រឿងព្រេង ទាក់ទងនឹងកាន់ដាវសំពះការ និងពិធីរម្ងាប់កន្ទេលខ្នើយ
និទានពីព្រេងមកថា មានមន្ត្រីធំម្នាក់2 ជាអ្នកបម្រើស្ដេច
នៅនគរពារាណសី ។ ព្រះមហាក្សត្រិយ៍ ស្ដេចទ្រង់ប្រើនាម៉ឺននោះ
ឲ្យដើរត្រួតត្រាមើលស្រុកទេសជនបទក្នុងព្រះនគរ
ព្រោះប្រជាជនចេះតែបះបោរ ។ មន្ត្រីនោះ ក៏នាំសេនាទាហានចេញទៅដល់ភូមិមួយ
នៅស្រុកក្រៅ ។ នៅភូមិនោះ មានជនម្នាក់មាននាមគោត្រមិនប្រាកដ
មានកូនក្រមុំមួយល្អ ស័ក្ដិសមណាស់ ។ នាម៉ឺនបានឃើញ
មានចិត្តស្រឡាញ់ដោយស្មោះត្រង់ ក៏តាមចូលទៅដល់ផ្ទះឪពុកម្ដាយនាងនោះ ។
ទាំងពីរនាក់ប្ដីប្រពន្ធ កាលបើឃើញភ្លាម ក៏មានសេចក្ដីកោតខ្លាច
ចុះមកអញ្ជើញនាម៉ឺនធំនោះឡើងផ្ទះ រៀបភោជនាហារជូនគួរសមតាមរបៀប ។
មន្ត្រីនោះសួរថា "កូនក្រមុំពូមីងមានប្ដីហើយឬនៅឡើយទេ ?” ។
ឪពុកម្ដាយនាងក្រមុំជម្រាបថា "មិនទាន់មាននៅឡើយទេលោក !” ។ នាម៉ឺននោះ
ក៏ប្រាប់ដោយត្រង់ថា "ខ្ញុំស្រឡាញ់នាង
ចង់បាននាងជាប្រពន្ធតែវេលានេះ ខ្ញុំរវល់នឹងទៅត្រួតត្រាស្រុកភូមិ, ខ្ញុំសុំទុកមាស ៣
តម្លឹង បញ្ចាំចិត្តនាងសិន, សន្យា ៣ ខែទៀត នឹងត្រឡប់មករៀបចំការតាមរបៀបស្រុកភូមិវិញ
ជាមិនខាន ។ នាម៉ឺននោះ ត្រឡប់ទៅដល់ទីក្រុងវិញ ចេះតែមានធុរៈរវល់យូរទៅៗ
កន្លងហួសដល់ទៅ ៣ ឆ្នាំ មិនបានទៅរៀបការតាមសន្យា ។
និយាយពីជនកំលោះម្នាក់
ដែលនៅស្រុកភូមិជាមួយនឹងនាងស្ត្រីនោះ
ហេតុតែកម្មពីអតីតតាមមកឲ្យវិនាសបង់ជីវិត
ក៏បណ្ដាលឲ្យនឹកស្រឡាញ់តែស្រីដែលនាម៉ឺនបញ្ចាំមាសនោះ ទៅជាក្រហល់ក្រហាយ
ដេកមិនលក់បក់មិនរហើយ បាយមិននឹក ទឹកមិនស្រេក ។ ឪពុកម្ដាយបុរសនោះ
ក៏ភិតភ័យ ស្មានថាកូនមានជំងឺ ក៏ទៅបបោសអង្អែលលួងលោមសួរកូនថា
"មាសថ្លៃអើយ ! អ្នកឈឺអ្វីដូច្នេះ ?”
។ បុរសជាកូនប្រាប់ថា "គ្មានឈឺអ្វីទេ ! ប៉ុន្តែគិតស្រឡាញ់នាងដែលនាម៉ឺនប្រចាំមាសខ្លាំងណាស់ ! បើពុក
និងម៉ែមិនទៅដណ្ដឹងឲ្យទេ ខ្ញុំនឹងសម្លាប់ខ្លួនហើយ ! មិនដឹងជារស់នៅបានការអ្វីទេ !” ។
ឪពុកម្ដាយប្រាប់ទៅកូនថា "មាសម្ដាយអើយ ! ម្ដាយមិនហ៊ានទេ ! ព្រោះនាងនោះគេភ្ជាប់មាត់ភ្ជាប់ពាក្យនឹងនាម៉ឺនទៅហើយ, តែដឹងទៅដល់គេ
ក្រែងយើងមិនបានសុខ" ។ បុរសជាកូនឆ្លើយថា "ពីដើម
នាងនោះជាប់សម្ដីនឹងគេមែន តែឥឡូវនេះ
លោកនាម៉ឺននោះមិនឃើញត្រឡប់មកវិញទេ ថែមទាំងហួសកិច្ចសន្យាផង
បើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេ ខ្ញុំនឹងសម្លាប់ខ្លួនចោលហើយ" ។
ម្ដាយឮដូច្នោះ ក៏ព្រមទៅដណ្ដឹងនាងនោះ ។
លុះទៅដល់ហើយ ឪពុកម្ដាយខាងស្រី ក៏និយាយបូរបត់ប្រាប់ តាមដំណើរសព្វគ្រប់
ប៉ុន្តែពិគ្រោះគ្នាមើលទៅ ឪពុកម្ដាយខាងស្រី ក៏គិតថា
"លោកនាម៉ឺននោះច្បាស់ជាអស់រវល់នឹកនាមកកូនយើងហើយ
ព្រោះសន្យាតែត្រឹម ៣ ខែ ឥឡូវហួសកំណត់ដល់ទៅ ៣ ឆ្នាំ មិនឃើញមក, យើងនឹងទុកកូនចាំយូរទៅៗ
ក្រែងឥតអំពើ, កូនយើង ក៏កាន់តែចាស់ខែឆ្នាំ, ណ្ហើយ ! ឆ្លើយព្រមឲ្យទៅអ្នកដែលមកដណ្ដឹងក្រោយនេះទៅចុះ !” ហើយក៏មូលមាត់សន្យាគ្នាថា
"យើងប្រញាប់រៀបការទៅ !
រួចយើងប្រែឈ្មោះជាថ្មី ហើយចែកទ្រព្យសម្បត្តិ
ឲ្យវានាំប្ដីប្រពន្ធទៅនៅស្រុកដទៃទៀតទៅ!
បើប្រសិនជាលោកនាម៉ឺនមករកវិញ យើងនឹងភូតថា
កូនយើងរត់តាមប្រុសបាត់ទៅហើយ មិនដឹងជាទៅនៅទីណាទេ ! បើលោកនាម៉ឺនយកទោសយើងៗ
សុំអង្វរតាមបន្ទាល់ទៅ ដ្បិតយើងចាស់ជរាហើយ" ។
ខណៈនោះ ជាទេសកាលអ្វី
ទៅបណ្ដាលចិត្តមន្ត្រីនោះ ឲ្យនឹកឃើញនាង ដែលបញ្ចាំមាស ៣ តម្លឹង, អន្ទះអន្ទែងរសាប់រសល់នៅពុំសុខ
ក៏ឡើងទៅទូលព្រះមហាក្សត្រិយ៍ សុំសេនាទាហានចេញទៅត្រួតត្រាស្រុកក្រៅ ។
ព្រះមហាក្សត្រិយ៍ ក៏បើកឲ្យទៅ ។
លុះទៅដល់ស្រុកនោះ
ជួននឹងថ្ងៃដែលកំពុងសំពះការ,
នាម៉ឺននោះសួរថា
"អ្នកស្រុកគេធ្វើបុណ្យអ្វីទើបមានមនុស្សអ៊ូអែ" ។
មានជនម្នាក់នៅស្រុកនោះ ជាអ្នកចង់យកគាប់គួរ និយាយឡើងថា "អ្នកនាងដែលលោកម្ចាស់ដណ្ដឹងបញ្ចាំមាស
៣ តម្លឹង ឥឡូវ គេឲ្យមានប្ដីហើយ កំពុងតែសំពះការ
ទើបបានជាមានភ្ញៀវមកឈូឆរដូច្នេះ" ។ នាម៉ឺននោះនឹកខឹង
ក៏ស្ទុះឡើងទៅលើផ្ទះ ចាប់ទាញដៃនាងនោះមក ហើយហូតដាវសម្រាប់ប្រុសនោះ
នៅនឹងកន្លែងសំពះការ ។ ឈាម ក៏បាញ់រាយរាចប្រឡាក់ពេញផ្ទះ, បណ្ដាជនដែលមករៀបការ
ក៏ភ័យ ផ្អើល ភ្លូករត់ចូលព្រៃផ្សៃអស់ ។
នាម៉ឺនក៏នាំនាងត្រឡប់ចូលមកកន្លែងរៀបការវិញ ។
ចំណែកឪពុកម្ដាយនាង ព្រមទាំងញាតិសាលោហិត
ភ័យខ្មៅមុខគ្រប់គ្នា ក៏ទៅអញ្ជើញព្រាហ្មណ៍ព្រឹទ្ធាចារ្យដែលចេះមន្ត
ឲ្យមកសូធ្យបាចទឹករម្ងាប់ចង្រៃខ្មោចដែលស្លាប់លើផ្ទះ
ត្រង់កន្លែងសំពះការនោះ ហើយសារកន្ទេលចោលទៅ ។
លុះតំណក្រោយៗ មក
មានព្រាហ្មណ៍ព្រឹទ្ធាចារ្យ ៣ នាក់ នៅក្នុងស្រុកពារាណសី ជំនុំគ្នាថា
"ដាវ ជាគ្រឿងសហ័សឈ្នះមារសត្រូវ ដូចជានាម៉ឺនធំនោះ មិនគិតអី
គឺដោយឫទ្ធិដាវនេះហើយ ទើបដណ្ដើមយកប្រពន្ធបានមក"
ទើបនាំគ្នានិយមដាក់ដាវឲ្យកាន់សំពះការ តាំងពីពេលនោះជាប់ដរាបមក ។
ហេតុនេះឯងហើយ
ទើបបានជាខ្មែរយើងនិយមឲ្យដាក់ដាវផ្ទឹមការ ហើយមានពិធីរាំសាកន្ទេល
ជាប្រពៃណីរៀងរាបមកដល់សព្វថ្ងៃនេះ ។
រឿងព្រេង ទាក់ទងនឹងកាន់ដាវសំពះការ និងពិធីរម្ងាប់កន្ទេលខ្នើយ
Reviewed by VannyDa
on
3:53 PM
Rating: