រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាលពីព្រេងនាយ មានបុរសពីរនាក់នៅផ្ទះជិតគ្នា ។ ថ្ងៃមួយបុរសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វ ។ ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ បុរសទីមួយថា « ខ្ញុំនឹងដាក់នៅគល់ឈើនេះ ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ» ។ បុរសទីពីរ ឆ្លើយថា «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» និយាយគ្នាហើយ ម្នាក់ដាក់នៅគល់ឈើស្រេចហើយ វិលមកផ្ទះវិញ លាគ្នាទៅផ្ទះតែរៀងខ្លួន ។
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ
លុះវិលមកដល់ផ្ទះហើយ យប់នោះគិតគ្នាពីរនាក់ប្ដីប្រពន្ធថា
តាំងពីដូនតាមក មិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើ
ឲ្យជាប់សត្វជើងបួនដែលដើរនៅលើដីទេ ឥឡូវនេះ អញដាក់នៅលើចុងឈើ
តើធ្វើម្ដេចនឹងបានសត្វ?
ដូច្នេះ ត្រូវអញរឭកពីពេលមាន់រងាវទៅមើល
បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើ
ដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះយកសត្វទៅជូនលោកសុភាសេក
បើវាមិនសុខចិត្តដូចម្ដេចៗ មុខជាកើតក្ដី គង់តែដល់សុភាសេកមិនខាន
សុភាសេកនិងកាត់ក្ដីឲ្យវាចាញ់ជាប្រាកដ ។ ប្ដីប្រពន្ធគិតគ្នា ហើយដេកទៅ
ដល់មាន់រងាវរឭកពីដេកលប់មុខស៊ីស្លា
ហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្ដាន់
១ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួន
រួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញ ។
លុះព្រឹកព្រហាមស្រាងៗឡើង អ្នកមួយដែលដាក់អន្ទាក់នៅដី
មកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយ ឆ្លើយថា កុំរលះរលាំងថ្វី អន្ទាក់ខ្ញុំ
ខ្ញុំមិនសង្ឃឹមទេ ត្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះ
ខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ីផង ។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ
ត្បិតដឹងការណ៍មុនហើយ ។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅ
លុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វ
ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញ ។ ចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថា «ហ្ន
មើលចុះ មិនជឿខ្ញុំ ខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវ
មើលរបស់អ្នកណាជាប់ហៈ?»
ហើយឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញ
ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ ។ ឯចៅដែលបានក្ដាន់
ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថា «ខ្ញុំហើយនឹងចៅមួយនោះ
ទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ
ខ្ញុំនេះជាមនុស្សវៀច ក្ដីនេះគង់តែមកដល់លោកដូច្នេះ តាមតែលោកមេត្តារកសេចក្ដីយ៉ាងណា
ឲ្យតែក្ដីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ» ។
សុភាសេកបានសាច់ក្ដាន់ហើយ ឆ្លើយថា «ឯងទៅរកស្លាម្លូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះ
បើវាមកប្ដឹងអញៗបង្គាប់អីចឹងដែរ បើវាមកមិនទាន់ អញនិងកាត់សេចក្ដីឲ្យវាចាញ់បានដោយងាយ
ឯងប្រញាប់ទៅចុះ» ។
ឯអ្នកដែលដាក់អន្ទាក់លើគល់ឈើ
លុះវិលមកផ្ទះហើយ
ដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្ដីទៅប្ដឹងសុភាសេក ។
ក៏បង្គាប់សេចក្ដីដូចបង្គាប់ចៅមុន ។
លុះព្រឹកឡើង អ្នកដែលដាក់អន្ទាក់នៅលើចុងឈើ
ក៏យកឥវ៉ាន់ទៅដល់មុន ។ ឯអ្នកដែលដាក់អន្ទាក់នៅដី
ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ដើររកទិញអីវ៉ាន់ពុំបានពុំទាន់
ភ័យក្រែងខ្លួនចាញ់គេ ហើយគេយកទោសផង
ក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា «មានដំណើរអីបានជារត់ដូច្នេះ ? ឈប់សិន » ។
ចៅនោះឆ្លើយថា «លោកអើយអាណិតដោះទុក្ខខ្ញុំផង
ត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ឈើ
គេដាក់នៅចុងឈើ ព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សត្វ
ឃើញតែអន្ទាក់នៅចុងឈើជាប់ក្ដាន់មួយ
ខ្ញុំមិនសុខចិត្តបានយកសេចក្ដីទៅប្ដឹងសុភាសេកៗ គេថា
អ្នកណាយកអីវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ ហេតុនេះបានជាខ្ញុំភ័យ
ឥឡូវគេទៅដល់មុនខ្ញុំហើយ ដូច្នេះតាមតែលោកអាណិតខ្ញុំផង» ។
សុភាទន្សាយឆ្លើយថា «ណ្ហើយ !
កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ»។
ចៅនោះក៏អរ ។ លុះដល់ថ្ងៃរសៀល សុភាទន្សាយទៅដល់ផ្ទះសុភាសេក
ៗស្រែកសួរមកថា «ដូចម្ដេចក៏យូរម្ល៉េះ ?
ក្ដីចាញ់គេហើយ» ។ សុភាទន្សាយឆ្លើយថា «យើងខ្ញុំបានជាយូរនេះ
ពីព្រោះអាល័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិល» ។
សុភាសេកថា «ពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថា
ត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេ» ។ សុភាទន្សាយឆ្លើយថា «ពីជីដូនជីតាពីម៉ែពីឪបង្កើតមក
នរណាដែលឃើញដែលឮថា អន្ទាក់នៅដីមិនជាប់សត្វទៅជាប់ឯអន្ទាក់នៅចុងឈើវិញ
ហើយសត្វជើងបួនផង,
ដែលឮទេអស់អ្នកស្រុក ? នោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀត
។ សុភាទន្សាយក៏កាត់សេចក្ដីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះ ។
ឯសុភាសេកដែលអង្គុយធ្វើជាសុភានោះ ក៏ខ្មាសដោយសារខ្លួនជាអ្នកល្មោភជំនូនសាច់ក្ដាន់
ក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្ដុរ ។
លាភឥតខ្មាស
វិនាសច្បាប់
រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
Reviewed by Admin
on
8:34 PM
Rating: