រឿង អ្នកតាព័ន្ធសាឡី
អ្នកតាព័ន្ធសាឡី ស្ថិតនៅចុងដីដុះ
លូតចូលទៅក្នុងព្រែកខាងជើងកំពង់ស្នេហ៍ ចម្ងាយប្រមាណ ៤គម.
ពីភូមិទ័ពស្ដេច នៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ផ្ទៃដីដែលជាកន្លែងអ្នកតានេះ
ប្រមាណជា ៣០០ម. X ១.០០០ម. សុទ្ធសឹងជាត្រោកនិងព្រៃរនាមពាសពេញ ។
អ្នកតា ព័ន្ធសាឡី នេះ
អ្នកស្រុកមិនដែលហៅថា "អ្នកតា" ទេ គេហៅថា
"អស់លោកព័ន្ធសាឡី" ។ ពាក្យថា "អ្នកតា" និង
"អស់លោក" សឹងមានន័យព្រលាំគ្នា ប៉ុន្តែពាក្យថា
"អស់លោក" គេច្រើនហៅចំពោះអ្នកតា ឬបង់បត់ណា
ដែលមានឥទ្ធិពលខ្លាំងពូកែ ហើយចេះរក្សានូវពាក្យសត្យ
គួរឲ្យមនុស្សលោកគោរពបូជា។ ដូច្នេះ ពាក្យថា "អស់លោក"
គឺជាពាក្យខ្ពស់ជាងពាក្យថា "អ្នកតា" ។
អ្នកតានេះ មានខ្ទមសង់ដោយឈើ ប្រក់ក្បឿង
នៅក្រោមដើមឈើមួយ ។ នៅក្នុងខ្ទមគ្មានរូបសំណាកអ្វីជាពិសេសទេ
មានតែថ្មពីរដុំ ទំហំល្មមលើកម្នាក់រួចប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃនេះ
ដុំថ្មនោះក៏បែកបាក់ជាច្រើនបំណែកទៅហើយ ។
ប្រវត្តិអ្នកតា
កាលពីសម័យមុនយូរមកហើយនោះ
ត្រង់កន្លែងអ្នកតានេះ មានដើមសាលី2ប្រាំមួយដើម ដើមស្នាយមួយដើម
និងព្រៃរនាមដុះព័ទ្ធជុំវិញដីទួលមួយ ទំហំប្រមាណជា ១០ម.
បួនជ្រុងស្មើរបៀបដូចបន្ទាយ ។ កន្លែងនេះកម្រមានអ្នកណាមួយ
ហ៊ានរុករកវល្លិ ឬ កាប់ឧសដុតណាស់ សូម្បីតែដើរកាត់ក៏គ្មានអ្នកណាហ៊ានដែរ
ព្រោះជាជម្រកសត្វសាហាវមានខ្លា ពស់ និងជ្រូកព្រៃជាដើម ។
ចំណេរមកខាងក្រោយ មានមនុស្សម្នាក់ឈ្មោះ ស្រឹង មិនដឹងជាមកពីស្រុកណាទេ
គាត់នោះមានមាឌធំដំបង សក់រួញ ជាអ្នកក្លាហានក្នុងរឿងកាប់ចាក់
ប្រពន្ធឈ្មោះនាង សុវណ្ណពាសវាល ដែលមានមាឌធំ ប្រដំត្រសងគ្នានឹងគាត់ដែរ
ហើយប្រកបដោយរូបសម្បត្តិយ៉ាងស្រស់ផង ។
ទាំងពីរនាក់ប្ដីប្រពន្ធនេះបានមកតាំងលំនៅៗលើដីទួល
ក្នុងចន្លោះដើមសាលីទាំងប្រាំមួយដើមនោះ ។ គាត់បានកាប់ឆ្ការព្រៃ
ធ្វើផ្លូវសម្រាប់ចេញចូល ។ អ្នកស្រុកផងទាំងពួងមិនដឹងថា
គាត់ប្រកបរបររកស៊ីអ្វីទេ ព្រោះគេឃើញមកនៅទីនោះតែ ៨ ឬ ១០ថ្ងៃប៉ុណ្ណោះ
ហើយមិនជាទៅណាបាត់ ។ លុះ៤- ១០ថ្ងៃក្រោយមក ទើបឃើញគាត់នៅទីនោះដដែលវិញ
បាត់ឃើញៗ តែរបៀបនេះរវាងជាង ១ឆ្នាំ ទើបបាត់លែងឃើញគាត់ទាំងពីរនាក់ប្ដីប្រពន្ធរហូតតែម្ដង
។
ម៉្យាងទៀត
ក្នុងសម័យនោះអ្នកស្រុកជិតខាងទាំងប៉ុន្មាន
ឲ្យតែឃើញមានមនុស្សណាបែបអង់អាចក្លាហាន ហើយមានមាឌមាំៗ ធំៗ
មិនហ៊ាននិយាយស្ដីសួរនាំអ្វីទេ ។
ឯសត្វសាហាវទាំងឡាយដែលនៅក្នុងព្រៃនោះទៀតសោត ក៏មិនមកបៀតបៀនដល់រូបគាត់ទាំងពីរនាក់ប្ដីប្រពន្ធនោះដែរ ហេតុដូច្នេះ
ទើបអ្នកស្រុកម្ដុំនោះកោតខ្លាចគាត់តែរៀងៗខ្លួន ។ ម្យ៉ាងទៀត បុរសស្រឹង
ចេះយកចិត្តទុកដាក់នឹងអ្នកស្រុក ជួយសង្គ្រោះអ្នកជិតខាងជាច្រើន
ដូចជាមានពស់ចឹក ឬ ឈឺអ្វីផ្សេងៗ គាត់តែងតែជួយឥតរើសមុខ
នៅពេលដែលគាត់ដើរទៅប្រទះ ឬ គេរត់ទៅពឹងពាក់គាត់ ។
ក្រោយពេលដែលបាត់លែងឃើញគាត់ ចំនួន ២-៣
ឆ្នាំមក សត្វសាហាវដែលនៅក្នុងព្រៃនោះទាំងប៉ុន្មាន ខ្លះក៏គេចខ្លួនបាត់
ខ្លះនៅទីនោះដដែល ប៉ុន្តែបែរជាស្លូតបូតទៅវិញ ដោយហេតុនេះហើយ
ទើបអ្នកភូមិជិតខាងហ៊ានបបួលគ្នាទៅមើលកន្លែងនោះ ។ លុះចូលទៅដល់
ហើយគ្មានឃើញអ្វីទាំងអស់ ឃើញតែថ្ម ២ដុំ មានទំហំល្មមលើកម្នាក់រួច
នៅទន្ទឹមគ្នាទៀបគល់ឈើមួយ (មិនជាដើមអ្វី អ្នកឲ្យការណ៍មិនបានបញ្ជាក់)
នឹងដានជើងសត្វតូច ធំជាច្រើន ។ រូបតា ស្រឹង និងប្រពន្ធគាត់ ដែលកាលពីមុន
អ្នកខ្លះសន្និដ្ឋានថាស្លាប់
អ្នកខ្លះថាគាត់វិលទៅស្រុកកំណើតគាត់វិញនោះ ក្នុងពេលនោះក៏ជឿថា
ពិតជាស្លាប់តែម្ដង ។ ឯថ្ម ២ដុំនេះ គឹក្លាយមកពីរូបយាយនិងតានោះឯង ។
អ្នកស្រុកនាំគ្នាគោរពបូជា ថ្វាយផ្លែឈើនំចំណីផ្សេងៗ
និងធ្វើខ្ទមប្រក់ស្លឹកតូចល្មម ដាក់ដុំថ្មទាំងពីរនោះទៅ
រួចហើយនាំគ្នាបន់ស្រន់ សុំសេចក្ដី សេចក្ដីចម្រើន ។ តមកខាងក្រោយ
ដោយឃើញដីម្ដុំនោះមានជីជាតិល្អ អ្នកស្រុកក៏នាំគ្នាកាប់ឆ្ការព្រៃ
នៅជិតខាងអ្នកតានោះធ្វើស្រែអស់ទៅ នៅសល់តែត្រោកបន្តិចបន្តួចប៉ុណ្ណោះ
។
រីឯអ្នកស្រុកដែលទៅប្រកបរបរស្រែ
នៅក្បែរៗអ្នកតានោះតែងតែមានប្រទាស់ដាក់ម្ហូបចំណី បាយដំណើប នំកូនត្រី
កូនខោអាវ កូនក្រមា យកទៅដោតតាមភ្លឺស្រែ
ឬយកទៅថ្វាយផ្ទាល់ចំពោះអ្នកតាគ្រប់ៗគ្នា បើមិនបានធ្វើរបៀបនេះទេ
នឹងពុំសូវបានសេចក្ដីសុខក្នុងការធ្វើស្រែឡើយ ។
អំពីឥទ្ធិពល
ពីដើមអស់លោកនេះ អ្នកខ្លះហៅថាអស់លោក
"ចុងត្រោក" មានរក្សានូវវត្ថុប្រើប្រាស់ជាច្រើនដូចជា ចានក្បាន
តូច- ធំជាដើម ។ល។ វត្ថុទាំងនោះ បើអ្នកស្រុកត្រូវការខ្ចីយកទៅប្រើប្រាស់
ក្នុងកិច្ចរវល់ផ្សេងៗមានរៀបមង្គលការ កូនប្រុសស្រី ជាដើម
អាចទៅពឹងរូបសម្នឹងឲ្យខ្ចីបានដូចប្រាថ្នា ។
ប៉ុន្តែរយៈពេលដែលអាចខ្ចីបាននេះ គឺមានត្រឹមតែ ៤-៥ឆ្នាំ ប៉ុណ្ណោះ
ក៏សាបរលាបវិញអស់ទៅ ដោយហេតុអ្នកខ្ចីយកទៅប្រើ
ចេះតែធ្វើឲ្យបាក់បែកបាត់ មិនទិញដាក់សងវិញ
ហើយយកទៅសងមិនដែលគ្រប់ចំនួន ។
ឯសត្វព្រៃដែលអស់លោករក្សាគឺ ខ្លា ពស់
ជ្រូកព្រៃ រមាំង និងក្រពើ ។ អ្នកស្រុកមិនសូវដែលបានឃើញគ្រប់គ្នាទេ
ហើយសត្វទាំងនោះ ក៏មិនដែលបៀតបៀនមនុស្សផង វៀរលែងតែអ្នកមាត់អាក្រក់
អ្នកតានឹងធ្វើឲ្យមានភ័យភិតជាមិនខាន ។ សត្វទាំងនោះ
បើលេងភ្លេងថ្វាយហើយសុំមើល នឹងបានឃើញដូចសេចក្ដីប្រាថ្នា ។ ចំណែកឯរមាំង
លោកគ្មានលាក់លៀមអ្វីទេ គឺវាដើររកស៊ីពេញតែព្រៃនោះ តែបើយើងចង់ដេញ ឬ
បាញ់ ត្រូវសុំអស់លោកសិន ទើបបាញ់បាន បើមិនសុំទេ ទោះបីខំដេញ ឬ
បាញ់យ៉ាងណាក៏មិនបានដែរ ។
ការសម្ដែងឫទ្ធិនៃអ្នកតានោះ
រាល់ថ្ងៃពេញបូណ៌មី និងថ្ងៃខែដាច់
នារាត្រីកាល មានភ្លើងភ្លឺព្រោងព្រាតពេញអាស្រម និងនៅទីជិតៗអាស្រមនោះ
ភ្លើងនេះនរណាក៏មើលឃើញដែរ ។ ដោយពេលវេលាកន្លងទៅជាយូរយារណាស់ពេក
មនុស្សដែលធ្លាប់ជឿហើយគោរពបូជាអ្នកតានោះ
ក៏ស្លាប់អស់ទៅក្មេងៗជាន់ក្រោយមិនសូវជឿមិនសូវគោរពបូជា
ឥទ្ធិពលអ្នកតាក៏ថយចុះបន្តិចម្ដងៗជាលំដាប់រហូតមក ។
ឥទ្ធិពលដែលមាននៅខ្លះសព្វថ្ងៃ
តាំងពីឆ្នាំ ១៩៤០ មក
អស់លោកនោះបានមកសណ្ឋិតលើរូបលោកយាយម្នាក់ឈ្មោះ ធាយ អាយុ ៦០ឆ្នាំ
(គិតមកទល់នឹងឆ្នាំ ១៩៦៦) នៅភូមិទ័ពស្ដេច
គាត់ធ្លាប់កាន់ទំនៀមឡើងអ្នកតា ដារថ្វាយអ្នកតានេះយ៉ាងជាប់លាប់ណាស់
គាត់តែងមេផ្ដើមធ្វើរៀងរាល់ឆ្នាំ បើមិនបានធ្វើទេ
អ្នកស្រុកមុខជាពុំសូវបានសុខសប្បាយឡើយ ។
ចំណែកអ្នកដែលត្រូវទៅធ្វើស្រែប្រាំងនៅកន្លែងនោះ
ត្រូវតែរៀបគ្រឿងបូជាឲ្យមានសព្វគ្រប់ដូចពីដើមទើបបាន ។ ឯអ្នកឃ្វាលគោ
ក្របី ត្រូវកាន់ត្រណមឲ្យជាប់ និយាយលេងសើចផ្ដេសផ្ដាសនូវពាក្យអាក្រក់ ឬ
ជេរគ្នាជាដើម មិនបានជាដាច់ខាត អ្នកតានិងឲ្យពស់ដេញ ឬ
វង្វេងផ្លូវមិនខាន ។
សព្វថ្ងៃគេនៅប្រយ័ត្នមាត់កនៅឡើយ
នៅពេលដើរកាត់ព្រៃនោះ ។ ម៉្យាងទៀត បើមាននំចំណី ឬ បាយទឹក
យកទៅទទួលទាននៅក្បែរនោះ ហើយមិនបានថ្វាយបន្តិចបន្តួចទេ
អ្នកតានឹងធ្វើឲ្យចុកពោះ ឈឺក្បាល វិលមុខមិនខាន ។
បើឈឺហើយលុះតែទៅនិយាយបន់ស្រន់ អុជទៀនធូបនៅឯផ្ទះសម្នឹង
ហើយនិយាយអង្វរករឲ្យជួយសង្គ្រោះអ្នកដែលឈឺនោះ
ដោយទទួលនូវកំហុសដែលខ្លួនបានធ្វើ
ហើយសន្យាថានឹងលេងប្រព្រឹត្តឲ្យខុសទៀតទើបជា ។
នៅពេលមានអាសន្នដូច្នេះ គេឥតប្រើភ្លេងទេ
គ្រាន់តែអុជទៀនធូប និយាយបែរបន់អ្នកសម្នឹងទៅជាការស្រេច ។
ឯខ្ទមអ្នកតា កាលណាបើមានបាក់បែក ត្រូវតែនាំគ្នាសង់ឡើងវិញ
បើមិនធ្វើនឹងមានភ័យមិនខាន
នេះចំពោះតែអ្នកភូមិនៅជិតខាងដូចជាភូមិទ័ពស្ដេចប៉ាទ្វិប
និងភូមិកំពែងស្នេហ៍។
រឿង អ្នកតាព័ន្ធសាឡី
Reviewed by VannyDa
on
3:32 PM
Rating: