រឿងព្រេង អ្នកតា តាលាក់
នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម
(កំពង់ចាម) ឮគេដំណាលថា កាលដែលស្រុកខ្មែរកើតវិបរិតជាមួយនឹងចាម
ទ័ពខ្មែរមានជ័យជម្នះបានដេញទ័ពចាមខ្ចាត់ខ្ចាយអស់ ។ មេទ័ពចាមមួយ
បានភៀសខ្លួនចូលទៅក្នុងពួនក្នុងព្រៃអំពៅ ដោយអត់អាហារយូរថ្ងៃពេក
ក៏ស្លាប់នៅទីនោះទៅ តែដោយកំហឹងគំនុំគំកួននឹងបច្ឆាមិត្តខ្លាំងពេក
ក៏កើតជាអ្នកតាមួយពូកែអស្ចារ្យ ។ លុះអ្នកស្រុកដឹងថាមានអ្នកតាពូកែ
ក៏ធ្វើរោងក្បឿងមួយខ្នងគ្របលើផ្នូរអ្នកតា លាក់ ។ តាលាក់ នេះ
គាត់ធ្វើតែអ្នកណាដែលស៊ីសាច់ជ្រូក ព្រោះគាត់ចាម
ដូច្នេះអ្នកស្រុកកៀនជ្រៃ ប៉ែកខាងជើងព្រែកទាំងមូល
មិនហ៊ានយកសាច់ជ្រូកចូលទៅក្នុងស្រុកភូមិទេ បើមានបុណ្យទានអ្វី
ប្រើតែសាច់គោនិងប្រេងប៉ុណ្ណោះ ។ ពីឆ្នាំ ១៩៣៦ ឬ ៣៧ មានឈ្មោះ ហ៊ុល ហេន
នៅស្រុកស្ទឹងត្រង់ កំពង់ចាម បានទិញឡានមួយយកទៅរត់ឈ្នួលឯស្ទឹងត្រង់
បើកឡានទៅដល់រោងតាលាក់ ក៏ចុះទៅបន់សុំឲ្យជួយ
ឲ្យបានចម្រើនក្នុងរបររត់ឡាននេះ និងថ្វាយទេសឯកប្រវែងផ្នូរ
ហើយក៏ចេញឡានទៅ ។ យប់នោះឯងតាលាក់ទៅពន្យល់សប្ដិ ហ៊ុល ហេន ថា
"អញមករក្សាឡានឲ្យហើយ តែកុំទទួលដាក់សាច់ជ្រូកឲ្យសោះ" ។
ពីរបីខែដំបូង ហ៊ុល ហេន មិនហ៊ានទទួលដាក់អ្នកជិះឯណាដែលមានសាច់ជ្រូកសោះ
រកស៊ីឃើញចំណេញគ្រាន់ទប់ទល់
តៗមកម្ចាស់ឡានចេះតែលួចដាក់សាច់ជ្រូកបន្តិចៗ ឡានចេះតែខូច បែកកង់
ខូចម៉ាស៊ីន មួយថ្ងៃធ្លាប់រត់បានបីជើង ទៅជាមិនបានមួយជើងផងក៏មាន
ខាតៗទៅទាល់តែរកស៊ីលែងបាន ។ ម៉្យាងទៀត
តាលាក់នេះពីដើមនៅក្បែរមាត់ទន្លេទេ លុះដីបាក់ជិតៗមក
ក៏ស្រាប់តែឃើញផ្នូរគាត់ ទៅនៅឯកណ្ដាលចម្ការ ឆ្ងាយពីមាត់ទន្លេទៅវិញ
អ្នកស្រុកក៏រើរោងតាមទៅ ។
នៅឃុំកៀនជ្រៃ គួរឲ្យសើចណាស់
ត្រើយព្រែកម្ខាង អ្នកស្រុកបរិភោគសាចជ្រូក ត្រើយម្ខាងបរិភោគមិនបាន
ជនឯណាចចេសនឹងបានចុកពោះមិនខាន ។
ក្បួនហែអ្នកតា
ពីល្ងាចសូត្រមន្ត
ព្រឹកឡើងប្រគេនចង្ហាន់ដល់ព្រះសង្ឃ រួចហែបាយ
ព្រលឹងទៅសុំពរសព្ទសាធុការពីអ្នកតា សុំឲ្យមានទឹកភ្លៀងបរិបូណ៌
ធ្វើស្រែចម្ការឲ្យបានល្អ សុំកុំឲ្យមានជំងឺដង្កាត់
និងសុំឲ្យស្រុកបានសុខសាន្តត្រាណជាដើម ។ បាយព្រលឹងនេះ
គេយកទៅជូនអ្នកណាដែលធំជាងគេក្នុងខែត្រ មានអភិបាលខែត្រ
ឬអភិបាលស្រុកជាដើម ។ តាមទំនៀមដែលឡើងអ្នកតា បើធ្វើតាមទម្លាប់នោះ ត្រូវសង់រោងយ៉ាងអ៊ឹកធឹកណាស់
មានល្បែង របាំ ភ្លេងភ្លាត់ មេឃុំម្នាក់ត្រូវធ្វើរោងរបស់ខ្លួន ។
ម៉្យាងទៀត គេត្រូវកាប់ក្របីឃ្លៀចថ្វាយអ្នកតាផង ទំនៀមថ្វាយសត្វរស់នេះ
មានធ្វើនៅខែត្របាភ្នំ ចំពោះអ្នកតាមេស នៅខែត្រស្ទឹងត្រែង ។ល។
ក្នុងស្រុកកំពង់ត្របែក នៅឃុំព្រះធាតុ មានអ្នកតានាងសល្អស្អាត
អ្នកតានោះស៊ីតែទន្សាយ ។ អ្នកស្រុកនិយាយថា
នៅឱកាសដែលរៀបពិធីឡើងអ្នកតា តែមានទន្សាយរត់ចូលមក
ឲ្យចាប់សម្លាប់ថ្វាយអ្នកតាភ្លាម ឥឡូវនេះគេបានយកជ្រូកជំនួសទន្សាយវិញ
។
តង្វាយអ្នកតា
អ្នកតាទាំងអស់លើកលែងតា លាក់ និងយាយ
ទេពចេញសុទ្ធតែត្រូវការក្បាលជ្រូកទាំងអស់ ចំណែកតាលាក់ និងយាយ ទេព
ត្រូវការបាយដំណើប ប្រហុកអាំង សំពត់ស ក្លស់ ទៀន ធូប ។
អ្នកតាឯទៀតត្រូវការសំណែនជាបាយម្ហូបស្រាក៏មាន ចេកស្លាធម៌ក៏មាន ។ល។
រឿងព្រេង អ្នកតា តាលាក់
Reviewed by VannyDa
on
3:30 PM
Rating: