រឿងគ្រូ និង សិស្ស
មានរឿងមួយ ដំណាលថា : មានភិក្ខុមួយអង្គ
គង់នៅវត្តមួយ មានកូនសិស្សតែម្នាក់ ឈ្មោះអាផ្លូញ ។ អាផ្លូញខិលណាស់
គ្រូក៏ល្ងង់ណាស់ ឆោតណាស់ គ្មានឧបាសកបាសិកាណារាប់អាន យកចង្ហាន់ ស្លា
បារីទៅប្រគេន ឬនិមន្តលោកនោះ ទៅឆាន់ឯផ្ទះដល់ម្ដងឡើយ, លោកនោះក្រលំបាកពន់ពេក
តែលោកមានដំរីមួយ ។
ថ្ងៃមួយ លោកនោះពិចារណាថា «សព្វថ្ងៃនេះ
គ្មានឧបាសកគេប្រគេនវត្ថុអ្វីសោះ, បើដូច្នេះ
គួរតែអញទិញវត្ថុផ្សេងៗយកមកទុកឆាន់ កុំឲ្យលំបាក ។ គិតដូច្នោះហើយ
ក៏ប្រាប់កូនសិស្សថា «អាផ្លូញ ឯងចាប់ដំរីមក ហើយឯងទៅផ្សារនឹងអញ រកទិញវត្ថុផ្សេងៗ
យកមកទុកឆាន់ »
។ កូនសិស្សទៅចាប់ដំរីបានមក, គ្រូនិងកូនសិស្ស
ក៏ឡើងជិះដំរីបរទៅផ្សារ ។ លុះទៅដល់ គ្រូប្រាប់កូនសិស្សថា «ឯងទិញវត្ថុអ្វីដែលគេទុកស៊ីបានយូរ
មិនខូច » ។ អាផ្លូញជាសិស្ស ក៏ទិញអំបិលមួយចុងច្រកការុងស្រេច ។
គ្រូឃើញសួរថា ហេតុម្ដេច ក៏ឯងទិញតែអំបិល មិនទិញត្រីឆ្អើរ ត្រីងៀតផង ? ។
កូនសិស្សទូលថាអំបិលទុកបានយូរ មិនចេះខូច បានជាខ្ញុំព្រះករុណាទិញ ។
គ្រូឆោតល្ងង់ណាស់ក៏ស្ងៀម ។
គ្រូឡើងបរដំរីមកវិញ សិស្សរែកអំបិលពីក្រោយ, ដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្ស
ឮសូរដងរែកដូចជាស្រួល ក៏សួរថា «អាផ្លូញ ! អញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណា ? ។
សិស្សទូលថា «ព្រះករុណា !
ស្រួលណាស់ ហើយស្រាលផង » ។ លោកគ្រូប្រាប់សិស្សថា « ឯងជិះដំរីវិញចុះ
អញរែកអំបិលដើរក្រោយ »
។ លោកគ្រូថាហើយ ចុះពីលើដំរីមក, សិស្សក៏ឡើងជិះដំរីទៅ
។ លោកគ្រូប្រាប់ថា « ឯងបរដំរីទៅចាំអញនៅម្លប់ឈើឯមុខ » សិស្សបរដើរទៅដល់ម្លប់ឈើ
ក៏មិនឈប់ចាំគ្រូ បររហូតទៅវត្ត ។ ។
លោកគ្រូ រែកអំបិលដើរតាមក្រោយ, ដោយអំបិលនោះធ្ងន់ណាស់, លោកគ្រូរែកឈប់
ៗ រកមើលទៅសិស្សមិនឃើញក៏គិតថា « ចាំក្រោយ សឹមនាំសិស្សមកយក » ហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាក់
លោកគិតថា «ទីនេះប្រសិនជាមានគេដើរមកចំឃើញ គេនឹងយកអំបិលនេះអស់មិនខាន
គួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួង គឺមានក្នុងទឹក
ទើបគេមើលមិនឃើញ »
ហើយក៏យកអំបិលទាំងពីរការុងទៅលាក់ទុកក្នុងទឹក
ហើយដើរទៅ ។ លុះដល់វត្តសួរសិស្សថា «ហេតុម្ដេចក៏ឯងមិនចាំអញ ? ។
សិស្សទូលថា ខ្ញុំព្រះករុណាបរដំរីមក ប្រុងចាំលោកគ្រូដែរ
តែដំរីមិនព្រមចាំសោះ អង្វរដូចម្ដេច ក៏វាមិនព្រម វាប្រឹងតែដើរដល់វត្ត
ទើបឈប់ ។ សិស្សសួរគ្រូថា « លោកគ្រូ ទុកអំបិលឯណា ?
។ គ្រូប្រាប់ថា អញលាក់ទុកនៅទីឯណោះ
អញកាត់ដើមឈូកដោតជាសំគាល់ »
។ លុះព្រឹកឡើងលោកក៏នាំកូនសិស្ស ទៅយកអំបិលវិញ
លុះដល់ប្រាប់សិស្សថា « អញលាក់ក្នុងទឹកត្រពាំងនេះ» ។ សិស្សលាន់មាត់ថា « ម៉ែអើយ
វារលាយអស់ទៅហើយ »
។ អាផ្លូញជាសិស្ស ក៏ចុះទៅយកអំបិល
ចាប់លើកការុងទាំងពីរឡើង គ្មានឃើញអំបិលសល់សោះ ព្រោះវារលាយអស់ហើយ, ឯចំណងដែលចងមាត់ការុងក៏ឃើញដាច់អស់
ប្រទះឃើញឯត្រីកញ្ចុះមួយនៅក្នុងការុងនោះ ។ សិស្សទូលលោកគ្រូថា «មានត្រីកញ្ចុះមួយនៅក្នុងការុង
វាស៊ីអំបិលអស់ទៅហើយ»
ហើយយកត្រីនិងការុងមកប្រគេនគ្រូមើល ។
លោកគ្រូឃើញត្រីខឹងណាស់ ក៏ទះកំផ្លៀងត្រី មុតដីនឹងធ្មុងត្រីជាប់ ។
ពិសត្រីចាប់ពើតឈឺខ្លាំងពេក លោកគ្រូថា « ឯងចាប់ដកធ្មុងត្រីចេញឲ្យឆាប់
ត្បិតឈឺអញណាស់ »
។ សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួច ។
លុះដករួចឈាមហូរខ្លាំង ពិសត្រីក៏រឹតតែបណ្ដាលឲ្យលោកឈឺខ្លាំងឡើង, លោកគ្រូនាំកូនសិស្សទៅវត្តវិញ
យកទាំងការុងត្រីកញ្ចុះទៅផង,
ទៅដល់វត្តប្រាប់សិស្សថា « អាផ្លូញ
ឯងដាំបាយមួយឆ្នាំង អាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់ » ។
លុះពិសអន់ចាប់ពើត លោកគ្រូ ក៏សម្ងំសឹងលក់ទៅ ។
ឯអាផ្លូញក៏ដាំបាយ អាំងត្រីឆ្អិនហើយ
បរិភោគអស់ ទុកតែបាយមួយពំនូតនិងឆ្អឹងត្រីក្នុងចានគ្រប
តែវាគ្របមិនឲ្យជិត ។ លោកគ្រូភ្ញាក់ឡើង ប្រាប់សិស្សថា « ឯងយកបាយនិងត្រីមកឆាន់ » ។
អាផ្លូញក៏ធ្វើកិរិយាដូចជាចូលទៅយកបាយប្រគេន ចេញមកវិញទូលថា
បាយនិងត្រីរុយស៊ីអស់ហើយ នៅសល់តែមួយពំនូត និងឆ្អឹងត្រី » លោកគ្រូជឿឥតសង្ស័យ
ដោយឆោតល្ងង់ ក៏ហុចរំពាត់ផ្ដៅមួយឲ្យមកសិស្ស ហើយថា « ឯងវាយរុយ
កុំឲ្យវានៅលើកុដិ »
។ អាផ្លូញជាសិស្សក៏វាយរុយមិនឈប់ ។ គ្រានោះ
មានរុយមួយទំចុងច្រមុះគ្រូ ៗ ប្រាប់ថា «រុយវាទំច្រមុះអញ ឯងវាយឲ្យឆាប់» ។
កូនសិស្សក៏វាយតាមពាក្យគ្រូ វាយទៅ ៗ មិនត្រូវរុយ ត្រូវឯច្រមុះគ្រូ
បែកឈាមហូរខ្ចាយ ។ សិស្សភ័យណាស់
រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿង ។ ឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញ
កូនប្រកែកមិនព្រមមក ។ លោកគ្រូទៅតាម ក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយ ។
ថ្ងៃក្រោយ
លោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍ បន្ទន់ចិត្តសិស្សឲ្យមក ។
អាផ្លូញជាសិស្សបានដឹងថា គ្រូតាំងពិធីមន្តអាគមស្នេហ៍ដូច្នោះ
ក៏មកវត្តវិញ ដើម្បីឲ្យគ្រូជឿថា ស្នេហ៍ពូកែ, លុះដល់វត្តដើរលបៗចូលទៅ
ឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ ក៏សួរលោកថា « លោកគ្រូធ្វើអ្វី ? » គ្រូកុហកថា «អញសូត្រមន្តអាគមបំបាំងខ្លួន ព្រោះអញទើបរៀនពីគេ » ។
ជាបន្ទាន់នោះលោកគ្រូគិតថា «នេហ៍អញពូកែមែន បានសិស្សអញវាមក » ។ លុះព្រឹកឡើងសិស្សដាំបាយ
ធ្វើម្ហូបស្រេចទូលថា « ចង្ហាន់ឆ្អិនហើយ »
លោកគ្រូថា «បើដូច្នេះឯងលើកមកឲ្យអញឆាន់ » ។
អាផ្លូញ ក៏លើកមកប្រគេនធ្វើជាមើលមិនឃើញ ដាក់ថាសទៅលើក្បាលគ្រូ
ៗស្រែកថា អាផ្លូញ !
ហេតុម្ដេច ក៏យកថាសមកដាក់លើក្បាលអញ ? » ។ សិស្សទូលថា «ខ្ញុំព្រះករុណាមើលមិនឃើញ»។ លោកគ្រូងាកចេញ
អាផ្លូញក៏ដាក់ថាសលើក្បាលគ្រូទៀត ៗ លោកគ្រូថា «អាឯងដាក់ថាសលើក្បាលអញទៀតហើយ » ។
សិស្សថា «ខ្ញុំព្រះករុណាសុំទោស ព្រោះមើលមិនឃើញ ។
លោកគ្រូជឿថាអញរៀនស្នេហ៍ ៗពូកែប្រាកដ, ឥឡូវអញកុហកវាថាតាំងពិធីមន្តអាគមបំបាំងខ្លួនវិញ
ក៏ទៅជាពូកែ គេមើលមិនឃើញប្រាកដមែន, គួរទន្ទេញឲ្យចាំ កុំឲ្យភ្លេច » ។
ឯអាផ្លូញ លុះប្រគេនចង្ហាន់គ្រូ
គ្រូឆាន់រួចហើយ វាក៏លើកមកបរិភោគខ្លួនវា ។
ថ្ងៃក្រោយ មានឧបាសក
គេនិមន្តលោកទៅឆាន់ឯផ្ទះ ។ អាផ្លូញទូលថា «បើលោកគ្រូ និមន្តទៅឆាន់ឯផ្ទះគេ
សូមកុំស្លៀកស្បង់ ព្រោះនាំតែចាស់ស្បង់ខូចឥតអំពើ ឃ្លុំតែចីពរបានហើយ
គេមើលមិនឃើញទេ ត្បិតលោកគ្រូចេះមន្តអាគមបំបាំងខ្លួនពូកែណាស់
អ្នកណានឹងមើលឃើញ »
។ គ្រូជឿក៏ធ្វើតាមពាក្យសិស្ស ។
លុះព្រឹកឡើង លោកគ្រូប្រាប់សិស្សថា «ឯងតាមអញទៅឆាន់ឯផ្ទះឧបាសក» រួចលោកឃ្លុំតែចីពរ
មិនស្លៀកស្បង់ ដោយគិតថា «ឃ្លុំតែចីពរបានហើយ ព្រោះមន្តអាគមអញពូកែណាស់ នរណានឹងមើលកេរ្តិ៍ខ្មាសឃើញ » រួចក៏នាំកូនសិស្សទៅ
។
លុះទៅដល់ ឧបាសកនិមន្តឡើងលើផ្ទះហើយ
គេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់, ដោយលោកមិនបានស្លៀកស្បង់
អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំ ក៏លេចកេរ្តិ៍ខ្មាស១ កណ្ដាលវាល ។
ឧបាសកឃើញដូច្នោះ គេនាំគ្នាសើចហ៊ោលាន់ ។ លោកគ្រូពុំទាន់បានឆាន់ចង្ហាន់
មានចិត្តខ្មាសណាស់ ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញ ជេរបន្ទោសសិស្សថា « អាឯងមិនឲ្យអញស្លៀកស្បង់
ឥឡូវអញខ្មាសគេណាស់ »
។ អាផ្លូញទូលថា« លោកគ្រូ
កុំខ្ញាល់នឹងខ្ញុំព្រះករុណា រឿងនេះប្រហែលខុសត្រណមទេឬ ? »។ លោកគ្រូសួរថា «ឯងឃើញអញធ្វើខុសត្រណមដូចម្ដេច ? អាផ្លូញសួរថា «កាលលោកគ្រូនិមន្តទៅឆាន់ឯផ្ទះឧបាសក
និមន្តទៅផ្លូវខាងណា ?
លោកគ្រូប្រាប់ថា «កាលអញទៅអញចូលផ្លូវខាងកើត » សិស្សថា
«ឱ ! ច្បាស់ជាលោកគ្រូខុសត្រណមហើយ ។
ថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំព្រះករុណាថា
បើរៀនមន្តអាគមទាំងពួងត្រូវតមស៊ីផ្លែស្ពឺ សូម្បីមុជក្រោមដើមស្ពឺ
ក៏មិនបាន វាសាបមន្តអាគម,
ឥឡូវលោកគ្រូមុជក្រោមដើមស្ពឺ បានជាខុសត្រណម
សាបអាគមអស់ ហេតុនេះបានជាគេឃើញកេរ្តិ៍ខ្មាសលោកគ្រូ»។
លោកគ្រូបានស្ដាប់ដូច្នោះ ក៏ថា «ឱ ! អាផ្លូញ ! អញភ្លេចតម
បានជាយ៉ាងហ្នឹង, ឯងថានោះពិតប្រាកដហើយ »
។ លោកគ្រូនោះ ដោយឆោតល្ងង់ ក៏ជឿជាក់ឥតសង្ស័យ ។
តាំងពីកាលនោះមកអាផ្លូញជាសិស្ស នៅបម្រើដោយសុខសប្បាយទៅ ។
ស្លូតស្លាប់
វៀចវេរមានភ័ព្វ អាយុយឺនយូរ
រឿងគ្រូ និង សិស្ស
Reviewed by Admin
on
4:51 PM
Rating: