រឿង ស្រះយក្ខឡោម (ខេត្តរតនគិរី)
នៅក្នុងតំបន់ឡាបានសៀក ឃុំឡាំងបាង
ស្រុកលំផាត់ ខេត្តរតនគិរី មានស្រះមួយធំ ទំនងជាអាងទឹកបុរាណ
ដែលសេសសល់មកពីលក្ខណៈភូមិសាស្ត្រ, ព្រោះស្រះនេះ នៅចំចន្លោះជ្រលងភ្នំ
ហើយមានសណ្ឋានមូលដូចបាតខ្ទះ ។ អ្នកដំណើរណា ដែលបានទៅដល់រតនគិរី
គេពុំអាចភ្លេចទៅលំហែ ឬ ទៅទស្សនាស្រះយក្ខឡោមឡើយ, សមបើសព្វថ្ងៃនេះ
នៅឡាបានសៀក មានការរៀបចំភូមិស្រុកល្អផង ដូចជាមានផ្សារផ្សោ មានវត្តអារាម
មានភូមិនិវេសនដ្ឋាន មានចម្ការកៅស៊ូរដ្ឋ ។ល។ ក៏រឹតតែបានជាទីជំនុំចំណោមធំដុំមួយឡើង
។
កាលបើទៅដល់ "ស្រះយក្ខឡោម"
គេតែងនឹករកដើមហេតុនៃឈ្មោះចម្លែកនេះភ្លាម ។ ការឆ្ងល់នេះ
ក៏នាំឲ្យសាកសួររកហេតុដើម ដែលមាននៅជាប់នឹងបែបនិទានរបស់អ្នកស្រុក
ជារឿងព្រេងប្លែកៗ គ្នា ដែលយើងលើកមកអធិប្បាយ ដូចតទៅនេះ ៖ ពាក្យថា
"យក្ខឡោម" គេអាចយល់បានដោយងាយថា "យក្ខវាព័ទ្ធ"
តាមពាក្យបរម្បរាតៗ គ្នាមក មានរឿងនិទានថា : តាំងពីយូរលង់មកហើយ
មានស្ដេចក្រុងយក្ខមួយ មានឫទ្ធិអំណាចខ្លាំងពូកែណាស់
ព្រះអង្គមានព្រះរាជបុត្រីមួយ ស្អាតលើសស្រីនានា, ទាំងសក់ទាំងរូបកាយរបស់នាង
តែងមានក្លិនក្រអូបជានិច្ចរៀងរាល់ថ្ងៃ
ទើបយក្សជាបិតាឲ្យនាមបុត្រីនោះថា : "នាងសក់ក្រអូប" ។
លុះដល់មានវ័យគ្រប់គ្រាប់កាលណា ក៏មានមនុស្សមួយរូប ខ្លាំងពូកែណាស់ដែរ
បានចូលទៅលបលួចលួងលោមស្នេហាជាមួយនាង ។ ទាំងពីរប្រាណ
ដោយភ័យខ្លាចស្ដេចយក្ខជាបិតាដឹង ក៏នាំគ្នារត់មកក្នុងព្រៃមួយ ។
ក្រោយមក ស្ដេចក្រុងយក្ខ ដឹងរឿងរ៉ាវនេះ
ក៏ផ្អើលឆោឡោ ស្រែកឡូឡា កេណ្ឌពលយក្ខជាបរិវារ
ហោះហើរតាមរកកូនសំឡាញ់ខ្លួន ដល់មកត្រង់កន្លែងព្រៃស្ដុកនេះ ក៏មានសេចក្ដីសង្ស័យថា
ប្រហែលជាបុត្រីខ្លួននៅទីនេះ ទើបបញ្ជាឲ្យយក្ខជាកូនចៅ
យាមល្បាតព័ទ្ធព្រៃនោះយ៉ាងមាំ ហើយឲ្យយក្ខ ១ ក្រុមទៀត
ដកព្រៃព្រឹក្សាគ្រវែងចោល ហើយនាគ្នាជីកកកាយរកនាង
តែទោះបីជីកយ៉ាងណាក៏រកពុំឃើញ ទើបស្ដេចក្រុងយក្ខ
នាំបរិវារត្រឡប់ទៅនគរដើមវិញ ។ អាស្រ័យហេតុពួកយក្ខ
កកាយរកនាងសក់ក្រអូបនេះ ទើបមាននៅសល់ជាស្រះមួយនៅរតនគិរី ហៅថា
"ស្រះយក្ខឡោម" រហូតដល់សព្វថ្ងៃ ។
ស្រះយក្ខឡោម ជាស្រះមួយមានទឹកថ្លាឈ្វេង
ដែលមានជម្រៅជាង ៧០ ម. បារដូវប្រាំង, មានបណ្ដោយ និង ទទឹងប្រហែល ១ គ.ម.
រាងរង្វះមូលស្មើ ។ នៅមាត់ស្រះ មានដើមមាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់
ភ្ញៀវ ដុះនៅពាសពេញក្បែរមាត់ស្រះ គួរឲ្យទស្សនា ។ នៅជុំវិញស្រះនេះ
កងខេមរភូមិន្ទយើង ទើបនឹងបានស្ថាបនាផ្លូវថ្នល់ដ៏វិចិត្រ បើករថយន្តបានដោយស្រួល
។ មានព្រះរាជដំណាក់, ភោជនីយដ្ឋានតូចៗ សម្រាប់ទទួលភ្ញៀវ ។ សព្វថ្ងៃ កងខេមរភូមិន្ទ
បានចាត់ចែងស្ថាបនាដំណាក់ថ្មីមួយទៀតដោយបេតុង គឺស្ថាបនាក្នុងឆ្នាំ ១៩៦៥
។ នៅក្នុងស្រះ មានមច្ឆជាតិតូចធំហិចហែលទាំងហ្វូងៗ ។ លោក-អ្នកទៅទស្សនាអាចដើរព័ទ្ធជុំវិញស្រះបាន
ដោយមានផ្លូវថ្នល់វង់ជុំវិញ ។
តាមសេចក្ដីនិទានមួយបែបទៀត
មានន័យជ្រលិះគ្នាដែរ គឺថា ៖ មានទ័ពយក្ខដេញតាមចាប់បុត្រីយក្ខ
ដូចរឿងខាងលើនេះដែរ ប្លែកតែខាងចុងថា កាលទ័ពយក្ខ ឡោមព័ទ្ធជុំវិញភ្នំ
ដែលនាងនេះនៅពួនជ្រកនោះហើយ នាងក៏យល់ថាគ្មានផ្លូវណាឲ្យគេចរួច
ទើបនាងអធិដ្ឋានសុំឲ្យនាងលិចបាត់ទៅក្នុងដី ពេលនោះ
ព្រះធរណីក៏ស្រុតនាំទាំងនាងស្រីនោះទៅផង ។
ត្រង់កន្លែងព្រះធរណីស្រុតនោះហើយ ដែលក្លាយទៅជាស្រះទឹក
ដែលហៅថាយក្ខឡោម ។
តាមរឿងដំណាលមួយទៀត, មានសេចក្ដីផ្សេងពីនេះច្រើន
ទំនងជារឿងពិតរបស់ភូមិស្រុកផង មានសេចក្ដីថា ៖ ពាក្យ "យាក់ឡោម"
ត្រូវសរសេរដូច្នេះទៅវិញ, ព្រោះថា មកពីដើមហេតុពាក្យ យាក់ ក្លាយមកពី "យ៉ាក់"
ភាសាអ្នកស្រុកនោះបុរាណ ប្រែថា មេ នាយ, ឯឡោមជាឈ្មោះមនុស្ស, ដូច្នេះ
បានសេចក្ដីថា មាននាយក្រុមម្នាក់ឈ្មោះឡោម
ជាអ្នកត្រួតត្រានៅភូមិភាគខាងជួរភ្នំនោះ ម្ល៉ោះហើយអ្នកផង
ក៏សន្មតហៅឈ្មោះទីកន្លែងនោះឯង តាមនាម និង ងារសក្ដិ អ្នកត្រួតត្រានោះទៅ
។
រីឯស្ថានភាពកន្លែង ដែលប្រាកដតាមការសង្កេតទៅវិញ
អ្នកស្រាវជ្រាវយល់ថា ទីស្រះនេះឯង ជារន្ធភ្នំភ្លើងកាលពីសម័យបុរាណ
ហើយផុតរលត់ទៅ នៅសល់តែស្នាមដាន, ហេតុនេះ បានជាមានស្រះនោះ ជ្រៅដល់ទៅជម្រៅ
៧០-៨០ ម៉ែត្រ ហើយមានរង្វះមាត់មូលដូចថាសព័ទ្ធជុំវិញសុទ្ធតែភ្នំ
ហើយដែលសព្វថ្ងៃ ទៅជារមណីយដ្ឋានមួយយ៉ាងប្រសើរ
សម្រាប់អ្នកទៅទស្សនាទីតំបន់នោះ ។
រឿង ស្រះយក្ខឡោម (ខេត្តរតនគិរី)
Reviewed by VannyDa
on
2:55 PM
Rating: