រឿង ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកសួស្ដីនិងអពមង្គល
មានសត្វខ្លាមួយ
ដើរស្វែងរកស៊ីតាមទម្លាប់វា
លុះដើរទៅប្រទះនឹងសត្វគីង្គក់មួយកំពុងលោតផ្លោត ៗ ក៏ស្រែកសួរទៅថា «យើ ! បងម៉ាំងកាយេ
(ខ្លះហៅថាមាំងកាជា) ឯងដើររកស៊ីអ្វីហ្នឹង ?» ។ គីង្គក់តបថា «ចុះបងខ្លាឯងដើរមករកអ្វីដែរ ?» ។
ខ្លាថា «យើងដើររកស៊ី»
។ គីង្គក់តបថាយើងក៏ដើររកស៊ី ដូចបងឯងដែរ» ។
ខ្លាថា «ចុះដើររកស៊ីអ្វីនឹងបាន បើបងឯងលោតម្ដងបានមួយសុញដូច្នេះ
តើចាប់សត្វអ្វីនឹងបាន?»។ គីង្គក់ក៏អួតអាត្មា ប្រាថ្នាខ្លាកោតខ្លាចថា «យើ ! ថ្វីបើឃើញយើងលោតតិចៗដូច្នេះ
បើចង់លោតយ៉ាងណាក៏បាន ចង់ចាប់សត្វតូចក្ដី ធំប៉ុន្មានក្ដី
ក៏បានទាំងអស់ មិនចាញ់បងឯងទេ »
។ ខ្លាថា បើបងឯង ពូកែដូចសំដីថានេះ យើងលោតប្រឡងគ្នា
ពីត្រើយព្រែកម្ខាងទៅត្រើយម្ខាងមើល, បើបងឯងលោតឆ្លងដល់
យើងជឿថាពូកែមែន ។ គីង្គក់ជាសត្វមានប្រាជ្ញា គិតឃើញថា «សត្វខ្លានេះ
តែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយ, បើដូច្នេះអញចាំខាំកន្ទុយវា
កាលមុនវានឹងលោតទៅនោះ»
ទើបគីង្គក់តបទៅថា « ខ្លាចអ្វីបងខ្លាឯង ! បើចង់លោត
ពីត្រឹមណាទៅត្រឹមណា ក៏បានដែរ
ហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផង, តែកាលណាយើងស្រែកថា ហ៍ ! ត្រូវបងឯងលោតទៅចុះ » ។
ខ្លាជាសត្វឆោត មិនអាចគិតដឹងគំនិតគីង្គក់ វានឹងខាំកន្ទុយខ្លួននោះសោះ, ឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួន
ដែលរៀបនឹងលោតទៅនោះ ធ្វើកិរិយាយ៉ាងណាៗដែរ
ក៏ព្រមសន្យាទៅឈរនៅពីមុខគីង្គក់ ។ ឯគីង្គក់កាលខ្លាមកឈរពីមុខ
ឃើញពេលល្អហើយ ក៏ប្រាប់ថា « បងឯងប្រុងស្ដាប់ »
។ រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់
ចោលឯកន្ទុយនោះទៅត្រង់ពីមុខគីង្គក់ ៗ ស្រែកថា ហ៍ ! ហើយខាំកន្ទុយជាប់
។ ខ្លាលោតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេច ។
អំណាចកន្ទុយខ្លាវាត់ទៅមុខនោះ ដោយទាំងគីង្គក់ទៅផង
ដូចជាដុំដីដែលគេចោលនឹងឈើដង្ហក់ ធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់
។ ខ្លាក៏មិនអាចដឹងបាន ប្រែប្រាណទៅខាងក្រោយវិញ ស្រែកហៅថា « បងម៉ាំងកាយេអើយ ! មក » ។
គីង្គក់ឆ្លើយ «គូក !
នៅឯនេះហើយ» ។
ខ្លាឮគីង្គក់ឆ្លើយពីមុខដូច្នោះក៏ថា « បងម៉ាំងកាយេ ! ពូកែមែនហើយ
ប៉ុន្តែខាងការចាប់សត្វនោះ យើងមិនទាន់ឃើញរឹទ្ធិបងឯងនៅឡើយ, បើដូច្នេះ
យើងនឹងចាប់សត្វល្បងគ្នាទៀត »
។ គីង្គក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះ
បានសត្វប៉ុន្មាន ៗ មកជួបគ្នានៅកន្លែងនេះ
យើងនឹងរើសាច់នោះល្បងគ្នាមើល តើអ្នកណាច្រើនជាង ? » ។ ខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងៗ បានច្រើន ។
ឯគីង្គក់ ក្រោយខ្លាចេញទៅនោះ
ខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វណាបានទេ
ព្រោះធ្លាប់តែចាប់ជន្លេននឹងស្រមោចសង្អារ, លោតបន្តិចទៅឃើញមានធ្យូងមួយដុំប៉ុនគ្រាប់សណ្ដែក
ក៏លេបធ្យូងនោះចូលទៅ,
លោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវ
លេបថែមទៅទៀត លោតបន្តិចទៅទៀត ឃើញគ្រាប់អង្ក្រេមអង្ក្រមមួយ ក៏លេបទៅទៀត, បានជា ៣
មុខល្មមតែពេញនោះ រួចក៏ត្រឡប់វិលមកចាំខ្លាខាងទីដដែលវិញ ។
ឯខ្លា កាលបើស្វែងរកសត្វបានសព្វគ្រប់ហើយ
ក៏ត្រឡប់មកឯកន្លែងដើមតាមសន្យា, លុះមកដល់ ឃើញគីង្គក់អង្គុយចាំ
ច្រប៉ុកប៉ុកក៏សួរថា «យើ ! បងមាំងកាយេមកដល់ហើយហេះ» គីង្គក់តបថា
យើងមកចាំឯងយូរណាស់ហើយ,
មើល៍ !
បងខ្លាឯងបានប៉ុន្មានមុខ ? បងឯងរើចេញមកមើល ! យើងនឹងកត់ត្រា
។ ខ្លារើសសាច់នានាជាច្រើនមុខ ប្រាប់គីង្គក់, រើសចេញអស់ទើបប្រាប់ថា« អស់តែប៉ុណ្ណេះហើយ » ។
គីង្គក់រើចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដង ។
ទី ១ រើបញ្ចេញធ្យូងមកមុន ។ ខ្លាសួរថា « សត្វអីបង ! » ។ គីង្គក់ថា :
ហ្នឹងគេហៅថា គាសរម៉ុយ " ខ្»ស្ដាប់មិនបានអង្វរថា
កុំនិយាយបាលីបាគូបង !
សូមប្រាប់ជាសម្រាយមកចុះ ។ គីង្គក់ប្រាប់ថា « នេះកុយរមាស » ។
ខ្លាក៏កោតថា « យើ ! ខាំដល់ទៅរមាសផង »
។ ទី ២ រើឆ្អឹងត្រីស្លាតចេញមកទៀត ។ ខ្លាសួរថា « សត្វអីសស្គុះដូច្នេះបង ? គីង្គក់ប្រាប់ថា
« ផ្លដំរីស៊ុក»
។ ខ្លាថា « អាណិតទៅ កុំនិយាយបាលីបាគូអ្វី » ។ គីង្គក់ថា « ហ្នឹងគេហៅភ្លុកដំរីស » ។
ខ្លារឹតតែកោតថា «អៃយ៉ា !
លេងដល់ភ្លុកដំរីសទៀតផង, ចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបង ? » ។ គីង្គក់ថា « យើ ! អស់ប៉ុណ្ណឹងអ្នកម៉ែ !
នៅច្រើនមុខណាស់ បងឯងចាំតែរាប់ចុះ » ។
ទី ៣ រើទម្លាក់គ្រាប់អង្ក្រេមអង្ក្រមចេញមក ។
ខ្លាសួរថា « សត្វអ្វីក្រហមផង ខ្មៅផងដូច្នេះ ? ។ គីង្គក់តបថា « ផ្នាអាឃ្លែក » ។
ខ្លាថា « សុំនិយាយជាសម្រាយទៅវិញមើល ! » គីង្គក់តបថា ហ្នឹងហើយ
គេហៅថា « ភ្នែកអាខ្លាឯង »
។
ខ្លាឮថា ភ្នែករបស់ខ្លួន ក៏ស្ទុះរត់ភ្លាម មិនហ៊ាននៅ
។ គីង្គក់ស្រែកថា « ឈប់សិន ឯងទៅណា ចាំអញយកភ្នែកឯងស៊ីសិន » ។
ខ្លារឹតភ័យខ្លាំងឡើងទៀត ចេះតែរត់ទៅ ។ គីង្គក់ខំដេញតាមពីក្រោយ, លុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើក
ៗសួរថា « បងមាំងកាយេរត់ទៅណា ? »
គីង្គក់ថា « បងជាបុរិល !
ខ្ញុំដេញតាមខ្លាវារត់ទៅមិញ ៗបងប្រទះដែរឬ ? ។
អណ្ដើកថា « ឃើញវារត់ទៅហើយ បើដូច្នេះខ្ញុំជួយតាម » ។
គីង្គក់និងអណ្ដើកក៏នាំគ្នាតាម, ដើរបន្តិចទៅ
ឃើញខ្លាសម្ងំពួនលើគុម្ពឫស្សី ។ អណ្ដើកឃើញស្រែកប្រាប់ទៅគីង្គក់ថា « វានៅ
ៗនេះទេ » ។ គីង្គក់ថា « បងឯងចាំនៅត្រង់ទីនេះចុះ ខ្ញុំនឹងឡើងទៅចាប់វា» ។
គីង្គក់ខំឡើងតាមវល្លិ និងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សី
ស្រាប់តែរបូតដៃធ្លាក់មកដីឮសូរប្រោក ។ អណ្ដើកថា « អើបង ? » ។ គីង្គក់ថា « ខ្ញុំចុះមកបោចវល្លិយកទៅចងវាតែម្ដង » ។
ខ្លាឮដូច្នោះស្ទុះលោតចុះ រត់ទៅទៀត ទៅឃើញដើមឈើមួយដើមធំ
ក៏ត្រេកអរខំឡើងទៅនៅសម្ងំ មិនឲ្យសត្វទាំងពីរដឹង ។ ឯគីង្គក់
និងអណ្ដើកខំតាមដានទៅ បាត់ដានត្រង់ដើមឈើនោះ មើលលើ
ឃើញឯខ្លាពួនក្រាបនៅលើមែកឈើគ្រមាមៗ ទើបស្រែកប្រាប់គ្នាថា « កនយើង ! វានៅ
ៗនេះទេ » ។ គីង្គក់ប្រាប់ថា « បងជាបុរិលឯង ចាំនៅគល់នេះចុះ ខ្ញុំនឹងឡើងទៅចាប់វាឯលើ» ។
គីង្គក់ខំប្រវេប្រវាឡើងទៅជិតប្រគាបមែកឈើ
ស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមក ដោយទាំងខ្លួនវាមកដល់ដី ។
អណ្ដើកឃើញសួរថា « ម្ដេចដូច្នេះ ? »
។ គីង្គក់ថា « យើងគិតរលំឈើនេះវិញ
ឲ្យដួលមកនឹងចាប់ »។ អណ្ដើកបោលទង្គិចគល់ឈើនោះឮសូរប៉ូកៗ
រួចគីង្គក់ធ្វើបញ្ចេញសំឡេងឮតែក្រតៗ ហើយស្រែកបន្ទរទៀតថា « ហ៍ ! រលំឈើហើយ » ។
ខ្លាឮថាវារលំ ទទួលក្រឡេកមើលទៅលើ ឃើញពពករសាត់លឿនស្លៅស្មានថារលំមែន
ក៏ស្ទុះរត់ចុះទៅទៀត ។ សត្វទាំងពីរចេះតែដេញតាមទៅ ។
ឯខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់
ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថា « សូមឲ្យជួយយកអាយុខ្ញុំផង
ត្បិតគីង្គក់និងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិត » ។
តាចាស់តបទៅនឹងខ្លាថា «នៅចុះ សឹមអញជួយឯងឲ្យរួចពីស្លាប់ កុំឲ្យអាគីង្គក់អណ្ដើកធ្វើអ្វីបាន » ។
យូរបន្តិចឃើញអណ្ដើកទៅដល់មុន ។ ខ្លាប្រាប់តាចាស់ថា « អុញហ្ន
មកទៀតហើយតា »
តាចាស់ថា «មិនអីទេបើខ្លាចណាស់ត្រូវខំសប់ខ្លាំង ៗទៅ ។
ខ្លារឹតតែសប់ខ្លាំងឡើង ៗ ។
តាចាស់ចាប់អណ្ដើកនោះបានយកទ្រាប់គូថអង្គុយ ហើយថា « ជាហើយចាំតែធ្វើដែករួចសឹមស្ងោរ » ។
បន្តិចឃើញគីង្គក់ទៅដល់ទៀតខ្លាថា « អាហ្នឹងហើយ
វាប្រាថ្នាតែភ្នែកខ្ញុំទេ »
។ តាចាស់ប្រាប់ថា «បើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទាប់នឹងចង្កេះទៅ
។ ខ្លាធ្វើតាម ។ ឯតាចាស់នោះគាត់ស្លៀកខោជើងធំ ៗពេក
អង្គុយលើអណ្ដើកកំពុងតែពើតរូសកោសកាំបិត
ភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្តោកនៅកណ្ដាលវាល ។
គីង្គក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថា « បងជាបុរិលឯង មើលខាងក្រោម ។
អណ្ដើកក្រឡេកទៅ ឃើញប្រដាប់តាចាស់នោះទាំងអស់ ក៏មានចិត្តអរព្រួច
ហើយអើតក្បាលចូលទៅក្នុងជើងខោខាំគ្រឹបដោយចង្កូម
ដាច់ត្រឹមគល់ទៅទាំងអស់ ។ តាចាស់ដួលបះជើងច្រោង ។ គីង្គក់ស្រែកថា « ទៅ ! កនយើងដួលមួយហើយ » ។
ខ្លាឃើញតាចាស់ដួល ក៏ស្ទុះរត់ទៅ ដោយទាំងស្នប់នោះទៅផង ។
គីង្គក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយ មានទឹកជ្រៅ
គីង្គក់ស្រែកឲ្យអណ្ដើកថា « បងប្រយ័ត្ន !
ខំស្ទាក់កុំឲ្យវាលោតទឹក ក្រែងបាត់ដាន » ។
ខ្លាឮក៏លោតទៅក្នុងទឹក ៗ ចូលក្នុងស្នប់, ទឹកហូរខ្លាំង
ក៏នាំខ្លាលិចស្លាប់ទៅ ។
ផ្ចាញ់កម្លាំងកាយ
ដោយកម្លាំងប្រាជ្ញា
ផ្ចាញ់មនុស្សក្លៀវក្លា
ដោយការអង់អាច
រឿង ខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្ដើកសួស្ដីនិងអពមង្គល
Reviewed by Admin
on
5:02 PM
Rating: