រឿង ឈ្មួញម្នាក់មានដើមទុនតែ ១ ហួង
ម្នាក់ទៅជួញ មានដើមទុនតែហួងមួយ
បានចំណេញប្រាក់មួយពាន់ ។
គ្រានោះមានបុរសកម្សត់ម្នាក់ចួនកាលមួយថ្ងៃបានហូបបាយម្ដង ចួនកាល ២
ថ្ងៃបានហូបបាយម្ដង សំពត់ពុំមានស្លៀក ។ ថ្ងៃ ១ មានគេឲ្យសំពត់ស្លៀក
ក៏ស្លៀកសំពត់នោះដើរទៅប្របស្ទឹង ។ បុរសអ្នកជួញបានប្រាក់មួយពាន់នោះ
ពុនប្រាក់និងបាយសំណុំ ដើរទៅដល់មាត់ស្ទឹងនោះគិតនឹងឆ្លង ។
ស្ទឹងនោះមានទឹកជន់ឆ្លងពុំរួច ទើបបុរសនោះនិយាយនឹងបុរសកម្សត់ថា “
មិត្តអើយ ! ចម្លងអញផង អញឲ្យឈ្នួល ” ។ បុរសកម្សត់ថា “
អញមិនចម្លងទេព្រោះទទឹកសំពត់អញ ៗ ស្ដាយសំពត់ណាស់ ” ។
បុរសពុនប្រាក់នោះនិយាយលោមថា “ មិត្តអើយ ! បើមិត្តចម្លងអញ ៗ
នឹងឲ្យឈ្នួលជាទ្រព្យសម្លាញ់ពេញចិត្ត” ។
ទើបបុរសកម្សត់នោះព្រមចម្លងបុរសពុនប្រាក់នោះរួចដល់ត្រើយ
ហើយក៏ទាឈ្នួលថា “ឯណាមិត្តថាឲ្យទ្រព្យសម្លាញ់ពេញចិត្តអញនោះ ? ” ។
បុរសពុនប្រាក់ថា “ មានតែបាយនេះឯងជាទ្រព្យសម្លាញ់ ” ។
បុរសកម្សត់ឆ្លើយថា “ចៅឯងបានមត់នឹងអញថា នឹងឲ្យទ្រព្យសម្លាញ់ដល់អញ
ទើបអញចម្លងចៅ ត្បិតអញពុំដែលបានសំពត់ស្លៀក អញខ្លាចទទឹកសំពត់អញ ” ។
កាលបើដូច្នោះចៅទាំង ២ នាក់ក៏នាំគ្នាទៅប្ដឹងចៅក្រម ៗ ជម្រះថា “
គេឲ្យបាយនោះជាទ្រព្យសម្លាញ់របស់គេហើយ គួរចៅយកបាយនោះទៅចុះ ។
បុរសកម្សត់នោះពុំព្រមយកបាយ ។ ទើបបុរសទាំង ២
នាក់នាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រ ៗ
ទ្រង់ជ្រាបដោយដំណើរនោះសព្វគ្រប់ ហើយមានព្រះបន្ទូលថា “
បាយនោះទុកជាទ្រព្យសម្លាញ់ ហេតុអ្វីក៏ព្រះស្ដែងមិនព្រមយក ” ។
បុរសកម្សត់ក្រាបទូលថា “ ខ្ញុំព្រះបាទអម្ចាស់សុំយំ ” ។
ព្រះមហាក្សត្រទ្រង់សួរថា “ ហេតុអ្វីក៏ព្រះស្ដែងសុំយំ ? ” បុរសកម្សត់ក្រាបទូលថា
“ សូមទ្រង់ព្រះមេត្តាប្រោស ត្បិតខ្ញុំព្រះបាទអម្ចាស់ធ្លោយគំនិត ” ។
ព្រះមហាក្សត្រមានព្រះបន្ទូលថា “
បើព្រះស្ដែងចង់យំក៏យំតាមចិត្តព្រះស្ដែងចុះ ” ទើបបុរសនោះយំង៉ូវ ៗ
ឮដល់ទៅព្រះវររាជមាតា ៗ មានព្រះសវនីយ៍ដណ្ដឹងសួរថា “
គេនឹងឲ្យទ្រព្យសម្លាញ់វា ឥឡូវនេះគេពុំព្រមឲ្យវា គេឲ្យឯបាយវិញ ” ។
ទើបព្រះវររាជមាតា ឲ្យទៅទូលសូមយកសេចក្ដីនោះអំពីព្រះរាជបុត្រមក
នឹងទ្រង់ពិចារណា ។
ព្រះរាជបុត្រក៏បើកសេចក្ដីនោះថ្វាយទៅសម្ដេចព្រះវររាជមាតា ។
សម្ដេចព្រះវររាជមាតាមានព្រះសវនីយ៍ត្រាស់ដណ្ដឹងសួរបុរសទាំង ២ នាក់ថា “
ហេតុអ្វីក៏ព្រះស្ដែងកើតក្ដីនឹងគ្នា ? ” ។ បុរសទាំង ២ នាក់នោះ
ក្រាបទូលតាមដំណើរទីទៃ ៗ ស្រេចហើយ
ទើបសម្ដេចព្រះវររាជមាតាមានព្រះសវនីយ៍ទៅបុរសពុនប្រាក់ថា “
នៃព្រះស្ដែង !
បើទ្រព្យឯណាជាទីស្រលាញ់ពេញចិត្តព្រះស្ដែង
ចូរព្រះស្ដែងយកទៅ ទ្រព្យឯណាព្រះស្ដែង មិនស្រលាញ់ ចូរទុកនៅទីនេះចុះ ”
។ បុរសនោះក្រោកឡើងដើរទៅយកតែសំពាយប្រាក់ ឯដំបងនិងបាយទុកនៅទីនោះ ។
ទើបសម្ដេចព្រះវររាជមាតាមានព្រះសវនីយ៍ថា “
អញប្រើព្រះស្ដែងឲ្យយកទ្រព្យសម្លាញ់ ហេតុដូចម្ដេចក៏ព្រះស្ដែងពុំយកបាយ
និងដំបងទៅផង យកតែប្រាក់ទៅ បើដូច្នេះអញយល់ថាព្រះស្ដែង
ទុកប្រាក់នេះជាទ្រព្យសម្លាញ់ពេញចិត្តចៅ ចូរចៅយកប្រាក់នេះមកឲ្យអញ ៗ
នឹងបែងជាភាគ ចែកចៅទាំង ២ នាក់ឲ្យសុខចិត្តព្រមគ្នា
កុំឲ្យតិះដៀលគ្នាទៅវិញទៅមកឡើយ ” ។
ទើបសម្ដេចព្រះវររាជមាតាយកប្រាក់នោះមកចែកជា ៣ ភាគ ភាគ ១
ឲ្យទៅម្ចាស់ទ្រព្យ ភាគ ២ ឲ្យទៅចៅអ្នកចម្លងនោះ ។
ចៅទាំងពីរនាក់ ចូលចិត្តព្រមព្រៀងគ្នា
ហើយក្រាបលាទៅកាន់ទីលំនៅទីទៃ ៗ ហោង។
រឿង ឈ្មួញម្នាក់មានដើមទុនតែ ១ ហួង
Reviewed by VannyDa
on
1:15 PM
Rating: