលេងឋានជម្ពូទ្វីប ឆៀងចុះទៅមើលព្រៃ និងដងភ្នំ
ក៏ប្រទះឃើញកុមារម្នាក់ដេកលក់ក្រោមដើមឈើ, ព្រះឥសូរក៏ទ្រង់ព្រះតម្រិះថា " កុមារនេះ
ជាកូនមនុស្ស, ហេតុអ្វី ក៏ដើរមកដេកក្នុងព្រៃស្មសានតែម្នាក់ឯងដូច្នេះ ? មើលទៅរូបរាងសាច់ឈាម
និងសំលៀកបំពាក់ ដូចជាអម្បូរក្សត្រ ឬមួយក៏ព្រាត់នគរមក ? គួរអញដាស់សួរមើល !” លោកហៅឲ្យក្រោកឡើង
សួររឿងរ៉ាវទៅ, កុមារក៏ទូលថា "ខ្ញុំព្រះអង្គ ឈ្មោះជ័យសុរិយា ជាតិមនុស្សលោក
នៅនគរកែកេតជម្ពូ, ខ្ញុំព្រះអង្គ
បានដើរស្វែងរករៀនសិល្បសាស្ត្រក្នុងព្រៃនេះជាងមួយឆ្នាំហើយ
ពុំបានជួបនឹងឥសី ឬតាបសណាសោះ" ។ កាលបានឮដូច្នោះ លោកប្រាប់ថា
"យើងជាព្រះឥសូរ នៅឋានកៃលាស, ឯងស្គាល់យើងទេ ? សិល្បសាស្ត្រយើងចេះដែរ បើចង់រៀន
យើងបើកឲ្យរៀនបាន" ។ ព្រះជ័យសុរិយា ក្រាបសំពះទូលថា
"ព្រះគុណម្ចាស់ថ្លៃអើយ !
ខ្ញុំព្រះអង្គឮតែឈ្មោះ មិនដែលឃើញព្រះអង្គសោះ
ប៉ុន្តែទូលព្រះបង្គំជាខ្ញុំជាតិមនុស្ស មិនចេះហោះហើរ ទើបមានបំណងស្វែងរករៀនសិល្បសាស្ត្រត្រឹមតែក្នុងសម្នាក់ឥសី
ឬតាបស" ។ ព្រះឥសូរថា "អើ
យើងក៏ចង់ឲ្យមានកេរ្តិ៍ឈ្មោះខាងស្ថានមនុស្សលោកដែរ
ឲ្យដឹងថ្វីដៃសិល្បឥសូរ ព្រោះយើងមិនទាន់បានបង្រៀនមនុស្សណាម្នាក់សោះ, ដូច្នេះ
ចូរចៅរៀនក្នុងសម្នាក់យើងនេះចុះ !" ។
ព្រះជ័យសុរិយាថា "ទូលបង្គំ
ចង់រៀនណាស់ហើយ តែមិនដឹងគិតដូចម្ដេចនឹងទៅរៀនបាន, បើព្រះគុណ
គង់រហូតដល់ស្ថានកៃលាសឯនោះ" ។ ព្រះឥសូរថា "
ឲ្យតែចៅព្រមទៅតាមយើងចុះ យើងនឹងឲ្យចៅទៅបានដូចប្រាថ្នា" ។
ព្រះជ័យសុរិយាឆ្លើយថា "ព្រះគុណអើយ ! បើដូច្នេះ
រូបទូលបង្គំខ្ញុំព្រះអង្គនេះ ដូចបានកើតម្ដងទៀតហើយ" ។
ព្រះឥសូរបញ្ឆោតថា "ចៅហាមាត់ឡើង ! យើងសុំរាប់ធ្មេញមើលគ្រប់
៣២ ឬទេ" ។ ព្រះជ័យសុរិយាហាមាត់ឡើង
ព្រះឥសូរសេពវិជ្ជាស្ដោះទឹកមាត់ខ្វិចទៅក្នុងមាត់ ។
ព្រះជ័យសុរិយាភ្ញាក់លេបក្អឹក ចូលទៅក្នុងពោះកាលណា
ក៏ព្រឺព្រួចគ្រប់រោម កើតមានកម្លាំងស្មើដំរីសារភ្លាមមួយរំពេច
ចង់ហោះហើរដើរលើអាកាសបានដូចចិត្តបំណង ។
ព្រះឥសូរក៏នាំហោះទៅស្ថានកៃលាស, បង្ហាត់បង្រៀនសិល្បចេះសព្វគ្រប់ហើយ ព្រះជ័យសុរិយា
ក៏លាត្រឡប់មកនគរវិញ សោយរាជសម្បត្តិ មានទាំងមហេសីប្រសើរស្មើនាងកញ្ញា
ថ្ងៃមួយ
ទ្រង់ពអគ្គទេពីនាំហោះទៅថ្វាយសម្ដេចព្រះគ្រូប្រសិទ្ធីពរជ័យឲ្យ
លុះចប់កិច្ចហើយ ព្រះជ័យក៏ជម្រាបទូលថា ខ្ញុំព្រះអង្គ
សុំពរជ័យមង្គលមួយ ទុកថាព្រះកេរ្តិ៍សម្រាប់ជម្ពូទ្វីប
ដើម្បីយកទៅប្រសិទ្ធីពរ ក្នុងវេលារៀបអាពាហ៍ពិពាហ៍បង្គោលពួកជាតិមនុស្ស
ឲ្យបានរុងរឿងដូចរៀបមង្គលការឯស្ថានកៃលាសផង
ព្រោះកំណើតមនុស្សលោកកើតឡើងថយថោកណាស់ គ្មានរិទ្ធិអំណាចអ្វីទេ ។
ព្រះឥសូររំពឹងគិតសព្វគ្រប់ទៅ ឃើញថា
នឹងឲ្យពរអ្វីក្រៅពីអង្គជាតិរបស់ខ្លួន និងយោនីអគ្គទេពីរបស់ខ្លួន
មុខជាផ្សាយអំណាចពុំបានអង្វែងឡើយ, ឥឡូវ បើមិនឲ្យ, ធ្វើម្ដេចនឹងបានផ្សព្វផ្សាយកេរ្តិ៍ឈ្មោះលោកនៅឯឋានមនុស្ស ? បើទើបនឹងមានសិស្សជាស្ដេចមនុស្សលោកតែមួយនេះផង
លោកក៏ហៅព្រះនាងឧមាភគវតី មកនិយាយសុំលក្ខណៈយោនីនាងធ្វើជាមង្គល
ឲ្យទៅស្ថានមនុស្សលោក ឲ្យមានឫទ្ធិអំណាចដូចស្ថានកៃលាស ។
ព្រះនាងអគ្គមហេសី ក៏ព្រមថ្វាយថា
"សុំឲ្យបានដូចសេចក្ដីប្រាថ្នាចុះ" ។ ព្រះឥសូរ ក៏ទ្រង់ហោះទៅយកខ្សាច់ពេជ្រពីចក្រវាល
មកប្រសិទ្ធីធ្វើជាស្លឹកឈើមាស ជាតំណាងយោនីព្រះនាង
ទៅយកថ្មពេជ្រពីភ្នំហិមាល័យ មកប្រសិទ្ធីធ្វើជាទៀនមាស
តំណាងអង្គជាតិព្រះអង្គ ។ លុះលោកប្រសិទ្ធីរួចស្រេច លោកសន្មតឲ្យឈ្មោះថា
"ពពិលរតន៍" គឺថា "ពរពីរនេះ ភ្លឺដូចប្រាថ្នា" ប៉ុន្តែ
ហៅយារៗ មកថា "ពពិល" វិញ ។ រួចលោកហុចទៅឲ្យព្រះជ័យ
ទាំងប្រាប់ថា "របស់នេះហើយ ជាមង្គលធំ
ចូរអ្នកយកទៅទុកជាកេរ្តិ៍ឯស្ថានជម្ពូទ្វីបចុះ, បើត្រូវការរៀបផ្សំផ្គុំកូនចៅ
ត្រូវយកទៀនមាស បិទនឹងស្លឹកពោធិ៍មាសនេះ យកភ្លើងអុជឲ្យឆេះ ហើយបង្វិល ៣
ជុំសាមីខ្លួន រួចលត់ទៅវិញ
យកផ្លិតបក់ផ្សែងឲ្យចូលមាត់ច្រមុះសាមីខ្លួនទាំងប្រុសស្រី, ផ្សែងនោះ
មានក្លិនក្រអូបដូចផ្កាមន្ទារបុស្បពីស្ថានសួគ៌នាយ
ឲ្យតែដកដង្ហើមចូលផ្សែងដល់ទៅក្នុងខ្លួនកាលណា នឹងព្រួចព្រឺរោមា
មានកម្លាំងដូចដំរីសារ ទាំងប្រុស-ស្រី
នឹងកើតជាបុត្រឡើងមានបុណ្យអំណាចឫទ្ធានុភាពច្រើន" ។
ព្រះជ័យ
ទទួលមង្គលពីព្រះរាជគ្រូរួចកាលណា លាទេពីហោះត្រឡប់មកនគរវិញ ។
ស្ដេចទ្រង់ផ្សាយដំណឹងនោះ ដល់នាម៉ឺនមុខមន្ត្រីសេនាទាហានក្នុងព្រះនគរ
ឲ្យបានដឹងគ្រប់គ្នាទាំងអស់ថា
"បើអ្នកណារៀបផ្សំផ្គុំកូនចៅឲ្យជាប្ដីប្រពន្ធ
ត្រូវមកដង្ហែមង្គលនេះទៅអុជយកផ្សែងបក់ឲ្យស្រួបបន្តិចៗ គ្រប់គ្នា
ដើម្បីឲ្យមានកម្លាំងពលំដូចដំរីសារ កើតជាបុត្រមកឆ្លាតវាងវៃ ថាបើប្រុសស្រីណា
ដែលមានកម្លាំងហេវហោក ស្គមកំព្រឹងកំព្រយ យ៉ាងណាក៏ដោយ
ឲ្យតែបានទៅអង្គុយជិតគេ នៅវេលាដែលគេរៀបមង្គលការ
ហើយផ្សែងបក់មកត្រូវបន្តិចបន្តួច ក៏មានសាច់ឈាមល្អឡើង
មានកម្លាំងដូចដំរីសារ ជាទៀងពិតប្រាកដណាស់ ។
យូរមក ប្រហែលជាជាង ១០០ ឆ្នាំ ទើបអស់ទៀនទៅ, ស្ដេចមន្ត្រី សេដ្ឋី
និងបណ្ដាជន ក៏នាំគ្នារចនាធ្វើជាទៀនខ្លួនឯងជំនួស, ខ្លះមាន
ក៏ធ្វើស្លឹកពោធិ៍ដោយមាស ខ្លះធ្វើដោយប្រាក់ សំរឹទ្ធ ទង់ដែង ស្ពាន់ ដែក ។
ឯទៀត គេយកក្រមួនលញ់ធ្វើដូចសព្វដង ហើយទឹបទឹកមាស រួចទើបសន្មតថា
"ស្លឹកពោធិ៍ និងទៀននេះហើយ ជាតំណាងយោនីនាងឧមាភគវតី
និងអង្គជាតិព្រះឥសូរ, សូមឲ្យមានឫទ្ធិអំណាច ដូចរបស់លោកដែលបាននិម្មិតប្រទាន !” ហើយយកទៅអុជបក់ផ្សែងឲ្យ
ទៅវេលារៀបមង្គលការនោះទៅ ។
អាស្រ័យរឿងនេះ ទើបបានជាជាប់មានទំនៀមបង្វិលពពិល
រហូតមកដល់ឥឡូវនេះ ។
រឿងព្រេង ទាក់ទងនឹងទំនៀមប្រើពពិលក្នុងមង្គលការ
Reviewed by VannyDa
on
3:52 PM
Rating: