រឿង ខ្លាស៊ីកូនតាពស់ព្រៃ
ក្នុងកាលកន្លងយូរអង្វែងទៅហើយ
មានបុរសម្នាក់ជាចាស់ព្រឹទ្ធាចារ្យឈ្មោះតាពស់ព្រៃ
គាត់ជាមនុស្សទីទ័លក្រ បានមកតាំងទីលំនៅ ធ្វើស្រែចម្ការ នៅក្បែរជើងភ្នំតែពីរនាក់ប្ដីប្រពន្ធ
។ លុះនៅយូរៗ ទៅបានកូនប្រុសម្នាក់
គាត់ចិញ្ចឹមបីបាច់តាំងពីតូចរហូតដល់បានអាយុ ១ឆ្នាំ
បានប្រកបដោយសេចក្ដីសុខដរាបរៀងមក ឥតដែលមានមោះហ្មងអ្វីឡើយ ។ ថ្ងៃមួយ
តាពស់ព្រៃនិងប្រពន្ធ កាលបើបញ្ចុកអាហារឲ្យកូនបរិភោគរួចក៏ផ្ដេកកូននោះនៅក្នុងរោងជាលំនៅរបស់គាត់
ដូចកាលសព្វដងរៀងមក មិនបានគិតក្រែងមានគ្រោះថ្នាក់ដល់កូនសោះទេ
ហើយយកដងរែកសង្រែក និងកណ្ដៀវចេញទៅតាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់
ចោលកូនឲ្យដេកនៅក្នុងរោងតែម្នាក់ឯង ។ ក្រោយពីតានិងយាយចេញផុតទៅ
មានខ្លាធំ ១ ដែលឋិតនៅក្នុងព្រៃជិតនោះ លបចូលទៅក្នុងរោង
ឃើញទារកដេកតែម្នាក់ឯង ក៏ពាំយកទារកនោះទៅស៊ីជាអាហារ ។ កុមារនោះ
ពុំបានស្រែកយំមួយង៉ាណាសោះ ដោយវានៅតូចដេកពុំដឹងខ្លួន ។
ឯតាពស់ព្រៃនិងយាយជាភរិយា ខំច្រូតស្រូវនៅក្រោមកម្ដៅព្រះអាទិត្យ
តាំងពីព្រឹកពុំហ៊ានឈប់សម្រាកសោះ ។ លុះថ្ងៃត្រង់
អត់ទ្រាំនឹងកម្ដៅព្រះអាទិត្យទៅទៀតពុំបាន ។
គាត់ក៏រៀបកណ្ដាប់ស្រូវដាក់ក្នុងសង្រែក និងចងជាទ្រនូល
ហើយតាពស់ព្រៃលើកអម្រែកដាក់លើស្មា ដើរតាមក្រោយយាយ ទូលកណ្ដាប់ស្រូវ
យាត្រារលះរលាំងសំដៅទៅកាន់ទីលំនៅរបស់ខ្លួន ។ ទៅដល់លំនៅហើយ
ក៏ដាក់អម្រែកនិងទ្រនូល
ក្រឡេកមើលទៅក្នុងរោងមិនឃើញកូនរបស់ខ្លួនដែលផ្ដេកនោះ
គាត់មានសេចក្ដីតក់ស្លុតញាប់ញ័រក្នុងចិត្តជាខ្លាំង ទាំងពីរនាក់ប្ដីប្រពន្ធគយគន់រំពៃ
ក្បែរៗកន្លែងកូនដេកនោះ ឃើញមានតែដានជើងខ្លាមួយយ៉ាងធំ
និងស្នាមឈាមស្រក់ តាំងពីកន្លែងកូនដេក រហូតដល់ព្រៃលំ ។
តាពស់ព្រៃនិងភរិយា បានដឹងច្បាស់ថា ខ្លាពាំយកកូនទៅស៊ីជាអាហារ
ហើយក៏យំសោកសង្រេងសង្រៃ អាល័យអាណិតអាសូរដល់កូនតូចដែលមិនដឹងអ្វី
តាំងពីកណ្ដាលថ្ងៃត្រង់ រហូតដល់ពេលយប់ ទើបតាពស់ព្រៃនិងភរិយា
ឈប់សោយសោក ហើយងាកមកពិចារណាថា :
បើយើងគិតតែយំសោកអាឡោះអាល័យ
បោកខ្លួនដូច្នេះតទៅទៀត ឃើញថា ឥតបានប្រយោជន៍អ្វីបន្តិចបន្តួចសោះ ដូច្នេះគួរគប្បីយើងយំស្រែក
ហើយគិតរកមធ្យោបាយដូចម្ដេចនឹងសម្លាប់ខ្លានេះឲ្យខាងតែបាន ។
លុះព្រឹកឡើង ក៏បានសម្រេចចិត្តថា
ត្រូវតែតាមរកសម្លាប់ខ្លាដែលស៊ីកូនខ្លួននោះ ឲ្យខាងតែបាន ។
ចាប់ដើមពីនោះមក រាល់ព្រឹកភរិយាក្រោកពីព្រលឹម រៀបចំម្ហូបអាហារ
បាយសំណុំទឹកបំពង់ និងបៀកស្លាដាក់ក្នុងសំពៀតជូនស្វាមីរៀងរាល់ថ្ងៃ
ដើម្បីដើរតាមរកសម្លាប់ខ្លាសាហាវដែលបានមកបំផ្លាញជីវិតកូននោះ ។
រីឯតាពស់ព្រៃ កាលប្រពន្ធរៀបចំបាយកញ្ចប់
ស្លា ដាក់សំពៀតរួចហើយ ក៏ធ្វើដំណើរចូលទៅក្នុងព្រៃ
ស្មាម្ខាងស្ពាយបាយនិងសំពៀតស្លា ស្មាម្ខាងទៀត លីពូថៅ
ដើរយ៉ាងអង់អាចចូលទៅក្នុងព្រៃភ្នំ
រុកតត្រុករកខ្លាតាំងពីជើងភ្នំរហូតដល់កំពូល មើលសព្វជ្រោះជ្រលង
រូងថ្មតូច-ធំ ឆ្លងព្រៃកាត់វាល ឆ្លងវាលចូលព្រៃ រៀងរាល់ថ្ងៃ ។ គាត់ដើរតាមរកខ្លានោះតាំងពីខែប្រាំងរហូតដល់ខែវស្សា
មានទឹកជំនន់ជន់លិចស្រែចម្ការលិចព្រៃព្រឹក្សាលតាវល្លិរហូតដល់ជើងភ្នំ
បណ្ដាលឲ្យសត្វទាំងឡាយ ដែលអាស្រ័យនៅក្នុងព្រៃនោះទាំងប៉ុន្មាន
ផ្អើលរត់ឡើងទៅពឹងពាក់អាស្រ័យនៅលើកំពូលភ្នំទាំងអស់
ដោយខ្លាចក្រែងទឹកជន់លង់ស្លាប់ ។ ថ្ងៃមួយតាពស់ព្រៃ ដើរទៅប្រទះនឹងខ្លា
ដែលខាំកូនរបស់គាត់នោះ
គាត់ក៏គិតថាពិតជាខ្លានេះហើយដែលចូលទៅខាំកូនអញស៊ី
ព្រោះដានជើងដែលអញបានឃើញ និងជើងខ្លានេះមានទំហំប៉ុនគ្នា
ហើយមិនឃើញមានខ្លាដទៃណាធំដូចខ្លានេះផង មានតែខ្លានេះហើយ
ជាមេហ្វូងធំជាងគេ បានជាហ៊ានចូលទៅខាំកូនអញស៊ីទាំងថ្ងៃដូច្នេះ ។
តាពស់ព្រៃគិតថា បើអញសម្លាប់ខ្លានេះដោយកម្លាំងបាយ មុខជាមិនឈ្នះវាទេ
គួរគប្បីអញប្រើគំនិតនិងប្រាជ្ញា ដើម្បីសម្លាប់ខ្លានេះ ទើបបាន ។
គិតស្រេចទើបតាពស់ព្រៃបញ្ចេញវាចាយ៉ាងខ្លាំង ៗ
ដើម្បីឲ្យឮទៅដល់ខ្លាថា: “វល្លិណាតូច ៗ ចងឆ្នាំងចងអំបែង វល្លិណាវែង ៗ
ចងកូនចងចៅ ចងញាតិសន្ដានព្យួរលើចុងឈើ ” ។ មាត់តែថា
ភ្នែកតែរំពៃមើលលើមើលក្រោម មើលឆ្វេង-មើលស្ដាំ, ដៃស្ដាំកាន់ពូថៅ
ដៃឆ្វេងទាញវល្លិ ធ្វើឫកពា ហាក់ដូចជាអ្នករកវល្លិមែន ៗ លុះទន្ទេញផ្ទួន ៗ
ឮទៅដល់ខ្លា ។ ខ្លាមានសេចក្ដីសង្ស័យក៏សួរទៅតាពស់ព្រៃថា: តា ៗ
បោចវល្លិយកទៅចងអី ? តាពស់ព្រៃប្រាប់ទៅខ្លាវិញថា: “ អញបោចវល្លិយកទៅ ចងឆ្នាំចងអំបែង
ចងកូនចងចៅ ចងញាតិសន្ដានរបស់អញ ព្យួរលើចុងឈើ ព្រោះនៅតែ ៧ ថ្ងៃទៀត
នឹងមានទឹកជំនន់ជន់លិចស្រែចម្ការ លិចព្រៃព្រឹក្សា លិចទាំងបព្វតា
ស្លាប់មនុស្សនឹងអាខ្លាឯងនេះអស់ហើយ ” ។ រីឯសត្វខ្លាឮតាពស់ព្រៃ
ប្រាប់ដូច្នោះ មានចិត្តភិតភ័យនឹងសេចក្ដីស្លាប់ពន់ពេក
ក៏និយាយសុំឲ្យតាចង ខ្លួនព្យួរទៅលើចុងឈើផង ។ តាពស់ព្រៃប្រកែកថា “
អញមិនរវល់ចងអាខ្លាឯងព្យួរលើចុងឈើទេ
ទុកឲ្យអាខ្លាឯងលង់ទឹកស្លាប់ទៅចុះ បើអាខ្លាឯងមិនជឿអញទេ
ឯងទៅឡើងលើថ្មដាណាដែលខ្ពស់ជាងគេ ហើយក្រឡេកមើលទៅជុំវិញភ្នំ
គង់នឹងឃើញទឹកដែលកំពុងជន់ច្រើនឡើងមិនខាន”។ខ្លាឮតាពស់ព្រៃប្រាប់ដូច្នោះ
ក៏ខំរត់ទៅរកថ្មដាដែលខ្ពស់ជាងគេលើកំពូលភ្នំ ហើយឈរមើលទៅជុំវិញភ្នំ
ឃើញទឹកល្ហល្ហាច ដូចតាពស់ព្រៃប្រាប់មែន ។ ខ្លាភ័យតក់ស្លុតខ្លាំងណាស់
រត់ចុះមករកតាពស់ព្រៃវិញ ហើយអង្វរតាហើយអង្វរទៀត
សុំឲ្យតាចងព្យួរខ្លួនទៅលើចុងឈើ តាពស់ព្រៃរឹតតែបានចិត្តហើយពោលថា:
“ អញព្រមចងអាខ្លាឯងដែរ តែអញចងតែវល្លិណាតូច ៗ
ឲ្យដាច់ធ្លាក់អាខ្លាឯងក្នុងទឹកស្លាប់ទៅចុះ” ។
ខ្លារឹតតែភ័យតក់ស្លុតខ្លាំងទៅទៀត អង្វរតាពស់ព្រៃទៀត មាត់តែអង្វរ
ជើងក៏លើកសំពះ ។ តាពស់ព្រៃមើលល្មមបានការហើយ ក៏ប្រាប់ខ្លាថា “
មិនអីទេ ចាំអញរកវល្លិយ៉ាងធំចងអាខ្លាឯង ” ។
ខ្លាឮដូច្នោះមានសេចក្ដីត្រេកអរជាទីបំផុត
តាពស់ព្រៃក៏បង្គាប់ឲ្យខ្លាដេកផ្ងារ ហើយយកវល្លិយ៉ាងធំមកចងជើងទាំង ៤
ផ្អោបគ្នា ហើយរ៉កព្យួរទៅនឹងចម្ពាមឈើ ដែលមានកម្ពស់ល្មមយារដំបងវាយបាន
។ លុះតាពស់ព្រៃចងខ្លាព្យួរស្រេចហើយ ក៏ចេញទៅរកកាប់ដំបង ១ យ៉ាងធំ
ដើម្បីយកមកសំពងខ្លា ដែលចងព្យួរនោះ ។
រីឯខ្លាកាលបើបានឃើញតាពស់ព្រៃទៅកាប់ឈើធ្វើជាដំបងធំយ៉ាងដូច្នោះ
ក៏មានសេចក្ដីសង្ស័យ ហើយសួរទៅតាពស់ព្រៃថា: តា ៗ ! កាប់ឈើមកធ្វើអីហ្នឹង
។ តាពស់ព្រៃប្រាប់ទៅខ្លាវិញថា: “អញកាប់ឈើ យកមកធ្វើជាដងរែករែកវល្លិយកទៅផ្ទះ”
លុះតាពស់ព្រៃ កាប់ឈើធ្វើជាដំបងរួចស្រេច
ក៏កាន់ដើរចូលទៅវាយសំពងអាខ្លា
តាំងពីថ្ងៃត្រង់រហូតដល់ព្រលប់បណ្ដាលឲ្យបាក់ឆ្អឹងជំនីរខ្លា
ដូចគេរួបទាំងសងខាង ដៃខំវាយសំពង មាត់ក៏ផ្ចាញ់ផ្ចាលថា: “ ពះអាខ្លា ! អាឯងខាំកូនអញទៀត
” ។ ខ្លាខំប្រឹងបម្រះ រើយ៉ាងណាក៏ពុំរួច វាយរួចតាពស់ព្រៃ
រកសំរាមនិងឈើងាប់ យកមកគរដុតពីខាងក្រោម បណ្ដាលឲ្យឆេះរោមខ្លា
និងរលាកស្បែកដុំ ៗ ហើយឆេះរហូតទៅដល់ខ្សែ
ដែលចងព្យួរនោះដាច់ធ្លាក់ខ្លាមកដល់ដី បម្រះរួច រត់ចូលព្រៃបាត់ទៅ ។
ចំណែកតាពស់ព្រៃ ក៏ត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ
បាននិយាយរ៉ាយរ៉ាប់ប្រាប់ប្រពន្ធគាត់ អំពីរឿងដែលគាត់បានវាយខ្លានោះ
សព្វគ្រប់ហើយ ក៏នៅជាសុខជាមួយនឹងប្រពន្ធគាត់រហូតអស់ជីវិតរៀងខ្លួន ។
មកពីមានរឿងដូចបានសម្ដែងមកនេះហើយ
បានជាខ្លាសព្វថ្ងៃ មានលក្ខណៈប្លែកពីសត្វទាំងពួង ៣ យ៉ាង
១- ឆ្អឹងជំនីរខ្លាកាលណាវាសំឡបទៅ
ឃើញរាងបាក់រួបចូលគ្នា
២- សត្វខ្លាសព្វថ្ងៃនេះវាបន់ក្នុង ១
ថ្ងៃ ៧ ដង កុំឲ្យជួបនឹងមនុស្សយើង ព្រោះវាខ្លាចមនុស្ស តាំងពីតាពស់ព្រៃចងវាសំពងមក
។
៣- ខ្លាមានសម្បុរវាក្រវេមក្រវាម
មកពីតាពស់ព្រៃដុតភ្លើងឆេះរោលនោះឯង ។
រឿង ខ្លាស៊ីកូនតាពស់ព្រៃ
Reviewed by VannyDa
on
2:57 PM
Rating: