រឿង ត្មាតបោកដំរីស
កាលពីព្រេងនាយ មានស្ដេចត្មាតមួយ
មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ។ យប់មួយស្ដេចត្មាតនោះ
ដេកទៅយល់សប្ដឃើញថា បានចាប់ស្ដេចដំរីស យកមកស៊ីជាអាហារ ។
លុះភ្ញាក់ឡើងក៏ប្រើពួកពល ឲ្យហើរទៅហៅស្ដេចដំរីស ។
ពួកសេនារេហ៍ពលក៏ហើរសំដៅទៅលំនៅនៃស្ដេចដំរីសនោះ
ដល់ហើយក៏ស្រែកហៅស្ដេចដំរីសថា “អឺបងដំរី!
ម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ ដោយម្ចាស់យើងយល់សប្ដថា
“បានស៊ីសាច់បងដំរីឯង” ។ ដំរីឮដូច្នោះ ក៏ភ័យញាប់ញ័រឥតឧបមា យំបណ្ដើរ
លាប្រពន្ធកូននិងពលសេនាបណ្ដើរ
ដើម្បីទៅតាមពលត្មាតតាមបញ្ជារបស់ស្ដេចត្មាត ។ លុះមកដល់កណ្ដាលផ្លូវ
បានជួបនឹងសុភាទន្សាយ ៗ ក៏សួរទៅស្ដេចដំរីថា “យើ ! បងដំរីទៅណាមកណា
ក៏រលះរលាំងថែមទាំងយំសស្រាក់យ៉ាងនេះ ? ដំរីឆ្លើយថា “ឱបងសុភាអើយ ! ស្ដេចត្មាតគេយល់សប្ដឃើញថា
គេបានស៊ីសាច់ខ្ញុំ ឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយ ” ។
ទន្សាយឆ្លើយថា “យី! បងដំរី រូបប៉ុនបងឯង ម្ដេចក៏សុខចិត្តទៅឲ្យអាសត្វត្មាតស៊ីទទេ
ៗ យ៉ាងនេះ ចាំខ្ញុំទៅជួយដោះទុកបងឯង ឲ្យរួចរស់បាន” ។
ស្ដេចដំរីបានឮទន្សាយថាដូច្នោះមានចិត្តត្រេកអរណាស់
ក៏ហៅទន្សាយឡើងជិះលើខ្នងខ្លួន ដើរសំដៅទៅលំនៅស្ដេចត្មាត ។
លុះឃើញដំរីមកដល់ហើយ ស្ដេចត្មាតញញឹមញញែម រួចនិយាយទៅថា “អឺ ! បងដំរីមកដល់ហើយ
យើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះ ព្រោះយើងយល់សប្ដឃើញថា
បានស៊ីសាច់បងឯង” ។
នៅពេលដែលដំរីជួបនឹងស្ដេចត្មាតនោះទន្សាយធ្វើពុតជាដេកលក់នៅលើខ្នងដំរី
។ ស្ដេចត្មាតក៏ស្រែកទៅកាន់ទន្សាយថា “នែ ! បងសុភា មកដេកអីលើខ្នងដំរីដូច្នេះ ? ចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះ
។ ទន្សាយឆ្លើយថា “ ឈប់ ៗ !
កុំអាលសិន !
បងនិយាយជាមួយដំរីដូចម្ដេចខ្លះ
អម្បាញ់មិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយដេកពេក ” ស្ដេចត្មាតឆ្លើយថា
"យើងយល់សប្ដឃើញថាស៊ីសាច់ដំរីស" ។ ទន្សាយថា " អឺ ! មែនហើយអម្បាញ់មិញ
ខ្ញុំដេកលក់មួយភាំង យល់សប្ដថា
"បានស្រឡាញ់ប្រពន្ធស្ដេចត្មាតឯង" ។ ស្ដេចត្មាតឆ្លើយថា "យើ ! បងសុភា ! យើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេ"
។ ទន្សាយថា "បើបងឯងមិនឲ្យ
ការយល់សប្ដរបស់បងត្មាតឯងក៏ឥតបានការអ្វីដែរ
ដំរីក៏ខ្ញុំមិនឲ្យបងត្មាតស៊ីដូចគ្នា" ។
ត្មាតក៏ខានបានស៊ីសាច់ដំរី ដោយចាញ់កលឧបាយសុភាទន្សាយ ។
ដំរីសក៏វិលទៅលំនៅខ្លួនវិញទៅ ។ ទន្សាយក៏បោលចូលព្រៃបាត់ដែរ ។
រឿង ត្មាតបោកដំរីស
Reviewed by VannyDa
on
2:56 PM
Rating: