រឿង ក្រពើ និងអ្នករទេះ
មានសត្វក្រពើមួយអាស្រ័យនៅក្នុងបឹងធំ
លុះដល់រដូវប្រាំងទឹកបឹងនោះក៏រីងស្ងួតអស់ ក្រពើនោះនៅពុំបាន
ទើបវារឡើងលើគោក ដើរត្រេចរកទីមានទឹក ។
កាលនោះមានតាចាស់ម្នាក់ បររទេះមក
បានជួបនឹងក្រពើកំពុងវារនៅកណ្ដាលផ្លូវ ។
ឯក្រពើក៏សុំដោយសាររទេះតានោះ តាសួរថា “
ចៅឯងទៅណាដែរ ? ក្រពើប្រាប់ថា “ ខ្ញុំនេះរកទីអាស្រ័យគ្មានទេ
គឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះ ឥឡូវទឹករីងស្ងួតអស់ នឹងនៅតទៅពុំបាន
ទើបខ្ញុំខំស្វែងរកបឹង ស្ទឹង ទន្លេ ឯណាដែលមានទឹក នឹងអាស្រ័យនៅ
បើតាមេត្តាសូមនាំខ្ញុំទៅឲ្យបានដល់ទីណាដែលមានទឹក
ហើយដាក់ខ្ញុំត្រង់ទីនោះចុះ” ។ តានោះក៏ព្រម ទើបដោះគោចេញពីនឹម
ហើយលើកក្រពើឡើង ដាក់សណ្ដូកលើទូករទេះ
ហើយដោយក្រពើមិនទុកចិត្តខ្លួនក្រែងធ្លាក់ទើបប្រើឲ្យតានោះយកខ្សែមកចងខ្លួនភ្ជាប់នឹងទូករទេះ
តាក៏ធ្វើតាមពាក្យក្រពើ ស្រេចហើយតាក៏ទឹមគោបរចេញទៅ លុះដល់ទីបឹង ១
មានទឹកតាក៏បញ្ឈប់រទេះដោះគោចេញ ហើយស្រាយចំណងក្រពើ ប្រាប់ថា “
បឹងនេះមានទឹកគួរហើយ ចូរចៅលូនទៅនៅបឹងនេះចុះ”
ឯក្រពើជាសត្វអកតញ្ញូមិនដឹងគុណគេ
ថែមទាំងឃ្លានអាហារ ដោយអត់មកយូរថ្ងៃហើយ ក៏និយាយទៅ ថា “
តាឯងនេះចងយើងភ្ជាប់ នឹងទូករទេះ យើងបានសេចក្ដីទុក្ខវេទនាពន់ពេកណាស់
តាឯងត្រូវឲ្យគោយើង ១ ស៊ី ទើបតាឯងរួចទោស, បើមិនឲ្យគោដល់យើងទេ
ត្រូវយើងស៊ីតាឯងក្នុងពេលឥឡូវនេះ ” ។
តានោះលុះឮក្រពើពោលពាក្យដូច្នោះ
ក៏ភិតភ័យណាស់ ទើបស្ដីអង្វរថា “ នែក្រពើ ! ខ្ញុំឯងនេះមានគុណ
បានដឹកនាំបាឯងមកដល់ទីនេះ ឥឡូវបាចង់ស៊ីខ្ញុំវិញ
ការនេះខ្ញុំឯងឥតទោសសោះ មិនគួរអ្នកនឹងពិឃាដ បើដូច្នេះ
ខ្ញុំមិនសុខចិត្តទេ ចាំខ្ញុំទៅរកលោកចៅក្រម
ឲ្យលោកជួយវិនិច្ឆ័យរឿងយើងនេះសិន សឹមប្រតិបត្តិតាមទៅ ” ។ ក្រពើក៏ព្រមថា
“ អើតាឯងទៅរកចៅក្រមណាក៏ទៅឲ្យឆាប់ចុះ យើងចាំតាឯងនៅទីនេះ ” ។
តានោះបានចេកទុំ ១ ស្និត
ក៏កាន់ដើរទៅរកចៅក្រម ។ ទៅជួបនឹងសត្វទន្សាយគល់មួយ នៅលើដំបូក
ទន្សាយក្រឡេកឃើញតាកាន់ចេកដើរកាត់ព្រៃចូលមកក៏សួរទៅថា “ តាអើយតា
តាឯងមាននេត្រាជលជោរសោកសៅ តើមានទោសទុក្ខយ៉ាងណា ចូរមកនេះសិន ? ”
តាក៏និយាយរឿងខ្លួន
នឹងក្រពើដែលកើតហេតុនឹងគ្នាប្រាប់ទន្សាយនោះសព្វប្រការ ។
ទន្សាយបានស្ដាប់ដូច្នោះក៏ថា
“អើអាសត្វក្រពើនោះជាសត្វមិនដឹងគុណតាឯង បើដូច្នេះខ្ញុំនឹងទទួលធ្វើជាចៅក្រមជម្រះឲ្យ
តាកុំភ័យ ឲ្យតែចេកនេះមកខ្ញុំស៊ីសិន សឹមទៅជាមួយគ្នា ” ។
តានោះក៏ឲ្យចេក ១ ស្និតទៅទន្សាយ ៗ
បរិភោគចេកអស់ហើយក៏នាំគ្នាទៅកាន់ដំណាក់ដែលឈប់នោះ
ដល់ហើយទន្សាយនិយាយទៅថា “ ម៉េចចៅក្រពើ ចៅឯងវង្វេងផ្លូវព្រៃ
មិនដឹងជាទៅឯណាបានជាតាគាត់មេត្តាឲ្យដោយសារមកផង
ឥឡូវបានដល់ទីសមគួរនឹងអាស្រ័យនៅហើយ
ម្ដេចចៅគិតវេរឃ្នើសគុណគាត់នឹងស៊ីគាត់វិញដូច្នោះ
តើគាត់ធ្វើទុក្ខទោសអ្វីដល់ចៅឯង ?”។
ក្រពើក៏ឆ្លើយថា “ អើលោកសុភា តានេះគាត់ឲ្យខ្ញុំដោយ
សារមកនោះក៏មែន ប៉ុន្តែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់
គឺគាត់ចងខ្ញុំភ្ជាប់ទៅនឹងទូករទេះខ្លាំងពេក
រកតែរើខ្លួនដកដង្ហើមក៏ពុំបាន គាត់ធ្វើទុក្ខខ្ញុំយ៉ាងនេះ
បានជាខ្ញុំខឹង គាត់ត្រូវតែប្រគល់គោគាត់បានមួយ មកឲ្យខ្ញុំស៊ី
បើគាត់ពុំព្រមឲ្យគោនោះទេ ខ្ញុំត្រូវស៊ីគាត់វិញ ” ។
ទន្សាយឆ្លើយអនុលោមតាមថា “ អើតា ! តាឯងចងគេតឹងខ្លាំងហួស
បានជាគេខឹង ចុះតាឯងម្ដេចក៏ចងគ្នាតឹងខ្លាំងម្ល៉េះ
គ្នារកតែរើខ្លួនមិនបានរួច ដូច្នោះ តា ? ” ។
តានោះថា: ទេ ! ខ្ញុំបាទមិនបានចងតឹងទេលោក
ចងល្មមតែជាប់ពុំឲ្យធ្លាក់ប៉ុណ្ណេះឯង ។
ទន្សាយថា: “ អើ ! ខាងចោទក៏ថា ចងតឹងខ្លាំង ខាងចម្លើយថា
ចងល្មម ពាក្យអ្នកទាំង ២ នាក់នេះ សឹងពុំមានអ្នកណាជាកសិណទេ បើដូច្នោះ
ត្រូវចៅក្រពើឯង លូនឡើងមកលើទូករទេះវិញ ឲ្យតាគាត់ចងម្ដងទៀត
យើងនឹងមើលឲ្យដឹងថាតឹង ឬ ធូរ ទើបនឹងកាត់សេចក្ដីនេះឲ្យយុត្តិធម៌ទៅបាន
” ។
ឯក្រពើជាសត្វខ្លៅ
ក៏វារឡើងទៅក្រាបលើទូករទេះ ឲ្យតានោះចងដូចមុន
តាយកចំណងមកចងដូចមុនវិញ ទន្សាយសួរថា: ម្ដេចចៅកុម្ភា, តាគាត់ចងតឹងយ៉ាងនេះឬ ? ក្រពើឆ្លើយថា ! “ ទេ លោក ! កាលគាត់ចងខ្ញុំមុននោះតឹងលើសនេះខ្លាំងណាស់
បើចងប៉ុណ្ណេះ ខ្ញុំទៅខឹងអ្វីនឹងគាត់”។ ទន្សាយថា “អើ
ចូរតារឹតទ្វេឡើងទៀតឲ្យបានសុខចិត្ត ”។ តានោះក៏រឹតចំណងឡើងទៀត។
ទន្សាយសួរថា “ ម្ដេច ! ចៅកុម្ភា ម្ដងនេះតើតឹងដូចកាលជាន់មុននោះហើយ ឬនៅ ? ” ។ ក្រពើថា
“នៅ ! ពុំទាន់ស្មើចងមុននោះទេ ” ។ ទន្សាយបង្គាប់ថា “
តាឯងកាប់ឈើមកធ្វើជាកូនកំព្រារឹតម្ដងទៀតទៅ ” តានោះក៏ធ្វើតាម
ហើយតាំងត្របែងរឹតទាំងមុខទាំងក្រោយអស់ទំហំដៃ ។ ឯក្រពើនោះត្រូវគេត្របែងដោយកូនកំព្រាខ្លាំង
តឹងខ្លួនស្ទើរតែដកដង្ហើមចេញពុំបាន ទើបឆ្លើយថា “សូមទានកាលជាន់មុននោះ
គាត់ចងតឹងយ៉ាងនេះឯង, លោកអើយនរណាឡើយនឹងអត់បាន សូមលោកជាសាក្សីមើលចុះ
តើអ្នកឯណាខុសឯណាត្រូវ ” ។
ទន្សាយឃើញក្រពើរើខ្លួនពុំរួចហើយ
ទើបបង្គាប់តានោះថា “ តាចាំអ្វីទៀត
ពូថៅធំក្នុងរទេះនោះមិនយកមកពុះក្បាលវាទៅ ទុកឲ្យវារស់ធ្វើអ្វី
ខ្មោចអាសត្វអកតញ្ញូ ពុំដឹងគុណគេ ដែលធ្វើគុណខ្លួន ” ។
តាចាស់នោះបានឱកាសដោយទន្សាយប្រាប់ដូច្នោះ ក៏ស្ទុះទៅយកពូថៅធំមក
សំពងកាប់ក្រពើនោះ កាត់ជាកំណាត់តូចធំ
ក្រពើក៏លុះនូវក្ដីអន្តរាយជីវិតហោង ។
សុភាទន្សាយបង្គាប់ថា “កងកន្ទុយវានោះ
តាឯងឆ្អើរដាក់យកទៅស្ងោរពិសាឬញាំក៏បាន ឯពោះវៀនបត់ចន្ទាសវានោះ
ញាំភ្លាជាការប្រសើរណាស់តាអើយ ” ។
ឯតានោះ
ធ្វើតាមសុភាទន្សាយប្រាប់សព្វប្រការ
ហើយយកចេកត្រសក់ជូនទន្សាយដោយខ្លួនបានផុតអំពីអន្តរាយ
ស្រេចហើយយកគោមកទឹមរទេះ លាសុភាទន្សាយបរទៅកាន់ទីឋាននៃអាត្មាហោង ។
រឿង ក្រពើ និងអ្នករទេះ
Reviewed by VannyDa
on
2:57 PM
Rating: