រឿង ប្រាសាទនៅឃុំស្វាយអង្គ (ខេត្តស្វាយរៀង)
នៅក្នុងឃុំស្វាយអង្គ ស្រុកស្វាយរៀង
ខេត្តស្វាយរៀង នៅចម្ងាយ ប្រមាណជា ១០ គ.ម. អំពីថ្នល់ជាតិលេខ ១
(គឺថ្នល់ពីភ្នំពេញទៅស្វាយរៀង) មានទួលមួយខ្ពស់ មិនដែលលិចទឹកទេ ។
អ្នកស្រុកជំនាន់មុនៗ មក បានសន្មតឈ្មោះហៅថា "ទួលស្វាយអង្គ" ។
ទួលនេះហើយ ដែលជាគោលសន្មតនាមនៃឈ្មោះឃុំនេះ ។ នៅលើទួលនេះ
មានកំពែងនឹងប្រាសាទថ្មបុរាណមួយ មានសណ្ឋានជាព្រះវិហារ មានក្បាច់ចម្លាក់
របៀបរចនាបុរាណ គួរឲ្យចាប់អារម្មណ៍ ដែលគេតាក់តែងឡើងដោយឥដ្ឋខ្លះ
ដោយថ្មបាយក្រៀមខ្លះ មានបណ្ដោយប្រមាណជា ៨៣ ម. ទទឹង ៤៦ ម. ។ សព្វថ្ងៃ
ប្រាសាទនេះ បាក់បែកអស់ទៅហើយ នៅមានសល់តែកម្ទេចឥដ្ឋ ថ្ម និង ភាពសណ្ឋានខ្លះតែប៉ុណ្ណោះ
។ នៅចំកណ្ដាលទួលនោះ មានដើមជ្រៃមួយដើមធំ និង ខាងមុខប្រាសាទបាក់បែកនេះ
គេឃើញមានអង្គ (លិង្គព្រះឥសូរ ឬ សិវលិង្គ) ។
អ្នកផងធ្វើដំណើរទៅកាន់បុរាណដ្ឋាននេះ បានស្រួលងាយតែនៅរដូវរំហើយ
គឺរដូវដែលអស់ភ្លៀង ទៅបានតែផ្លូវជើង និង ផ្លូវលំប៉ុណ្ណោះ ។
ឯរឿងព្រេងដែលទាក់ទងដោយនាម
"ស្វាយអង្គ" មានដូចតទៅ ៖ មានសេចក្ដីដំណាលថា : កាលពីរាជធានីនៅលង្វែក
មានបុរសម្នាក់ឈ្មោះ "សំរិទ្ធ" ជាអ្នកខ្លាំងពូកែអង់អាចណាស់
មានទីលំនៅលើទួលនេះ ។ កាលដែលស្រុកកើតចម្បាំងជាមួយនឹងសៀម, ព្រះរាជា
ក៏ទ្រង់អំពាវនាវ ដល់អាណាប្រជានុរាស្ត្រគ្រប់ខេត្តខណ្ឌ
បើនរណាខ្លាំងពូកែអង់អាចនោះ សូមឲ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព
ដើម្បីបង្ក្រាបខ្លាំងសៀម ដែលចូលមករាតត្បាតអាណាខេត្តខ្មែរ
ឯតំបន់ប្រទល់ដែន គ្រងខេត្តបាត់ដំបង និង សៀមរាប ។ បុរសសំរិទ្ធ
ក៏ស្ម័គ្រចិត្តចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនេះ ។
គាត់បានប្រុងប្រៀបរៀបចំខ្លួន និង ប្រដាប់ប្រដា មានគ្រឿងសស្ត្រាវុធ និង
អាវតេជះជាដើម រួចស្រេច
លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយដំណើរថ្មើរជើងទទេ
។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព
ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ ។
ឯលោកមេទ័ពខ្មែរ
កាលបានពលរេហ៍គ្រប់គ្រាន់ល្មមហើយ ក៏តាំងបុរសសំរិទ្ធជាទ័ពធំ
ឲ្យលើកព្យុហយាត្រាទៅបាត់ដំបង ដើម្បីកម្ចាត់ពួកសត្រូវ ។ លុះទៅដល់សមរភូមិ
បុរសសំរិទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យ
រត់ខ្ចាត់ខ្ចាយអស់ ។ ដោយឫទ្ធិតេជះរបស់បុរសសំរិទ្ធ ទ័ពសៀម
ក៏បាក់បបខ្លបខ្លាច
លែងហ៊ានចូលមករុករានរាតត្បាតទឹកដីខ្មែរតទៅទៀតស្រុកក៏បានសានត្រាណ ។
បុរសសំរិទ្ធក៏លើកទ័ព ត្រឡប់មកកាន់រាជធានីលង្វែកវិញ
ហើយបានទូលព្រះរាជា តាមដំណើរដែលខ្លួនមានជ័យជម្នះលើទ័ពសៀម
ហើយសុំព្រះរាជានុញ្ញាតក្រាបបង្គំទូល ត្រឡប់ទៅស្រុកកំណើតវិញ ។ ព្រះរាជា
ទ្រង់ព្រះរាជានុញ្ញាតតាមសុំ ។ បុរសសំរិទ្ធ បានធ្វើដំណើរត្រឡប់
ឆ្ពោះទៅស្វាយរៀងវិញ,មកដល់ភូមិដូនពេញ ក៏ឈប់សម្រាកនៅទីនោះ ១ យប់
ទើបធ្វើដំណើរតទៅទៀត, ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល ។
លុះស្រាយទៅ ទើបដឹងថា សំពាយនេះ មិនមែនជាបង្វេចរបស់គាត់ទេ នៅក្នុងបង្វេចនេះ
ឃើញមានតែសំពត់ ១ និង ផ្លែស្វាយ ២-៣ ប៉ុណ្ណោះ ។ គាត់ក៏ដឹងថា
បង្វេចនេះច្រឡំគ្នា ក្នុងពេលដែលមកពីច្បាំង
ហើយឈប់សម្រាកនៅអង្គរនោះហើយ ព្រោះពេលនោះ មានការច្រឡូកច្រឡំខ្លះ
ហើយផ្លែស្វាយនេះទៀត ក៏ជាស្វាយដែលបានពីអង្គរដែរ ។ បុរសសំរិទ្ធ
ក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ត ។ កាលបានទៅដល់ហើយ
ប្រពន្ធគាត់យកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់
ទៅកប់ដាំនៅជាយរបង, មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កា-ផ្លែ
ជាហូរហែរៀងមក ។ ស្វាយនេះ អ្នកស្រុកនាំគ្នាហៅថា "ស្វាយអង្គរ"
ព្រោះជាពូជស្វាយបានមកពីអង្គរ, ប៉ុន្តែតៗ មក ពាក្យ "អង្គរ"
ហៅកាត់ខ្លីមកនៅត្រឹមតែ "អង្គ" បានជាជាប់ពាក្យថា : "ស្វាយអង្គ"
ដល់សព្វថ្ងៃ ។
ខាងក្រោយមក បុរសសំរិទ្ធ និង ភរិយា
ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់ ។ កូនចៅនេះ ខ្លះក៏ទៅនៅឯណោះ
ខ្លះក៏ទៅនៅឯណេះ បែកគ្នាទៅតាមប្ដី តាមប្រពន្ធ, លុះយូរៗ ទៅ
ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ ។
អ្នកស្រុកក៏នាំគ្នាសាងជាអារាមមួយឡើង ដាក់នាមថា
"វត្តស្វាយអង្គ" ដោយមានលោកគ្រូចៅអធិការជាអ្នកគ្រប់គ្រង
ព្រមទាំងមានភិក្ខុ-សាមណេរគង់នៅជាច្រើន ។ កន្លងមកទៀត
ដោយមានការទទើសទទែងពីវត្តផង,
មានសត្វស្លាបផ្សេងៗ ទុំនៅលើដើមស្វាយនោះ
នាំឲ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈខ្លះផង លោកគ្រូចៅអធិការ
ក៏ឲ្យភិក្ខុ-សាមណេរ កាប់រំលំដើមស្វាយនោះ តែដោយឫទ្ធិដើមស្វាយធំនោះ
ភិក្ខុ-សាមណេរកាប់ ១ ថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាន
នឹងកាប់ក្នុងថ្ងៃខាងមុខទៀត,
លុះព្រឹកឡើង
ស្រាប់តែស្នាមកាប់ទាំងប៉ុន្មានដែលបានកាប់ខ្លះទៅហើយនោះ ក៏ដុះសាច់ដុះសំបក
គ្របជិតដូចដើមវិញ ។ គួរអស្ចារ្យណាស់, លោកគ្រូ ក៏ឲ្យលោកភិក្ខុ-សាមណេរកាប់ទៀត ។
កាប់មួយថ្ងៃទល់ល្ងាច ដោយខំយ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម, លុះព្រឹកឡើងឃើញដុះសាច់ដុះសំបកដូចដើមដដែលទៀត
។ លោកគ្រូចង់ទាល់គំនិត ។
ថ្ងៃមួយ, លោកបានឲ្យភិក្ខុ-សាមណេរយ៉ាងច្រើន
ដោយមានពូថៅ និង ដឹងគ្រប់ដៃ ហើយលោកប្រាប់ថា
នាំគ្នាកាប់ឲ្យរលំក្នុងថ្ងៃនេះឲ្យហើយស្រេចតែម្ដង ។ ដើមស្វាយ
ទ្រាំមិនបាននឹងពូថៅ-ដឹងច្រើនពេក ក៏រលំ ។ រលំហើយ
ស្លឹកវាក៏មិនស្រពាប់ស្រពោនទៀត បែរជាដុះមែកបែកខ្នែងចេញផ្លែផ្កា
ដូចធម្មតា ។ នៅពេលយប់
គេឮសូរតែសព្ទភ្លេងពិណពាទ្យប្រគំយ៉ាងលន្លង់លន្លោច
ធ្វើឲ្យអ្នកស្រុកស្ងើចអស្ចារ្យ, មិនយូរប៉ុន្មានគ្រូចៅអធិការ
ក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេងអស់ ។
ចំណែកភិក្ខុ-សាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ
ក៏រត់ចោលអារាមនោះអស់ទៅ ។ ឧបាសក-សិកា ក៏បាននាំគ្នាទៅកសាងវត្តថ្មីទៀត
នៅចម្ងាយប្រមាណ ១ គ.ម. អំពីវត្តស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃ
គេឲ្យឈ្មោះថា "វត្តស្វាយផ្អែម" វិញ ។ ឯកន្លែងវត្តចាស់នោះ
សព្វថ្ងៃ នៅមានដើមស្វាយជំនាន់ក្រោយៗ មក និង មានដើមឈើទាល
ព្រមទាំងកូនឈើឯទៀតៗ ជាច្រើន ដុះ ។
រឿងរ៉ាវទាំងនេះហើយ
ជាប្រភពនៃបុរាណដ្ឋាននេះ តាមបែបរឿងព្រេង ។ តែបើសង្កេត
តាមប្រវត្តិទីកន្លែងផ្ទាល់ទៅវិញ ឃើញថាពាក្យ "អង្គ" នេះ
ពុំសមក្លាយមកពីពាក្យ "អង្គរ" ទេ
គឺមកពីទីនេះជាសរណដ្ឋានបុរាណខាងសាសនាព្រាហ្មណ៍ ដោយមានកសាងជាសិវលិង្គ
តម្កល់ធ្វើជាវត្ថុសក្ការក្នុងគ្រានោះ ។ សិវលិង្គនេះហើយ
ដែលអ្នកស្រុកហៅថា "អង្គ" បានជាក្រោយៗ មក គ្រាដែលយើងត្រឡប់មកពីគោរពព្រះពុទ្ធសាសនាវិញ
ទីសក្ការរបស់លទ្ធិព្រាហ្មណ៍ទាំងអម្បាលនេះ
ក៏ត្រូវគេផ្លាស់ប្ដូរជាអារាមពុទ្ធសាសនាទៅវិញ
តែនៅសល់ជាប់ឈ្មោះទីនោះៗ ថា "អង្គៗ" រហូតមកដូចនេះដែរ
ដូចជាអង្គប្រាសាទ, អង្គប្រិយ, អង្គស្នួល ។ល។
រឿង ប្រាសាទនៅឃុំស្វាយអង្គ (ខេត្តស្វាយរៀង)
Reviewed by VannyDa
on
2:54 PM
Rating: