រឿង អណ្ដើកនិងស្វា
មានរឿងនិទានមួយថា អណ្ដើក និងស្វា
វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា
សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា
ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ
គេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្ដើកជាដន្លងថា
« យើងការកូននេះ ហៅភ្ញៀវអស់ហើយ នៅតែអណ្ដើកជាដន្លង
មិនទាន់បានទៅប្រាប់ឥឡូវ ជិតថ្ងៃការណាស់ទៅហើយ
បើដូច្នោះឲ្យបម្រើទៅអញ្ជើញគាត់ផង បំណាច់យើងរាប់អានគ្នា
យូរឆ្នាំណាស់មកហើយ »
គិតហើយក៏ចាត់បម្រើឲ្យទៅអញ្ជើញ ។
ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ
តែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញ
ក៏ទៅប្រាប់ដន្លងស្វាថា « ត្បិតដន្លងអណ្ដើកមកដល់ហើយ នៅឯក្រោមដើមឈើ » ។
ដន្លងស្វាចុះមក ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេ
មានតែដន្លងឯងខាំវល្លិនេះចុះ យើងនឹងស្រាវឡើង
ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ ដន្លងឯងកុំនិយាយឲ្យសោះ
ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ, តែនិយាយធ្លាក់មកស្លាប់ហើយ ។
អណ្ដើកទទួលបណ្ដាំដន្លងនោះសព្វគ្រប់ហើយ ក៏ទទួលខាំវល្លិ ។
ពួកស្វាទាំងប៉ុន្មាន ក៏ស្រាវវល្លិនោះឡើង នាំអណ្ដើកទៅឯថ្នាក់លើ ។
លុះទៅជិតដល់កន្លែង ដែលគេនឹងដាក់នោះ
ជួនជាដន្លងស្រីស្វា ឃើញអណ្ដើក ក៏សួរដោយរាប់អានថា « ដន្លង ! សុខសប្បាយទេឬ ? » ។ អណ្ដើកភ្លេចពាក្យបណ្ដាំ ហាមាត់ស្ដីទៅនឹងដន្លង ក៏របូតមាត់
ធ្លាក់ខ្លួនដល់ដីបែកស្នូកដូចគេបោកនឹងថ្ម ស្លាប់នៅវេលានោះ
ខានស៊ីការនោះទៅ ។
មាត់អណ្ដើក
រឿង អណ្ដើកនិងស្វា
Reviewed by Admin
on
5:03 PM
Rating: