រឿង ទន្សាយជាប់គូទនឹងគល់ត្រាច
ថ្ងៃមួយ ទន្សាយស្វែងរកចំណីអាហារ
បានប្រទះគល់ត្រាចមួយ ដែលគេទើបនឹងកាប់ថ្មី ៗ មានជ័រកកស្អិតតតាត់
ទន្សាយលោតផ្លោតអង្គុយពីលើជ័រ ជាប់គូទនិងជើងរើពុំរួច
នៅនឹងថ្កល់លើគល់ត្រាចនោះ ។ ជួនជាពេលនោះ មានកូនដំរីមួយ
វាដើរទៅរកផឹកទឹក នៅក្នុងត្រពាំងក្បែរគល់ត្រាចនោះ
ដែលជាកន្លែងវាធ្លាប់ផឹករៀងរាល់ថ្ងៃ ។ ទន្សាយមានប្រាជ្ញា
ក៏និយាយបន្លាចថា “នែ ! អាកូនដំរី ! កុំមកផឹកទឹករបស់អញ ទឹកនេះព្រះឥន្ទ្រលោកឲ្យអញមកចាំយាមទេ
”ឯកូនដំរីខ្លាចមិនហ៊ានផឹក ក៏ត្រឡប់ទៅប្រាប់មេវាថា “ម៉ែអើយ ! ខ្ញុំទៅផឹកទឹកត្រពាំងនោះ
ស្រាប់តែឃើញសត្វអីមួយអង្គុយលើគល់ឈើ វាដេញខ្ញុំមិនឲ្យផឹកទឹកអូរ
វាថាខ្លួនវាជាបម្រើរបស់ព្រះឥន្ទ្រ ខ្ញុំស្រេកទឹកណាស់ម៉ែ ! ” ។ មេដំរីឮកូនប្រាប់ដូច្នោះ
នឹកខឹងក៏នាំកូនត្រឡប់មកត្រពាំងទឹកវិញ ឃើញទន្សាយអង្គុយលើគល់ឈើ
ក៏ស្រែកគំរាមឡើងថា “យើ !
អាសត្វទន្សាយច្រមក់
ចិត្តអាក្រក់មកពីណាអង្គុយច្រងក់លើគល់ឈើនេះ ? ឯងមានអំណាចអីមកហាមប្រាម
មិនឲ្យកូនអញចុះផឹកទឹកនេះ អញជាន់អាឯងខ្ទេចក្បាលឥឡូវ”។
ទន្សាយឆ្លើយឡើងថា “យើ ! មីស្បោងធំ ហងឯងហ៊ានមកស្ដីឲ្យអញ ទឹកត្រពាំងនេះ
ព្រះឥន្ទ្រលោកប្រើអញឲ្យ មកចាំយាម បានជាអញហ៊ានហាម ” ។
ដំរីខឹងទន្សាយជេរដូច្នោះ ក៏ស្ទុះភ្លែតទៅបួងខ្លួនទន្សាយជាប់ ភើចចេញពីគល់ត្រាចប្រាថ្នានឹងបោកសម្លាប់
។ ទន្សាយភ័យណាស់ក៏ស្រែកថា “ បើហងឯងបោកអញសម្លាប់
កុំបោកទៅក្រោមអញមិនស្លាប់ទេ គ្រវែងទៅលើវិញ ទើបអញស្លាប់ ។
ដំរីខ្វះប្រាជ្ញា ឮទន្សាយថាដូច្នោះ ក៏គ្រវែងទន្សាយទៅលើ ។
ឯទន្សាយកាលបានធ្លាក់ដល់ដី ក៏បោលប្រូចចូលព្រៃបាត់ទៅ ។
រឿង ទន្សាយជាប់គូទនឹងគល់ត្រាច
Reviewed by VannyDa
on
2:56 PM
Rating: