រឿង កំលោះពីរនាក់ ចង់បានប្រពន្ធគេ
មានរឿងមួយថា មានបុរសម្នាក់
មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ
មានកំលោះពីរនាក់បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា «យើងធ្វើដូចម្ដេចនឹងបានអេះ ?» ។
ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ
ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ
ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ ។
ទើបកំលោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធនោះដើរមកដល់, ក៏កំលោះម្នាក់នោះវាសួរថា
« នែអ្នក !
អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន» ។
បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង ។
លុះកំលោះម្នាក់បររទេះមកដល់វាធ្វើជាសួរថា «នេះហៅអ្វី ? អ្នក !»។
បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា «គេហៅរទេះ» មែនឬអ្នក ? ។
បុរសនោះថា «មែន »
« បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ»។
បុរសនោះសួរថា « អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ? ។ កំលោះនោះថា « បើខ្ញុំចាញ់
ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ « សុំតែប្រពន្ធអ្នក » ។
បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី
ក៏ព្រមភ្នាល់នឹងគេទៅ ។ ទើបកំលោះដែលឈរ
សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កំលោះអ្នកបររទេះប្រាប់ថា « នេះគេហៅចន្ទោល»។
ចង្អុលសួរទៅនឹមថា «នេះគេហៅនឹម»
« នេះគេហៅទូក» «នេះគេហៅទ្រាយ» « នេះគេហៅប្រែក» «នេះគេហៅកង់» «នេះគេហៅខ្នងកង់» «នេះគេហៅទ្រពង» ដល់ឆ្លើយរួចសព្វគ្រប់
កំលោះនោះសួរទៅបុរសជាប្ដីថា«ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេ
ៗ ដណ្ដើមយកប្រពន្ធទៅបាន ។ បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រម ៗ
ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កំលោះទាំងពីរនាក់នោះវាសូកចៅក្រម
ៗ កាត់សេចក្ដីថា «ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ» ។
បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយ
ៗសួរថា «ថ្វីបានជាយំបង ? »
ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា « បើដូច្នោះបងឯងកុំភ័យ
រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ» ។
បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយ ៗ ស៊ីចេករួចហើយ
ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា «លោកកាត់សេចក្ដីគេនោះ
តើដូចម្ដេចខ្លះ ?»។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់ ។ សុភាទន្សាយថា «លោកកាត់សេចក្ដី
មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង
ឲ្យសុខចិត្តទាំងពីរខាង»
។ សុភាទន្សាយ សួរកំលោះដែលយកប្រពន្ធគេមកនោះថា « អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ?» ។
បុរសនោះឆ្លើយថា «ដាក់ប្រពន្ធ »
។ សុភាទន្សាយ សួរទៅកំលោះនោះថា « ត្រង់ណាហៅប្រពន្ធ » បើអ្នករកឃើញយកទៅចុះ
បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ»។ កំលោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា
នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា « នេះគេហៅជើងទេ» វាចាប់ត្រង់នេះ
ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ «ប្រពន្ធ» ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល
នឹម ទូក ទ្រាយ ប្រែក ធ្នង់ទ្រពង រួមទាំងអស់នេះទៅ ទើបហៅថា «រទេះ» បើដូច្នេះ
ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ» ។ សុភាទន្សាយឲ្យកំលោះនោះ
យកប្រពន្ធមកវិញ ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា «បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ
គ្មានត្រង់តាមព្រះច្បាប់សោះ»
។ បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់
លើកដៃសំពះសុភាទន្សាយថា « លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ
ឲ្យលោកបានសម្បត្តិសួគ៌និព្វាន »
។
ប្រាជ្ញឯង
ឲ្យក្រែងប្រាជ្ញគេ
រឿង កំលោះពីរនាក់ ចង់បានប្រពន្ធគេ
Reviewed by Admin
on
4:51 PM
Rating: