រឿង ត្រពាំងប៉ង់តាទិប (ខេត្តព្រះវិហារ)
រឿងរ៉ាវផ្សេងៗ នៅក្នុងខេត្តថ្មីៗ
សុទ្ធសឹងតែជាគ្រឿងឆ្ងាញ់ពិសារបស់អ្នកស្ដាប់អ្នកអាន ព្រោះថា
នៅតាមខេត្តចាស់ៗ នោះ មានអ្នកស្រុកច្រើន ការទាក់ទងខាងគមនាគមន៍ក៏ច្រើន
ម្ល៉ោះហើយ រឿងព្រេងក្ដី ឬ កេរ្តិ៍ដំណែលអារ្យធម៌ចាស់ៗ ក្ដី
បានលេចឮសុសសព្វយូរណាស់មកហើយ ។ រីឯខេត្តថ្មីៗ វិញ
ដែលពុំសូវមានអ្នកស្រុកទៅ-មកទាក់ទងគ្នា រឿងរ៉ាវនៅទីនោះ
ក៏នៅជាអាថ៌កំបាំងនៅឡើយ ដូចយ៉ាងរឿងរ៉ាងក្នុងខេត្តព្រះវិហារជាដើម ។
ដោយឯកសារនៅស្ដួចស្ដើង យើងក៏ប្រមែប្រមូលព័ត៌មានដែលប្រមូលបានខ្លះៗ
មកហើយ មកអធិប្បាយជាមុន តាមរយៈអស់លោក-អ្នកដែលធ្លាប់បានទៅដល់
ហើយមានព្យាយាមស៊ើបសួរ សរសេរតែងផ្ញើមកក្រុមជំនុំយើង
ជាបែបទំនៀមរស់នៅរបស់អ្នកស្រុកខ្លះ, ជារឿងព្រេងខ្លះ ។ ដូចរឿងព្រេងមួយ
ដែលយើងលើកមកនិទាននៅពេលនេះ ជាសេចក្ដីរាយការណ៍របស់លោក ហ៊ុន-សាវី
ដែលលោកមានបេសកកម្មក្នុងកងពលខេមរភូមិន្ទ ទៅដល់ទីកន្លែងនោះ
បានសរសេរផ្ញើមកឲ្យក្រុមជំនុំយើង ជាសេចក្ដីរាយការណ៍ទាំងស្រុង
ពីដំណើររបស់លោកទៅកាន់ទីប្រជុំជន "ត្បែងមានជ័យ"
ដែលជាទីប្រជុំជនសម្រាប់ខេត្តព្រះវិហារ ។ ក្នុងសេចក្ដីរាយការណ៍នេះ
មានជាប់ទាំងរឿងព្រេងមួយ ទាក់ទងដោយភូមិស្រុក យើងក៏ស្រង់ត្រង់នេះ
មករៀបធ្វើរឿងព្រេងមួយ បញ្ចូលក្នុងសៀវភៅនេះឡើង ។
ត្រង់អន្លើនេះ លោក ហ៊ុន-សាវី សរសេរថា : ចេញពីសាលាស្រុកវៀងទៅ
បានប្រហែល ៣ គ.ម. មានផ្លូវបែកជាពីរ គឺខាងឆ្វេងទៅកំពង់ប្រណាក
(ទីប្រជុំជនក្រុងត្បែងមានជ័យ) ឯខាងស្ដាំទៅកំពង់ពុទ្រា, ទៅឆែប
(អតីតខេត្តម្លូព្រៃ) ។ បើយើងធ្វើដំណើរតពីនេះ មុននឹងចូលទៅកំពង់ប្រណាក
យើងឃើញអូរមួយដែលអ្នកស្រុកហៅថា អូរស្ដាយក្លង់2 ។ នៅក្បែរអូរនេះ
មានត្រពាំងមួយទៀតឈ្មោះ ត្រពាំងប៉ង់តាទិប3 ដែលមានរូបសំណាកថ្មមួយផ្ដេកនៅត្រង់ទីនោះ4
ដូចមានដំណាលរឿងដើមថា :
មានមន្ត្រីឃុំពីរនាក់ ម្នាក់ឈ្មោះតាទិប
ជាមេឃុំមេក្រុម ១ ផ្នែក ម្នាក់ទៀតឈ្មោះតាកែវ ជាមេឃុំមេក្រុម ១
ផ្នែកដែរ ។ មេឃុំទាំងពីរនាក់នេះ នៅក្រោមអាណាព្យាបាល នាយកឈ្មោះ ជូ-មឹង
ចៅហ្វាយខេត្តម្លូព្រៃ (ស្រុកឆែប បច្ចុប្បន្ននេះ) ។ អ្នកទាំងពីរនាក់
មានការទាស់ទែងខ្វែងគំនិតគ្នា ដណ្ដើមកូនឃុំគ្នា
ដោយអាងថាមានរាស្ត្រច្រើនតែសព្វខ្លួន រហូតដល់ទៅមានកើតកោលាហល
កេណ្ឌរាស្ត្រចូលប្រយុទ្ធច្បាំងកាប់សម្លាប់គ្នា យ៉ាងសម្បើមអស្ចារ្យ ជាហេតុបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងច្រើននៅទីសមរភូមិ
ដោយសារតែមេបះបោរទាំងពីរនាក់បង្កបង្កើតឡើង ។ រឿងនេះ
ដឹងដល់លោកប្រមុខខេត្តម្លូព្រៃភ្លាម, លោកក៏អញ្ជើញមក
បានកោះហៅមេបះបោរទាំងពីរនាក់នោះ មកជំនុំជម្រះកាត់សេចក្ដីឲ្យ
គឺលោកចែករាស្ត្រឲ្យបានស្មើៗ គ្នា តែមេបះបោរទាំងពីរនេះ ពុំសុខចិត្ត
ទាំងកូនឃុំ ក៏ពុំសុខចិត្តទៀត ។ រឿងនេះ
ធ្វើឲ្យលោកប្រមុខខេត្តខ្វល់យ៉ាងក្រៃលែង ។ ទើបក្រោយមក
លោកប្រើមធ្យោបាយផ្សេងទៀត ដោយបួងសួងព្រះឥន្ទ្រទិព្វចក្ខុ
ជាអ្នករកយុត្តិធម៌ឲ្យ គឺតម្រូវឲ្យផ្សងនឹងស្នា ។ បើមេឃុំទាំងពីរនេះ
ណាមួយ មានចិត្តទុច្ចរិតមិនស្មោះត្រង់ ល្មោភលោភលន់
ឲ្យត្រូវនឹងព្រួញស្នាស្លាប់ឲ្យបានប្រចក្សនឹងភ្នែក ។ កូនរាស្ត្រ និង
មេឃុំ ក៏សុខចិត្តទទួលព្រម ឲ្យតែបានឃើញនូវពន្លឺយុត្តិធម៌ ។
លុះព្រឹកឡើង ប្រមុខខេត្តម្លូព្រៃ
ក៏ចាប់ផ្ដើមធ្វើពិធីរកយុត្តិធម៌ ឲ្យមេបះបោរទាំងពីរ ។
លោកបានឲ្យឈរតាមក្រុម ឃុំក្រុមមេឃុំទិប ឈរ ១ ក្រុម, ក្រុមមេឃុំកែវ ១
ក្រុម, ក្បែរអូរមួយ
។ រីឯមេឃុំទាំងពីរ គឺលោកប្រមុខខេត្តបានឲ្យឈរចំកណ្ដាលក្រុម
ចំមុខស្នាទាំងពីរ ក៏មានព្រួញចុងស្រួចប្រកបដោយជ័រឆក់ ។
ស្នាទាំងពីរនេះ ១ ជារបស់មេឃុំកែវ ១ ទៀត ជារបស់មេឃុំទិប ។
លោកប្រមុខខេត្ត បានចាប់យឹតស្នាដោយខ្លួនឯង រួចដាក់ព្រួញ
ហើយតម្កល់លើជើងពានប្រាក់ពីរយ៉ាងធំ មានមុខតម្រង់ឆ្ពោះទៅចំកណ្ដាលដើមទ្រូងមេបះបោរទាំងពីរនេះ
។ បន្ទាប់មក លោកក៏លើកដៃប្រណម្យឡើង ចាប់ថ្លែងប្រកាសបួងសួង
សំបូងសង្រូងយ៉ាងខ្លាំងៗ ដូចតទៅ ៖ “នៅក្នុងពិធី
អរុណោទ័យរស្មីដ៏ពេញពន្លឺនេះ ក្នុងឋានៈខ្ញុំជាប្រមុខដែនដីម្លូព្រៃ
និងជាប្រមុខយុត្តិធម៌ ខ្ញុំសូមយាងព្រះឥន្ទភ្នែកទិព្វ ត្រចៀកទិព្វ
ដ៏មានឫទ្ធិអនេកអន័គ្ឃប្រត្យក្ស ប្រសិទ្ធិជ័យ ដល់ស្នាទាំងពីរនេះថា
បើតាកែវជាមេឃុំលោភ សុំឲ្យស្នាតាទិបឲ្យយុត្តិធម៌, ថាបើតាទិបជាមេឃុំល្មោភ
សុំឲ្យស្នាតាកែវឲ្យយុត្តិធម៌ ក្នុងកណ្ដាលរឿណរង្គនេះ
ដើម្បីឲ្យរាស្ត្របានជាក់ស្បាន់ទាន់ហន់ ក្នុងគ្រាឥឡូវនេះ
សូមឲ្យព្រះអង្គប្រទានយុត្តិធម៌" ។ គួរឲ្យអស្ចារ្យណាស់ ! គ្រាន់តែគ្រប់
៣ ដងភ្លាម កៃស្នា ក៏ថ្លោះផាំងដោយឯង ។ ព្រួញដ៏មុត
ក៏ស្ទុះទៅដោតចំទ្រូងតាទិប ដួលដេកនៅទីនោះភ្លាម ។ តែមុននឹងស្លាប់
តាទិបបានសារភាពចំពោះលោកប្រមុខខេត្តថា :គាត់ជាមនុស្សល្មោភ
ហើយថែមទាំងជាមនុស្សអយុត្តិធម៌ទៀតផង, កែវជាមនុស្សល្អ ស្មោះត្រង់នឹងដែនដី
មិនល្មោភ សូមព្រះតេជះព្រះគុណជាប្រមុខយុត្តិធម៌ ឆ្លាក់រូបខ្ញុំបាទមួយទុកជាកេរ្តិ៍ដំណែល
ដើម្បីបញ្ជាក់ ឲ្យឃើញច្បាស់ថាៈ “នេះហើយរូបតាទិប ជាមេឃុំល្មោភ
ត្រូវព្រួញយុត្តិធម៌" ថាហើយ ក៏ដាច់ខ្យល់ស្លាប់ក្នុងខណៈនោះភ្លាម ។
រីកងទ័ពខ្មោចមេឃុំល្មោភនេះ
គ្រាន់តែឃើញចៅហ្វាយខ្លួនស្លាប់ភ្លាម បះសក់ច្រូងរត់បាតជើងសព្រាត
គេចតែសព្វខ្លួន ខ្លាចព្រួញយុត្តិធម៌ពួយកណ្ដាលដើមទ្រូងទៀត រត់ចោលបាយ
ដែលដាំបម្រុងនឹងបរិភោគក្បែរអូរ ។ តាំងពីមានហេតុ ដូចពណ៌នានេះមក
ទើបបានជាសាសន៍ពីរ គេដាក់នាមអូរនេះថា "អូរស្ដាយក្លង់" ប្រែថា
"អូរស្ដាយបាយ" រហូតសព្វថ្ងៃ ។ ឯរូបសំណាកតាទិប
ត្រូវព្រួញចំកណ្ដាលទ្រូងនោះ ក៏មានរហូតមកដល់សព្វថ្ងៃនេះដែរ
ទុកជាសក្ខីភាពនៃរឿងនេះ ។ ហើយអ្នកស្រុក ក៏ហៅអូរនេះថា អូរប៉ង់តាទិប
រហូតមកដែរ ។
រឿង ត្រពាំងប៉ង់តាទិប (ខេត្តព្រះវិហារ)
Reviewed by VannyDa
on
2:55 PM
Rating: