រឿង ភ្នំបាណន់ (នៅខេត្តបាត់ដំបង)
នៅខាងលិចស្ទឹងសង្កែ ស្រុកសង្កែ
ជ្រុងអាគ្នេយ៍ទីក្រុងបាត់ដំបង ចម្ងាយប្រហែលជា ១០ គីឡូម៉ែត្រ
មានភ្នំមួយឈ្មោះ ភ្នំបាណន់ ជាបូជនីយដ្ឋានសក្ដិសិទ្ធិ
ដែលអ្នកស្រុកតែងធ្វើពិធីបូជាតាំងបុរាណកាល ។
រឿងព្រេងភ្នំនេះ មានដូចតទៅ ៖
តាមចាស់ៗដំណាលថា កាលពីព្រេងនាយ
មានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាង រំសាយសក់
នាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ ។
ក្រោយមកមានតាបសម្នាក់ឈ្មោះតា គ្រាម
បានទទួលមើលជំងឺនាងនោះលុះត្រាតែជា កាលជាហើយ មហាសេដ្ឋីជាឪពុកនាង
បានផ្សំផ្គុំឲ្យជាភរិយាតាបសនោះ ។ តាបស
បង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម
។
តាបសនិងភរិយានៅក្នុងរូងភ្នំមួយ ហៅថា
ព្រះទឹក ឬ ប្រទឹក តាមសំដីអ្នកស្រុក ។ រូងភ្នំនោះនៅខាងត្បូង ភ្នំបាណន់
សព្វថ្ងៃ តែកាលនោះ ភ្នំបាណន់ នោះគេហៅថា ភ្នំប្រាសាទ ។ ខាងក្រោយមក
មានព្រះរាជបុត្រស្ដេចមួយព្រះអង្គ ព្រះនាមចៅរាជកុល
មកសុំរៀនមន្តវិជ្ជាផ្សេងៗ តា គ្រាម ។
តាបសសុខចិត្តបង្ហាត់បង្រៀនព្រះរាជបុត្រនេះលុះត្រាតែចេះ
ប៉ុន្តែហាមព្រះរាជកុមារមិនឲ្យមើលប្រពន្ធសោះ ដោយគាត់ខ្លាចចៅរាជកុល
ស្រឡាញ់ប្រពន្ធគាត់ ព្រោះនាង រំសាយសក់ រូបល្អណាស់ ។
កន្លងជាយូរខែក្រោយមក, ពេលមួយ
ចួនជាតាបសមិននៅចៅ រាជកុល ទៅលួចមើលប្រពន្ធគាត់ ឃើញរូបនាងល្អឆើត
ក៏កើតសេចក្ដីប្រតិព័ទ្ធលួចសាកសួរចិត្តនាងៗ ស្រឡាញ់ចៅ រាជកុល ដែរ
ក៏ទទួលព្រម ។
ថ្ងៃមួយ
តាបសចូលទៅក្នុងព្រៃដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ
ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ ។
កាលតាបសត្រឡប់មកពីព្រៃវិញ
ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំ គាត់ក៏ដឹងថាចៅ
រាជកុលនិងភរិយាគាត់ពង្រត់គ្នាទៅ គាត់តាមទៅដល់មាត់សមុទ្រ
បានឃើញសំពៅឃ្លាតឆ្ងាយទៅដល់កណ្ដាលសមុទ្រទៅហើយ ។
តាបសខឹងណាស់ក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ
នៅកណ្ដាលសាគរ ។ ប៉ុន្តែ ដោយនាងរំសាយសក់ ចេះមន្តវិជ្ជាដែរ
ក៏ធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចនោះផុតអស់ ។ តាបសឈឺចិត្តខ្លាំងពេក
ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ ។
អ្នកទាំងពីរដឹងហេតុដូច្នោះ
ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូងភ្នំប្រទឹកវិញ
នៅរួមសុខទុក្ខជាមួយគ្នា ។
ខាងក្រោយមក ចៅរាជកុល ត្រឡប់មករកនាង
រំសាយសក់ វិញ នាងប្រពន្ធដើមខឹងណាស់ ក៏ប្រើក្រពើនាងឈ្មោះ អាធន់
ឲ្យទៅឃាំងផ្លូវកុំឲ្យចៅរាជកុល ទៅវិញបាន ។ ឯនាង រំសាយសក់
លុះក្រឡេកឃើញសំពៅប្ដីទៀបលិច ក៏បន់ទេវតាដែលនៅរក្សាភ្នំប្រាសាទថា
"សូមឲ្យតែជួយប្ដីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ
ខ្ញុំនឹងថ្វាយភ្នំនេះ " ។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ
ហើយថ្វាយភ្នំនោះលាបំណន់ ។ តាំងពីនាងបន់នោះមក គេហៅភ្នំប្រាសាទនោះថា
ភ្នំបំណន់ តែសព្វថ្ងៃ គេហៅក្លាយមកថា ភ្នំបាណន់ វិញ ។
នៅជើងភ្នំនោះ មានរូងជ្រៅធំទូលាយ
អាចឲ្យមនុស្សចូលទៅបានដោយស្រួល ដំបូលរូងកោងដូចដំបូលទូក
មានកន្លែងទឹកស្រក់មានតម្រងទឹកថ្មរាងដូចត្បាល់បុកអង្ករ
ទំហំប្រហែលជាប៉ុនល្អី ។ រូងនោះមានទំហំប្រហែល ១២ ម៉ែត្របួនជ្រុង
ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វីទេ
ប៉ុន្តែនៅខាងត្បូងតម្រងទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន
។ ពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងនោះ តាមប្រហោងមួយនៅលើដំបូល ។
ផ្លូវដែលចូលទៅក្នុងរូងនោះតូចចុះតែមនុស្សម្នាក់ងងឹតសូន្យ, បើចូលទៅតាមផ្លូវលុះតែអុជចន្លុះបំភ្លឺ
ហើយដើរជាជួរបន្តគ្នា ទើបអាចចូលទៅដល់កន្លែងស្រក់ទឹកនោះបាន ។
តាមអ្នកភ្នំបាណន់នោះនិយាយថា
ចួនកាលតម្រងនោះមានទឹកពេញ ចួនកាល់មានទឹកត្រឹមតែពាក់កណ្ដាល, គេថាបើតម្រងថ្មមានទឹកពេញ
ជាប្រផ្នូលថា អ្នកស្រុកបានស្រូវបរិបូណ៌, បើទឹកកន្លះ ថា
អ្នកស្រុកធ្វើស្រូវពុំសូវបាន ។
ទឹកដែលគេឃើញនៅក្នុងតម្រងនោះ ថ្លាឆ្វេង
ហើយជន់ទាំងឡាយដែលទៅដល់ទីនោះ មិនដែលខានក្បង់ទឹកនោះ
មកលុបលាងក្បាលសុំសេចក្ដីសុខសប្បាយទេ ។ រាល់ៗឆ្នាំ
អ្នកស្រុកតែងធ្វើពិធីបូជានៅភ្នំបាណន់នោះ, នាពេលចូលឆ្នាំថ្មី គេធ្វើខាងលើភ្នំ
នូវពិធីទាំងឡាយ មានពិធីពូនភ្នំខ្សាច់ និងនិមន្តលោកឆាន់ជាដើម
ហើយមានរបាំ មានប្រដាល់ និងមានចែកទានជាប្រាក់
ឬសំលៀកបំពាក់ដល់អ្នកស្រុកផង ។
នៅថ្ងៃទី ១ ជាថ្ងៃចូលបុណ្យ
គេតែងធ្វើពិធីបួងសួងសូមឲ្យទេវតាថ្មីជួយឲ្យអ្នកស្រុកបានសេចក្ដីសុខសប្បាយ
។ ពិធីបួងសួងនោះ ចួនកាលអ្នករាជការធ្វើ ចួនកាលអ្នកស្រុកធ្វើ ។
បើកាលណាគេភ្លេចធ្វើពិធីបួងសួងនឹងកើតជំងឺពេញទាំងភូមិ ។
ពិធីបួងសួងមាន ស្លាធម៌ បាយសី
និងភ្លេងលេងបទបួងសួង ។
អ្នកស្រុកបានឲ្យការណ៍ថា កាលពីដើម
តែកាលណាលេងភ្លេងបទបួងសួង គេមើលទៅក្នុងស្រះ តាសែន ដែលនៅជិតជើងភ្នំ
បាណន់ នោះ ឃើញក្រពើងើបជាច្រើន ។ ស្រះនោះពីដើមជ្រៅតែឥឡូវរាក់ទេ
ហើយនៅពេលបួងសួងមិនឃើញក្រពើងើបឡើយ ។
រឿង ភ្នំបាណន់ (នៅខេត្តបាត់ដំបង)
Reviewed by VannyDa
on
2:37 PM
Rating: