រឿង បឹងត្របែក (សង្កាត់លេខ ៥ ក្រុងភ្នំពេញ)
ឈ្មោះភូមិផ្សេងៗ នៅក្នុងក្រុងភ្នំពេញ
សុទ្ធសឹងតែមានប្រវត្តិដើមកំណើត ច្រើនបែបច្រើនយ៉ាងណាស់, ប៉ុន្តែដែលសំខាន់
គឺត្រង់រឿងណាទាក់ទងនឹងប្រវត្តិសាស្ត្រផង ជាបែបនិទានពីរោះស្ដាប់ផង ។
យើងលើកយកមកចុះផ្សាយក្នុងទីនេះ តែរឿងណាដែលមានលំដាប់រឿងវែងឆ្ងាយ, ឯរឿងខ្លីៗ
បន្តិចបន្តួច ពុំបានលើកយកមកអធិប្បាយទេ ។ រឿងបឹងត្របែកនេះ
មានប្រាកដនៅក្នុងសៀវភៅព្រះរាជពង្សាវតារច្បាប់សរសេរដៃ
តម្កល់នៅពុទ្ធសាសនបណ្ឌិត្យសព្វថ្ងៃ ដែលយកមកលំនាំរឿងបាន ដូចតទៅ ៖
តាមសព្ទនៃពាក្យខាងលើនេះ មិនមែនជាពិបាកយល់ទេ តែនៅមានបញ្ហាខ្លះ
ដែលអ្នកអានគួរជ្រាប គួរចាំជាប្រវត្តិ ។ អាស្រ័យហេតុនេះ
បានជាយើងស្រាវជ្រាវ រកពង្សាវតារនៃបឹងត្របែក មកអធិប្បាយជូន ។
តើហេតុអ្វី បានជាគេហៅថា "បឹងត្របែក" តាមរូបសព្ទនេះ
គេអាចយល់បានភ្លាម តែត្រង់ខុស ឬត្រូវតាមប្រវត្តិនោះ យើងមិនទាន់ដឹងទេ
បើយើងបំបែកសព្ទនេះទៅ បានន័យថា "បឹងដែលមានដើមត្របែក ហៅថា
បឹងត្របែក" តើឈ្មោះនេះ ពិតដូច្នេះមែនឬទេ ? ។ រឿងនេះ
ខ្ញុំសូមនាំយក ប្រវត្តិមកនិទានជូនដូចតទៅ ៖ ព្រះបាទជ័យជេដ្ឋា
(ព្រះអង្គសូរ) ព.ស. ២២១៩ គង់នៅឧត្ដុង្គឮជ័យ បានសាងវាំង ១ ទៀត
នៅទួលឪជ្រឹង ស្រុកសំរោងទងសព្វថ្ងៃ
ព្រះអង្គរើព្រះរាជវាំងពីឧត្ដុង្គឮជ័យ មកគង់នៅព្រះរាជវាំងទួលឪជ្រឹង
ទុកព្រះមាតា គឺសម្ដេចព្រះទាវ ឲ្យគង់នៅឯឧត្ដុង្គឮជ័យ ។
ឯសម្ដេចព្រះបទុមរាជាមហាឧបរាជ ទ្រង់ជ្រាបព័ត៌មាននេះហើយ
ក៏មានព្រះទ័យត្រេកអរជាពន់ពេក ហើយប្រឹក្សាជាមួយអុងយួន
រួចលើកទ័ពខ្មែរ-យួនទៅលុកវាំង ឧត្ដុង្គឮជ័យ
ហើយចាប់យកសម្ដេចព្រះទាវជាព្រះវររាជមាតានៃព្រះជ័យជេដ្ឋា និង នាងអាំ
ជាសាវឡិក នាំយកទៅនៅបន្ទាយជ្រោយចង្វា ។
ព្រះជ័យជេដ្ឋា ដែលគង់នៅវាំងទួលឪជ្រឹង
កាលបើទ្រង់ជ្រាបការណ៍នេះហើយ
ទ្រង់ព្រះកន្សែងសោយសោកអាឡោះអាល័យពីការនិរាសព្រាត់ព្រះវរមាតា ។
ព្រះអង្គរើព្រះរាជដំណាក់ពីព្រះរាជវាំងទួលឪជ្រឹង
ទៅគង់ឧត្ដុង្គឮជ័យវិញ ។ ព្រះអង្គទ្រង់បានប្រឹក្សាជាមួយសេនាបតី
នាម៉ឺនសព្វមុខមន្ត្រី ឲ្យប្រមូលទ័ពទៅច្បាំងជាមួយទ័ពខ្មែរ-យួន
ដែលនៅជ្រោយចង្វា ដើម្បីដណ្ដើមយកព្រះវររាជមាតាមកវិញ ។
មន្ត្រីក៏ប្រមូលទ័ពបានគ្រប់ចំនួនហើយ ព្រះអង្គទ្រង់ព្រះចិន្ដាថា
លើកទ័ពទៅវាយទ័ពយួន ដែលមានព្រះវររាជមាតានៅជាមួយផងមិនស្រួលទេ ។
គិតដូច្នេះ ព្រះអង្គទ្រង់កែព្រះរាជមធ្យោបាយ ។ ព្រះអង្គ
ទ្រង់ប្រឹក្សាជាមួយ ពញាមន្ត្រីសង្គ្រាមសួស្តិ៍ ដើម្បីទៅយកព្រះវររាជមាតា
។ ចៅពញាមន្ត្រីសង្គ្រាមសួស្តិ៍ ថ្វាយព្រះរាជយោបល់ថា
មានតែប្អូនទូលព្រះបង្គំ ឈ្មោះពញាភក្ដីសង្គ្រាមហុកទេ ដែលមានថ្វីដៃ
អាចទៅយកព្រះវររាជមាតាព្រះអង្គបាន ។
ចៅពញាភក្ដីសង្គ្រាមហុក
ទទួលព្រះរាជបញ្ជាហើយ ក៏សន្យានឹងព្រះជ័យជេដ្ឋាថា តែ ៧ ថ្ងៃ
នឹងធ្វើការនេះឲ្យបានសម្រេច ហើយសូមព្រះអង្គឲ្យទ័ពទៅចាំទទួល ។
ចៅពញាសង្គ្រាមហុក សុំយកទាសាជំនិតម្នាក់ ឈ្មោះគោ និងសុនខមួយ
ឈ្មោះអាស្រគំ ទៅជាមួយ ។ ចៅពញាភក្ដីសង្គ្រាមហុក
ធ្វើដំណើរទៅដល់ភ្នំពេញហើយ ទៅសំណាក់ក្នុងវត្តស្រកាលេញ
រួចដើរស៊ើបយកការណ៍ រហូតដល់បានព័ត៌មានថា ទ័ពយួន
ទុកសម្ដេចព្រះទាវក្នុងទូកនៅឯជ្រោយចង្វា ។ នៅវេលាយប់ស្ងាត់
មេឃងងឹតរកកល់ចង់ភ្លៀងផង ចៅពញាភក្ដីសង្គ្រាម យកទៀនធូបភ្ញីផ្កាខ្លះ
លបចូលទៅក្នុងព្រះវិហារវត្តស្រកាលេញ ហើយតាំងអធិដ្ឋានថា : ខ្ញុំព្រះអង្គនេះ
មានចិត្តកតញ្ញូនឹងព្រះបាទជាអម្ចាស់ ស៊ូលះជីវិតមិនគិតស្លាប់
ទទួលអាសាមកអញ្ជើញសម្ដេចព្រះទាវជាព្រះវររាជមាតា ពីកណ្ដាប់ដៃនៃសត្រូវ
បើសម្ដេចព្រះជ័យជេដ្ឋាជាអម្ចាស់ខ្ញុំ ស្ដេចបានសោយរាជ្យសម្បត្តិ
ក្នុងក្រុងកម្ពុជាធិបតីនេះ សូមកុំឲ្យទ័ពយួនឃើញស្គាល់ខ្ញុំអម្ចាស់ឡើយ
ដោយសេចក្ដីកតញ្ញូរបស់ខ្ញុំ សូមកុំឲ្យមានអន្តរាយអ្វី
សូមទេវតាជួយទំនុកបម្រុង សូមឲ្យខ្ញុំទៅអញ្ជើញសម្ដេចព្រះទាវ
ជាព្រះវររាជមាតា ពីក្នុងចំណោមកងទ័ពសង្គ្រាមបានដោយងាយ ។
លុះចប់ការតាំងអធិដ្ឋានហើយ
ចៅពញាភក្ដីសង្គ្រាមហុក នាំនាយគោចេញពីព្រះវិហារ
ហើយផ្ដាំឲ្យអាស្រគំចាំនៅមុខព្រះវិហារនេះ ។
អ្នកផ្សងសំណាងទាំងពីរនាក់ ផ្លាស់សំពត់យកចងទ្រូង
ហើយយកកាំបិតស្នៀតសៀតនឹងចង្កេះ ដើររកឫស្សីហែលឆ្លងទៅជ្រោយចង្វា ។
ចៅពញាភក្ដីសង្គ្រាម ឆ្លងដល់ត្រើយហើយ ពួនតាមមាត់ទឹកតម្រង់ទៅរកទូកយួន
។ លូនបណ្ដើរ សែកមន្តគាថាសណ្ដំទ័ពយួនបណ្ដើរ, ចៅពញាភក្ដីសង្គ្រាមហុក
បានទៅដល់ទូកដែលសម្ដេចព្រះទាវផ្ទំ ។ លោកបានឃើញសម្ដេចព្រះទាវហើយ ក៏ចូលទៅដាស់ព្រះអង្គ
ហើយថ្វាយចិញ្ចៀនព្រះទម្រង់ដែលព្រះជ័យជេដ្ឋា
ទ្រង់បានផ្ញើឲ្យយកទៅថ្វាយសម្ដេចព្រះមាតាជាបន្ទាល់ ។ សម្ដេចព្រះទាវ
ទតឃើញសេនារបស់ព្រះអង្គ ទ្រង់មានសេចក្ដីរំភើបជាទីបំផុត ។
ចៅពញាភក្ដីសង្គ្រាមហុក តឿនព្រះអង្គឲ្យចេញពីទូកយួនជាប្រញាប់ ។
តែព្រះអង្គមានព្រះរាជសវនីយ៍ ទៅកាន់ចៅពញាសង្គ្រាមថា
ឲ្យទៅយកនាងអាំជាភីលៀង មកជាមួយផង ព្រោះធ្លាប់កម្សត់ជាមួយព្រះអង្គ ។
ចៅពញាភក្ដីសង្គ្រាមហុក នាំសម្ដេចព្រះទាវ
និងនាងអាំ ចេញពីទូកបានហើយ មេឃងងឹតឈឹងរកមើលទិសតំបន់អ្វីមិនឃើញ
ក៏បញ្ជាឲ្យនាយគោផ្ទៀងចាំស្ដាប់អាស្រគំលូ ។
ផ្ទៀងសំឡេងឆ្កែលូដាក់ច្បាស់ហើយ ចៅពញាសង្គ្រាមហុក
នាំគ្នាហែលឆ្លងមកត្រើយភ្នំពេញវិញ ។ លុះដល់ត្រើយហើយ សម្ដេចព្រះទាវ
យាងទៅសម្រាកព្រះកាយបន្តិច ក្នុងវត្តស្រកាលេញ
ហើយបន្តព្រះរាជដំណើរទៅទៀត,
ចៅពញាសង្គ្រាមហុក បញ្ជិះសម្ដេចព្រះទាវ ហើយឲ្យនាយគោ
នាងអាំ អាស្រគំដើរទៅមុខ តម្រង់ទៅឧត្ដុង្គឮជ័យ ។ តែពេលនោះ មេឃងងឹតពេក
ចៅពញាសង្គ្រាម មើលផ្លូវពុំច្បាស់ ចេញពីវត្តស្រកាលេញទៅដោយព្រាវ ទៅដល់បឹងត្របែកសព្វថ្ងៃនេះ
ឃើញផ្លូវបែក នាយគោងាកមកសួរចៅហ្វាយនាយថា តើត្រូវដើរទៅតាមផ្លូវណា ? ។
ចៅពញាសង្គ្រាមហុក ក៏បញ្ជាឲ្យនាយគោ បែកទៅស្ដាំ ។
កន្លែងដែលមានផ្លូវបែកនេះ មានសភាពទំនាបជាបឹងទើបហៅថា
"បឹងត្រង់បែក"2 ។
ពាក្យថា "បឹងត្រង់បែក" នេះ
អ្នកស្រុកនិយាយរហ័ស ក៏ឮតែបឹងត្របែកៗ ទៅវិញ ។ សំដីនេះ
ក៏ចេះតែក្លាយទៅៗ រហូតដល់បាត់ន័យដើមរបស់ពាក្យដូច្នេះ ។
លុះភ្លឺឡើងទៅដល់ស្ទឹងព្រែកត្នោត ទើបចៅពញាសង្គ្រាម ដឹងថាវង្វេងផ្លូវ ។
ហើយនាំគ្នាបែរមុខទៅរកទិស ទៅកាន់ឧត្ដុង្គឮជ័យវិញ ។
ទីនេះក៏ជាប់ឈ្មោះថា បឹងត្របែក រហូតមក ។
រឿង បឹងត្របែក (សង្កាត់លេខ ៥ ក្រុងភ្នំពេញ)
Reviewed by VannyDa
on
2:54 PM
Rating: