រឿង វត្តសំពៅប្រាំ (នៅក្រុងបូកគោ)
វត្តសំពៅប្រាំ
ឋិតនៅលើខ្ពង់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះ
រាជការបានតែងតាំងជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់
សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ ។ ភ្នំនេះ ឋិតនៅក្នុងពួកភ្នំកំចាយ
ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃ
គេកាត់ចេញដោយឡែក ជាបុរីមួយ,
ដោយមានការគ្រប់គ្រងពិសេស ដាច់ចេញពីខេត្តកំពត ។
សព្វថ្ងៃ ទីក្រុងថ្មីនេះ
បានរៀបចំជាថ្មីឲ្យទាន់សម័យ,
ឯផ្លូវថ្នល់ ដែលលូនក្រវេចក្រវៀនតាមចង្កេះភ្នំ
កាត់ជ្រោះភ្នំ ឡើងទៅកាន់ខ្ពង់បព្វតានេះ
ក៏បានក្រាលថ្មចាក់ជ័រយ៉ាងស្អាតបាត រថយន្តតូចគ្រប់ធន់
បើកបរបានគ្មានលំបាកទេ លើកលែងតែរថយន្តធំវែងៗ
បើកបរពុំបានត្បិតបត់បែនពុំកើត ព្រោះផ្លូវនេះក្ងិចក្ងក់ពេក ។ ផ្លូវឡើងនេះ
មានចម្ងាយចាប់តាំងពីត្រង់បែកចេញពីផ្លូវជាតិលេខ ៣
(ផ្លូវកំពតទៅវាលរេញ) ទៅ មាន ៣២ គីឡូ ប៉ុន្តែដោយផ្លូវបត់បែន
ហើយត្រូវឡើងជាដរាបផង រថយន្តបើកពុំសូវបានលឿនប៉ុន្មានទេ ។
ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាស សម្រាប់ជនជាតិអឺរ៉ុប
ដែលជាអាណាព្យាបាលស្រុកយើង គឺលោកហ្វ្រង់ ស្វា-បូដ្វាំង
ជារ៉េស៊ីដង់សុប៉េរីយើរ នៅប្រទេសកម្ពុជា បានចាត់សាង ហើយសម្ពោធជាផ្លូវការ
កាលពីឆ្នាំ ១៩២៥ ។ កាលពីសម័យកសាងនោះ ដោយទ្រង់យល់ថា
បារាំងរៀបចំធ្វើទីសំណាក់អាស្រ័យ យកធាតុត្រជាក់សម្រាប់ពួកគេដូច្នោះ
ព្រះមហាក្សត្រខ្មែរយើង
ក៏ព្រះអង្គទ្រង់ព្រះតម្រិះដល់ព្រះពុទ្ធសាសនាភ្លាមដែរ
គឺព្រះអង្គទ្រង់សាងអារាមមួយ ដោយមានកូនវិហារតូចមួយ និង
ចេតិយមួយឡើងដែរ ។ សំណង់វត្តនេះ តាំងនៅលើដីខ្ពស់ជាកំពូលភ្នំ ដ៏មានផែនថ្មធំៗ
នៅពាសពេញ ចម្លែកជាងគេ គឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយ ប្រមាណជាង ១០
ម៉ែត្រ និង កម្ពស់ប្រហែលជិតដប់ម៉ែត្រដែរ ។ ទ្រង់ទ្រាយផែនថ្មនេះ
មានភាពសំប៉ែត ខ្ពស់ទ្រទុងនៅឃើញរូបភាពនៃថ្មទាំង ៥ ផែននេះ
មានសណ្ឋានដូចសំពៅ ៥ កំពុងបើកក្ដោង ហើយការកសាងវត្តនេះ
ក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត, ទើបអ្នកផងហៅទីនេះតាមសន្មតថា
"វត្តសំពៅប្រាំ" ។
កាលបើបានឈ្មោះនេះហើយ អ្នកផង
ក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ
គឺរឿងព្រះថោងនាងនាគនោះឯង មានដូចតទៅនេះ ៖ ក្នុងកាលកន្លងយូរមកហើយ2
កាលនោះមានស្ដេចខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង ។ រឿងដើម
នៃក្សត្រអង្គនេះ គឺព្រះអង្គ ជាព្រះអង្គម្ចាស់មួយព្រះអង្គ
មានការតូចព្រះទ័យនឹងបិតា ដែលត្រូវឲ្យព្រះអង្គគោរពបូជាព្រះអនុជពៅ, ម្ល៉ោះហើយ
ទ្រង់យាងចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក
ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយ ដ៏មានដើមធ្លកមួយដើម
ដុះនាកណ្ដាលវាលខ្សាច់នោះ ។ ព្រះអង្គ បញ្ឈប់ពលរេហ៍នៅទីនោះ
សម្រាកព្រះកាយនៅក្រោមដើមធ្លក ។ ពេលព្រលឹមស្វាងឡើង
ព្រះអង្គយាងមួយព្រះអង្គឯង លំហែព្រះកាយតាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ
ស្រាប់តែឮសូរសំឡេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិត បានជួបនឹងនាងនាគ
ដែលកំពុងនាំភីលៀងមកកម្សាន្តឆ្នេរសមុទ្រនេះ ។
ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏ព្រមព្រៀង
តែសុំឲ្យព្រះអង្គតោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ
ថ្វាយបង្គំព្រះបាទភុជង្គនាគ ជាព្រះវរបិតា ។ លុះព្រះអង្គ
តាមព្រះនាងទៅដល់ឋាននាគ អស់រយៈពេលប្រាំពីរថ្ងៃ
ក៏សុំលាព្រះបិតាក្មេក នាំមហេសីវិលមកឋានមនុស្សវិញ ។ កាលនោះ
ព្រះបាទភុជង្គនាគ ក៏បានរៀបចំប្រដាប់ប្រដា
ជាទ្រព្យមានតម្លៃចំនួនប្រាំសំពៅ ដើម្បីដង្ហែព្រះរាជបុត្រ
មកគ្រប់គ្រងរាជ្យនៅមនុស្សលោក ។ សំពៅទាំងប្រាំនេះ
បើកក្ដោងសំដៅដល់មាត់សមុទ្រ ជាយដែនប្រទេសហើយ ក៏ចូលចតតម្រៀបគ្នា រើប្រដាប់ប្រដាចេញពីសំពៅ
ហើយដឹកជញ្ជូនយកទៅ រកទីណាមួយមានដីទួលខ្ពស់ រៀបចំកសាងជាទីក្រុងឡើង ។
ឯសំពៅទាំង ៥ នោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គមានដំណើរទៅណាមកណា
ទ្រង់គង់ក្រសាលតាមព្រះចិន្ដា ។ ពលរេហ៍ទាំង ៥០០ នាក់ ក៏ដង្ហែព្រះថោង និង
នាងនាគ ទៅចាប់ស្ថាបនាទីក្រុង រាជនិវេសន៍ទាំងអស់គ្នាទៅ
នៅសល់តែសំបកសំពៅ ។ លុះអស់កាលជាយូរលង់មកហើយ ឆ្នេរសមុទ្រ
ក៏ចេះតែស្រុតស្រកឆ្ងាយទៅៗ,
ដីក៏កាន់តែដុះខ្ពស់ឡើងៗ, សំពៅទាំង ៥
នោះក៏កឿងជាប់នឹងច្រាំង ហើយយូរៗ ទៅ ក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី
នៅសល់តែក្ដោងទាំង ៥ ដែលគេឃើញសព្វថ្ងៃនេះ ។
នេះហើយ ជារឿងព្រេង
ដែលអ្នកស្រុកប្រឌិតភ្ជាប់នឹងស្ថានភាពវត្តនៅលើភ្នំបូកគោ ។
ប៉ុន្តែបើតាមការស្រាវជ្រាវវិញ វត្តនេះ ពុំមែនជាវត្តបុរាណណាស់ណាទេ
គឺជាវត្តថ្មីមួយ ដែលព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ-មុនីវង្ស
ព្រះចៅប្រទេសកម្ពុជា ទ្រង់កសាងឡើង កាលពី គ.ស. ១៩២៤
គឺនៅពេលដែលរាជការអាណាព្យាបាលបារាំង គេស្ថាបនា ទីតំបន់បូកគោ
ធ្វើជាទីលំហែ សម្រាកយកខ្យល់ត្រជាក់ តាមធាតុអាកាសស្រុកអឺរ៉ុប ។ កាលនោះ
រាជការបារាំង គេបានថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត នូវទីកន្លែងមួយ
សម្រាប់ព្រះអង្គស្ថាបនាជាព្រះរាជដំណាក់មួយនៅបូកគោនោះ ដូច្នេះហើយ
ព្រះអង្គក៏ផ្ដួចផ្ដើមព្រះទ័យ កសាងជាវត្តមួយនេះឡើង ដោយជ្រើសរើសយកទីទួល
ដែលនៅជាប់នឹងផែនថ្ម ៥ សន្លឹកធំៗ នោះ សង់ជាព្រះវិហារមួយតូច
តែស្អាតស្អំ និង ចេតិយតូចមួយទៀត នៅពីមុខព្រះវិហារនេះ
ហើយសន្មតយកនាមាភិធេយ្យថា "វត្តសំពៅប្រាំ" គឺយកតាមលំនាំ
ទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្ដោងសំពៅប្រាំផ្ទាំង
ឋិតនៅត្រង់នោះស្រាប់ ។ សព្វថ្ងៃ បូកគោ
ជាទីមនោរម្យមួយសម្រាប់ទេសចរណ៍ធ្វើដំណើរទៅលំហែ សម្រាកកាយ
នៅគ្រប់ពេលដែលឈប់សម្រាក, ម្ល៉ោះហើយ វត្តសំពៅប្រាំ ក៏ទៅជារមណីយដ្ឋានមួយ
ដែលគេស្គាល់ច្រើនដែរ ។
រឿង វត្តសំពៅប្រាំ (នៅក្រុងបូកគោ)
Reviewed by VannyDa
on
2:50 PM
Rating: