រឿងព្រេង អ្នកតាតានុង
អ្នកតាតា នុង
សព្វថ្ងៃស្ថិតនៅខាងកើតវត្តក្បាលស ភូមិក្បាលស សង្កាត់ក្បាលស
ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។
មុននិងអធិប្បាយអំពីអ្នកតា តានុង
សូមអធិប្បាយអំពីភូមិក្បាលសបន្តិច
ព្រោះភូមិនេះមានជាប់ទាក់ទងទៅនឹងឥទ្ធិពលរបស់អ្នកតា ដូចតទៅ
ឈ្មោះ តា បេន នៅភូមិខាងលើនេះ
បានអធិប្បាយអំពីអ្នកតា នុង យ៉ាងច្បាស់លាស់ណាស់ប្រាប់ខ្ញុំបាទថា
ចំនួនប្រមាណជា ២ សតវត្សកន្លងមកហើយ ភូមិ-វត្ត សង្កាត់ក្បាលស គេហៅថា
វត្ត-ភូមិ-សង្កាត់ត្បាល់ថ្មទេ លុះក្រោយមក អ្នកតាតា នុង
ក៏កើតឡើងនៅក្នុងភូមិនេះ ហើយមានឫទ្ធិអំណាចខ្លាំងពូកែអស្ចារ្យ
មានតេជះបារមីដ៏មោះមុតពិតប្រាកដ ។ កាលនោះ អ្នកតានេះនៅស្នាក់អាស្រ័យនឹងដើមយាង2មួយដើមយ៉ាងធំនាមុខវត្ត
ក្បែរមាត់ស្រះ ។ ស្រះនោះមានទំហំប្រហែលជា ២០០ម
មានទឹកថ្លាហ្វង់ដូចកញ្ចក់ ។ ពីដើមស្រះនោះមានជម្រៅដល់ទៅ ១០ម ឬ ១៣ម
ឯណោះ សព្វថ្ងៃនៅតែជម្រៅតែ ៥-៦ម ប៉ុណ្ណោះទេ ។ នៅថ្ងៃ ៨កើត ៥រោច
ថ្ងៃពេញបូណ៌មី និងថ្ងៃខែដាច់ តានុង តែងតែសម្ដែងឥទ្ធិពលបញ្ចេញភ្លើង
ហោះហើរ ភ្លឺច្រាលរន្ទាលពាសពេញផ្ទៃអាកាស
រួចបញ្ចេញភ្លើងឲ្យផុសចេញពីក្នុងទឹក
ចំកណ្ដាលស្រះប្រមាណប៉ុនត្បាល់បុកអង្ករ ហើយមានសណ្ឋានដូចត្បាល់
ពីលើមាត់ត្បាល់បញ្ចេញពន្លឺភ្លឺសន្ធោ ពេញតែក្នុងស្រះនេះ
អ្នកស្រុកនាំគ្នាទៅមើលអ៊ូអរ និងកោតសរសើរគ្រប់គ្នា ។
នៅភូមិក្បាលសនេះ
មនុស្សមិនសូវប្រកបរបរកសិកម្មច្រើនទេ
គេចូលចិត្តប្រព្រឹត្តអំពើចោរកម្មទាំងប្រុស ទាំងស្រី ទៅលើភូមិជិតខាង ។
លុះប្រព្រឹត្តអំពើអកុសលនេះ យូរទៅ អ្នកភូមិជិតខាងកើតក្ដីក្ដៅក្រហាយ
ក៏បបួលគ្នាបាន ៥០នាក់ បម្រុងមកកាប់សម្លាប់អ្នកស្រុកដែលជាចោរនេះចោល
ដំណឹងនេះបានឮដល់លោកតា សែង ម៉ៅ លោកតាក៏ទៅបន់ស្រន់ សុំឲ្យលោកតា នុង
ជួយថា "សូមលោកតា នុង ជួយខ្ញុំជាកូនចៅឲ្យមានជ័យជម្នះនៅពេលនោះ
ខ្ញុំនឹងថ្វាយស្រា មាន់ស្ងោរ ភ្លេង ៣បទ ព្រមទាំងសង់ផ្ទះថ្វាយផង" ។
ការបន់ស្រន់ចប់ហើយគាត់ក៏កាន់កាំភ្លើងបាញ់សត្វ (កាំភ្លើងឡត)
ទៅឈរអែបក្បែរដើមយាង ដែលលោកតាអាស្រ័យនៅ ជាបន្ទាន់នោះ អ្នកស្រុកដែលជាចោរទាំងប៉ុន្មានប្រហែល
៥០នាក់ ក៏មកដល់ ហើយបាញ់តគ្នាទៅ អស់ជិតកន្លះថ្ងៃ
ចោរទាំងនោះក៏ស្លាប់ដួលដេកពាសពេញនៅលើដី ក្បាលចោរឡើងសសំព្រុស ។
ចាប់តាំងពីថ្ងៃនោះមក វត្ត-ភូមិ និងសង្កាត់ត្បាល់ថ្ម
ក៏ក្លាយទៅជាហៅថា វត្ត ភូមិ និងសង្កាត់ក្បាលសវិញ
ជួយយកអាសាអ្នកស្លូតត្រង់ដូច្នេះហើយ
ទើបមានពាក្យប្រតិដ្ឋជាប់ជាស្លោកទុកមកថា តា នុង គង់ស្រុក តា នុង
រក្សាស្រុក តា នុង ជួយឲ្យផុតភ័យ ។
មានរូបសម្នឹងចូលតគ្នារហូតមក
រូបសព្វថ្ងៃឈ្មោះយាយ យឺន អាយុ ៧០ឆ្នាំ (នៅរស់) ។ ការបន់ក្ដី
បញ្ជាន់រូបក្ដី ឃើញទាន់ហន់ដូចចិត្តប្រាថ្នាមែន ឧទាហរណ៍ កាលពីថ្ងៃទី
១-៦-៦៦ នេះកងរាជតម្រួតយើងចំនួន ២០នាក់ ទៅស្នាក់នៅវត្តក្បាលសនេះ
ស្រាប់តែខ្មែរសេរីចំនួន ៥៥នាក់ ចូលមកឡោមព័ទ្ធ
បាញ់ពួកយើងដោយកាំភ្លើងត្បាល់ តូចផង ធំផង បាញ់តគ្នាចំនួន ២០នាទី ។
ខ្មែរសេរីបាក់ទ័ព ពួកយើងដេញបាញ់រហូតដល់ព្រំដែនសៀម ។ ជាពិសេស តា នុង
ចេះជួយដាស់តឿនកងទ័ពយើងជាច្រើនដងទៀត ដូចជាឆ្មាំបន្ទាយ
ឈរយាមហើយងោកងក់ តា នុង ក៏កន្ត្រាក់ ឬ ទន្ទ្រាំដីព្រូសៗ ឲ្យអ្នកយាមដឹងខ្លួនឡើងវិញ
។
ពិធីឡើងអ្នកតា
ពិធីឡើងអ្នកតានេះពីដើមគ្មានទេ
ប៉ុន្តែអស់លោក តូច ធំ ឡើងទៅម្ដងៗ តែងទៅអុជ ទៀន ធូប
ច្រួចស្រាថ្វាយជានិច្ច ឯបាយម្ហូបចំណីគេថ្វាយរាល់ពេលទទួលទាន ។
កងទ័ពជាតិយើងទាំង តូច-ធំ ដែលទៅតំបន់នោះទទួលស្គាល់តា ថង នេះទាំងអស់
ដោយតា ថង ជួយផ្ដល់នូវសេចក្ដីសុខចម្រើនគ្រប់ពេលវេលា ។
ពិធីឡើងអ្នកតាទើបតែនឹងមានធ្វើ ក្រោយពេលដែលលោកតា សែន ម៉ៅ
បន់ហើយមានជ័យជម្នះនោះទេ គឺគេធ្វើនៅខាងចុងមហិមន្តរដូវថ្ងៃ ១៥ កើត
ខែមាឃ ។ មុនថ្ងៃឡើងអ្នកតា ១ថ្ងៃ អ្នកភូមិនេះ ឈប់ធ្វើការទាំងអស់គ្នា
នាំគ្នាទៅបោសសម្អាតខ្ទម មានជម្រះស្មៅព្រៅជាដើម ។ល។ នៅមុខខ្ទមតា នុង
គេធ្វើកូនខ្ទមតូច ១បុរាណហៅថា "រានទេពតា" សង់ដោយកូនឈើតូចៗ
មាន ទំហំទទឹង ៣តឹក បណ្ដោយ ៥តឹក ក្រាលព្រួលជារនាប ជញ្ជាំងក៏បាំងដោយព្រួលដែរ
ប្រក់កំណាត់កន្ទេល ។
នៅលើរានទេពតា មានដាក់ថ្ម
១ដុំជានិមិត្តរូបនៃអ្នកតា គេអន្ទងអ្នកតាគ្រប់ទិសមកជប់លៀង
ពូនភ្នំខ្សាច់ ៨ទិស ដោតទង់រូបក្រពើ ធ្វើដោយក្រដាសពណ៌
លើភ្នំខ្សាច់ពាសពេញ ។ ព្រឹកឡើងនាំគ្នាហែក្បួន ដោយមានវង់ភ្លេង អាយ៉ៃ
ច្រៀងរាំ ឆ្ពោះទៅខ្ទមតា នុង ដល់ហើយគេហែប្រទក្សិណខ្ទម ៣ជុំ
ទើបយកប្រដាប់ប្រដានេះទៅដាក់មុខខ្ទមតា នុង ដែលសង់ដោយឈើ ប្រក់ស័ង្កសី ។
នៅលើខ្ទមមានឆ្លាក់រូបមនុស្សដោយឈើ របៀបជារូបតុក្កតា
ជានិមិត្តរូបនៃតា នុង ។
បន្ទាប់មកគេលេងភ្លេង ៣បទ ថ្វាយអ្នកតា
បញ្ជាន់រូបយាយ យឺន សួរអំពីសុខទុក្ខ ស្រូវអង្ករ កើត ឬ
មិនកើតក្នុងឆ្នាំនេះ ព្រមទាំងសួរពីហេតុការណ៍ផ្សេងៗទៀត
ដែលគេទាំងអស់គ្នាចង់ដឹង ។ អ្នកតានេះនៅចម្ងាយពីភ្នំដងរែក ៨ គ.ម. ។
រឿងព្រេង អ្នកតាតានុង
Reviewed by VannyDa
on
3:31 PM
Rating: