រឿង ក្រពើឈ្មោះអាធន (នៅស្រុកសម្បូរ ខេត្តក្រចេះ)
សម័យទីក្រុងតាំងនៅឧត្ដុង្គ នៅស្រុកសម្បូរ
ខេត្តក្រចេះ មានចៅអធិការវត្តមួយអង្គ ជាអ្នកប្រព្រឹត្តរៀន
នូវវិជ្ជាវេទមន្តអាគម ហើយជាអ្នកចេះចិញ្ចឹមក្រពើផង ។
ឯចំណេះរបស់លោកគ្រូចៅអធិការ ដែលចេះចិញ្ចឹមក្រពើនោះ
ធ្វើឲ្យលោកមានឈ្មោះល្បីល្បាញណាស់
ក៏ប៉ុន្តែចំណេះនោះបែរជាបណ្ដាលឲ្យមានសេចក្ដីអន្តរាយដល់រូបលោកទៅវិញ ។
លោកគ្រូចៅអធិការនោះ ចិញ្ចឹមក្រពើមួយទុកដូចជាកូនសិស្សរបស់លោក
ក្រពើនោះនៅក្នុងទន្លេមេគង្គ ជាទន្លេដែលប្រកបដោយទឹកជ្រៅមានត្រីច្រើន
។ លោកឲ្យឈ្មោះក្រពើនោះថា "អាធន(២)" ។
ដោយលោកស្រឡាញ់ក្រពើនោះពេក លោកចូលចិត្តគង់លើថ្មនៅមាត់ច្រាំងទន្លេ
ស្រែកហៅអាធនឲ្យមកលេងសប្បាយជាមួយលោក ។
អាធនបានឮពុទ្ធដីការបស់លោកគ្រូកាលណា
ក៏វាប្រញាប់មកថ្វាយបង្គំលេងកម្សាន្ត សប្បាយជាមួយលោកគ្រូវាកាលនោះ
ហើយតាំងកិរិយាសុភាពនឹងធឹង ចំពោះភិក្ខុសង្ឃទាំងអស់
និងអ្នកស្រុកទាំងអំបាលម៉ាន ដែលនៅជិតខាងវា ។
សម័យមួយ កាលព្រះមហាក្សត្រទ្រង់គង់ក្រុងឧត្តុង្គ
ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ប្រឈួនជាខ្លាំង ។
ដោយព្រះអង្គស្រឡាញ់ព្រះរាជបុត្រីយ៉ាងខ្លាំងឥតឧបមា
ព្រះអង្គទ្រង់ខ្សឹកខ្សួលតក់ស្លុតជាពន្លឹក
ហើយទ្រង់ឲ្យជ្រើសរើសរកពេទ្យហ្ម ដែលពូកែមានឈ្មោះល្បីអស្ចារ្យ
មកព្យាបាលព្រះរាជបុត្រីព្រះអង្គ ក៏ប៉ុន្តែគ្មានគ្រូឯណាមួយ
អាចរំលែកទុក្ខព្រះរាជបុត្រីបានឡើយ ។ ហេតុនេះ បានជាព្រះមហាក្សត្រ
ទ្រង់ឲ្យនិមន្តចៅអធិការវត្តសម្បូរ
ដែលមានឈ្មោះល្បីពូកែជាងគ្រូពេទ្យឯទៀត មកព្យាបាល ។
ការធ្វើដំណើរតាមទន្លេមេគង្គដោយកប៉ាល់
ពីស្រុកសម្បូរទៅឧត្តុង្គ ក្នុងសម័យឥឡូវនេះ តែ ២ ថ្ងៃទេ
តែក្នុងសម័យទីក្រុងតាំងនៅឧត្ដុង្គនោះ គេធ្វើដំណើរដោយទូកជាយូរថ្ងៃ
ព្រោះទន្លេនោះ មុនពេលទៅដល់ក្រចេះ មានទឹកហូរស្រួលល្អទេ តែពីក្រចេះត្រូវឆ្លងទឹកហូរកួចខ្លាំងៗ
និងមានថ្មស្រួចៗ ដុះនៅក្នុងទឹកដោយអន្លើៗ ។
លោកគ្រូចៅអធិការនិមន្តមកព្យាបាលព្រះរាជបុត្រីៗ
ក៏បានស្រាកស្បើយជំងឺ ធូរគ្រាន់បើ
ប៉ុន្តែព្រះមហាក្សត្រទ្រង់ពុំអនុញ្ញាតឲ្យគ្រូចៅអធិការវិលទៅវិញភ្លាមទេ
ទ្រង់ឲ្យលោកនៅរងចាំថែទាំជំងឺព្រះរាជបុត្រី ត្រាតែជាស្រឡះមែនទែនសិន
។
និយាយពី អាធន ដែលនៅស្រុកសម្បូរ
វាទន្ទឹមមើលផ្លូវលោកគ្រូរបស់វា ជាយូរខែពុំឃើញវិលមកវិញសោះ
វាកើតមានសេចក្ដីស្រងូតស្រងាត់រលឹកដល់លោកគ្រូវាជាអនេក ។ ថ្ងៃមួយ
វាព្រួយខ្លាំង វាក៏ហែលចេញពីទីលំនៅវា ទៅតាមដងទន្លេមេគង្គ
ឆ្ពោះត្រង់ទៅតាមលោកគ្រូវានៅឧត្ដុង្គ ។ វាធ្វើដំណើរពីស្រុកសម្បូរ
ទៅដល់ឆ្លូងគ្មានជួបប្រទះនឹងសត្រូវ ឬគ្មានអន្តរាយអ្វីដល់ខ្លួនវាសោះ
ប៉ុន្តែលុះវាទៅដល់ដល់ភ្នំ ១ ឈ្មោះ "ភ្នំសុពណ៌កាលី"
វាបានជួបនឹងក្រពើមួយ ជាក្រពើសាហាវក្លាហានឈ្លានពានណាស់
ដោយក្រពើនោះក្រេវក្រោធនឹង អាធន ដែលហែលកាត់ទីលំនៅវាៗ
ក៏រករឿងដាលវាលឈ្លោះ ប៉ុន្តែដោយ អាធន
មានកិច្ចរួសរាន់ចង់ជួបនឹងលោកគ្រូវាៗ ក៏ដោះដៃរត់អំពីក្រពើកំណាចនេះទៅ
តែវាតាំងចិត្តថា " ចាំថ្ងៃក្រោយ
សឹមអញមករករឿងនឹងអាតិរច្ឆាននេះវិញ " ។ អាធន
ទៅដល់កំពង់ហ្លួងគ្មាននរណាឃើញវាសោះ
វាខំប្រុងប្រៀបលាក់ខ្លួនពួនអាត្មា មិនឲ្យអ្នកស្រុកឃើញវាឡើយ
ពីព្រោះវាយល់ថា មុខតែគេភ័យផ្អើលរត់ចោលដីដៃទន្លេសាបអស់
ហើយវាព្រួយបារម្ភក្រែងរកលោកគ្រូវាពុំឃើញ ដោយលោកគ្រូវា
ហើយនឹងវាខុសភេទគ្នាឆ្ងាយណាស់ ទាំងការចិញ្ចឹមជីវិតក៏ខុសគ្នាទៀត
ប៉ុន្តែលុះវាជញ្ជឹងគិតទៅ វាតាំងចិត្តថា "
ត្រូវតែអញលាក់ខ្លួនពួនអាត្មា នៅក្នុងទឹកនេះសិនចុះ
ដើម្បីនឹងឆ្លៀតឈ្លបមើលលោកគ្រូ
ក្រែងលោកចុះមកកម្សាន្តនៅក្បែរមាត់ច្រាំងតាមចំណាំរបស់លោក ដូចកាលមុនៗ
មក " ។
មិនយូរប៉ុន្មាន លោកគ្រូចៅអធិការ
ក៏និមន្តចុះទៅមាត់ច្រាំងទន្លេទៅគង់នៅលើផែមួយ ។ ឯ អាធន
កាលបើលបមើលឃើញគ្រូវាហើយវាក៏បណ្ដែតខ្លួនវាមកលើទឹកឲ្យគ្រូវាឃើញ
។ លោកគ្រូចៅអធិការក្រឡេកឃើញវាហើយ ក៏ភ្លាត់មាត់ស្រែកថា " យី អាធន
ចៅតាទេតើនេះ " ។ អាធន មិនបង្អង់យូរ
ក៏យកមាត់វាទៅបំបាក់ផែដែលលោកគ្រូគង់ ហើយត្រកងលោកគ្រូវាដាក់លើខ្នងវានាំយកទៅ
ដោយវានឹកថា " ទោះបើលោកគ្រូអញ
គ្មានព្រះទ័យប្រាថ្នានឹងវិលទៅទីលំនៅលោកវិញទេ
ពេលនេះក៏ត្រូវតែអញនាំលោកទៅ " ។
ឱពុទ្ធោអើយ ! លោកគ្រូចៅអធិការនោះ
លុះទៅដល់ស្រុកសម្បូរលោកក៏បាត់បង់ជីវិត ។ ពេលដែល អាធន
នាំលោកគ្រូវាទៅពុំទាន់ដល់ភ្នំសុពណ៌កាលី
វាខំប្រុងប្រយ័ត្នការពារលោកគ្រូវា មិនឲ្យជ្រមុជក្នុងទឹកសោះ
វាហែលនៅសើៗលើទឹក លុះទៅភ្នំ សុពណ៌កាឡី វាជួបនឹងបច្ចាមិត្តវា
ដែលរករឿងប្រយុទ្ធជាមួយវាពីថ្ងៃមុនដូចពណ៌នាមកហើយនោះ ។
ដោយសេចក្ដីគុំកួនប្រណាំងប្រជែងនៅដិតជាប់នៅក្នុងចិត្ត
សត្វពីរពុំចេះអស់ពុំចេះហើយ
ក៏នាំឲ្យកើតក្ដីជម្លោះឡើងជាថ្មីម្ដងទៀត
សត្វទាំងពីរក៏តាំងប្រយុទ្ធគ្នាក្នុងខណៈនោះភ្លាម ។ មុននឹងប្រយុទ្ធគ្នា
អាធន គិតឃើញថា "ប្រសិនបើអញខាំក្រពើនេះ អញគេចចុះគេចឡើងគ្រវីគ្រវាត់ក្នុងទឹក
សមជាលោកគ្រូអញធ្លាក់ពីលើខ្នងអញចុះទៅបាតទន្លេហើយ
បើដូច្នេះអញគិតយ៉ាងណា នឹងរត់ភៀសខ្លួន
កុំឈ្លោះនឹងអាកំណាចនេះឬដូចម្ដេច ?" ជញ្ជឹងគិតទៅ ទើប អាធន
មានគំនិតមួយថា "ទេគិតយ៉ាងនេះខុសទេ ធ្វើបែបនេះជាការនាំឲ្យបរាជ័យដល់វត្តសម្បូរពេក
អញត្រូវតែប្រយុទ្ធច្បាំងនឹងអាចង្រៃនេះឲ្យវាដឹងខ្លួនថា
តែកាលណាអាណាមួយហ៊ានតតាំងនឹងក្រពើលោកគ្រូចៅអធិការវត្តសម្បូរហើយ
អានោះឯងមុខជាអន្តរធានខ្លួនពុំលែងឡើយ" ហើយវាគិតឃើញម្យ៉ាងទៀតថា"
ដូច្នេះអញត្រូវតែយកលោកគ្រូអញលាក់ទុកក្នុងពោះអញសិន" ។ អាធន
គិតដូច្នេះហើយ ក៏ហាមាត់លេបលោកគ្រូវាលាក់ទុកក្នុងពោះវាបាត់ទៅ ។
លុះលាក់លោកគ្រូរួចស្រេចហើយ ទើបវាយុទ្ធនឹងបច្ចាមិត្តរបស់វា
មិនយូរប៉ុន្មាន អាធន មានជ័យជម្នះឈ្នះលើក្រពើជាសត្រូវ ហើយអាធន
ក៏ធ្វើដំណើរទៅទៀតទាល់តែដល់ស្រុកសម្បូរ ។
បណ្ដាភិក្ខុសង្ឃក្នុងវត្តនោះ វេលាដែលឃើញ អាធន
ទៅដល់ក៏នាំគ្នារត់ម្នីម្នាមកទទួល អាធនៗ
ក៏វាឡើងទៅលើគោកនៅចំកណ្ដាលភិក្ខុសង្ឃទាំងឡាយ
ហើយក៏ខ្ជាក់លោកគ្រូវាចេញពីក្នុងពោះវាមក ។
ឱពុទ្ធោអើយ ! ពេលនោះលោកគ្រូបាត់វិញ្ញាណក្លាយទៅជាខ្មោចសុទ្ធសាធ
។ ឃើញអាការវិនាសដូច្នេះហើយ ភិក្ខុសង្ឃគ្រប់អង្គ
ស្រែកទ្រហោយំទ្រហឹងអឺងកងស្ដាយលោកគ្រូចៅអធិការ ហើយក៏បន្ទោសទៅអាធនថា
"អាឯងនេះអាក្រក់ណាស់ ហ៊ានសម្រាប់លោកគ្រូឥតពិចារណា" ។ អាធន
នឹកថា "ឱអញអើយ ! អញស្មានថាពោះអញ អាចលាក់លោកគ្រូអញ ឲ្យរួចពីក្ដីអន្តរាយបាន
ឥឡូវនេះ បែរត្រឡប់ទៅជាផ្នូរសម្រាប់កប់លោកគ្រូអញទៅវិញសោះ
ឱគំនិតអ្វីក៏ថយថោកម្ល៉េះ !“
អាធន នឹកទៅពេញហៅស្ដាយលោកគ្រូវាណាស់ តែពុំដឹងធ្វើម្ដេចឲ្យលោកមានជីវិតឡើងវិញ
។ វេលាគេរៀបបូជាសពលោកគ្រូចៅអធិការ អាធន មានសេចក្ដីអៀនខ្មាសខ្លាំង
ហើយនឹកថា "អពមង្គលដែលនាំឲ្យលោកគ្រូអញដល់សេចក្ដីវិនាសយ៉ាងនេះ
តើមកពីហេតុអ្វី ?"
។ ជញ្ជឹងគិតយូរទៅ វាសន្និដ្ឋានថា "អញប្រាកដជាខុសពិតមែនហើយ
ព្រោះអញបានសម្លាប់លោកគ្រូដោយខ្លួនអញ ប៉ុន្តែហេតុអ្វី
បានជាអញលេបលោកគ្រូទៅក្នុងពោះអញ ? នេះមកអំពីអញការពារសត្រូវនៅ
ភ្នំសុពណ៌កាឡី ក្នុងពេលដែលត្រឡប់ពីឧត្ដុង្គវិញ" ។
ប៉ុន្តែយូរបន្តិចទៅទៀត អាធន គិតឃើញច្បាស់ថា
"សេចក្ដីអន្តរាយដែលកើតឡើងអម្បាលនេះ បណ្ដាលមកតែអំពីព្រះរាជបុត្រី
បើប្រសិនជាស្ដេចកុំត្រាស់បង្គាប់ឲ្យគេនិមន្ត
លោកគ្រូអញឲ្យទៅមើលជំងឺព្រះរាជបុត្រីព្រះអង្គ
ច្បាស់ជាលោកគ្រូអញលោកពុំមានគ្រោះថ្នាក់ដល់មរណៈដូច្នេះឡើយ ហេតុដែលបណ្ដាលឲ្យគ្រូអញដល់មរណៈ
ដោយសារតែព្រះរាជបុត្រី ដូច្នេះ ព្រះរាជបុត្រីត្រូវតែមានទោស " ។
គិតហើយ អាធន ក៏ចងអាឃាតគំនុំគុំកួនប្រុងសងសឹកនឹងព្រះរាជបុត្រី
ឲ្យដល់នូវសេចក្ដីមរណៈ ហើយអាធន ក៏វាពីលើគោកចុះទៅក្នុងទឹកទន្លេមេគង្គ
។ ឱ! គួរឲ្យស្ដាយវត្តសម្បូរណាស់ អស់បានឃើញអាធន ទៀតហើយ ។
មុននឹងហែលទៅដល់ឧត្ដុង្គ អាធន ហែលសន្សឹមៗ ជាយូរថ្ងៃ នៅក្នុងទន្លេមេគង្គ
។ ដល់ឧត្ដុង្គ ទើបវាឈប់សម្រាកកាយ បង្អង់ចាំមើលឱកាសល្អ
ដើម្បីសងសឹកនឹងព្រះរាជបុត្រី ។
ក្នុងរឿងនេះ គេមិនបានរ៉ាយរ៉ាប់អំពីកំណត់ប៉ុន្មានឆ្នាំឬខែ
ដែលក្រពើបង្អង់ចាំមានឱកាសល្អនឹងសងសឹកឡើយ គេគ្រាន់តែនិយាយថា "
មានថ្ងៃមួយ វេលាដែលព្រះរាជបុត្រីនោះ
បានជាសះស្បើយល្ហើយស្រួលព្រះអង្គហើយ
ព្រះនាងចុះមកក្រសាលទឹកទន្លេជាមួយនឹងបរិពាររបស់ព្រះនាង ។
វេលាដែលព្រះនាងកំពុងកញ្ជ្រោងបោកបាចលេងសប្បាយ
សើចក្អាកក្អាយជាមួយនឹងព្រះរាជបរិពារនៅក្នុងទឹកស្រាប់តែក្រពើឈ្មោះ
អាធន មកត្របាក់យកព្រះនាងទៅបាត់ទៅ ។
និយាយពីព្រះមហាក្សត្រ
កាលបើទ្រង់ជ្រាបហេតុថា ក្រពើបានត្របាក់លេបព្រះរាជបុត្រីហើយ
ក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួលអួលអាក់ជាខ្លាំងពន់ពេក
ទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំទូកទៅតាមប្រហារជីវិតក្រពើនោះ ។
ដើម្បីឲ្យច្បាស់នូវរឿងនេះ
យើងគប្បីសន្និដ្ឋានថា "នៅក្នុងសម័យនោះ ប្រទេសកម្ពុជាលិចទឹកពាក់កណ្ដាល
កន្លែងមួយធំដែលឥឡូវនេះ ជាខេត្តកំពង់ចាមនិងក្រចេះ
លិចទឹករហាចរហឹមទាំងអស់" ។ ហេតុដូច្នេះបានជាមានសត្វទឹកច្រើនមហិមា
។ ដើម្បីនឹងទៅប្រហារជីវិត អាធន នោះ
គេត្រូវរៀបសំពៅរៀបទូកក្ដារច្រវាចែវច្រើន ។ នៅទីបំផុត
ព្រះរាជាទ្រង់ព្រះបញ្ជាឲ្យហោរាគន់គូរមើលឲ្យដឹងថាក្រពើនោះនៅទីណា
ហើយឲ្យរកឧបាយកលតាមចាប់ក្រពើនោះឲ្យទាល់តែបាន ។
ហោរាបានឲ្យធ្វើកន្ទោងស្លឹកចេក ១ បញ្ចុះយន្តមន្តអាគមគាថា ក្នុងកន្ទោងនោះ
ហើយបណ្ដែតទៅលើទឹក ។ កន្ទោងនោះក៏អណ្ដែតទៅតាមដាន អាធន ។ មុនដំបូង
កន្ទោងអណ្ដែតចេញ ពីឧត្ដុង្គតម្រង់ទៅស្រុកសម្បូរ
ហើយទៅសំចតក្នុងព្រែកមួយ ។ ខណៈដែលកន្ទោងសំចតត្រង់ណា គេដឹងថា
កន្លែងនោះហើយដែលអាធន វាលាក់ខ្លួនពួនអាត្មាវា ។
លុះព្រះមហាក្សត្រ ទ្រង់បានជ្រាបទីលំនៅ
របស់ អាធន ហើយទ្រង់ក៏ចាត់ឲ្យរៀបព្រួលនៅក្នុងទឹក ដើម្បីនឹងឃាំងព័ទ្ធ
អាធន កុំឲ្យវាហែលរួចទៅក្នុងទន្លេ ។ ប៉ុន្តែចាត់ការពុំរហ័សទាន់ពេលវេលា
អាធន ក៏ហែលរត់បាត់ពីកន្លែងនោះទៅ ។ ព្រែកដែលបានពោលមកនេះ មានឈ្មោះថា
"ព្រែកចារធ្នល់ " ដែលមាននៅលុះដល់សព្វថ្ងៃនេះ ។
ក្រោយពេលដែលវាបានហែលបត់ចុះបត់ឡើងគ្រប់ៗកន្លែង វាទៅដល់ស្រុកខោន
ហើយវាសំចតនៅទីនោះ ២–៣ ថ្ងៃទើបវាហែលចុះមកវិញ ។
ឯកន្ទោងក៏ចេះតែអណ្ដែតតាមវាជាដរាប មានទាំងនាវា ២–៣ តាមកន្ទោងនោះផង ។ នៅទីបំផុត
កន្ទោងនោះ ចុះមកដល់ស្រុកឆ្លូង អណ្ដែតចូលទៅក្នុងព្រែកឆ្លូង ។
ព្រែកឆ្លូងសម័យនោះ
ក្នុងពោះព្រែកមានច្រើនតែភក់ល្បាប់ មាត់ព្រែកមានច្រើនតែគុម្ពោតព្រៃឈើ
អ្នកស្រុកសង់ផ្ទះតូចៗ តាមជួរមាត់ព្រែកនោះ ក្នុងចន្លោះជលជាត
និងគុម្ពោតព្រៃឈើទាំងនោះ ។ កាលដែលអាធន វាបានទៅដល់គុម្ពោតព្រៃទាំងនោះ
វាសង្ឃឹមថាវាមុខជានឹងរួចអំពីគ្រោះថ្នាក់ធំហើយៗ វាសំចតនៅទីនោះ ។
គុម្ពោតព្រៃទាំងនោះ អាចបង្ខាំងមិនឲ្យទូកក្ដារនានាចូលបាន
ប៉ុន្តែកន្លែងនោះហើយដែល អាធន បានសេចក្ដីអន្តរាយជាទម្ងន់រហូតដល់ស្លាប់ ។
និយាយអំពីបណ្ដាជនដែលដេញតាម អាធន
កាលបើដឹងថា វាសំណាក់អាស្រ័យនៅទីនោះហើយ គេក៏នាំគ្នាទៅបញ្ជាន់មេមត់
ដែលជារូបសំណឹងអ្នកតាចាស់ស្រុកនៅទីនោះ ដណ្ដឹងសួរបន់ស្រន់ឲ្យជួយចាប់
អាធន់ យកមកប្រហារជីវិតឲ្យបាន បើបានដូចសេចក្ដីប្រាថ្នា
គេនឹងថ្វាយស្បែកក្រពើដល់មេមត់នោះ ។ ពេលនោះ អាធន សំចតនៅកន្លែងមួយ
ដែលហៅថាតាមសព្វថ្ងៃនេះថា " រូង " ។ ឯពួកអ្នកដេញតាម អាធន
លុះបានឱកាសល្អក៏មុជក្នុងទឹកចាប់ចងស្រាក់ខ្លួនវា ។ ទីដែលធ្វើការទាំងនោះ
នៅមានឃើញស្នាមដំណែលរហូតដល់សព្វថ្ងៃ ។ ដោយ អាធន មានទម្ងន់ច្រើនហាបពេក
ទើបគេយកខ្សែចងដងថ្លឹងយឹតយោងថ្ពក់យកខ្លួនវាឡើងមកសម្លាប់ ។
លុះសម្លាប់ អាធន បានស្រេចហើយ
គេយកស្បែកទៅថ្វាយមេមត់ដែលបានបន់ពីមុនមក ។ កន្លែងដែលគេទុកដុំសាច់ក្រពើនោះ
ជាប់ឈ្មោះថា "នាងក្រពើ" តមក
ប៉ុន្តែដោយដីនៅកន្លែងនោះមានរាងដូចជាខ្នងសត្វលា (?) គេត្រឡប់ជាហៅថា
" ខ្នងក្រពើ "វិញ ដែលជាកន្លែងធ្វើចម្ការកៅស៊ូនៅមេមត់សព្វថ្ងៃ
។ ឆៀងខាងកើតបន្តិចមកខាងស្នួលមានកន្លែងមួយឈ្មោះថា " វាលហាលងៀត
" ព្រះជាកន្លែង ដែលគេពន្លះសាច់ អាធន ប្រឡាក់អំបិលហាលថ្ងៃ ។
ចំណែកព្រះសពព្រះរាជបុត្រី
ដែលរកឃើញនៅក្នុងពោះ អាធន នោះ
ព្រះរាជាទ្រង់ចាត់ការបូជាព្រះភ្លើងនៅស្រុកសម្បូរ
ហើយទ្រង់បញ្ចុះព្រះធាតុក្នុងព្រះចេតិយមួយ នៅក្នុងវត្តសម្បូរនោះឯង ។
រឿង ក្រពើឈ្មោះអាធន (នៅស្រុកសម្បូរ ខេត្តក្រចេះ)
Reviewed by VannyDa
on
2:40 PM
Rating: