រឿង បុរស ២ នាក់ តាមខ្ញុំរត់
មាននិទានមួយថា : មានបុរស
២ នាក់ ម្នាក់តាមខ្ញុំរត់ ម្នាក់តាមគោរត់ ទៅប្រទះគ្នាលើស្ពាន ។
បុរសម្នាក់និយាយថា “ ត្រូវឯងចៀសអញ ៗ តាមខ្ញុំរត់បាត់ ” ។ បុរសម្នាក់ថា
“ ត្រូវឯងចៀសអញ ៗ តាមគោរត់បាត់ ” ។ បុរសទាំង ២ នាក់ពុំចៀសគ្នាឡើយ
នាំគ្នាទៅប្ដឹងចៅក្រម ៗ មិនអាចជំនុំជម្រះសេចក្ដីនោះបាន
ក៏បណ្ដេញចៅទាំង ២ នាក់ថា “ ឯងជាម្ចាស់ខ្ញុំរត់ ត្រូវទៅតាមខ្ញុំទៅ
ឯម្ចាស់គោរត់ ត្រូវទៅតាមគោទៅ ” ចៅទាំង ២ នាក់ពុំសុខចិត្តឡើយ
ទើបចៅក្រមនាំឡើងទៅក្រាបបង្គំទូលព្រះមហាក្សត្រ ដោយនូវដំណើរនោះ ។
ព្រះមហាក្សត្រមានព្រះបន្ទូលសួរថា “ ហេតុអ្វីក៏ព្រះស្ដែង ទាំង ២
នាក់កើតក្ដីនឹងគ្នា ?
” ។ ចៅម្នាក់ក្រាបបង្គំទូលថា “
សូមទ្រង់ព្រះមេត្តាប្រោស !
ខ្ញុំព្រះបាទអម្ចាស់តាមខ្ញុំរត់ ” ។ ចៅម្នាក់ទៀត
ក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់តាមគោរត់ ” ។ ទ្រង់សួរទៀតថា “
កាលគោព្រះស្ដែងរត់ តើវាសួលើស្ពាន ឬវាហែលទឹក ? ” ។
បុរសនោះក្រាបបង្គំទូលថា “ គោខ្ញុំព្រះបាទអម្ចាស់ ហែលទឹក ” ។ “ ចុះខ្ញុំព្រះស្ដែងនេះ
តើវាដើរលើស្ពានឬហែលទឹក ?
” ។ បុរសនោះក្រាបបង្គំទូលថា “
ខ្ញុំព្រះបាទអម្ចាស់វាសួរលើស្ពានដើរទៅ ” ។
ទើបទ្រង់ត្រាស់បង្គាប់ឲ្យចៅតាមគោនោះសងខ្ញុំគេ
ត្បិតខ្ញុំរត់នោះវាដើរសួរលើស្ពានទៅ ឯគោរត់នោះវាសួលើស្ពានពុំបានឡើយ
។ ចៅទាំង ២ នាក់ចូលចិត្តហើយក្រាបបង្គំលា នាំគ្នាទៅកាន់ទីលំនៅទីទៃ ៗ ។
ព្រះមហាក្សត្រទ្រង់កាត់សេចក្ដីដូច្នេះ
ហៅសុគតិគមនំហោង ។
រឿង បុរស ២ នាក់ តាមខ្ញុំរត់
Reviewed by VannyDa
on
1:13 PM
Rating: