រឿង បុរសទំពែក ៤ នាក់
កាលពីព្រេងនាយ នៅភូមិមួយមានបុរសទំពែក ៤
នាក់ ឈ្មោះ ឃុន ១ ស៊ឹម ១ គំ ១ សុខ ១ បុរសទំពែក ៤ នាក់នេះ
ជាមនុស្សកម្សត់ទុគ៌តណាស់ក្មេងៗ នឹងអ្នកស្រុកអ្នកភូមិតែងស្រែកហៅគាត់ថា
តាប៉ិទំពែក ! តាប៉ិទំពែក ! ជារាល់ពេល ។ ថ្ងៃមួយ បុរសថ្ពែកទាំងបួននាក់
បានជំនុំស្រុះស្រួលមូលមតិគ្នាថា យើងទាំងអស់គ្នា
ពុំអាចរស់នៅក្នុងកន្លែងនេះយូរទៅទៀតបានទេ ខ្មាសអ្នកនគរខ្លាំងណាស់ ព្រោះអ្នកផងគេមើលងាយយើងពន់ពេកប្រមាណ
ដូច្នេះត្រូវយើងចេញទៅរកគ្រូមើលជំងឺ
ដើម្បីធ្វើឱ្យសក់ក្បាលយើងដុះឡើងដូចជនឯទៀត ។ ជនទំពែក ៤
នាក់ក៏ស្រុះស្រួលព្រមព្រៀងគ្នា
ប្រុងប្រៀបរៀបចំគ្រឿងប្រដាប់ប្រដាធ្វើដំណើររួចក៏ធ្វើដំណើរចេញទៅកាត់ស្រុកធំតូច
កាត់ភូមិកាត់ស្រែ ស្វែងរកពេទ្យហ្មមេមត់ដ៏ប៉ិនប្រសប់
ដែលអាចធ្វើឱ្យក្បាលខ្លួន ដុះសក់ឡើងវិញបានប៉ុន្តែបុរសទំពែក ៤
នាក់ឥតបានជួបនឹងជនដែលមានរិទ្ធិអំណាចដូច្នេះសោះ ។
ជនទំពែក ៤ នាក់ក៏ធ្វើដំណើរតទៅទៀត
លេចវាលចូលព្រៃលេចព្រៃចូល លុះត្រាតែទៅដល់ព្រៃហេមពាន្ត
ដែលជាកន្លែងមហាឫសីមួយ ។ បុរសទំពែក ៤
នាក់ក៏ចូលទៅក្នុងអាស្រមតាឫសីនោះឱនកាយថ្វាយបង្គំដោយសេចក្ដីគួរសម
តាឫសីសួរថាតើអ្នកទាំង ៤ នាក់អញ្ជើញមកពីប្រទេសណា? មានការអ្វី? បុរសទំពែក
៤នាក់ក៏ឆ្លើយប្រាប់ថាតាឫសីថា "ជម្រាបលោកតា
យើងខ្ញុំទាំងអស់គ្នាមកពីប្រទេសឆ្ងាយណាស់ដោយហេតុតែយើងខ្ញុំ
ទំពែកទាំងអស់គ្នា ពួកអ្នកស្រុកទាំងឡាយ ចេះតែសើចចំអកឡកឡើយ
ឱ្យជារាល់ពេល រាល់វេលា ទើបយើងខ្ញុំអត់ទ្រាំពុំបានចេញមកស្វែងរកគ្រូពេទ្យ
ដែលចេះធ្វើក្បាលយើងខ្ញុំឱ្យដុះសក់ដូចជាជនឯទៀតឡើង
ប៉ុន្តែយើងខ្ញុំឥតបានជួបប្រទះគ្រូពេទ្យណាមួយសោះ អាស្រ័យហេតុនេះ
បានជាយើងខ្ញុំខំធ្វើដំណើរទាល់តែមកដល់អាស្រមលោកនេះ
សូមលោកតាអាណិតអាសូរយើងខ្ញុំ ជួយធ្វើយើងខ្ញុំឱ្យបានដុះសក់ដូចគេឯងទៀតឡើង"
។
តាឫសីក៏ឆ្លើយថា "ចុះមានលំបាកអ្វី
ចៅទាំងឡាយអើយ ! នៅទីនេះមានត្រពាំងទឹកស័ក្ដិសិទ្ធមួយ
ចូលទាំងឡាយទៅមុជទឹកត្រពាំងនោះចុះ
ប៉ុន្តែត្រូវអ្នកទាំងអស់គ្នាមុជតែម្ដងបានហើយ កុំមុជច្រើនដងឱ្យសោះ
" ។
កាលបើឮតាបសប្រាប់ដូច្នោះហើយ បុរសទំពែក ៤
នាក់ក៏កើតសេចក្ដីរីករាយជាក្រៃលែង
ហើយចុះទៅមុជទឹកក្នុងត្រពាំងនោះទាំងអស់គ្នា ។ មួយសន្ទុះក្រោយមកបុរស ៤
នាក់ក៏ងើបចេញពីត្រពាំងទឹកឡើង ហើយនៅលើក្បាលរៀងខ្លួនក៏មានដុះសក់យ៉ាងក្រាស់ខ្មៅរលោង
។ លោកតាទំពែកទាំង ៤
នាក់ក៏ខំមើលក្បាលគ្នាទៅវិញទៅមកហើយលាន់មាត់សរសើរតែរៀងខ្លួន ។
នៅខណៈនោះបុរសទំពែក ៤
នាក់ក៏កើតមានចិត្តលោភពន់ប្រមាណ ទើបជំនុំគ្នាថា
យើងទាំងអស់គ្នាបានមុជទឹកនេះត្រឹមតែម្ដងប៉ុណ្ណេះ ឃើញថាបានល្អប៉ុណ្ណេះហើយ
ចុះទម្រាំបើយើងមុជច្រើនដងទៅទៀត តើយើងនឹងល្អយ៉ាងណាទៅ
តាបសប្រហែលជាមិនចង់ឱ្យយើងល្អណាស់ទេមើលទៅ
បានជាបង្គាប់ឱ្យយើងមុជទឹកតែម្ដងម្នាក់ដូច្នេះ
គួរតែយើងទៅមុជទឹកឱ្យបានម្ដងម្នាក់ទៀត " ។
បន្ទាប់មក បុរសទំពែក ៤
នាក់ក៏ស្រុះស្រួលគ្នាហើយបបួលគ្នាទៅមុជទឹកសាជាថ្មីទៀត
ប៉ុន្តែម្ដងនេះកាលណាបើងើបឡើងពីទឹកភ្លាមបុរសកម្សត់យើងជ្រុះ
បាត់សក់អស់នៅសល់តែលលាក្បាលថ្ពែករលីងឆិញដូចកាលពីដើមវិញ ។
អាស្រ័យហេតុនេះបុរសទំពែក ៤ នាក់ក៏កើតសេចក្ដីឈឺចាប់ព្រួយចិត្តក្រៃលែងហើយក៏បបួលគ្នាមុជទឹកម្ដងទៀត
ប៉ុន្តែលុះងើបឡើងក្បាលនោះរឹតតែទំពែក រលីងជាងមុនទៅទៀត
ថ្ងាសក៏កាន់តែរលោងឡើង ។ កាលពីពេលមុនបុរសទំពែក ៤
នាក់គ្រាន់មានសក់ពីរបីសរសៃដុះនៅលើក្បាល ប៉ុន្តែលោភបើមុជទឹកអស់ចំនួន
៣ លើកដូច្នោះហើយក្បាលបុរសទំពែកទាំង ៤
នាក់ឡើងរលោងស្រិលដូចជាក្បាលសត្វត្រដក់ ។
បុរសទំពែក ៤
នាក់អស់សង្ឃឹមក៏ដើរចេញពីទីនោះយំត្អូញត្អែរថា
"ការនេះបណ្ដាលមកពីយើងមិនប្រតិបត្តិតាមតាបសដូច្នេះ ត្រូវតែយើងត្រឡប់ទៅជួបតាបសវិញហើយអង្វរលន់តួសូមឱ្យគាត់ជួយធ្វើក្បាលយើង
បើមិនបានទៅជាល្អទេ គ្រាន់តែនៅប្រហែលពីដើមវិញចុះ
កុំឱ្យរលីងរលោងស្រិលដូចក្បាលត្រដក់ដូច្នេះ វាអាក្រក់ណាស់" ។
លុះជំនុំគ្នាដូច្នោះហើយ បុរសទំពែកទាំងឡាយ
ក៏ធ្វើដំណើរត្រឡប់ទៅកាន់ទីលំនៅតាបសវិញ ។ តាបសសួរថា
"តើមានការអីចៅទាំងឡាយ?
" ។ ចៅទំពែកក៏ឆ្លើយថា" លោកតាជាទីគោរព
យើងខ្ញុំសូមអង្វរលោកតា សូមលោកតាមេត្តាត្រាប្រណីទោសដល់យើងខ្ញុំផង
ត្បិតយើងខ្ញុំពុំបានធ្វើតាមបង្គាប់លោកតា
បានជាក្បាលយើងខ្ញុំរឹតតែរលីងជាងថ្ងាសទៅទៀត យើងខ្ញុំសូមអង្វរលោកតា
ឲ្យជួយធ្វើយ៉ាងណា ឲ្យក្បាលយើងខ្ញុំទាំងអស់គ្នា បើមិនបានល្អ
ក៏សូមឱ្យតែនៅប្រហែលពីដើមវិញក៏បានដែរ" ។
តាបសឆ្លើយតបវិញថា "ឱចៅអើយ
អាត្មាពុំអាចញ៉ាំងខ្លួនអ្នក ឱ្យទៅជាយ៉ាងម៉េចទៀតបានទេ
កំហុសរបស់អ្នកជាភស្តុតាងបង្ហាញឱ្យដឹងថា
អ្នកទាំងឡាយពុំអាចប្រតិបត្តិតាមដំបូន្មានពិបាកៗបានទេ
តែចូរអ្នកពិចារណាដូច្នេះថា សេចក្ដីប្រាថ្នាហួសប្រមាណបណ្ដាលឱ្យហិនហោច ។
ណ្ហើយ ! ចូរអ្នកត្រឡប់ទៅស្រុកវិញទៅគ្មានមធ្យោបាយអ្វីអាចផ្លាស់ប្ដូររូបអ្នកបានតទៅទៀត
" ។
បុរសទំពែកទាំង ៤ នាក់ក៏ត្រឡប់ទៅស្រុកវិញ
ហើយម្ដងនេះអ្នកស្រុករឹតតែពោលចំអកឡកឡើយឱ្យជាងមុនទៅទៀត ។
បុរសទំពែកទាំង ៤ នាក់ក៏រឹតតែខ្មាសលើសដើមហើយរកមេមត់យ៉ាងណាពូកែៗ
ល្បីល្បាយឱ្យធ្វើប្រេងក្រមួន និងថ្នាំត្រាំស្មៅ
ឬឈើក៏មានគុណភាពយ៉ាងប្រសើរៗ មកលាបមករឹតច្របាច់
លើសាច់ក្បាលរបស់ខ្លួនព្រមទាំងសូត្រមន្តអាគមគាថាថាផ្សំជាមួយផង
តែទោះបីខំធ្វើយ៉ាងណាក៏ក្បាលនៅតែគ្មានដុះ
សក់ដែលរលោងស្រិលដូចជាគ្រាប់ក្រូសសមុទ្រ ។ នេះគឺជាផលកម្មពិតប្រាកដ
ដោយគាត់បានប្រព្រឹត្តអំពើកំហុសអ្វីមួយពីជាតិមុន ឬមួយកាលពីជាតិមុន
គាត់ប្រកបរបរកស៊ីកាត់សក់ហើយបំពេញករណីយកិច្ចរបស់ខ្លួនពុំបានត្រឹមត្រូវ
។ ទោះបីមានអត្តភាព គួរឱ្យអាម៉ាស់ដូចពោលហើយក៏ដោយក៏បុរសទំពែក ៤
នាក់នោះមានចិត្តដូចជាជនឯទៀតដែរ
គឺគាត់មានចិត្តប្រាថ្នាជាខ្លាំងចង់យកក្បាលគាត់ទៅកើយលើទ្រូងនារីជាទីសប្បាយ
ប៉ុន្តែគ្មានស្រីណាម្នាក់ព្រមស្រឡាញ់បុរសទំពែកទាំង ៤
នាក់នោះសោះដោយហេតុម្នាក់ព្រមស្រឡាញ់បុរសថ្ពែកទាំង ៤នាក់នោះសោះ
ដោយហេតុតែគាត់មានលលាដ៍ក្បាលរលីងរលោងដូចត្រឡោកដែលគេខាត់ដើម្បីទុកដួសទឹកផឹក
។
ហេតុនេះហើយបានជាគេឃើញបុរសទំពែកមានវ័យចាស់
ៗ ណាស់ហើយប៉ុន្តែពុំទាន់មានប្រពន្ធនៅឡើយ
ទោះបីគាត់មានអាយុចាស់ប៉ុនណាក៏ដោយ
គាត់នៅតែខំស្វែងរកប្រពន្ធឥតឈប់ឈរ ប៉ុន្តែម្ដងនេះបុរសទំពែក ៤
នាក់ចេញស្វែងរកប្រពន្ធដោយចិត្តងប់ឈ្លប់តែម្ដង
គេពុំដឹងថាតើមានហេតុយ៉ាងណាទេ គេគ្រាន់តែដឹងថានេះគឺជាវត្ថុបំណងរបស់គាត់យូរណាស់មកហើយ
គឺជាទម្លាប់របស់ពួកគាត់ ។ ព្រេងវាសនាបាននាំគាត់ទាំង ៤
នាក់ឱ្យមកជួបគ្នាហើយស្រឡាញ់គ្នាណាស់
បានស្បថស្បែគ្នាថាមិនត្រូវរស់នៅបែកគ្នាឡើយ ។
បើមួយណាទៅណាអ្នកឯទៀតក៏ត្រូវទៅតាមដែរ ។ ហេតុនេះហើយបានជាគេឥតដែលឃើញលេចបុរស
ទំពែកមួយចេញពីច្រកចង្អៀត ដោយឥតឃើញទំពែកបីនាក់ទៀតមកតាមក្រោយឡើយ
គេតែងឃើញឈ្មោះ ឃុត ដែលគាត់មានរាងខ្ពស់ស្គមស្លៀកខោខ្លីដើរមុខគេ
ហើយដើរលឿនដាច់មិត្តគាត់ទាំងអស់ ទោះបីគាត់ខំប្រយ័ត្នកុំឱ្យដើរលឿនចោលគេក៏ដោយ
។ បន្ទាប់មកគេឃើញឈ្មោះស៊ឹម ដែលមានមាឌធាត់ខំដើរទីងទាំងៗ
តាមឃុតដូចសត្វអណ្ដើក ។ បន្ទាប់មកទៀតគេឃើញ គំ និង សុខ ដើរទន្ទឹមស្មាគ្នា
ពីរនាក់នេះជាមនុស្សជជែកឡូឡាដាក់ត្រចៀកគ្នា ព្រោះត្រចៀកពុំសូវបាន ។
ថ្ងៃមួយ ឃុតនិយាយទៅកាន់សំឡាញ់ខ្លួនថា
យើងពុំអាចរកប្រពន្ធនៅ ក្នុងស្រុកនេះបានទេ ទោះចាស់ក្ដី ក្មេងក្ដី
ស្រីៗ នៅក្នុងស្រុកនេះគេមាក់ងាយមាក់ថោក
យើងទាំងអស់ដោយហេតុតែក្បាលយើងគ្មានដុះសក់ ប៉ុន្តែ
បើយើងទៅកាន់តំបន់មួយទៀតប្រហែលជាយើងមានសំណាងជាងនេះ
ហើយបើមាននរណាថា យើងចាស់ យើងអាចឆ្លើយទៅវិញថា
សក់យើងវាជ្រុះព្រោះជាធម្មតារបស់ជន ដែលមានអាយុច្រើន
នឹងមានការព្យាយាមគិតច្រើន កាលបើដូច្នេះអ្នកស្រុកមុខជា
យល់ថាយើងជាអ្នកមានការសិក្សាច្រើន ហើយជឿថាយើងជាអ្នកប្រាជ្ញាផង
" ។
នៅពេលនោះបុរសទំពែក ៤នាក់
ក៏ពិភាក្សាគ្នាអស់រយៈពេលយ៉ាងយូរ ហើយព្រមព្រៀងយល់ថា យើងកុំនឹកព្រួយថា
ក្រែងស្រីនៅស្រុកឯទៀតមិនស្អាត ដូចជាស្រីនៅក្នុងស្រុកកំណើតរបស់យើង ។
ស៊ីមខ្លាចអស់កម្លាំង ដោយធ្វើដំណើរឆ្ងាយ បាននិយាយអង្វរ ឃុត
កុំឱ្យដើរលឿនពេក ។ សុខបានរំលឹកយ៉ាងម៉ឺងម៉ាត់នូវពាក្យសម្បថថា
យើងមិនត្រូវបែកគ្នាឲ្យសោះ មិនត្រូវមានប្រពន្ធចោលគ្នា
ឬក៏ត្រូវតែមានប្រពន្ធទាំងអស់គ្នា នៅក្នុងស្រុកណាមួយជាមួយគ្នា"
។
អាស្រ័យហេតុនេះ វេលាព្រឹកមួយ ពេលមុនថ្ងៃរះពេញពន្លឺគេឃើញបុរសទំពែក
៤ នាក់មានដៃកាន់ដំបងនិងស្ពាយទៃមួយៗ ម្នាក់ស្លៀកសំពត់ថ្មីៗ
ដើរចេញពីភូមិទៅកាន់ផ្លូវប្របមាត់ទន្លេ ធ្វើដំណើរទៅទិសខាងជើង ។
ម្ដងនេះឃើញបុរសទំពែកដើរមួយៗ ដើម្បីអនុគ្រោះដល់ស៊ឹម ឱ្យទាន់ផង ។
បុរសទំពែកមានខ្នងកោងហើយដើរទប់ខ្លួននឹងឈើច្រត់
ប៉ុន្តែគាត់នៅមានចិត្តចង់សប្បាយពន់ប្រមាណ ហើយជាធម្មតា
គេតែងឃើញឃុតដើរលឿនចោលគេទាំងអស់
រួចមួយសន្ទុះក្រោយមកទើបលេចឃើញស៊ឹមខំដើរខ្វាសៗ
ស្រែកហៅឃុតឱ្យបង្អង់ជំហាន ។
មិនយូរប៉ុន្មានបុរសទាំង ៤
នាក់បានដើរទៅដល់ភូមិមួយ បបួលគ្នាចូលទៅក្នុងភូមិនោះ ។
ជាទេសកាលអ្វីក្នុងថ្ងៃនោះ នៅក្នុងភូមិនោះមានកើតរឿងហេតុមួយយ៉ាងធំ
គឺស្រីមេម៉ាយម្នាក់ចាប់បានបុរសម្នាក់កំពុងដេកជាមួយនឹងកូនក្រមុំគាត់
ហើយគាត់ក៏ប្ដឹងពុំសុខចិត្តនឹងបុរសនោះ ។
ដើម្បីនឹងសម្រាលកំហុសរបស់ខ្លួនបន្តិច
បុរសខិលបានឆ្លើយដោះសារទៅនិងចៅក្រមថា
នាងក្រមុំនេះជាសហាយរបស់ខ្លួនយូរណាស់មកហើយ " ប៉ុន្តែ
នាងនេះបានឆ្លើយបដិសេធជាដាច់អហង្ការថា ខ្ញុំឥតបានស្គាល់អាមនុស្សពាលនេះទេ
វានេះជាមនុស្សកុហកឥតខ្មាស វាបានលួចលបមកក្នុងបន្ទប់ខ្ញុំដូចជាចោរ
នៅពេលខ្ញុំកំពុងគេងលក់ហើយបានប្រើកម្លាំងបាយបង្ខំខ្ញុំឱ្យព្រមធ្វើតាមបំណងវា
ទោះបីខ្ញុំនិយាយអង្វរយ៉ាងណាក៏វា ពុំព្រមស្ដាប់សោះឡើយ"
ឮដូច្នេះ ចៅក្រមក៏មានចិត្តអស់ឯកពុំអាចរកសេចក្ដីពិតបាន
។ ប៉ុន្តែនៅខណៈនោះស្រាប់តែលេច ឃុត គំ ស៊ឹម សុខ ដើរចូលមកយ៉ាងមួយៗ
ហើយបែបសង្រួមខ្លួន ដូចព្រះសង្ឃនិមន្តទៅប្រោសសត្វ
ហើយមហាជនដែលឈរនៅជុំវិញរោងជំនុំ ក៏បើកផ្លូវយ៉ាងធំឱ្យបុរសទំពែកចូល ព្រមទាំងសំដែងសេចក្ដីគួរសមដល់បុរសទំពែកទាំងនោះផង
ព្រោះគេយល់ថា បុរសទំពែកនេះជាបេសកជនរបស់ព្រះពុទ្ធ ហើយជាចៅក្រមធំផង ។
កាលបើគេសម្លឹងមើលសាច់ឈាម
នឹងក្បាលទំពែកសព្វគ្រប់ទៅគេក៏ជឿ បុរសទំពែក
ជាមនុស្សចេះដឹងយ៉ាងជ្រៅជ្រះទើបចៅក្រមប្រគល់កន្លែងខ្លួនឱ្យគាត់អង្គុយវិញ
។ កាលបើអង្គុយស្រួលបួល ហើយបានដឹងកិច្ចការនោះសព្វគ្រប់ បុរសទំពែកទាំង
៤ នាក់ក៏អង្គុយនៅស្ងៀមសញ្ជឹងគិតមួយសន្ទុះ រួចឃុតក៏ចាប់
និយាយមុនគេឡើងថា ៖ - ទំពក់វាទៅ ទើបព្នៅវាមក ។ - បន្ទាប់មក គំ និយាយថា៖
- មានប្រឡាយ ទើបទឹកវាហូរ ។ បន្ទាប់មកទៀតស៊ឹមនិយាយថា ៖ -
តែកន្លែងណាមានដុះត្រឡាច វាមានដុះឃ្លោក ។ នៅទីបំផុត សុខ និយាយថា ៖ -
កន្លែងណា ឆ្កែវាធុំក្លិនទឹកនោម, វាលើកជើង ។ កាលបើពោលពាក្យមួយឃ្លាម្នាក់
ដោយពុំមានអត្ថន័យដូច្នេះរួចហើយ
បុរសទំពែកក៏បង្កាប់ឱ្យរៀបការបុរសស្ត្រីពីរនាក់នោះទៅ ។ នៅពេលនោះ
អ្នកស្រុកនិងចៅក្រមទាំងឡាយ ក៏ស្ងើចសរសើរ នូវគតិបណ្ឌិតនិងការឈ្លាសវៃ
នៃចៅក្រមទំពែកជាច្រើន ហើយក៏បបួលគ្នាជូនវត្ថុជារង្វាន់
ដល់គាត់ទាំងអស់គ្នាជាច្រើន ។ ឯម្ដាយនៃស្ត្រី
មានរឿងក៏ពេញចិត្តនឹងការកាត់សេចក្ដីនេះ
ហើយក៏ចូលទៅសំពះសំដែងអំណរគុណដល់បុរសទំពែកទាំង ៤ ។
ប៉ុន្តែ ទោះបីមានល្បីឈ្មោះដូច្នេះ
ក៏នៅតែស្រីៗ ពុំព្រមស្រឡាញ់បុរស ទំពែកទៀត ។
ទើបបុរសទំពែកទាំងអស់គ្នានឹកឃើញដល់ស្រីមេម៉ាយ
ដែលខ្លួនបានកាត់ក្ដីឱ្យពីថ្ងៃមុន ហើយឃុនក៏ផ្ដើមនិយាយថា ៖
គឺជាស្រីដែលមានចរិយាសមរម្យណាស់ ។
គំ បន្តថា ៖
- ជាស្រីមានការអប់រំប្រកបដោយបែបបទល្អ ។ សុខ បន្ថែមថា ៖ -
ពិតមែនតែស្គមបន្តិច ប៉ុន្តែមានសម្រស់ ។ ស៊ឹម បញ្ចប់ថា -
ពុំដឹងជាហេតុអ្វី កាលបើឃើញគាត់ខ្ញុំចេះតែនឹកដល់ម្ដាយខ្ញុំ
ដែលជាការអាចឱ្យខ្ញុំទាយបានថា
គាត់ជាស្រីប្រសប់ចាត់ចែងកិច្ចការក្នុងផ្ទះ មានចិត្តសន្ដោស
ហើយមានសំដីទន់ផ្អែម ចេះថ្នាក់ថ្នមបមបំពេផង ។ បន្ទាប់ពីមានយោបល់រៀងខ្លួន
ដូច្នោះហើយទំពែកទាំង ៤
ក៏សម្រេចចិត្តថាត្រូវទៅដណ្ដឹងស្រីមេម៉ាយនោះធ្វើជាប្រពន្ធ ។
ស្រីមេម៉ាយនោះឈ្មោះយាយអៀង ។ គាត់ចាស់ណាស់ទៅហើយធ្មេញ ក៏បាក់
សាច់ក៏ឡើងជ្រីវជ្រួញយុរយារ សម្បុរស្រអាប់មើលទៅឃើញដូចសំបកមង្ឃុតស្ងួត
។
និយាយពីយាយអៀងមេម៉ាយ
កាលបើបានឮដំណឹងដូច្នេះ គាត់ក៏នឹកក្នុងចិត្តថា ៖
អញនេះជាស្រីដំបូងបង្អស់ក្នុងប្រទេសខ្មែរ
ដែលត្រូវបានជួបការសប្បាយអស្ចារ្យដូច្នេះ ។ ពីដើម
អញស្មានថាអញនេះជាមនុស្សចាស់រយាក ហើយអាក្រក់ក្រៃលែង អស់មាននរណាមកស្នេហាអញហើយ
ព្រោះមានតែឆ្កែទេ ដែលនៅដេញតាមព្រុសអញ បើចំណែកឯក្មេងអនាថាវិញ
កាលណាវាឃើញអញ វាបបួលគ្នារត់ចេញឆ្ងាយដោយវាស្រែកថា
អញជាយាយចាស់កំណាច ឥឡូវស្រាប់តែឮដំណឹងទាំង ៤ នាក់ព្រមគ្នាតែម្ដង
តើអញត្រូវរើសនរណាអេះ ?
បើគ្មានអ្នកណាមួយល្អជាងគេសោះ គឺ ៖ -
ជនទីមួយមានមាឌធំ ប៉ុន្តែ ស្គមដូចជាសំបកសណ្ដែកស្ងួត " ។ -
ជនទីពីរធាត់ ប៉ុន្តែជើងខ្លីដូចជាសត្វទុង "។ - ចំណែកពីរនាក់ទៀត
មានរាងសមសួនបន្តិច ប៉ុន្តែថ្លង់ មើលតែគល់ឈើ ម្យ៉ាងទៀត បើអញទទួលយកមួយធ្វើប្ដី
មុខជាអ្នកឯទៀតខឹងសម្បានឹងអញពុំខាន
អញមិនចងធ្វើឱ្យគេអាក់អន់ចិត្តនឹងអញសោះ ដូច្នេះ អញត្រូវទទួលយកទាំង
៤ នាក់ " ។ ទើបគាត់នឹកទៀតថា ៖ មួយនាក់សម្រាប់ដងទឹកឱ្យអញ
មួយនាក់ទៀតសម្រាប់ពុះឧស ជនទីបីសម្រាប់ទៅរកដំឡូងនឹងបន្លែ
ជនទីបួនសម្រាប់បង្កាត់ភ្លើងដាំបាយចំណែកអញៗ អង្គុយនៅស្ងៀម
ធ្វើការតែបន្តិចបន្តួច ។ ដូច្នេះ ឃុត ដែលមានជើងវែងៗ
យាយអៀងតម្រូវឱ្យរែកទឹកពីទន្លេមកដាក់ពាង ស៊ឹម ដែលមានទំនងជាអ្នកល្មោភ
តម្រូវឱ្យធ្វើបាយ ។ ចំណែកឯ គំ និង សុខ ជាអ្នកមានត្រចៀកធ្ងន់
ហើយដែលយាយអៀងយល់ថា ជាមនុស្សធ្វើឱ្យគាត់នឿយហត់កម្លាំង
ព្រោះត្រូវនិយាយខ្លាំងៗ
ទើបស្ដាប់បានគាត់បានតម្រូវឱ្យទៅព្រៃរកឧសរកវល្លិ និងជីកដំឡូង ។
ទោះបីចាត់ការដូច្នេះក៏ដោយ
ក៏គេនៅតែឮមាត់យាយអៀងស្រែកសន្ធប់ជេរប្ដីគាត់ទាំង ៤
តាំងពីព្រលឹមទល់ព្រលប់គាត់បន្ទោសថា ធ្វើការល្វើយៗ ទីមទាមៗ
ហើយគាត់ដកដង្ហើមធំឥតឈប់ឈរសោះ ។ គាត់ពោលថា កាលគាត់នៅពីក្មេង
មនុស្សប្រុសស្រឡាញ់គាត់ខ្លាំងណាស់ ហើយគេជាមនុស្សប៉ិនប្រសប់គ្រប់យ៉ាង ។
ដូច្នេះ តាចាស់ៗ ទាំង ៤
ឥតស្គាល់ពេលសម្រាកសោះ ។ យាយអៀងតែងរិះរករឿងប្រើបុរសទំពែកឥតមានល្ហែ ។
អាស្រ័យហេតុហើយបានជាឃុតទៅដងទឹកនៅអង្គុយត្រែតត្រតៗ
ឯមាត់ទន្លេចំណែកគំនិងសុខទៅនៅដំអក់ដំអែក្នុងព្រៃ ។
អ្នកដែលអភ័ព្វជាងគេគឺសឹម ព្រោះសឹមនៅផ្ទះជានិច្ច ។
យាយអៀងស្ដីបន្ទោសច្រាសឆ្អេះឱ្យគាត់តាំងពីព្រលឹមទល់ព្រលប់ឥតឈប់ឈរ ។
ហេតុនេះ ស៊ឹមក៏ទៅជាមនុស្សគេមើលលែងស្គាល់ខ្លួនឡើងស្គម សាច់ ស្បែក មុខ
ឡើងស្ងួតក្រៀមដោយសារកម្ដៅភ្លើង ហើយទៅជាកើតជំងឺហឺត
ដោយខំផ្លុំភ្លើងឱ្យឆេះឥតឈប់ឈរភ្នែកឡើង ក្រហមដោយសារផ្សែងចូល
ស្ទើរតែមើលអ្វីពុំឃើញ ។ ទុក្ខត្រួតលើទុក្ខ តែគូកនរបស់គាត់
ក៏កើតសេចក្ដីច្រណែននឹងគាត់ ព្រោះគាត់នៅផ្ទះរាល់ថ្ងៃជាមួយនិងប្រពន្ធ
។ គូកនគាត់បានព្រួតគ្នាប្រឆាំងនឹងគាត់ ហើយតាមព្យាបាទគាត់ឥតឈប់ឈរ ។
កាលណាស៊ឹមងាកបែរមុខចេញទៅណា
គូកនគាត់ក៏លបបង់អំបិលមួយក្ដាប់ធំទៅក្នុងឆ្នាំង
ហើយបបួលគ្នាលួចសើចព្រោះដឹងថា ដល់ពេលបាយយាយអៀងនឹង
ជេរមនុស្សគ្មានទោសនេះពុំខាន ។ ដោយអំណាចចិត្តកំហឹងគំនិតសុខ
បបួលគ្នារកកាប់មែកឈើនៅស្រស់ៗ ហើយមានជ័រផងយកមកឱ្យសឹមដុតដាំបាយ ។
លុះដុតឧសនោះទៅផ្សែងក៏ហុយពេញក្នុងផ្ទះ យាយអៀងក៏រត់ចេញទៅមាត់ទ្វារ
ហើយគេឮសូរគាត់ស្រែកជេរចុងភៅកម្សត់ពីចម្ងាយ រាប់ពុំឈ្នះ ។
ការហត់នឿយនិងការលំបាកគ្រប់យ៉ាង
ហើយជម្រុលទៅរកតែសេចក្ដីស្លាប់ បានធ្វើឱ្យបុរសទាំង ៤
រឹតតែឆាប់ចាស់គ្រាំគ្រាទៅទៀត គាត់ពុំអាចនៅទ្រាំទ្រនឹងយាយអៀង
ដូច្នេះតទៅទៀត ។ ថ្ងៃមួយនៅពេលដែលយាយអៀងទៅផ្សារ
យកស្វាយដែលខ្លួនបេះបានទៅលក់ បុរសទំពែក ៤
នាក់ក៏ប្រជុំជំនុំគ្នារួចសម្រេចចិត្តថា នឹងចេញពីទីនេះទៅទាំងអស់គ្នា
ស្វែងរកខ្ញុំកំដរឱ្យមកបម្រើប្រពន្ធខ្លួនរៀងខ្លួន ។ ឃុនក៏បាននិយាយថា
- យើងទាំងអស់គ្នាកាន់តែចាស់ ហើយកាន់តែខ្សោយមួយថ្ងៃបន្តិចៗ
យើងមុខជានឹងស្លាប់បង់អសារ បើយើងឥតបានសម្រាកសោះដូច្នេះ ។
គិតដូច្នោះហើយបុរសថ្ពែក
៤នាក់ក៏ធ្វើដំណើរចេញ ដោយឥតចាំឱ្យយាយអៀងត្រឡប់មកពីផ្សារវិញទាន់ឡើយ
។ ហើយនៅថ្ងៃជាមួយគ្នានោះ
គំនិតចង់បានខ្ញុំបម្រើកើតមាននៅក្នុងចិត្តនៃចៅចាក់ស្មុគម្នាក់ដែរ ។
ចៅចាក់ស្មុគនោះ ជាអ្នកប៉ិនប្រសប់ណាស់ខាងធ្វើស្មុគ
ធ្វើកន្ត្រកអំពីក្បាបត្នោត ។ ដូច្នេះគាត់ក៏ឡើងទៅលើចុងត្នោតមួយខ្ពស់
ហើយនឹកក្នុងចិត្តថា "អញមិនត្រូវចុះទៅធ្វើស្មុគនេះឯដីទេ
ព្រោះខ្លាចគេលបមើល ស្គាល់ចំណេះអញ ដូច្នេះត្រូវតែអញនៅធ្វើស្មុគ
នៅលើចុងត្នោតនេះ កាលបើអញធ្វើបានច្រើនហើយ
អញនឹងចុះពីចុងត្នោតយកស្មុគទៅលក់
ហើយអញនឹងទិញមនុស្សបម្រើម្នាក់មកប្រើ ។
នៅពេលដែលកំពុងច្រៀកស្លឹកត្នោតនោះ
គាត់ក៏នឹកដូច្នេះទៀត ថាបើមនុស្សបម្រើនោះត្រូវធ្វើការធ្ងន់
បើប្រសិនជាវាបម្រើអញ មិនសូវគាប់ប្រសើរទេ
នោះប្រយ័ត្នត្រូវនិងកែងជើងអញ" ។ កំពុងតែគិតដូច្នេះ
បុរសក៏លើកជើងធាក់ហើយក៏រអិលខ្លួនធ្លាក់ពីដើមត្នោត
ប៉ុន្តែសំណាងល្អនៅនៅពេលធ្លាក់នោះ បុរសមានស្មារតី
បានចាប់ចុងស្លឹកត្នោតជាប់ នៅយោងតែលតោលៗ កណ្ដាលវាល មើលទៅដូចជាសត្វជ្រឹង
។ នៅពេលនោះ មានទ្រមាក់ដំរីកាត់តាមនោះ ចៅចាក់ស្មុគក្រឡេកទៅឃើញ
ក៏ស្រែកហៅយ៉ាងខ្លាំងថា "លោកបងទ្រមាក់ដំរី ! បើប្រសិនជាបងអាចជួយដាក់ខ្ញុំពីលើចុងត្នោតនេះបាន
ខ្ញុំនឹងទៅបម្រើលោកអស់មួយជីវិត" ។
កាលបើឮដូច្នេះ បុរសទ្រមាក់ដំរីក៏មានចិត្តត្រេកអរជាខ្លាំង
។ គាត់ខំបរដំរីគាត់យ៉ាងលឿនចូលទៅក្រោមដើមត្នោត
ហើយបញ្ឈប់ដំរីនៅក្រោមនោះ រួចគាត់ក៏ឡើងឈរនៅខ្នងដំរី
ខំប្រឹងចំអើតចាប់ជើង ចៅចាក់ស្មុគ ប៉ុន្តែនៅពេលដែលគាត់ក្រោកឈរនោះ
គាត់ខំប្រឹងទប់ខ្លួនឡើងញ័រគ្រប់សរសៃ
ហាក់ដូចជាសញ្ញាគោះជំនិះគាត់ឲ្យដើរទៅមុខទៀត ។ ដំរីយល់ដូច្នោះ
ក៏ដើរទៅមុខទៀត ចោលទ្រមាក់ដែលកំពុងតោងជើងចៅចាក់ស្មុគជាប់ ។
បុរស ២ នាក់ក៏នៅតោងស្លឹកត្នោតនោះជាប់
មើលទៅឃើញហាក់ដូចជាផ្លែឈើពីរយ៉ាងធំវែង ។ សត្វក្អែកទាំងឡាយភ្ញាក់ផ្អើលនឹងទស្សនីយភាពយ៉ាងចម្លែកនោះ
ក៏ហើរក្រឡេកឆាបហើយស្រែកលានឮទ្រហឹងអឹងកង ។
ចៅចាក់ស្មុគក៏កាន់តែធ្ងន់ខ្លួនខ្លាំងឡើងទៅទៀត
ហើយខំប្រឹងតោងស្លឹកត្នោត លុះត្រាតែក្បាបវាមុតចូលទៅក្នុងសាច់
ស្រក់ឈាមមកលើមុខបុរសទ្រមាក់ដំរី
ជាហេតុធ្វើឲ្យបុរសខាងក្រោយនេះរឹតតែភ័យញាប់ញ័រទៅទៀត ។
យល់ឃើញថាខ្លួនពុំអាចខំប្រឹងតោងធាងត្នោតបានទៀតទេ
ចៅចាក់ស្មុគក៏អង្វរករចៅទ្រមាក់ដំរីដូច្នេះថា ចូរអ្នកលែងជើងខ្ញុំទៅ
ខ្ញុំអស់កម្លាំងណាស់ហើយ !
ចូរលែងជើងខ្ញុំទៅបើមិនដូច្នេះទេ
យើងនឹងធ្លាក់ទៅស្លាប់ទាំងអស់គ្នា ។
មិនតែប៉ុណ្ណោះ ចៅចាក់ស្មុគបានស្រែកជេរ
ហើយស្ដោះទឹកមាត់ដាក់ក្បាលទ្រមាក់ដំរីជាច្រើនទៀតផង
ប៉ុន្តែចៅទ្រមាក់ដំរីត្រឡប់ជាស្រែកអង្វរករទៅចៅចាក់ស្មុគវិញថា
"ឱលោកបងអើយ ! សូមលោកកុំលែងដៃឱ្យសោះ ។
បើប្រសិនជាលោកម្ចាស់ទ្រាំតោងលុះត្រាតែមានជនណា
គេមកជួយដាក់យើងឱ្យរួចពីចុងត្នោត
នោះខ្ញុំនឹងធ្វើជាខ្ញុំបម្រើលោកវិញលុះត្រាតែក្ស័យជីវិត" ។
នៅពេលនោះ ស្រាប់លេចបុរសទំពែកយើង ៤
នាក់ដែលស្វែងរកទាសៈសម្រាប់បម្រើប្រពន្ធខ្លួនទៅដល់
បុរសអស់សង្ឃឹមទាំងពីរនាក់ ស្រែកហៅបុរសទំពែកទាំងឡាយឱ្យចូលមក
ហើយនិយាយថា ឱលោកឪពុកទាំងឡាយ សូមលោកឪពុកជួយយកអាសាខ្ញុំផង
ខ្ញុំនឹងទៅនៅធ្វើជាខ្ញុំបម្រើលោក លុះត្រាអស់ ១ ជីវិត ។
បានឮដូច្នោះ បុរសទំពែក ៤
នាក់ក៏ត្រេកអរជាខ្លាំង ទើបឃុតនិយាយទៅកាន់គូកនខ្លួនថា
"យើងពុំដឹងមានមធ្យោបាយអី នឹងរកមនុស្សបម្រើឱ្យបាន
ឥឡូវយើងបានជួបពីរនាក់នេះហើយ ។ ចូរយើងសន្ធឹងសំពត់ឡើង ហើយម្នាក់ ៗ
កាន់មួយជ្រុង ឈរពីក្រោមមនុស្សយោលទោងនេះ ។ លុះធ្វើដូច្នេះហើយ បុរសទំពែក
៤ នាក់ក៏ស្រែកហៅឲ្យបុរសពីរនាក់ទម្លាក់ខ្លួនចុះមក ។
ប៉ុន្តែបុរសខាងក្រោយនេះ ពុំទាន់ដាច់ចិត្តហ៊ានទម្លាក់ខ្លួនមក
ហើយស្រែកប្រាប់មកចៅទំពែកដូច្នោះថា " ឱលោកឪពុកក្មេក ! តើលោកឪពុកមានកម្លាំងគ្រប់គ្រាន់ទេ ? លោកឪពុកសន្ធឹងសំពត់ស្រួលហើយឬ.? ....ប្រាកដហើយឬ ? "
ដើម្បីជាការប្រយ័ត្នទៅទៀត តាទំពែក ៤
នាក់ក៏យកជ្រុងសំពត់ចងជាប់ទៅនឹងករៀងៗខ្លួន
រួចខំប្រឹងទប់ខ្លួនទាញសំពត់យ៉ាងអស់ទំហឹង
រួចស្រែកទៅកាន់បុរសតែងតោងពីរនាក់នោះថា "ម្ដងនេះតាធ្វើស្រួលបួលហើយ
ចូរចៅទម្លាក់ខ្លួនមកចុះ !
ចៅចាក់ស្មុគនិងចៅទ្រមាក់ដំរី
ក៏ទម្លាក់ខ្លួនមកចំកណ្ដាលសំពត់ ប៉ុន្តែអនិច្ចាអើយ
ទម្ងន់មនុស្សពីរនាក់នោះ បានកន្ទ្រាក់ទាញក្បាលទំពែក
៤នាក់ឱ្យមកទង្គិចគ្នាលាន់សូរតែផូស ។ សេចក្ដីហេតុនេះ ឃុត គំ ស៊ឹម និងសុខ
ក៏ក្ស័យជីវិតនៅពេលជាមួយគ្នានោះអស់ទៅ ។
រឿង បុរសទំពែក ៤ នាក់
Reviewed by VannyDa
on
2:27 PM
Rating: