រឿង ដើមភ្លៅនាង
គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម
ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ
គេឃើញថា មានដើម
នោះត្រសូលស្អាត
ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ៖
ប្រហែលជាបុរាណលោកប្រដូចដើមនេះ ទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ ។
ដើម្បីដោះស្រាយសេចក្ដីឆ្ងល់នេះ ក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយ ដែលមាននិទាន១
រឿងដូចតទៅនេះ ៖
កាលនោះមានព្រះរាជាមួយអង្គ ព្រះនាមពុំប្រាកដ
រឿងនេះកន្លងទៅច្រើនសតវត្សមកហើយ ព្រះរាជាអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គ
មានព្រះរាជបុត្រក៏ច្រើន ។ លុះយូរបន្តិចមក ព្រះរាជាអង្គ
នេះ
ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងមួយឈ្មោះនាងចាន់
ព្រះអង្គទ្រង់យកនាងនោះធ្វើជាស្នំពៅបង្អស់ ។ នាងនោះ មានរូបឆោមលោមពណ៌
ល្អយ៉ាងឆើតជាងស្នំមហេសីទាំងអស់ តែនាងនោះឥតមានព្រះរាជបុត្រទេ
ម្ល៉ោះហើយព្រះអង្គ ក៏សព្វព្រះរាជទ័យជាជាងស្នំមហេសីទាំងអស់ដែរ
ព្រោះនាងចេះប្រកបកិច្ចការងារដណ្ដាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ ។
ព្រះរាជក៏លើកតម្កើងនាងចាន់ ធ្វើជាព្រះអគ្គមហេសី ធំលើសគេឯង ។
និយាយពីនាងចាន់នេះ នាងមានក្រចកម្រាមដៃល្អលូតលាស់វែង ៗ គ្រប់ទាំងដប់
បីដូចជាស្លាបព្រា បើធ្វើក្រយាស្ងោយថ្វាយស្ដេចនាងយកក្រចកដងទឹក
ឬដួសដស់គ្រឿងផ្សេង ៗ ដើម្បីធ្វើជារង្វាល់ឲ្យដឹងប្រមាណ
មិនឲ្យប្រៃពេកឬសាបពេកឲ្យតែល្មម សូម្បីនាងបង់ព្រហក់ អំបិល ស្លឹកគ្រៃ
ឬគ្រឿងអ្វីក្នុងសម្លក្ដី នាងក៏យកក្រចកម្រាមដៃធ្វើជាស្លាបព្រា
ម្ល៉ោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវ សម្លនោះមានឱជារសឆ្ងាញ់ណាស់
នាំឲ្យព្រះស្វាមីសព្វព្រះរាជហឫទ័យរាល់ពេលវេលា ។ លុះចំណេរយូរទៅ ព្រះមហេសីដើមទាំងអស់
ក៏មានការក្ដៅក្រហាយច្រណែននិន្ទាថា ហេតុអ្វីក៏ព្រះអង្គ តាំងពីបាននាងចាន់
ដែលជាកូនរាស្ត្រសុទ្ធសាធធ្វើជាស្នំ ហើយលើកតម្កើងជាអគ្គមហេសីលើសយើងរាល់គ្នាយ៉ាងនេះ ? ហាក់ដូចជាព្រះអង្គបង់ស្នេហាអំពីយើងគ្រប់គ្នាហើយ
។ ដូច្នេះ យើងរាល់គ្នា មិនត្រូវនៅក្រអេះព្រងើយកន្តើយឡើយ ត្រូវតែរកឧបាយណាមួយ
ដើម្បីឲ្យព្រះអង្គជាស្វាមីនៃយើង ឃ្លាតចាកសេចក្ដីស្នេហាអំពីនាងចាន់ចេញ
ទើបយើងរាល់គ្នានឹងបានសេចក្ដីសុខ ។ គិតដូច្នោះហើយ ក៏នាំគ្នាឡើងទៅគាល់ព្រះរាជា
ក្រាបទូលដោយសេចក្ដីពិតថា ៖
បពិត្រព្រះអង្គជាស្វាមី សូមព្រះអង្គជ្រាប
ខ្ញុំម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់ អំពីនាងចាន់ ។
ព្រះអង្គហាក់ដូចពុំបានជ្រាបការណ៍អ្វីសោះ ។ នាងនេះជាមនុស្សស្មោកគ្រោកជួជាតិអាក្រក់
សព្វថ្ងៃនេះ
បើនាងធ្វើក្រយាស្ងោយថ្វាយព្រះអង្គ ខ្ញុំម្ចាស់បានឃើញច្បាស់ នាងយក ក្រចកម្រាមដៃនាង
ដួស ដងគ្រឿងដាក់ក្នុងសម្លនោះ។ ប៉ុន្តែ
បើព្រះអង្គមិនជឿរឿងនេះដូចជាខ្ញុំម្ចាស់បានក្រាបទូលទេ
សូមព្រះអង្គចាត់រាជបម្រើណាមួយ លបមើលក្នុងពេលដែលនាងធ្វើក្រយាស្ងោយថ្វាយព្រះអង្គចុះ
ទើបជ្រាបនូវហេតុពិតនោះពុំខាន ។
ព្រះរាជា
កាលបានទ្រង់ព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយ ក៏ព្រះអង្គទ្រង់ក្រោធ
ទ្រង់ចាត់រាជបម្រើមួយឲ្យទៅតាមសង្កេតនូវហេតុនោះ តើពិតឬពុំពិត ។ លុះរាជបម្រើបាន
សង្កេតទៅ ឃើញពិតដូច្នោះមែន ទើបព្រះមហាក្សត្រ
ទ្រង់ចាត់នាយពេជ្ឈឃាដឲ្យយកនាងចាន់ទៅសម្លាប់ចោល ។
ឯនាងចាន់កាលបើនាងបានដឹងនូវហេតុដែលព្រះអង្គខ្ញាល់នឹងអំពើ
ដែលនាងបានធ្វើដូច្នោះ នាងក៏មានសេចក្ដីតក់ស្លុត
នាងបានភៀសខ្លួនរត់ចេញពីព្រះបរមរាជវាំង ដើម្បីឲ្យរួចពីសេចក្ដីស្លាប់ ។
ឯពេជ្ឈឃាដក៏ទៅរកចាប់នាងតាមព្រះតម្រាស់
តែរកនាងពុំឃើញក្នុងប្រាសាទ ក៏ឡើងទៅក្រាបបង្គំទូលព្រះរាជា ។
ព្រះរាជាទ្រង់ឲ្យលើកទ័ពពលរេហ៍ទៅតាមចាប់នាងឲ្យបានយកមកសម្លាប់ចោល ។
កាលនោះ
ពួកពលសេនាលើកទ័ពតាមរកនាងអស់ជាយូរថ្ងៃយូរខែពុំបានជួបនាងសោះ ។
ឯនាងក៏ខំរត់ឲ្យរួចពីព្រះអាជ្ញាដែរ តែចៃដន្យបុព្វកម្មអ្វីរបស់នាងពីអតីតជាតិ
ក៏ឲ្យពួកពលសេនា តាមនាង
ទាន់នៅទីកន្លែងមួយ
ចាប់យកនាងបានហើយនាំទៅធ្វើឃាតចោលទៅ ។
និយាយអំពីនាងចាន់ មុននឹងស្លាប់
នាងបាននឹកដល់វាសនាអភ័ព្វរបស់ខ្លួន ដែលបានធ្វើជាមហេសីហើយ
ជាអកុសលអ្វីមកបណ្ដាលឲ្យព្រះរាជាទ្រង់ក្រោធយកទោសដល់ជីវិត ។ ម្ល៉ោះហើយ
នាងក៏តាំងសច្ចាចំពោះទេវតាដែលស្ថិតនៅដើមព្រឹក្សាលតាវល្លិ
សូមឲ្យលោកធ្វើជាសាក្សីថា ៖
ឱ ! ជីវិតសង្ខាររបស់ខ្ញុំ ពេលនេះមច្ចុរាជ
គឺសេចក្ដីស្លាប់តាមមកទាន់ហើយ, នឹងបណ្ដាច់សេចក្ដីស្នេហារបស់ខ្ញុំអំពីអង្គព្រះស្វាមីឥឡូវហើយ, ដោយព្រះស្វាមីក្រោធចំពោះរូបខ្ញុំ
ដែលទ្រង់ពុំបានពិចារ
ណារកហេតុផលជាមុន ឬមួយព្រះអង្គ
ពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះទេ ។ នោះខ្ញុំសូមសច្ចាផ្សងថា “ អាការទាំង ៣២
របស់ខ្ញុំ ឲ្យបានទៅជាឈ្មោះរុក្ខាលតាវល្លិទាំងនេះ
ហើយឲ្យព្រះអង្គបានជួបនឹងឈ្មោះដែលជានាមនៅជាប់នឹងឈើទាំងនេះ
កុំបីឲ្យរំលងរួចឡើយ ។ ឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រិស្នាដែលមានក្លិនក្រអូប
ហើយជាទីសព្វព្រះរាជហឫទ័យរបស់ព្រះអង្គផង ” ។
សច្ចាបួងសួងចប់ហើយ
ពេជ្ឈឃាដក៏ប្រហារជីវិតនាងក្ស័យបង់ទៅ ។ ចំណែកនាមឈ្មោះរបស់នាង
ក៏បានទៅប្រតិស្ឋជាប់នឹងដើមក្រិស្នាទៅជា “ ចន្ទន៍ក្រិស្នា ” ឯអាយតនៈដទៃទៀត ក៏ទៅប្រតិស្ឋរូបភាពទៅនឹងរុក្ខជាតិផ្សេង
ៗ ដូចជា ៖
- កេសា បាននៅជាប់នឹងផ្លែពោត ហៅថាសក់ពោត,
- លោមា គឺរោមបាននៅជាប់នឹងម្អម,
- មំសំ គឺសាច់នាងផ្ញើនឹងដើមចាក,
- ឯសាច់ភ្លៅដែលសទ្រលុកទ្រលន់នោះ បានផ្ញើនឹងដើមឈើមួយបែប ដែលមានដើមតូចល្មម
គេហៅជាប់ថាដើម “ ភ្លៅនាង ៗ ” រហូតដល់សព្វថ្ងៃនេះ ។
រឿង ដើមភ្លៅនាង
Reviewed by VannyDa
on
3:04 PM
Rating: