រឿង ភ្នំសំពៅ (នៅខេត្តបាត់ដំបង)
នៅខាងលិចទីក្រុងបាត់ដំបង ចម្ងាយប្រមាណ ១២
គីឡូម៉ែត្រ មានភ្នំជាច្រើននៅជិតៗគ្នា មានភ្នំសំពៅ ភ្នំទ្រុងមាន់ -
ទ្រុងទា និងភ្នំរំសាយសក់ជាដើម ។
រឿងព្រេងនិយាយតៗគ្នា ប្រចាំភ្នំនោះ
មានដំណាលដូចតទៅនោះ ៖
កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយអង្គ
ព្រះនាមរាជកុល សោយរាជ្យនៅប្រទេសកម្ពុជា តាំងព្រះរាជវាំងនៅលើជួរភ្នំដងរែក
។ ព្រះបាទ រាជកុល ទ្រង់សព្វព្រះរាជហឫទ័យនឹងស្ត្រីម្នាក់ឈ្មោះនាង
សុវណ្ណមសា(២) នាងនេះជាកូនក្រីក្រទេ
ប៉ុន្តែនាងមានរូបឆោមសក្ដិសមល្អឆើត នាងចិញ្ចឹមក្រពើមួយ
ក៏មានឫទ្ធក្លាហានឈ្លាសវៃណាស់ ទោះបីប្រើឲ្យវាធ្វើអ្វីបានទាំងអស់ ។
ក្រពើនោះមានខ្លួនធំលើសប្រមាណនាងឲ្យឈ្មោះ អាធន់ ។ តាមដំណាលថា មុនដំបូង
នាង សុវណ្ណមសា រើសបានពងសត្វមួយយកមកទុក
ដោយនាងមិនស្គាល់ថាជាពងសត្វអ្វីទេ
ប៉ុន្តែលុះដល់ថ្ងៃខែនឹងញាស់ស្រាប់តែឃើញចេញជាកូនក្រពើមក ។
នាងក៏ចេះតែអាណិត ខំចិញ្ចឹមថែរក្សាដោយពេញចិត្តណាស់ ។ ក្រពើនោះទៀតសោត
ក៏ប្លែកពីក្រពើទាំងពួង ចេះស្ដាប់បង្គាប់នាងដូចជាមនុស្សសុទ្ធសាធ ។
ឯព្រះបាទរាជកុល លុះបាននាង សុវណ្ណមសា
មកជាគូស្នេហាហើយ មិនយូរប៉ុន្មាន ក៏បែរជាមានព្រះទ័យពុំសូវស្ម័គ្រស្មោះទៅវិញដោយទ្រង់ព្រះតម្រិះយល់ឃើញថា
" នឹងលើកនាងជាអគ្គមហេសីពេញទីពុំបាន ព្រោះនាងជារាស្ត្រ
មានឋានៈពុំស្មើ ពុំសមនឹងរៀបអភិសេកជាអគ្គមហេសីឡើយ " ។
លុះទ្រង់ព្រះតម្រិះដូច្នេះហើយ ទ្រង់ស្ដេចទៅក្រាបបង្គំព្រះវរបិតាៗ
ក៏ទ្រង់យល់តាមហើយចាត់ស៊ើបសួររកស្ត្រីណា
ដែលមានពូជពង្សត្រកូលខ្ពង់ខ្ពស់
ដើម្បីរៀបអភិសេកជាមួយព្រះរាជបុត្ររបស់ព្រះអង្គ ។
យូរបន្តិចមក ឮដំណឹងថា នៅស្រុកចន្ទបុរី
មានស្ដេចមួយព្រះអង្គ មានព្រះរាជបុត្រីមួយព្រះនាមនាង រំសាយសក់
ព្រោះព្រះនាងមានសក់ទិព្វ ចង់បានអ្វីក៏បានដូចព្រះទ័យ
គឺព្រះនាងគ្រាន់តែច្រូតព្រះកេសីទៅ
ចង់ឲ្យទឹកសមុទ្រខះទៅជាដីគោកក៏បាន
ចង់ឲ្យដីគោកក្លាយទៅជាទឹកសមុទ្រក៏បាន ។ ព្រះវររាជមាតាបិតានៃព្រះបាទ
រាជកុល ទ្រង់ប្រើសេនាឲ្យនាំសារទៅថ្វាយស្ដេចក្រុងចន្ទបុរី
ដើម្បីដណ្ដឹងនាងនោះតាមព្រះរាជប្រពៃណី ។ ស្ដេចក្រុងចន្ទបុរី
ក៏ពុំទ្រង់យល់ទាស់ឡើយ
ទ្រង់តបព្រះរាជសារមកព្រះវររាជមាតាបិតានៃព្រះបាទ រាជកុល ថា
"បើទ្រង់សព្វព្រះរាជហឫទ័យ សូមទ្រង់លើកបណ្ណាការមកចុះ" ។
សេនាបានទទួលព្រះរាជឱង្ការហើយ ក្រាបបង្គំលាត្រឡប់មកក្រាបបង្គំទូល
ព្រះរាជមាតាបិតានៃព្រះបាទ រាជកុល វិញសព្វគ្រប់តាមដំណើរនោះ ។
ព្រះបាទរាជកុល បានទ្រង់ព្រះសណ្ដាប់ដូច្នោះ
ក៏ទ្រង់មានព្រះទ័យសោមនស្សពន់ពេក ទើបទ្រង់ត្រាស់បង្គាប់ឲ្យរៀបចំគ្រឿងបណ្ណាការយ៉ាងឧឡារិកផ្ទុកក្នុងសំពៅ
ដើម្បីធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងចន្ទបុរី ។
ចំណែកនាង សុវណ្ណមសា លុះបានដំណឹងនេះហើយ
ក៏កើតចិត្តក្ដៅក្រហាយខ្លាំងណាស់
ទើបប្រើក្រពើឲ្យទៅតាមកល់សំពៅនោះឲ្យលិចវិនាសអន្តរាយ ដើម្បីមិនឲ្យព្រះបាទ
រាជកុល ទៅជួបនឹងនាង រំសាយសក់ ។ ក្រពើនោះក៏ប្រើបានដូចចិត្តទៀត
វាបោះពួយក្នុងទឹកលឿនដូចព្រួញ លុះទៅជិតដល់សំពៅ ព្រះបាទរាជកុលៗ
ទ្រង់ក្រឡេកឃើញ អាធន់ ក៏ទ្រង់មានព្រះបន្ទូលខ្លាំងៗ ថា " នៃ អាធន់ ! អញទេ
កុំមកធ្វើផ្ដេសផ្ដាស " ។ អាធន់ ឆ្លើយតបទៅវិញថា " ស៊ីបាយអ្នកណា
យកអាសាអ្នកនោះ " ។
ពួកពលក្រឡេកឃើញក្រពើធំសម្បើម
ក៏ភ័យស្រែកឆោឡោពេញទាំងសំពៅ ខ្លះបោះត្រឡាច ល្ពៅ
ព្រមទាំងមាន់និងទាទាំងទ្រុងៗ ទៅឲ្យ អាធន់ស៊ី ដើម្បីឲ្យវាឈប់
វាឃ្លាតឆ្ងាយអំពីសំពៅ តែអាធន់ ពុំទទួលស៊ីសោះ ។ ព្រះបាទរាជកុល
ក៏បួងសួងអស់ទេវតា សូមឲ្យលោកជួយឲ្យផុតពីគ្រោះថ្នាក់ ។
ដោយបុណ្យបារមីព្រះអង្គ សេចក្ដីបួងសួងនោះ
ក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជៗ ក៏ទ្រង់ប្រើបម្រើទៅប្រាប់ព្រះនាង
រំសាយសក់ ភ្លាម ។ ព្រះនាង រំសាយសក់ ក៏ច្បូតព្រះកេសី
ឲ្យទឹកសមុទ្រខះរឹងទៅជាដីទាំងអស់ ។ ក្រពើក៏ជាប់ក្នុងដីនោះ
មុននឹងដាច់ខ្យល់ស្លាប់ ក្រពើនោះគោះកន្ទុយផង ដកដង្ហើមធំផង
រមួលខ្លួនត្រឡប់ត្រឡិន ហើយតួខ្លួនក្រពើនោះគោះកន្ទុយ
នឹងត្រង់ច្រមុះក្រពើ ក៏កើតទៅជាបឹង ២ នៅដល់សព្វថ្ងៃនេះ ហៅថា
បឹងកន្ទុយក្រពើ និង បឹងច្រមុះក្រពើ ។ ឯសំពៅនោះ ក៏កើតទៅជាភ្នំធំមួយ
មានរាងជាសំពៅសុទ្ធសាធហៅថា ភ្នំសំពៅ
តែផ្អៀងបន្តិចព្រោះរលកបោកខ្លាំងណាស់ ។ នៅពេលដែលអាធន់ ជិតទៅដល់សំពៅ
ក្ដោងសំពៅក៏សណ្ដកធ្លាក់ទៅក្នុងទឹក កើតទៅជាភ្នំមួយ ហៅថា
ភ្នំក្ដោងសំពៅ ទាល់សព្វថ្ងៃ ។
ទ្រុងមាន់ទ្រុងទាដែលពួកពលបោះទៅឲ្យក្រពើ ក៏កើតទៅជាភ្នំមួយ ហៅថា
ភ្នំទ្រុងមាន់ទ្រុងទា ដរាបដល់សព្វថ្ងៃនេះ ។
លុះសមុទ្រក្លាយទៅជាដីហើយ ព្រះបាទ រាជកុល
ទ្រង់ប្រើពួកពលឲ្យជញ្ជូនប្រដាប់ប្រដាទាំងពួង យាងទៅកាន់ក្រុងចន្ទបុរី
ដើម្បីរៀបអភិសេកជាមួយនឹងព្រះនាង រំសាយសក់ តាមព្រះរាជប្រពៃណី ។
កន្លែងដែលព្រះនាង រំសាយសក់ ច្បូតសក់នោះ
ក៏កើតទៅជាភ្នំមួយនៅខាងត្បូងភ្នំសំពៅ ហៅថា ភ្នំរំសាយសក់ ដល់សព្វថ្ងៃ
។
កាលរៀបអភិសេករួចស្រេចហើយ ព្រះបាទ រាជកុល
ទ្រង់នាំព្រះនាង រំសាយសក់ ជាអគ្គមហេសី ព្រមទាំងពលសេនាជាច្រើន
ត្រឡប់ទៅកាន់រាជបុរីវិញ ។ ព្រះអង្គទ្រង់គង់លើដំរីជាមួយព្រះនាង
ជាព្រះជាយា មានពលសេនាហែហមមកជាច្រើន ។ មកដល់ពាក់កណ្ដាលផ្លូវ
ទ្រង់ក្រឡេកទៅឃើញភ្នំសំពៅ ភ្នំក្រពើ ទ្រង់នឹកទោមនស្សជាខ្លាំងនឹងនាង
សុវណ្ណមសា ថា "ព្រោះតែវាចិត្តអាក្រក់
បានជាឲ្យគេស្លាប់វិនាសអស់យ៉ាងនេះ " ។
ព្រះអង្គប្រើសេនាឲ្យទៅចាប់នាង សុវណ្ណមសា យកមកសម្លាប់ចោល សេនាក៏ធ្វើតាមព្រះរាជបញ្ជា
ចាប់នាងសុវណ្ណមសា មកកាត់ក្បាលសងសឹកវិញ ក្បាលនោះក៏កើតជាភ្នំមួយ ហៅថា
ភ្នំសងក្បាល នៅជិតស្រុកមង្គលបុរីសព្វថ្ងៃនេះ
ប៉ុន្តែអ្នកស្រុកហៅក្លាយមកថា ភ្នំសងក្បាន ទៅវិញ ។
មានវាលមួយនៅជិតភ្នំនោះ សព្វថ្ងៃហៅថា វាលចិញ្ច្រាំពោះ
ព្រោះពួកសេនាចិញ្ច្រាំពោះវៀននាងចោលនៅទីនោះ ។ ឯយោនីរបស់នាង
សេនាបានគ្រវែងចោល ហើយកើតទៅជាភ្នំមួយទៀត ហៅថា ភ្នំក្រពាយនាង
តែសព្វថ្ងៃ គេហៅក្លាយមកថាភ្នំ បន្ទាយនាង ។
ចំណែកព្រះបាទ រាជកុល និងព្រះនាង រំសាយសក់
ជាព្រះអគ្គមហេសី យាងចូលទៅថ្វាយបង្គំព្រះវរបិតា-មាតាវិញ
ហើយទ្រង់គង់នៅជាសុខសាន្តទៅ ។
រឿង ភ្នំសំពៅ (នៅខេត្តបាត់ដំបង)
Reviewed by VannyDa
on
2:37 PM
Rating: