រឿង ដើមរលួសមាស
រលួសមាស ជាសន្ដានដើមផ្កាមួយប្រភេទ
ប៉ុន្តែចម្លែកត្រង់ដើមនេះ គ្មានផ្កាទេ គេដាំយកលម្អត្រង់ស្លឹកវានោះឯង ។
ស្លឹករលួសមាស ផ្លាស់ប្ដូរបានជាបីពណ៌ក្នុងមួយឆ្នាំ គឺដំបូងពណ៌ស មាន
សណ្ឋានដូចស្លឹកចម្ប៉ា, អស់រយៈ ២-៣ ខែ ស្លឹកនេះប្រែជាក្រហមឆ្អៅដូចផ្កាក្ងោក
លុះបាន ៣-៤ ខែ តមកទៀត ស្លឹកដដែលនេះ ក៏ប្ដូរពណ៌បៃតងចាស់ដូចស្លឹកឈើធម្មតាវិញ ។
ដោយសារតែចេះផ្លាស់ប្ដូរពណ៌ល្អមើលប្លែកពីដើមឈើដទៃ ៗ ទៀតដូចនេះហើយ
បានជាគេដាំរលួសមាសនេះ នៅពីមុខផ្ទះ ឬក្នុងសួនសាធារណៈផ្សេង ៗ ។
មិនតែប៉ុណ្ណោះ ចាស់ទុំតែងនិទានពីរឿងព្រេងជាប្រវត្តិដើមរុក្ខជាតិនេះ
យ៉ាងកម្សត់ នាំឲ្យអ្នកផងទាក់ចិត្តនឹងដើមនេះ កាន់តែខ្លាំងឡើង ។
រឿងនោះមានសេចក្ដីដំណាលថា:
មានបុរសម្នាក់ឈ្មោះកុល្លីយៈ មានប្រពន្ធឈ្មោះនាងកែវកេសី
មានកូនស្រីម្នាក់ឈ្មោះនាងកុលកេសី ។ ស្ដេចទ្រង់ប្រទានងារជាមេស្រុក សម្រាប់ត្រួតត្រាលើប្រជា
រាស្ត្រទូទៅ ។ មានបុរសកម្សត់ម្នាក់ទៀត
នៅនាក្បែរលំនៅមេស្រុកនេះ មានរបររកស៊ីធ្វើស្រែ ។
ក្នុងពេលដែលប្រពន្ធមានផ្ទៃពោះគ្រប់ទសមាស ក៏ប្រសូតិបុត្រប្រុសមួយនៅក្នុងស្រែ
ដែលនាងកំពុងច្រូតស្រូវ , អ្នកផងទាំងពួងដែលនៅចាំស្រូវស្រែផងគ្នា ក៏ឲ្យឈ្មោះកូននោះថា
ចៅកុដុម្ពីក៍កុមារ ។ កុដុម្ពីក៍កុមារកាលចម្រើនវ័យវឌ្ឍនាការបានអាយុ ១៦ ឆ្នាំ
ក៏ប្រកបដោយរូបឆោមយ៉ាងឆើត គួរជាទីចាប់អារម្មណ៍នៃស្រីផងទាំងពួង ។
ឯនាងកុលកេសីជាបុត្រីកុល្លីយបុរស ក៏មានសម្រស់គួរចេតនាដែរ ។ ទាំងពីរនាក់
បានលបលួចស្នេហារវាងគ្នានឹងគ្នា រហូតទាល់តែដាច់ចិត្តនាំគ្នារត់ចេញពីស្រុកកំណើត
ដោយខ្លាចឪពុកម្ដាយទាំងពីរខាងធ្វើទោស ។
ទាំងពីរនាក់ប្ដីប្រពន្ធ
ខំដើរផងរត់ផងកាត់ព្រៃព្រឹក្សា ប្រទះហ្វូងម្រឹគាគួរឲ្យភ័យខ្លាច
ទាំងយប់ទាំងថ្ងៃឥតឈប់ឈរ បានទៅដល់ខេត្តក្រៅ មួយជាជនបទដាច់ស្រយាលឈ្មោះកាសី ។
អ្នកស្រុកកាសី
នេះ គ្មានអ្នកណាម្នាក់ រកស៊ីដោយសម្មាអាជីវោទេ, ម្នាក់ ៗ
គិតតែពីលួចប្លន់កាប់សម្លាប់ដណ្ដើមគេ យកទាំងភ្នែកស្រស់ ៗ ។
បើគេមើលទៅក្នុងផ្ទះជនទាំងនោះ គេឃើញតែកន្សែងយន្ត-មន្ត អាគម បាយសី ពេញល្វែងផ្ទះ ។
ទាំងមេស្រុកនៅស្រុកនោះ ក៏ចូលដៃជើងជាមួយពួកចោរនោះដែរ ។ ឯកុដុម្ពីក៍និងកុលកេសី
បានទៅដល់ស្រុកនោះភ្លាម ក៏ត្រូវពួកចោរ ហនេយ្យុំ ចាប់កុដុម្ពីក៍បាន
ប៉ុន្តែនាងកុលកេសីជាប្រពន្ធ យកចិញ្ចៀនទៅឲ្យមេស្រុក
ដើម្បីសុំអង្វរឲ្យមេស្រុកជួយយ៉ាងណាឲ្យពួកចោរដោះលែងប្ដីនាងមកវិញ ។
មេស្រុកបានទៅនិយាយនិងក្រុមចោរដោយសម្អាងថា:
ជាញាតិសាលោហិតរបស់ខ្លួន ចោរក៏ដោះលែងឲ្យកុដុម្ពីក៍រួចខ្លួនហើយទាំងពីរនាក់ប្ដីប្រពន្ធ
ក៏បានសុំលោកមេស្រុកនិងប្រពន្ធគាត់ធ្វើជាឪពុក
ម្ដាយធម៌ ។ មេស្រុកនិងប្រពន្ធគាត់ ត្រេកអរណាស់
ព្រោះគាត់គ្មានកូន, បានកូនទាំងពីរនាក់នេះ នឹកថានឹងបានបន្តពូជធារនិងជាអ្នកទទួលមត៌កផង។
គាត់ស្រឡាញ់កុដុម្ពីក៍និងនាងកុលកេសី ទុកដូចជាកូនបង្កើត ។
មិនយូរប៉ុន្មានមេស្រុកនិងភរិយាក៏ស្លាប់ទៅ ។ កុដុម្ពីក៍និងនាងកុលកេសី
ក៏ទទួលមត៌កអំពីឪពុកម្ដាយធម៌ បានឡើងជាមេស្រុកជំនួសឪពុកម្ដាយ ។
ចាប់ពីថ្ងៃនោះ កុដុម្ពីក៍និងនាងកុលកេសី
បានឡើងជាអ្នកមានស្ដុកស្ដម្ភ ចេញមុខចេញមាត់មានខ្ញុំកំដរស្រីប្រុសបម្រើឆ្វេង-ស្ដាំឥតខ្វះ
ទាំងក្រុមចោរដែលធ្លាប់តែរកស៊ីលួចប្លន់ក៏បាក់បបខ្លបខ្លាច,
លែងរកស៊ីលួចប្លន់ដូចមុនទៀត
ត្រឡប់មកស៊ីតាមធម្មតាវិញ ។ តមក កុដុម្ពីក៍បាននាមថា:កុលកោដិកុដុម្ពីកសេដ្ឋី
មាននាមល្បីល្បាញខាងមានសម្បត្តិច្រើន ។
កុលកោដិកុដុម្ពីកសេដ្ឋី បានរួមសម្ភពជាមួយនាងកុលកេសី
បានបុត្រីមួយឈ្មោះនាងកុមារិកា ដោយនាងបានសាងបារមីជាព្រះជននីពោធិសត្វ កាលពីជាតិមុន
នាងក៏ប្រកបដោយរូបឆោមយ៉ាងស្រស់
ឆើតឆាយលើសកុមារិកាឯទៀត ៗ ក្នុងស្រុក, ហើយនាងមានចិត្តជាទិព្វទៀតផង
នាងគិតយ៉ាងណានឹងបានសម្រេចយ៉ាងនោះដូចប្រាថ្នា ។ លុះនាងកុមារីមានព្រះជន្ម ៧ វស្សា, មានស្រីមេម៉ាយចិត្តឫស្យាម្នាក់ឈ្មោះនាងកាឡី
មានកូនស្រី ២ នាក់ គឺៈ នាងចន្ទី និងនាងចន្ទនី សុទ្ធតែជាស្រីកាឡកណ្ណីដូចគ្នា ។
នាងមេម៉ាយកាឡីនេះមានបងស្រីម្នាក់ទៀតឈ្មោះកាឡីនីយា ។
មេកាឡីជាស្រីមេម៉ាយមានចិត្តសាវានឹកចង់បានប្ដី
ដោយបានឮល្បីថា: កុលកោដិកុដុម្ពីសេដ្ឋីមានទ្រព្យច្រើន
ក៏ទៅប្រលោមលួងលោមទាល់តែកុលកោដិកុដុម្ពីកសេដ្ឋីព្រមស្នេហាជាមួយ ដោយភ្លេច
នឹកដល់នាងកុលកេសី
ជាស្រីប្រកបដោយលក្ខណាត្រឹមត្រូវនោះទៅ ។
មេកាឡី កាលដែលបានកុលកោដិកុដុម្ពីក៍
ជាស្វាមីហើយក៏ច្រណែនឈ្នានីស ចាក់រុករករឿងលើកកំហុសដាក់ទៅលើនាងកុលកេសីប្រពន្ធដើម
ថាជាស្រីមានសហាយស្មន្ធអន្ធការផ្សេង ៗ រៀងរាល់
ថ្ងៃមិនចេះឈប់ឈរសោះ, ទាល់តែកុលកោដិកុដុម្ពីក៍ជឿតាមសម្ដីរបស់ខ្លួន
។
ថ្ងៃមួយ កុលកោដិកុដុម្ពីក៍
នាំនាងកុលកេសីទៅបង់សំណាញ់ក្នុងទន្លេ កំពុងតែបង់សំណាញ់
ស្រាប់តែគាត់រករឿងលើកកំហុសដាក់លើប្រពន្ធថាមានសហាយ ទោះបីនាងកុលកេសី
និយាយតាមត្រង់
យ៉ាងណា ក៏កុដុម្ពីក៍មិនជឿ
ក៏កើតជាជម្លោះក្នុងកណ្ដាលជលសា, ពេលនោះកុដុម្ពីក៍ក៏វាយនាងកុលកេសីទម្លាក់ទៅក្នុងទឹកស្លាប់ទៅ
ក៏ទៅកើតជាត្រីដំរី
ដោយអំណាចផលានិសង្សរបស់នាងកុមារិកាជាកូនដែលនាងមានចិត្តជាទិព្វ ។
លុះកុលកោដិកុដុម្ពីក៍ ត្រឡប់មកវិញ
នាងកុមារិកាក៏សួររកមាតា ។ ឪពុកឆ្លើយថា: ឥតបានដឹងរឿងអ្វីសោះក្នុងរឿងនេះ, តែនាងកុមារិកាក៏នៅសួរជជីករកឫសគល់ថា:
ខ្ញុំឃើញច្បាស់ជាម៉ែទៅជា
មួយឪហើយម្ដេចក៏ឪឆ្លើយថា មិនដឹងយ៉ាងនេះ ? ។
នាងកុមារិកាសង្ស័យក៏ដើរទៅកំពង់
ដើម្បីតាមរកមើលមាតា ទៅដល់ក៏ទួញយំរៀបរាប់ពីដំណើរបាត់មាតា ។ ត្រីដំរីជាមាតាឮ
ក៏ងើបក្បាលពីក្នុងទឹកមកនិយាយរឿងប្រាប់កូនស្រីតាំងពីដើមដល់ចប់
ហើយនិយាយថា: ម្ដាយគ្មានអីស៊ីទេ
ម្ដាយឃ្លានណាស់ ចូរកូនរកចំណីឲ្យម្ដាយស៊ីផង
។នាងកុមារិកាក៏សន្យាថានិងយកកន្ទក់និងចុងអង្ករទៅឲ្យស៊ីរៀងរាល់ថ្ងៃ ។ តាំងពីថ្ងៃនោះមក
នាងកុមារិកាបាននាមថ្មីថា “ មរណមាតា ” ។ មេកាឡី ក្រោយដែលបានដឹងថា:
ត្រីដំរីនោះជាមាតានាងមរណមាតាក៏ឲ្យចន្ទី-ចន្ទនីជាកូន
ទៅចាប់យកមកសម្លាប់ធ្វើម្ហូបស៊ីទៀត,
តែដោយហេតុនាងមរណមាតាមានផលានិសង្សច្រើន
ក៏បណ្ដាលឲ្យកណ្ដុរសពាំបានស្រកាត្រីដំរីពីរ ទុកឲ្យនាងមរណមាតាដឹង ។
នាងមរណមាតាយកស្រកាត្រីពីរនោះទៅកប់ទុកក្នុងដី ក៏ស្រាប់តែដុះឡើងជាដើមត្រប់
ហើយនាងទំនុកបម្រុងដើមត្រប់ ធ្វើវត្តប្រតិបត្តិរៀងរាល់ថ្ងៃ ។ មេ
កាឡីដឹងថាដើមត្រប់ជាមាតានាងមរណមាតា
ក៏ឲ្យគេយកដើមត្រប់ទាំងឫសទាំងគល់ទៅបុកកម្ទេចចោល, តែពេលនោះមានឆ្មាមួយ បានពាំឫសពីរសរសៃទុកឲ្យនាងមរណមាតា
។ នាងយកឫសត្រប់ពីរទៅដាំក៏កើតជាដើមរលួសពីរដើម រលួសនេះ
ប្លែកពីរលួសធម្មតា គឺមានស្លឹកនោះប្រកបដោយពណ៌ឆ្អិនឆ្អៅ
ហើយដើមនោះក៏គ្មានបន្លាដូចរលួសធម្មតាដែរ ។
នៅថ្ងៃមួយ
ព្រះចៅផែនដីព្រះអង្គទ្រង់យាងមកប្រពាតព្រៃ, ពេលថ្ងៃក្ដៅ ព្រះអង្គក៏យាងចូលទៅសម្រាកព្រះកាយក្រោមម្លប់ដើមរលួសមួយគូនោះ
។ មុននឹងទ្រង់ចេញចាកទីនោះទៅ ព្រះអង្គទ្រង់
ត្រាស់សួររកម្ចាស់ដើមឈើចម្លែកនេះ
ដើម្បីសុំគាស់យកទៅដាំឯក្នុងព្រះរាជវាំង ។ ស្ដេចទ្រង់យល់រូបឆោមនាងមរណមាតាដ៏ស្រស់បស់
ជាទីគាប់ព្រះទ័យហើយព្រះអង្គក៏ត្រាស់សុំដើមឈើនោះ, នាងក៏ព្រមថ្វាយ ។
តែពួកអាមាត្យខំជីកគាស់យ៉ាងណាក៏មិនរបើករលើងដើមនោះពីដីសោះ, លុះព្រះអង្គត្រាស់សួរនាងមរណមាតា
នាងក៏សំពះអធិដ្ឋានដល់ទេវធីតាជាមាតាដែលថែដើមនោះ
ស្រាប់តែដើមរលួសផុសពីដីអណ្ដែតឡើងទៅដុះនៅក្នុងផើងមាស របស់ព្រះមហាក្សត្រ
នៅឯមុខព្រះមហាប្រាសាទ ។
ព្រះអង្គក៏ទ្រង់ត្រាស់ហៅនាងមរណមាតា
ឲ្យចូលទៅក្នុងព្រះរាជវាំងហើយអភិសេកជាមហេសីឡើង, ឯផ្កានោះឲ្យនាមហៅថា “ ផ្ការលួសមាស ”
ព្រោះបានអណ្ដែតមកស្ថិតនៅក្នុងផើងមាស ហើយ
មានពណ៌ស្លឹកនោះត្រចះត្រចង់ណាស់ផង ។
រឿង ដើមរលួសមាស
Reviewed by VannyDa
on
3:05 PM
Rating: