រឿង ក្របីស្រុក និងក្របីព្រៃ
ក្នុងអតីតសម័យ មានក្របីពីរ
មួយជាក្របីស្រុក មួយទៀតជាក្របីព្រៃ ។ សត្វទាំងពីរនេះស្រលាញ់គ្នាណាស់
ដេក នៅ ស៊ីចុកជាមួយគ្នាពុំដែលឃ្លាត ។
ទន្សាយដឹងថាក្របីទាំងពីរនេះស្រឡាញ់គ្នាដូច្នេះ ក៏រកឧបាយកល
ធ្វើឲ្យបែកចេញពីគ្នា ។ ថ្ងៃមួយ វាដើរចូលមករកសត្វក្របីទាំងពីរនោះ
ហើយនិយាយថា “ នែ ! បងក្របីទាំងពីរអើយ ចូរបងឯងកុំដេក-ដើរ-ស៊ីចុកជាមួយគ្នា
ប្រយ័ត្នតែមនុស្សអ្នកស្រុកគេឃើញ នឹងចាប់បងឯងទាំងពីរនាក់
យកទៅប្រើប្រាស់មិនខាន ” ។ ក្របីព្រៃឮទន្សាយនិយាយដូច្នេះ
ក៏ភ័យខ្លាចមានគ្រោះថ្នាក់ ដូចពាក្យទន្សាយមែន ។ ចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏នៅស៊ីចុកដទៃពីគ្នា
។ ក្នុងការនៅបែកគ្នានេះ
សត្វទាំងពីរក៏តែងតែនឹកអាល័យដល់គ្នានឹងគ្នារកទីបំផុតគ្មាន
ដោយធ្លាប់បាននៅរួមរក្សជាមួយគ្នាអស់កាលដ៏យូរ ។ លុះយូរ ៗ ទៅ
ក្របីទាំងពីរក៏ភ្លេចនឹកគ្នាទៅវិញទៅមក
ទន្សាយបានដឹងថាក្របីទាំងពីរបែកគ្នា លែងនឹកនាដល់គ្នានឹងគ្នាហើយ
ក៏ដើរទៅរកក្របីព្រៃនិយាយថា: “ នែក្របីព្រៃ ! ខ្ញុំបានលឺក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់
គេរកតែគូនឹងជល់ល្បងឫទ្ធិគ្នា ” ។ ក្របីព្រៃឮដូច្នោះ ខឹងណាស់និយាយថា
“ យើ ! បងទន្សាយ ក្រោមមេឃលើដីមានតែខ្ញុំទេ
ឥឡូវមានអាក្របីណាមកអួតក្អេងក្អាងថាខ្លួនវាខ្លាំងពូកែជាងខ្ញុំ
ចូរបងឯងទៅហៅវាមក យើងនឹងជល់ប្រឡងឫទ្ធិគ្នា ” ។
ទន្សាយក៏ទៅប្រាប់ក្របីស្រុកថា: “ នែបងក្របីស្រុក ! ក្របីព្រៃគេខឹងនឹងបងឯងណាស់
គេថាឲ្យបងឯងទៅជួប នឹងជល់ប្រឡងឫទ្ធិគ្នាម្ដង ឲ្យដឹងដៃ ” ។
ទន្សាយឡើងជិះលើខ្នងក្របីស្រុក ជូនដំណើរទៅឲ្យជួបនឹងក្របីព្រៃ ។
លុះទៅដល់ភ្លាម ក្របីព្រៃក៏ស្ទុះមកវ័ធក្របីស្រុកយ៉ាងសាហាវ ។
ក្របីទាំងពីរក៏ប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់
ក៏បែកចេញចាកគ្នា មួយនៅស្រុក មួយទៅនៅព្រៃទៅ
លែងជួបគ្នាតាំងពីនោះរហូតដល់សព្វថ្ងៃនេះ ។
រឿង ក្របីស្រុក និងក្របីព្រៃ
Reviewed by VannyDa
on
2:57 PM
Rating: