រឿង បងថ្លៃ និងប្អូនថ្លៃ
មានមនុស្សពីរនាក់ជាបងថ្លៃ
ប្អូនថ្លៃនឹងគ្នា បងថ្លៃជាអ្នកក្រ ប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិ
។ ថ្ងៃមួយឪពុកក្មេក មានកិច្ចរវល់ត្រូវប្រាប់បងប្អូន
កូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ ប្អូនថ្លៃនោះបានមកជួបនឹងបង
បបួលទៅស៊ីឯផ្ទះឪពុកក្មេក,
បងថ្លៃនិយាយប្រាប់តាមត្រង់ថា «មិនហ៊ានទៅស៊ីទេ« ព្រោះខ្លួនជាអ្នកក្រ
មិនធ្លាប់ស៊ីម្ហូបចំណីល្អ ក្រែងមិនត្រូវបែបទេ ខ្មាសគេ
ប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបង ក៏ប្រាប់ទៅវិញថា « មិនអីទេ
ទៅពីរនាក់ចុះ បើមិនដឹង ឲ្យតែធ្វើតាមខ្ញុំៗស៊ីអី ស៊ីហ្នឹងទៅ
មិនក្រប៉ុន្មានទេ បងទៅជាមួយនឹងខ្ញុំចុះ » ។ បងក៏ព្រមទៅ, លុះទៅបរិភោគនៅទីនោះ
បបួលគ្នាស៊ីបាយតាមធម្មតាទៅ ដល់គេលើកសម្លខ្ចៅមក
ប្អូនក៏យកចង្កឹះចាប់មួយមកពម រួចជញ្ជក់អស់ ខ្ជាក់សំបកខ្ចៅនោះដាក់នៅនឹងកន្លែង
ហើយគេចោលសំបកនោះទៅ ។
ឯបងនោះមិនដឹង
ដោយមិនបានឃើញគេធ្វើដូច្នោះ
ក៏ខំជញ្ជក់ហើយខំទាំងទំពាសំបកខ្ចៅនោះទាល់តែល្អិត ខំលេបទៅ ។
ប្អូនឃើញដូច្នេះ ក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅ
ដែលគេឡៅទុកនៅចាននោះមកស៊ី ៗ រួចគេយកកន្សែងខ្ចប់ដាក់ ហើយចោលទៅទៀត ។
បងឃើញគេស៊ីអំពៅ ក៏យកអំពៅនោះ មកស៊ីនឹងគេទៀត
ខំទំពាអំពៅទាល់តែល្អិតកាក លេបទៅទៀត, ប្អូនលែងស៊ីអំពៅ
វាទៅស៊ីសម្លមីសួទៀត ទើបតែនឹងពមចូលក្នុងមាត់
នឹកឃើញបងស៊ីអំពៅទាំងកាកនោះ ហើយអស់សំណើចទប់មិនឈ្នះ
ក៏ចេញសំឡេងមកឮតែឃឹក ។ ដោយហេតុខ្យល់ទប់ឃឹកនោះ
មីសួវាស្ទុះឡើងទៅចូលឯរន្ធច្រមុះទាំងពីរ
ចេញមីសួនោះមកក្រៅដោយអំណាចខ្យល់ ។ បងថ្លៃឃើញដូច្នោះ
ក៏ចោលចង្កើះទៅក្នុងថាសថា « ទេ ! លែងស៊ីហើយ ស៊ីឯទៀតធ្វើតាម សូម្បីខ្ចៅនិងអំពៅទាំងសំបក ទាំងកាក
ក៏ស៊ីបានទាំងអស់ ដល់មីសួ ខ្លុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេ
ប្អូនឯងស៊ីតែឯងចុះ បងលែងស៊ីហើយ ស៊ីទៅទៀតមិនកើតទេ » ។
ពុតគ្រូកុំត្រាប់
ច្បាប់គ្រូឲ្យយក
រឿង បងថ្លៃ និងប្អូនថ្លៃ
Reviewed by Admin
on
5:05 PM
Rating: