រឿង បុរស ២ នាក់ ទាស់គ្នាពីការជីកអណ្ដូង
មាននិទានមួយដំណាលថា : មានបុរស
២ នាក់នាំគ្នាទៅជីកអណ្ដូង លុះជីកជ្រៅទៅប្រទះឃើញមាសមួយពិន្ទង
គឺបុរសមួយជីកត្រូវមាត់ពិន្ទងម្ខាង បុរសមួយទៀត ក៏ជីកត្រូវមាត់ ពិន្ទងម្ខាងដែរ
ហើយបារយកមាសមកចែកស្មើគ្នា នៅតែពិន្ទងដែលដាក់មាស
ចែកគ្នាមិនដាច់ស្រេចសោះ ចៅមួយថា “ ត្រូវឲ្យពិន្ទងនេះមកអញ ” ។
ឯចៅមួយថា “ អញជីកត្រូវស្មើគ្នាដែរ ម្ដេចក៏ត្រូវបានតែម្នាក់ឯង
គួរបានអញផង ” ។ ចៅទាំងពីរនាក់ប្រកែកជជែកគ្នាពុំដាច់ស្រេច
ទើបនាំសេចក្ដីទៅប្ដឹងចៅក្រម ៗ ជម្រះជំនុំទៅថា “ ត្រូវបំបែកពិន្ទងនេះ
ចែកគ្នា ” ។ ចៅទាំងពីរនាក់ពុំសុខចិត្ត ទើបចៅក្រមនាំចៅទាំង ២ នាក់
ឡើងទៅក្រាបទូលព្រះមហាក្សត្រតាមដោយដំណើរនោះ ។ ព្រះមហាក្សត្រទ្រង់មានព្រះបន្ទូលដណ្ដឹងទៅចៅទាំង
២ នាក់នោះ ថា “ មាសនិងពិន្ទងនេះ ព្រះស្ដែងបានមកពីណា ? ” ។
ចៅទាំងពីរនាក់ក្រាបបង្គំទូលព្រមគ្នាថា “ សូមទ្រង់ព្រះមេត្តាប្រោស
ត្បិតខ្ញុំព្រះបាទ អម្ចាស់ទាំង ២ នាក់នេះ
នាំគ្នាទៅជីកអណ្ដូងត្រូវលើមាត់ពិន្ទងមាសព្រមគ្នា ” ។
ព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅទៀតថា “ កាលព្រះស្ដែងទៅជីកអណ្ដូងនោះ
តើនរណាបបួលទៅជីកមុន ?
” ។ ចៅមួយក្រាបទូលថា “
ចៅនេះបបួលខ្ញុំព្រះបាទអម្ចាស់មុន ” ។ ឯចៅមួយក៏ក្រាបទូលថា “
ខ្ញុំព្រះបាទអម្ចាស់បបួលចៅនេះមែន ” ។ ព្រះមហាក្សត្រទ្រង់យល់ថា “
ចៅអ្នកបបួលមុននោះ ត្រូវបានចំណែកលើសគេ ”
ហើយព្រះអង្គឲ្យយកមាសនោះមកចែកជា ៣ ភាគ ភាគ ២ និងពិន្ទងនោះ
ឲ្យបានទៅចៅដែលបបួលនោះ ១ ភាគទៀតឲ្យបានទៅចៅដែលគេបបួលនោះ ។
ព្រះមហាក្សត្រទ្រង់វិនិច្ឆ័យសេចក្ដីដូច្នេះហើយ
ចៅទាំងពីរនាក់សុខចិត្ត ក៏ថ្វាយបង្គំលាទៅផ្ទះអាត្មាទីទៃ ៗ ហោង។
រឿង បុរស ២ នាក់ ទាស់គ្នាពីការជីកអណ្ដូង
Reviewed by VannyDa
on
1:14 PM
Rating: