រឿង ក្អែកនិងខ្វែកសត្រូវគ្នា
មានសេចក្ដីនិទានថា កាលពីព្រេងនាយ
សត្វបក្សីទាំងអស់សុទ្ធតែមានសម្បុរ សដូច ៗ គ្នា ខុសគ្នាតែរាងរៅ
និងសណ្ឋានទ្រង់ទ្រាយប៉ុណ្ណោះ ។ ពេលដែលហើរនៅលើអាកាស
គេមិនអាចសម្គាល់បានថាជាសត្វអ្វី ៗ ឡើយ ។ ដោយមានសភាពច្រឡំគ្នាដូច្នេះ
ទើបសត្វទាំងអស់បានបបួលគ្នាមកប្រជុំប្រឹក្សាគ្នាថា “
ឥឡូវនេះយើងទាំងអស់គ្នាគិតរចនារូបយើងទាំងអស់គ្នាឲ្យមានសភាពយ៉ាងណា
ដើម្បីឲ្យមានពណ៌សម្បុរខុសៗគ្នា ប្រយោជន៍កុំឲ្យមនុស្សលោកគេច្រឡំ ”។
លុះជំនុំអស់ពេលជាយូរ ទើបសម្រេចថា “អ្នកណាស្រលាញ់ពណ៌សម្បុរយ៉ាងណា
ចូរធ្វើយ៉ាងនោះទៅចុះ កុំឲ្យតែដូចគ្នា ”
ពេលនោះសត្វទាំងអស់បានអនុមតិយល់ព្រម តាំងសត្វខ្វែក
ឲ្យធ្វើជាមេជាងខាងគំនូរ ។ ខ្វែកបានគូរគ្រប់សត្វទាំងអស់
តាមរបៀបដែលគេចូលចិត្តរៀង ៗ ខ្លួន នៅសល់តែក្អែកនិងខ្វែកខ្លួនឯង
ពុំទាន់បានគូរនៅឡើយ ។ ខ្វែកសួរទៅក្អែកថា “
បងក្អែកឯងចង់គូរពណ៌ដូចម្ដេច ?”
។ ក្អែកឆ្លើយថា “ ស្រេចនៅលើបងខ្វែក
បងដែលជាជាងគំនូរស្រាប់ គូរយ៉ាងណាឲ្យតែសមល្អ” ។ ខ្វែកឆ្លើយថា “អើ ! បើដូច្នោះ
ខ្ញុំគូរបានតែពេលយប់ទេ ទើបរំលេចពណ៌ល្អ គូរថ្ងៃមិនល្អទេ ។ ប៉ុន្តែ ចូរបងក្អែកឯងគូរឲ្យខ្ញុំមុនសិនចាំខ្ញុំគូរឲ្យបងឯងក្រោយ
ក្អែកក៏គូរឲ្យខ្វែកមានពណ៌ក្រវេមក្រវាមតាមពេញចិត្ត ” ។
លុះដល់ពេលយប់ងងឹតសូន្យសុង ខ្វែកក៏ហៅក្អែកទាំងអស់មកប្រជុំគ្នា
ហើយលាយធ្យូងមួយខ្ទះធំ យកកំណាត់ជ្រលក់ លាប ៗ ពេញសព្វទាំងអស់
គ្មានសល់សាច់ត្រង់ណាបន្តិចបន្តួចឡើយ ។ លុះព្រឹកឡើងកាលណា
ក្អែកទាំងអស់ឃើញខ្លួនខ្មៅព្រីកគ្រប់ ៗ គ្នា ។ ឯខ្វែកគ្រាន់តែភ្លឺព្រាង
ៗ ក៏នាំគ្នាហើរគេចខ្លួនបាត់អស់ ។ ក្អែកនឹកខឹងណាស់
នាំគ្នាហើរស្រែកកងរំពងពាសពេញព្រៃ រកខ្វែក, ឲ្យតែជួបប្រទះនឹងចឹកសម្លាប់ឲ្យវិនាស ។
ហេតុនោះហើយ ទើបសត្វខ្វែករកស៊ីតែពេលយប់
ព្រោះបើរកស៊ីនៅពេលថ្ងៃនោះមុខជាពើបប្រទះនឹងសត្វក្អែកដែលជាសត្រូវយកជីវិតគ្នារបស់វា
ក្អែកនឹងព្រួតគ្នាចឹកសម្លាប់ចោលមិនខាន ។ លុះដល់ពេលថ្ងៃ
វានាំគ្នាពួនសម្ងំនៅក្នុងព្រៃបាត់អស់រហូត មកដល់សព្វថ្ងៃនេះ ។
រឿង ក្អែកនិងខ្វែកសត្រូវគ្នា
Reviewed by VannyDa
on
2:58 PM
Rating: