រឿង បឹងទុំលែង (នៅខេត្តបាត់ដំបង)
បើយើងធ្វើដំណើរតាមដងផ្លូវជាតិលេខ ៥
ពីភ្នំពេញ ទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី
ហើយចុះពីថ្នល់ជាតិតាមផ្លូវជើងចេញពីសាលាស្រុកមោងឫស្សី
ឈមមុខទៅទិសអាគ្នេយ៍ចម្ងាយប្រហែល ១០ គីឡូម៉ែត្រ
ឬដើរចុះពីថ្នល់ជាតិទៅកាត់ត្រង់ស្ថានីយរថភ្លើងទៅស្វាយព្រៃ
ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧ គីឡូម៉ែត្រ រួចឈមមុខទៅទិសទក្សិណ
ចម្ងាយប្រហែលជា ៤ គីឡូម៉ែត្រ យើងនឹងបានឃើញបឹង ១ ហៅថា " បឹងទំលែង
" មានទំហំទទឹងប្រមាណ ១០០ ម៉ែត្រ បណ្ដោយ ៤០០ ម៉ែត្រ ។
បឹងនោះ សព្វថ្ងៃនេះ ជាបឹងស័ក្ដិសិទ្ធិ
មានមច្ឆជាតិ គឺត្រី អណ្ដើកជាដើមច្រើនណាស់
ដោយហេតុអ្នកស្រុកពុំហ៊ានទៅមករកធ្វើនេសាទកម្ម ហើយមានទាំងម្រឹគជាតិ
គឺប្រើស ក្ដាន់ ឈ្លូស រមាំងជាដើម
នៅក្នុងព្រៃជុំវិញបឹងនោះផងជាទីចូលចិត្តដល់ពពួកអ្នកបរបាញ់ក្រៃពេក។
រឿងព្រេងទាក់ទង នឹងដើមកំណើតនៃបឹងនោះ
មានដំណាលដូចតទៅនេះ ៖
តាមចាស់ៗដំណាលតៗ គ្នាមក
ដរាបដល់សព្វថ្ងៃនេះថា :
កាលពីព្រេងនាយ
មានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបារមីអស្ចារ្យណាស់ ។ ថ្ងៃមួយ
ព្រះអង្គគង់សត្វរមាសជាព្រះរាជយាន ជាមួយនឹងទម័កម្នាក់ឈ្មោះនាយទុំ
ដើម្បីស្ដេចទៅក្រសាលនឹងស្ត្រីម្នាក់ឈ្មោះនាង មុខរាហុ៍ ។
លុះទ្រង់ធ្វើព្រះគមនាការទៅដល់ភូមិមួយ
បានទតព្រះនេត្រទៅឃើញស្ត្រីម្នាក់ មានលំនាំប្រហែលនាង មុខរាហុ៍
តែទ្រង់ទតបញ្ជាក់ទៅ ទើបទ្រង់ជ្រាបច្បាស់ថាមិនមែននាង មុខរាហុ៍ ទេ
ក៏ទ្រង់ចាកចេញទីនោះហួសទៅទៀត ។ កាលទ្រង់យាងហួសទៅ
ទ្រង់កាត់សំដៅគេហដ្ឋាននាង មុខរាហុ៍ លុះដល់ហើយស្ដេចចុះអំពីខ្នងរមាស
ឲ្យនាយ ទុំចងរមាសនោះនៅក្រោមដើមក្រសាំង ១ ហើយស្ដេចយាងទៅក្រសាលនឹងនាង
មុខរាហុ៍ ទៅ ។ ឯនាងមុខរាហុ៍ កាលបានសំណេះសំណាលនឹងព្រះមហាក្សត្រ
តាមការលោកិយ ហើយក្រាបបង្គំទូលសួរព្រះមហាក្សត្រថា
"ព្រះអង្គស្ដេចយាងមកនេះ ដោយយានអ្វី? " ។ ព្រះរាជាទ្រង់តបថា "
បងមកដោយរមាស បងចងទុកក្រោមដើមក្រសាំង " ។ រមាសស្ដាប់មិនច្បាស់
ឮតែថា "រមាសក្រសាំង" ក៏ចូលចិត្តថា
"ព្រះមហាក្សត្រថាខ្លួន"ជាសត្វ-ក្រសាំង " ទៅវិញ
ក៏មានសេចក្ដីទោមនស្សដោយនឹកឃើញថា "អញមានសេចក្ដីស្មោះត្រង់នឹងលោក
យកអាសាលោក ខំជូនមកទាំងយប់ទាំងអធ្រាត្រ
អត់ដំណេកស្រេកបង្គុយលោកទៅជាថាឯង ក្រសាំងទៅវិញ" ។ នឹកហើយរមាសក៏បោលផ្ដាច់ខ្សែពីដើមក្រសាំងទៅ
។ ឯនាយ ទុំ ក៏រត់តាមជាប់ពីក្រោយរមាសទៅដែរ ។
ឯព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា
រមាសបោលផ្ដាច់ខ្សែដូច្នោះហើយ ស្ដេចក៏ធ្វើព្រះគមនាការយាងតាមទៅដែរ ។
លុះនាយ ទុំ តាមទាន់ត្រង់វាលមួយ ក៏តោងកន្ទុយរមាសជាប់តែរមាសពុំព្រមឈប់សោះ
។ នាយ ទុំ បានឈរជ្រែងជើងទប់ដីជាប់ ៗ ក៏របើកទាំងផ្ទាំងៗ។
ព្រះមហាក្សត្រទ្រង់ទតឃើញដូច្នេះ
ក៏ទ្រង់ស្រែកប្រាប់ទៅអំពីក្រោយថា " ទុំ លែងៗ ", ទើបនាយ ទុំ
លែងរមាសនោះ ។ ឯរមាសក៏បោលចូលព្រៃបាត់ទៅ ជាប់ទាំងអានដែលចងលើខ្នងនោះទៅផង
។
ព្រះមហាក្សត្រទ្រង់ខ្ញាល់ខ្លាំងណាស់
ទ្រង់ដាក់បណ្ដាសាដល់សត្វរមាសនោះថា "ពូជអាឯង
ចាប់តាំងពីថ្ងៃនេះទៅ ត្រូវស៊ីតែបន្លាជាអាហារ
និងផឹកតែទឹកល្អក់ជាដរាប " ។
ព្រោះហេតុដូច្នោះឯង បានជានៅលើខ្នងសត្វរមាសទាំងឡាយសព្វថ្ងៃនេះ
មានសាច់មួយស្រទាប់នៅខ្នងសណ្ឋានដូចជាគេចងអានទុកស្បែកក្រហេងក្រហូងជាច្រើនស្រទាប់
ជាទីជ្រកនៃពួកសត្វក្អែបនិងខ្ទួយ ហើយស៊ីតែឈើ
ឬវល្លិណាដែលមានបន្លាជាអាហារ ផឹកតែទឹកល្អក់ ទោះបីទឹកថ្លា ក៏វាយកជើងកូរឲ្យទាល់តែល្អក់សិន
ទើបបានផឹក ដោយត្រូវបណ្ដាសាព្រះមហាក្សត្រ តាំងពីពេលនោះឯង ។
ត្រង់កន្លែងដែលនាយ ទុំ
តោងកន្ទុយរមាសឈរជ្រែងជើងធាក់ដីនោះ ក៏ក្លាយទៅជាបឹងមួយ
មានទំហំដូចពោលបីខាងលើ ហៅថា " បឹងទុំលែង "
ជាប់ដរាបមកដល់សព្វថ្ងៃនេះ ។
ឯភូមិជាទីលំនៅរបស់នាង មុខរាហុ៍ នោះ
ក៏មានឈ្មោះប្រាកដជាប់មកថា "ភូមិមុខរាហុ៍"
ដរាបមកដល់សព្វថ្ងៃនេះដែរ ។
ពី បឹងទុំលែង ទៅភូមិ មុខរាហុ៍ នេះ
មានចម្ងាយប្រហែល ៨ គីឡូម៉ែត្រ ។ បើត្រូវការទៅពីបឹងទុំលែង
ទៅភូមិមុខរាហុ៍ យើងត្រូវធ្វើដំណើរឈមមុខទៅទិសខាងកើតចំនួន ៨ គីឡូម៉ែត្រ
ទើបបានទៅដល់ភូមិនោះ ។ តំបន់ដែលព្រះមហាក្សត្រ
ទ្រង់ទតព្រះនេត្រឃើញស្ត្រីម្នាក់ប្រហែលនាង មុខរាហុ៍ នោះហៅថា "
ភូមិប្រហែល " ជាប់តមក ប៉ុន្តែសព្វថ្ងៃនេះ គេហៅក្លាយមកថា " ភូមិប្រហាល
ឬ ប៉ាហារ " ទៅវិញ ។ ឯភូមិប្រហាល សព្វថ្ងៃនេះនៅក្នុងឃុំតាលោ
ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ បើធ្វើដំណើរពីភូមិប្រហាលទៅភូមិមុខរាហុ៍
ត្រូវចេញដំណើរឈមមុខទៅទិសពាយ័ព្យ ប្រមាណជា ៧ ឬ ៨ គីឡូម៉ែត្រ ទើបបានដល់ទៅ
ភូមិមុខរាហុ៍នោះ ។
ជាទំនៀមនៅ បឹងទុំលែង នោះ
អ្នកស្រុកតែងហាមឃាត់អស់ពួកមន្ត្រី
ដែលទៅនៅត្រួតត្រាលើស្រុកមោងឫស្សីនោះ មិនឲ្យដើរកាត់មុខ
គឺពីខាងកើតបឹងនោះឡើយ ឲ្យដើរបានតែពីក្រោយ ដោយហេតុថា
បើមន្ត្រីណាដើរកាត់មុខបឹងនោះ គេថា
មន្ត្រីនោះនឹងត្រូវខូចបុណ្យថ្លោះយស ឬក៏ត្រូវរាជការផ្លាស់ចេញពីស្រុកនោះ
ដោយឆាប់រហ័ស ម៉្លោះហើយអស់លោកណា ដែលនិយមជឿតាមទំនៀមនោះ
មិនហ៊ានប្រព្រឹត្តកន្លងពាក្យហាមនោះឡើយ ។
រឿង បឹងទុំលែង (នៅខេត្តបាត់ដំបង)
Reviewed by VannyDa
on
2:37 PM
Rating: