រឿង ប្រាសាទព្រហ្មកិល (នៅខេត្តសៀមរាប)
នៅឃុំចុងកាល់ ស្រុកសំរោងចុងកាល់
ខេត្តសៀមរាប មានប្រាសាទបុរាណមួយប្រាសាទនោះ មានស្រះពីរនៅក្បែរខាង
តួប្រាសាទកម្ពស់ប្រហែល ៥ ម,៥០ ទំហំប្រាសាទប្រហែល ១៥ ឬ ១៦ ម៉ែត្របួនជ្រុង ខាងក្នុងប្រាសាទ
មានថ្មមួយផែនដូចជាបល្ល័ង្ក ។ ប្រាសាទនោះ ហៅថាប្រាសាទព្រហ្មកិល
នៅខាងជើងស្ទឹងមួយ ចម្ងាយប្រហែលជា ១៥០ ម៉ែត្រ
ចំពោះប្រាសាទថ្មដែលទៀបមាត់ស្ទឹងនេះ
ចាស់បុរាណបានចងចាំរឿងព្រេងមួយដូចតទៅ :
មានសេចក្ដីដំណាលថា កាលនោះ មានបុរសអ្នកដើររកផ្ដៅម្នាក់
បានដើររកផ្ដៅក្នុងព្រៃ ប្រទះឃើញដើមរកាខ្មៅ (?) មួយ
យកមកធ្វើជាដំបងយ៉ាងមាំ ហើយល្អអស្ចារ្យ សន្មតហៅថា "ដំបងក្រញូង
" ។
ក្រោយពីបានដំបងនេះមកកាន់កាប់ថែរក្សា
បុរសនោះក៏ក្លាយទៅជាអ្នកមានបារមីយ៉ាងសម្បើម
ដោយសារឫទ្ធអំណាចដំបងរបស់គាត់នោះឯង ។ បុរសនេះដឹងថា
ខ្លួនមានតេជះបារមីខ្លាំងពូកែដូច្នោះ ក៏កើតមានចិត្តលោភលន់ពន់ប្រមាណ
ហ៊ានវាយដណ្ដើមយករាជសម្បត្តិអំពីព្រះបាទ ចក្រពត្តិ
ដែលគ្រងរាជសម្បត្តិនៅរាជធានីអង្គរវត្ត ហើយសោយរាជ្យជាម្ចាស់ផែនដីប្រទេសខ្មែរ
ជាតំណវង្សអំពីព្រះបាទ ចក្រពត្តិ នោះមក បានដាក់នាមព្រះអង្គថា
"ព្រះបាទ ដំបងគ្រញូង " ដោយយកតាមដំបងរបស់ព្រះអង្គ
មកដាក់ដើម្បីរំលឹកដល់ជ័យជម្នះរបស់ទ្រង់ ។
លុះព្រះអង្គសោយរាជ្យសម្បត្តិបាន ៧ ឆ្នាំ ៧
ខែ ៧ ថ្ងៃ, ក្នុងរាត្រីមួយ ព្រះអង្គបានទតឃើញផ្កាយមួយមានពន្លឺភ្លឺចិញ្ចែង
មានឆត្ររួត ៣ ជាន់ រះឡើងជាក់ស្ដែងក្នុងវង់ព្រះច័ន្ទ
ដែលកំពុងបញ្ចេញរស្មីភ្លឺចិញ្ចាច គ្របលើធម្មជាតិនានា ។ ព្រះបាទ
ដំបងគ្រញូង ទតឃើញហេតុអស្ចារ្យដូចច្នេះហើយ នឹកពិភាល់ក្នុងព្រះចិន្ដា
ក៏ហៅហោរាមកទស្សន៍ទាយមួយរំពេច។ ហោរា
ក្រោយពីបានបើកក្បួនតម្រាមើលលក្ខណៈសព្វគ្រប់ទៅ ក៏បានទាយថា "
ហេតុអស្ចារ្យនេះ ជាបូព៌និមិត្តឲ្យដឹងថា
"មានអ្នកមានបុណ្យមកចាប់បដិសន្ធិផ្ទៃស្ត្រីណាមួយ ក្នុងប្រទេសរបស់យើងនេះហើយ
អ្នកមានបុណ្យនេះ ឧប្បត្តិឡើងនឹងបានគ្រងរាជនៅប្រទេសកម្ពុជា " ។
ព្រះបាទដំបងគ្រញូង បានឮទំនាយនេះភ្លាម ក៏ទ្រង់ព្រួយព្រះហឫទ័យឥតឧបមា
ទ្រង់ចាត់ឲ្យពួកសេនាមាត្រ ដើរកាប់សម្លាប់ស្ត្រីណា
ដែលមានផ្ទៃពោះឲ្យអស់ ហើយឲ្យយកទៅដុតចោល កុំឲ្យមានសល់ ។
គ្រានោះស្រីស្នំ ព្រមទាំងស្រីជាច្រើន ដែលមានគភ៌ទាំងប៉ុន្មាន
ត្រូវសេនាមាត្រសម្លាប់ ហើយយកទៅដុតចោលទាំងអស់ ។
អស្ចារ្យណាស់ ! ហេតុតែអ្នកមានបុណ្យមែន ពួកសេនាមាត្រ
កំពុងដុតសាកសពស្ត្រីផ្ទៃពោះទាំងនោះ ហើយយកដែកសូលចាក់រុកស្ត្រីម្នាក់
ជាស្នំនៃព្រះបាទ ចក្រពត្តិ ដែលភ្លើងកំពុងឆេះ
ក៏ធ្លាក់ទារកមួយពីក្នុងផ្ទៃមកលើភ្នក់ភ្លើង
នាំឲ្យភ្លើងឆេះរលាកដៃជើងអស់ តែមិនទាន់ស្លាប់
ពួកអាមាត្យក៏យកទារកនោះទៅលាក់ទុកក្នុងគុម្ពផ្ដៅក្រែក ។ ពេលសាយណ្ហសម័យ
លោកគ្រូចៅអធិការវត្តនិមន្តចេញទៅបង្សុកូល ចង្ក្រមភាវនាក្នុង
រាជអាមាត្យក៏ប្រគេនទារកនោះមកលោក ឲ្យលោកយកទៅចិញ្ចឹម
លោកក៏យកទារកទៅព្យាបាលដោយថ្នាំផ្សេងៗ
លុះត្រាតែបានសះដំបៅដែលភ្លើងរលាកនោះ តែទារកនោះអវយវៈមិនល្អដូចដើមទេ
ជាប់ដៃជើងខ្វិនខ្វង់ ។
លុះទារកមានវ័យវឌ្ឍនាការចម្រើនធំឡើង
ក៏បានសិក្សារៀនសូត្រ អក្សរសាស្ត្រផ្សេងៗ
ក្នុងសំណាក់លោកគ្រូចៅអធិការវត្តនោះ ។ ដើរទៅណាមកណា កុមារតែងកិលដោយគូថ
ជាជំនួសដំណើរធម្មតា ។ ចាប់តាំងពីពេលនោះមក អ្នកខ្លះហៅគាត់ថា "
ព្រហ្មកិល " ខ្លះហៅថា " ពញាក្រែកៗ"
ដោយគេសំគាល់តាមកំណើតដើមគាត់កិលផង ដែលគេរើសបានពីគុម្ពផ្ដៅក្រែកផង ។
ថ្ងៃមួយ ព្រះបាទដំបងគ្រញូង
បានទតឃើញហេតុអស្ចារ្យមួយទៀត កើតឡើងកណ្ដាលរាត្រី
គឺព្រះអង្គបានទតឃើញផ្កាយរះទន្ទឹមព្រះចន្ទ
ហើយមានពន្លឺជះទៅលើព្រះចន្ទ ធ្វើឲ្យព្រះចន្ទអាប់រស្មីនាកណ្ដាលនភាល័យ
។ ព្រះរាជា ទ្រង់ឲ្យហោរាគន់គូរមើលបូព៌និមិត្តនោះម្ដងទៀត ។
ហោរាទាញក្ដារឈ្នួនវាយលេខគន់គូរមើលទៅឃើញទៀតថា
"អ្នកមានបុណ្យនោះបានកើតឡើងហើយ មានឫទ្ធបារមីជាងព្រះអង្គទៅទៀត
នៅតែ ៧ ថ្ងៃទៀតទេ អ្នកមានបុណ្យនោះ នឹងជិះសេះសហោះមកអំពីទិសឦសាន
ហើយនឹងបានសោយរាជ្យសម្បត្តិក្នុងនគរនេះ " ។ ស្ដេចដំបងគ្រញូង
កាលទ្រង់ឮហោរទាយដូច្នេះ ក៏មានព្រះរាជឱង្ការតបថា " ទេហោរ ! អញមិនឲ្យរាជ្យនេះទៅអ្នកណាទេ
អញត្រូវតែល្បងឫទ្ធស៊ូឲ្យអស់ដៃ-ជើង បើចាញ់គេ ទើបអញប្រគល់រាជ្យនេះ
ឲ្យ " ។
រីឯប្រជារាស្ត្រ កាលបើឮដំណឹងថា "
អ្នកមានបុណ្យបានឧប្បត្តិឡើងហើយ នឹងជិះសេះសហោះមកក្នុងថ្ងៃទី ៧ "
ដូច្នេះ ក៏នាំគ្នាផ្អើលឈូឆរមីរដេរដាស ទៅមើលអ្នកមានបុណ្យ
នៅឯព្រះរាជវាំងអង្គរវត្ត ។
ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ
គេឃើញនាយព្រហ្មកិល ខំប្រវេប្រវាទៅថ្វាយបង្គំលាលោកគ្រូចៅអធិការ
ជាបិតាចិញ្ចឹម ដើម្បីនឹងទៅមើលអ្នកមានបុណ្យ
ជាមួយនឹងអ្នកស្រុកទាំងពួងដែរ ។ លោកគ្រូញញឹម ព្រមអនុញ្ញាត
ហើយឲ្យពរសព្ទសាធុការថា ទៅចុះ ឲ្យបានសេចក្ដីសុខ-ចម្រើនគ្រប់ប្រការ "
។
អ្នកផងទាំងពួងដែលគេដើរដោយជើងបាន
គេចេះតែនាំគ្នាដើរលឿនទៅមុខបាត់អស់ទៅ ឯព្រហ្មកិល
ខំកិលដោយគូថយ៉ាងអង់អាច តែទោះបីយ៉ាងណាក៏ធ្វើដំណើរមិនទាន់គេដែរ
គាត់អស់កម្លាំងជាខ្លាំង ក៏ឈប់សម្រាកនៅក្រោមម្លប់ឈើមួយដើម
នាព្រៃស្ងាត់កណ្ដាលផ្លូវ ។
ក្នុងខណៈនោះ មានតាចាស់ម្នាក់
ដឹកសេះសមួយនៅដៃ ស្ពាយកញ្ចប់បាយសំណុំ ទឹកបំពង់
និងបង្វេចសំលៀកបំពាក់ដើរតម្រង់ឆ្ពោះទៅរក ព្រហ្មកិល ហើយនិយាយផ្ញើសេះថា
" នែចៅ ! តាផ្ញើសេះនិងបង្វេចនេះផង តាមានធុរៈទៅក្នុងព្រៃមួយរំពេច
" ។ ព្រហ្មកិល ទទួលហើយនិយាយថា
"ចុះឲ្យរក្សាសេះលោកតាដូចម្ដេចបាន
បើខ្ញុំមានដៃ-ជើងខ្វិនខ្វង់ជាប់គ្នាដូច្នេះ ? " ។ គាត់ឆ្លើយថា "
ចៅ!តាសុំចងខ្សែវាជាប់នឹងដៃចៅឯងតែម្ដង " ។ ព្រហ្មកិល ទទួលព្រម
ហើយតាក៏ចងខ្សែសេះនោះជាប់នឹងដៃស្ដាំ ព្រហ្មកិល ទៅ ។ លុះចងរួចស្រេច
តាម្ចាស់សេះក៏ចូលព្រៃបាត់ទៅ សេះដើរព័ទ្ធជុំវិញ ព្រហ្មកិល ទៅមកៗ
មួយសន្ទុះ ក៏ស្រែកកញ្ឆៀវកន្ត្រាក់ពេញទំហឹង ដៃ ព្រហ្មកិល
ខាងស្ដាំក៏រលាលែងជាប់គ្នា ។ ព្រហ្មកិលក៏នឹកថា " បើវារលាបែបនេះ
អញគួរយកខ្សែនេះទៅចងដៃស្ដាំម្ខាងទៀត"
គិតក៏ស្រាយពីដៃស្ដាំយកទៅចងដៃឆ្វេងទៀត
ដៃនោះក៏រលាត្រង់ស្មើគ្នាទាំងពីរ ហើយព្រហ្មកិល យកទៅចងជើងៗ ទាំង ២
ក៏រលាដូចគ្នាទៀត ។ ពេលនោះ ព្រហ្មកិល នឹកឃ្លានបាយ
នឹងទៅរកបាយបរិភោគពុំបាន ឃើញកញ្ចប់បាយដែលតាម្ចាស់សេះផ្ញើ
ក៏ស្រាយមើលឃើញបាយនោះមានក្លិនឈ្ងុយឈ្ងប់ ទ្រាំអត់ឃ្លានពុំបាន
ក៏យកមកបរិភោគទាល់តែឆ្អែត ។
ពេលនោះព្រហ្មកិលរង់ចាំមើលម្ចាស់សេះពុំឃើញ
ក៏ស្រាយបង្វេចមើលឃើញសំលៀកបំពាក់ នឹងចង់លខោអាវដែលតាផ្ញើទុក
តើបានសមនឹងរូបរាងអាត្មាអញយ៉ាងទៅ
ព្រោះតាំងពីយូរមកពុំដែលបានស្លៀកពាក់ខោអាវល្អៗ ដល់ម្ដងណាសោះឡើយ ។
គិតហើយក៏យកខោអាវមកស្លៀកពាក់ លុះស្លៀកពាក់រួចហើយ
គន់មើលខ្លួនប្រាណឃើញមានលំអយ៉ាងស្រស់ ក៏នឹកចង់ជិះលមើលទៀត
ហើយទាញសេះមកបង្ខាំបង្ហៀរជិះ សេះក៏ព្រមដោយងាយ ដូចប្រាថ្នា
ទើបតែនឹងលើកជើងគងបានម្ខាង សេះក៏ហោះរ៉េវទៅមួយរំពេច នៅត្រង់ព្រៃមួយ
ដែលគេតែងហៅថា " ព្រៃសម្រេច " សព្វថ្ងៃនេះ
ព្រោះព្រៃហ្នឹងហើយជាព្រៃដែល ព្រហ្មកិល សម្រេចការជិះសេះដូចបំណង
ហើយសេះក៏ហោះឆ្វែលប្រាសាទអង្គរធំ ដែលជារាជធានី ព្រះបាទដំបងគ្រញូង ។
ចំណែកស្ដេចដំបងគ្រញូង ក៏នឹកក្រេវក្រោធយ៉ាងខ្លាំងថា
"អាណាហ៊ានមកហោះលើប្រាសាទរបស់អញ "
ខ្ញាល់ណាស់ចាប់ទាញដំបងក្រញូងដែលមានឫទ្ធពូកែអស្ចារ្យ
ចោលសំដៅទៅរកអ្នកមានបុណ្យ ព្រហ្មកិល តែមិនត្រូវ
ដំបងក៏ហួសជ្រួសរហូតធ្លាក់បាត់នៅក្នុងព្រៃមួយ ដែលតមកខាងក្រោយ ព្រៃនោះ
គេហៅថា " ព្រៃបាត់ដំបង " ហើយដែលក្រោយមកជាទីក្រុងយ៉ាងល្អមួយហៅថា
" បាត់ដំបង " សព្វថ្ងៃនេះ ។ ស្ដេច ដំបងគ្រញូង
ដឹងថាខ្លួនអស់ឫទ្ធអំណាច ដោយបាត់ដំបងពូកែរបស់ខ្លួនហើយ
ក៏ភៀសខ្លួនទៅស្រុកលាវបាត់ទៅ។
ឯអ្នកមានបុណ្យ គឺព្រះអង្គម្ចាស់
ព្រហ្មកិល ក៏បានសោយរាជ្យឡើង ជាតំណពីព្រះបាទដំបងគ្រញូង
ទ្រង់ដាក់នាមព្រះអង្គថា " ព្រះបាទសិន្ធពអនុរាជ(១) ( ព្រហ្មកិល )
ហើយក្នុងរាជ្យរបស់ព្រះអង្គ ទ្រង់បានកែប្រៃទង់ជាតិខ្មែរ
ដាក់រូបសេះសនៅចំកណ្ដាល ដើម្បីតបឧបការគុណចំពោះសេះស
ដែលព្រះអង្គបានសោយរាជ្យដោយសារនោះ និងជ័យជម្នះរបស់ទ្រង់
ក្នុងការដណ្ដើមយករាជ្យអំពីព្រះបាទ ដំបងគ្រញូង
ជាអ្នកផ្សងព្រេងមានឫទ្ធម្នាក់
ដែលសោយរាជ្យតំណពីព្រះវរបិតារបស់ទ្រង់មក ។ ព្រះអង្គបានឲ្យសាងប្រាសាទ
១ ទុកជាអនុស្សាវរីយ៍ ត្រង់ទីដែលតាផ្ញើសេះនឹងព្រហ្មកិល ហើយដាក់ឈ្មោះថា
" ប្រាសាទព្រហ្មកិល " ឈ្មោះនេះ នៅជាប់រហូតមកដល់សព្វថ្ងៃ
គឺជាប្រាសាទតូចនៅជាប់ស្ទឹងដែលពោលមកពីខាងដើមនោះឯង ។
រឿង ប្រាសាទព្រហ្មកិល (នៅខេត្តសៀមរាប)
Reviewed by VannyDa
on
2:36 PM
Rating: