រឿង ភ្នំប្រុសភ្នំស្រី នៅខេត្តកំពង់ចាម
បើយើងធ្វើដំណើរពីក្រុងភ្នំពេញទៅកំពង់ចាម
តាមផ្លូវជាតិលេខ ៧ ដល់ទៅគោលគីឡូម៉ែត្រទី ១១៦ ហើយចោលភ្នែកទៅទិសឦសាន
ដែលនៅខាងឆ្វេងដៃ ចម្ងាយពីថ្នល់ជាតិទៅប្រមាណជាមួយគីឡូម៉ែត្រ
យើងនឹងឃើញភ្នំ ២ នៅទន្ទឹមគ្នា ១ ខាងកើតខ្ពស់ ១ ខាងលិចទាប ។
ភ្នំខ្ពស់ឈ្មោះភ្នំស្រី, ភ្នំទាបឈ្មោះភ្នំប្រុស(២) ។
រឿងព្រេងប្រចាំភ្នំនោះ មានដូចតទៅនេះ ៖
កាលពីព្រេងនាយ
មានស្ដេចស្រីមួយព្រះអង្គព្រះនាម " ស្រីអយុធ្យា "
សោយរាជ្យនៅនគរខ្មែរ ។ ដោយព្រះនាងជាស្ដេចសោយរាជ្យ
គ្មានបុរសណាមួយហ៊ានដណ្ដឹងយកភរិយាឡើយ ម៉្លោះហើយ
ព្រះនាងរកដណ្ដឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើជាព្រះស្វាមីវិញ
ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យា ដណ្ដឹងប្រុសជាព្រះស្វាមីដូច្នោះ
ស្រីៗ ដែលនៅក្រោមព្រះរាជោវាទព្រះនាង ក៏ដណ្ដឹងប្រុសៗ
ធ្វើជាស្វាមីតាមដែរ ។
ក្នុងរជ្ជកាលនោះ
មុខគួរឲ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗ ទៅរកដណ្ដឹងប្រុសៗ
គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា ។
ធ្វើដូច្នេះ អស់មួយរាជ្យស្ដេចស្រីនេះ ។ លុះមកដល់រាជ្យស្ដេចក្រោយៗ ទៀត
ពួកស្រីៗ ជំនុំគ្នាថា " ឥឡូវនេះ ដូចជាមិនសមសោះ ខ្លួនយើងជាស្រី
ហើយដើរដណ្ដឹងប្រុសៗ ធ្វើជាប្ដី បើដូច្នេះ
យើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំភ្នាល់គ្នាជាមួយនឹងពួកប្រុសៗ
គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំមួយ ភ្នាល់គ្នា ។
បើប្រុសៗ ចាញ់យើង ត្រូវឲ្យប្រុសៗដណ្ដឹងយើងជាស្រីវិញ " ។
លុះគិតដូច្នេះហើយ ក៏នាំគ្នាទៅបបួលពួកប្រុសៗ ធ្វើភ្នំ
ចុះខសន្យាភ្នាល់គ្នា ដូចពោលមកហើយ គេក៏បានចាត់មេកំណែន
កេណ្ឌមនុស្សស្រីឲ្យបានច្រើន,
ខាងប្រុស មានមេកំណែនខាងប្រុសដើរកេណ្ឌ
ខាងស្រីមានមេកំណែនខាងស្រីដើរកេណ្ឌ លុះកេណ្ឌបានគ្នាច្រើន
គ្រប់ចំនួនខាងប្រុស - ស្រី រួចហើយ ក៏និយាយនឹងគ្នាថា "
យើងទាំងអស់គ្នា ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះ ទើបឈប់ទាំងអស់គ្នា, បើផ្កាយព្រឹកមិនទាន់រះ
មិនត្រូវឈប់ទេ " ។ គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាជញ្ជូនដី
រែកទូលតាមថាមភាពរៀងខ្លួនទៅ ។
ពេលនោះជាពេលរាត្រី ពួកស្រីៗ
មានប្រាជ្ញាជញ្ជូនដីអស់វេលា ៣–៤ ម៉ោង
ក៏នាំគ្នាបង្ហូតគោមមួយតូចយ៉ាងខ្ពស់ នៅជ្រុងឦសានភ្នំ
ពួកប្រុសៗក្រឡេកមើលទៅឃើញគោម ដែលស្រីបង្ហូតនឹងឫស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះ
ក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិទ្រាលក់អស់ទៅ គ្មានសល់ម្នាក់
ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែន ទើបឈប់ ។
ដល់មាន់រងាវកឺតៗ ប្រុសៗភ្ញាក់ឡើង
ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា " យើងទាំងអស់គ្នាខុសហើយ
ផ្កាយព្រឹកមែនទែនទើបតែនឹងរះសោះ ", ហើយនាំគ្នាក្រឡេកមើលទៅភ្នំស្រីមានទំហំធំខ្ពស់ជាងរបស់ខ្លួន
ក៏មានសេចក្ដីអៀនអន់ក្នុងចិត្ត ដោយចាញ់កលស្រី ។
តាំងពីនោះមក ប្រុសៗ ក៏ដណ្ដឹងស្រីៗ
ធ្វើជាភរិយាដរាបដល់សព្វថ្ងៃនេះ ។
រឿង ភ្នំប្រុសភ្នំស្រី នៅខេត្តកំពង់ចាម
Reviewed by VannyDa
on
2:36 PM
Rating: