រឿង ពស់កេងកង
កាលពីព្រេងនាយ នៅលើដីយើងនេះ
គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតមានពិសទេ មានតែពស់កេងកង ។
មាននិទានថា : កាលដើមឡើយ មានមនុស្ស ២
នាក់ប្ដីប្រពន្ធ, ប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេត ។
ប្ដីនោះទៅជួញអង្កាំ បាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនជិតខាង
គេបបួលគ្នាទៅរកឧស ។ ឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរ
យកនាងអេតជាកូនទៅផង លីដឹងចូលព្រៃបានឃើញឧសមួយធំ ។
នាងនីយកដឹងពុះឧស
លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។
នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ ។
ឯពស់កេងកងឆ្លើយឡើងថា «អើ ! បើនាងឯងដោយអញ ធ្វើប្រពន្ធអញទើបអញឲ្យដឹង បើនាងឯងមិនដោយអញ
មិនធ្វើជាប្រពន្ធអញទេនោះ អញមិនឲ្យដឹងទេ» ។ នាងនីឮពស់កេងកងថាដូច្នោះហើយ
ហេតុតែជាស្រីខូច ក៏ទទួលព្រមថា អើ ! លែងតែអ្នកឲ្យដឹងមកខ្ញុំចុះ
ចាំល្ងាច សឹមខ្ញុំឲ្យមេអេតមកហៅ » ។
ពស់កេងកងឮនាងនីថាដូច្នោះក៏ឲ្យដឹងមក ។ នាងនីផ្ដាំថា «ដល់ល្ងាច
សឹមឲ្យមេអេតមកហៅ »
ហើយនាងនីក៏ទូលឧសទៅផ្ទះជាមួយនឹងនាងអេត ។
លុះដល់ព្រលប់នាងនី ក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកង ។
នាងអេតទៅដល់ឈរនៅមាត់រន្ធពស់ ហៅថា «ពស់កេងកងអើយ នាងនីឲ្យហៅ ! » ។ ឯពស់កេងកងឮហើយលូនចេញមក ។
នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើបអស់ទាំងខ្លួន
ប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។
ពស់នោះធំណាស់ លូនទៅលើស្មៅបាក់រាបអស់
ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។ នាងនីនិយាយនឹងពស់កេងកងថា «ខ្ញុំមានប្ដី
ឥឡូវនេះគាត់ទៅជួញអង្កាំពីរ បីឆ្នាំមកម្ដងៗ » ។ ពស់កេងកងសួរថា «ប្ដីនាងឯងទៅប៉ុន្មានថ្ងៃ
ប៉ុន្មានខែ ទៀតនឹងមកដល់ ?»
នាងនីឆ្លើយថា«មិនដឹងជាប៉ុន្មានខែ
ប៉ុន្មានថ្ងៃទៀត នឹងមកដល់ទេ»
ពស់កេងកងនិងនាងនី ក៏ដេកលក់ជាមួយគ្នាទៅ
ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។ នាងនីផ្ដាំថា «បើប្ដីខ្ញុំមក
ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក, បើប្ដីខ្ញុំមិនទាន់មកនោះ
ខ្ញុំប្រើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក»។ពស់កេងកងក៏ទៅឯរូងខ្លួនវិញទៅ ។
រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។
នាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើ
ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ត្បិតពស់នោះធំណាស់ ហើយវែងផង ។
មួយទៀត ខឹងក្នុងចិត្ត ត្បិតម្ដាយសហាយនឹងពស់ ។
នាងអេតទៅដល់មាត់រូងហើយហៅថា «ពស់កេងកងអើយ នាងនីឲ្យហៅ» ពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថា
«អេតអើយ! ថាអញមិនទៅឪពុកអេតនៅកាត់ក្បាលអញដាច់» នាងអេតឆ្លើយថា
«ឪពុកអញទៅជួញអង្កាំ ពីរ បីឆ្នាំមិនទាន់មកដល់» ។
ពស់កេងកងឮនាងអេតប្រាប់ដូច្នោះ ក៏លូនចេញអំពីរន្ធមក
ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសហាយនឹងពស់កេងកងទាល់តែផើម ។
លុះយូរបន្តិចទៅប្ដីនាងនីមកពីជួញអង្កាំវិញ ឃើញនាងនីពោះធំនឹកសង្ស័យ
ក៏សួរនាងអេតជាកូន ។ នាងអេតប្រាប់ឪពុកថា «ម៉ែគាត់សហាយនឹងពស់កេងកង
តែវេលាព្រលប់កាលណាឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ»។
ឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថា «ដល់ល្ងាចហងឯងទៅហៅពស់នោះទៀត
អញចាំកាប់វានៅមាត់ទ្វារ ហើយហងឯងកុំឲ្យម្ដាយហងឯងដឹង» ។
ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា «ពស់កេងកងៗ ! នាងនីឲ្យហៅ » ។
ពស់កេងកងឮហើយឆ្លើយថា «អេតអេតអើយ !
ថាអញមិនទៅ ឪពុកអេតនៅកាត់កអញដាច់» ។
នាងអេតឆ្លើយថា «ឪពុកអញទៅជួញអង្កាំពីរ បីឆ្នាំមិនទាន់មកដល់» ។
ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថា
ឪពុកនាងមិនទាន់មកពីជួញអង្កាំមែន ក៏ទៅដូចសព្វថ្ងៃ ។
ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។ ពស់កេងកងលូនចូលក្នុងទ្វារបន្តិច
ឪពុកនាងអេតកាត់កដាច់ ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាក
មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា
ឯកណ្ដាលខ្លួនយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្ដាំនាងអេតថា «កុំឲ្យម្ដាយហងឯងដឹង
តែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ី» ។
ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។
ឯនាងនីពុំបានដឹងជាប្ដីកាប់ពស់សហាយស្លាប់ទេ
ព្រោះពេលនោះនាងនីមិននៅ ទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។
លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្ដាយស៊ី ។
នាងនីឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា «បានសាច់អ្វីស្លមីអេត !» ។
នាងអេតប្រាប់ថា «សាច់ជ្រូក »
។ នាងនីគិតស្មានថាសាច់ជ្រូកមែន
ក៏ឲ្យមីអេតដួសសម្លយកមកស៊ីបាយ ។
កាលនាងអេតដួសសម្លមកឲ្យនាងនីជាម្ដាយស៊ីនោះ
មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា វាចង់ស៊ីសាច់ពស់ វាបូលថា
« កឡូវៗក្លេមក្លមលេបសាច់ប្ដីឯង » ។
នាងនីកំពុងស៊ីបាយឮក្អែកបូលដូច្នោះ
ក៏មើលទៅលើមែកពុទ្រាឃើញក្បាលពស់កេងកងលើមែកឈើ
ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក
តែនាងពុំហ៊ានយំព្រោះខ្លាចប្ដីដែលអង្គុយស៊ីបាយជាមួយគ្នា ។
ប្ដីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា « ហេតុដូចម្ដេចបានជាស្រក់ទឹកភ្នែក ? » ។ នាងនីឆ្លើយថា «ស៊ីបាយក្ដៅ សម្លក្ដៅរឭកកូនចៅ រលោងទឹកភ្នែក »។
ឯក្អែកនោះចេះតែបូលថា «កឡូវៗ ក្លេមក្លមលេបសាច់ប្ដីឯង ក្បាលដាក់លើដើមពុទ្រា
កន្ទុយដាក់លើស្កាក»
។ នាងនីមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងលើនោះ ។
ឯប្ដីនាងនីដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដហើយ
ក៏នឹកភ្នកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន
។ ដល់នាងនីផើមចាស់ផ្ទៃ ជិតនឹងសម្រាលប្ដីបបួលទៅកក់សក់នៅមាត់បឹង
លុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថា «ទៅទៀតឲ្យឆ្ងាយពីស្រុកគេ
យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដង» ។ នាងនីមិនដឹងខ្លួនឯងថាប្ដីសម្លាប់
ស្មានថាប្ដីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។
លុះឃើញកំពង់មួយរាបស្អាត វាលល្អ ប្ដីប្រាប់ប្រពន្ធថា «កំពង់នេះរាបសប្បាយ
យើងឈប់កក់សក់នៅនោះចុះ»
ឯនាងនីមិនដឹងខ្លួនជាប្ដីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំង
។ ប្ដីនោះក៏ហូតដាវកាប់នាងនីពីក្រោយខ្នងមិនឲ្យដឹងខ្លួន
ដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅ ។
ពេលនោះឃើញសុទ្ធតែកូនពស់លូនចេញមកអំពីពោះនាងនីមក ។
ប្ដីនាងនីក៏កាប់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់
ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះចូលទៅក្នុងព្រៃ ។
ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាង មកដល់ឥឡូវនេះ ។
ឃ្លាតឆ្ងាយ ណាយចិត្ត
រឿង ពស់កេងកង
Reviewed by Admin
on
4:41 PM
Rating: