រឿង អ្នកតាយាយងួន របស់លោក ជឹម ឈុំ សង្កាត់ឫស្សីព្រៃ ស្រុកសណ្ដាន់ ខែត្រកំពង់ធំ
អំពីអ្នកតា លោកយាយ ឬយាយងួន
អ្នកតានេះ ស្ថិតនៅក្នុងសង្កាត់ទំរីង
ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ អ្នកស្រុកជាចំណុះអ្នកតាមាន ៩ ភូមិ1 គឺភូមិសែន រនាម
សំរោង ក្បាលដំរី និងទំរីង ក្នុងសង្កាត់ទំរីង ហើយនឹងភូមិខោស អន្ទះ ទំអរ
និងឫស្សីព្រៃ ក្នុងសង្កាត់ឫស្សី ស្រុកសណ្ដាន់ ។ ភូមិទាំង
៩នេះជាភូមិនៅរាយគ្នាក្នុងព្រៃធំ លើទួលខ្ពស់ជាងដីធម្មតា
សណ្ឋានជាភ្នំ មានវត្តតែមួយ ហៅថាវត្តក្បាលដំរី ក្នុងសង្កាត់ទំរីង ។
ចម្ងាយជាបន្តបន្ទាប់គ្នា ពីភូមិមួយទៅភូមិមួយ ប្រមាណជាពី ១ ទៅ ៤ គ.ម. ។
ក្នុងរង្វង់ភូមិទាំង ៩ ក្នុងសង្កាត់ទាំងពីរ ដូចខាងលើនេះ ពីបរមបុរាណមក
គេនិយមហៅថា តំបន់ក្បាលដំរី
ពីព្រោះមានតែវត្តក្បាលដំរីមួយនេះជាទីសិក្សានិងជាទីប្រជុំធ្វើបុណ្យទាន
។
ខ្ទមអ្នកតា តាំងនៅក្បែររទេះ
ដែលឡើងពីភូមិតាមជួរមាត់ស្ទឹងសែនទៅកាន់សង្កាត់ទំរីង
និងសង្កាត់ឫស្សីព្រៃ តំបន់ក្បាលដំរី ចម្ងាយពីទីប្រជុំស្រុកទៅ ប្រមាណជា
៤២ គ.ម. ។ អ្នកតានោះគ្មានរូបចម្លាក់ជាតំណាងទេ មានតែដីដុះខ្ពស់ឡើង
នៅក្រោមដំបូលខ្ទមសណ្ឋានជាដំបូកប៉ុណ្ណោះ ។
បើគេចង់ធ្វើដំណើរពីសាលាស្រុកសណ្ដាន់
ទៅកាន់ទីអ្នកតា គេត្រូវទៅតាមផ្លូវដែលកាន់សង្កាត់ទំរីង
និងសង្កាត់ឫស្សីព្រៃ គឺគេត្រូវធ្វើដំណើរតាមផ្លូវរទេះ
ឆ្ពោះមុខទៅទិសអាគ្នេយ៍ ។ ក្រោយពីបានឆ្លងកាត់វាលស្រែ
ដ៏ធំធេងមួយរួចហើយ
គេនឹងបានដល់ភូមិនិងវត្តមួយហៅថាភូមិនិងវត្តអណ្ដូងព្រីង
ក្នុងសង្កាត់ឈើទាល (សណ្ដាន់) ។ តពីនេះទៅទៀត
ផ្លូវរទេះនឹងបំបែរដំណើរគេឲ្យឆ្ពោះមុខត្រង់ទៅទិសខាងកើតរហូត ។
លុះឆ្លងកាត់ព្រៃធំនិងព្រៃរបោះដ៏ស្ងាត់ជ្រងំពីរលើកមក
ដែលជួនកាលមានពើបប្រទះនឹងពួកម្រឹគទាំងឡាយ
ដែលវាដើររកស៊ីក្បែរផ្លូវនាព្រៃទាំងនេះ នាំឲ្យគេភ្ញាក់ភ័យ
នឹងមានការកម្សាន្តភ្នែកខ្លះ ដោយមិនដែលបានឃើញ
នឹងបានឆ្លងអូរពីរដ៏មានទឹកថ្លាឆ្វង់ មើលឃើញដីនិងត្រីហែលច្រវាត់
ដែលហូរបណ្ដោយតាមមាត់ព្រៃ ហាក់ដូចជាខ្សែខណ្ឌព្រំដែនព្រៃធំ
និងព្រៃរបោះនោះ
ឲ្យមានភាពដាច់ដោយឡែកពីគ្នាទាំងមានព្រឹក្សាម្លប់ត្រឈឹងត្រឈៃ
ដុះក្បែរច្រាំងប្របផ្លូវ ជាទីសម្រាកនៃអ្នកដំណើរទាំងឡាយ
មុននឹងបន្តដំណើរទៅមុខទៀត ។ មកដល់ទីនេះ ទេសភាពបានប្រាប់គេឲ្យដឹងថា
ចូលដល់សង្កាត់ទំរីងហើយ ។ លុះឆ្លងព្រៃរបោះផុតទៅ
គេត្រូវឡើងទួលចូលដល់ព្រៃស្រោង "ស្រឡៅដុះរាយលាយសុក្រំ"
គេនឹងឃើញនៅតាមបណ្ដោយមាត់ផ្លូវខាងជើង (ខាងឆ្វេង) នូវធ្លាមួយបួនជ្រុងទ្រវែង
ទំហំប្រមាណជា ៥០ ម X ២០ ម ។ នៅទន្ទឹមនឹងចុងខាងកើតនៃទីធ្លានេះ
ក្បែរមាត់ផ្លូវខាងត្បូង (ខាងស្ដាំ) គេនឹងឃើញខ្ទមមួយសណ្ឋានជាផ្ទះតៀម
សសរខ្លឹម ប្រក់ក្បឿងជញ្ជាំងក្ដារ ។
នៅក្នុងនោះមានដំបូកមួយដ៏មានគ្រឿងសក្ការបូជាផ្សេងៗ មានទៀនធូប ទង់
ពិតាន ជាដើម ដោតនិងព្យួរច្រូងច្រាងរយោនរយាន នេះហើយជាខ្ទមអ្នកតា
យាយងួន ដែលអ្នកស្រុកនិងអ្នកដំណើរទាំងឡាយតែងគោរពបូជា ។
បើធ្វើដំណើរពីនេះទៅមុខទៀត ប្រមាណជា ១ គ.ម. គេនឹងបានដល់ភូមិមួយ
ហៅថាភូមិសែន ជាភូមិបង្កើយដែលអ្នកភូមិអាចថែរក្សាអ្នកតានេះផ្ទាល់ដៃ
បានដិតដល់ជាងគេ ។ តពីទៅទៀត ប្រមាណជាង ១ គ.ម
គេនឹងដល់ភូមិនិងវត្តក្បាលដំរី ក្នុងសង្កាត់ទំរីង ។
បើចេះតែបន្តដំណើរទៅមុខទៀត (ត្រង់ទៅកើត) ប្រមាណជា ៤ គ.ម
គេនឹងដល់ភូមិមួយទៀត ដែលមានអក្ខរាសរសេរនៅលើបន្ទះក្ដារ
បោះក្បែរច្រកចូលថា "ភូមិខោស សង្កាត់ឫស្សីព្រៃ" ។
គេរអែងយាយងួនពន់ពេក2 ដោយគេជឿចាក់ថា យាយងួន មានឥទ្ធិពលអស្ចារ្យណាស់
អាចជួយសម្រេចបានយ៉ាងស័ក្ដិសិទ្ធិ តាមសំណូមពរ (ការបន់សព្វបែបយ៉ាង)
របស់ជនណាដែលគោរពរាប់អានគាត់ដោយស្មោះស្ម័គ្រ
ហើយផ្ដន្ទាទោសយ៉ាងទាន់ហន់ ជនណាដែលទៅដល់ហើយ ព្រហើន បែបចង់មើលងាយ
ដោយឫក្សរឹងត្អឹង មិនព្រមចំណុះ មិនគោរពគាត់ ។ ពិធីឡើងអ្នកតានេះ
ក្នុង១ឆ្នាំមានធ្វើពីរដង នៅខ្នើតខែពិសាខម្ដងខ្នើតខែមាឃម្ដង
ប៉ុន្តែគេមិនហៅថាឡើងអ្នកតាទេ គេហៅថាធ្វើបុណ្យរាប់បាត្រដារលោកយាយ
ពីព្រោះមិនមែនជារៀបចំពិធីឡើង ដោយមានគ្រឿងសំណែន ដូចអ្នកតាឯទៀតៗទេ
គឺគេធ្វើបុណ្យតាមរបៀបព្រះពុទ្ធសាសនាយើងសុទ្ធៗតែម្ដង
គឺមានរៀបចំរាជវ័តិ ពូនភ្នំខ្សាច់ ពេលល្ងាច និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត
ព្រឹកឡើងរាប់បាត្រដារបញ្ជូនរួចហើយ ប្រគេនចង្ហាន់ព្រះសង្ឃឆាន់
ពេលព្រឹកនិងថ្ងៃត្រង់ ។ ដល់ពេលរសៀល និមន្តព្រះធម្មកថិកសម្ដែងធម៌ទេសនា
ដោយសាស្ត្រាចម្លងបុណ្យ លុះចប់ហើយប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃនិងអាចារ្យ
ក៏សន្មតថាចប់កិច្ចនេះត្រឹមតែប៉ុណ្ណោះ ។
ការធ្វើបុណ្យនេះ
ធ្វើមួយយប់មួយថ្ងៃក៏មាន ពីរយប់ពីរថ្ងៃក៏មាន បីយប់បីថ្ងៃក៏មាន
តាមការជំនុំព្រមព្រៀងគ្នា ។ ការកំណត់ធ្វើ
គឺក្នុងមួយឆ្នាំពីរលើកជាដាច់ខាត នៅខ្នើតខែពិសាខ ដើមឆ្នាំម្ដង
ខ្នើតខែមាឃម្ដង ដូចបានពោលមកហើយ
ប៉ុន្តែធម្មតាច្រើនតែអាចារ្យជាអ្នកផ្ដើមជំនុំ
នឹងកំណត់ពេលវេលាដែលត្រូវធ្វើ
ពីព្រោះអ្នកតានេះគេទុកជាអាទិទេពពំនឹងនៃអ្នកស្រុក។
ក្រោយដែលបានកំណត់ពេលវេលា
ដែលត្រូវធ្វើរួចហើយ មុននេះពីរឬបីថ្ងៃ គេនាំគ្នាពីគ្រប់ភូមិ
ទៅរៀបចំទីកន្លែងអ្នកតា មានសម្អាតទីធ្លា សង់រោងសម្រាប់ព្រះសង្ឃ
ធ្វើរាជវ័តិ ពូនភ្នំខ្សាច់ជាដើម ។ បើបុណ្យនេះត្រូវធ្វើច្រើនថ្ងៃ
គេត្រូវរៀបចំទីកន្លែង សម្រាប់ឲ្យអ្នករៀបចំបុណ្យស្នាក់អាស្រ័យ ដូចជាជើងក្រានទឹក
ឧស ជាដើម ប៉ុន្តែគេនិយមធ្វើច្រើនថ្ងៃតែក្នុងខែមាយ
ព្រោះជារដូវគ្មានភ្លៀងធ្លាក់ ។ ក្នុងឱកាសបុណ្យនោះ នៅវេលាយប់
ក្រោយពេលដែលព្រះសង្ឃចម្រើនព្រះបរិត្តរួច
មានលេងល្បែងផ្សេងៗទៅតាមកាលសម័យ ដើម្បីកំដរបរិយាកាសផង ។ ជំនាន់បុរាណ
មានលេងលោតអន្ទាក់ ឈូង រុញអង្រែ ទាញព្រ័ត និងច្រៀងតគ្នាប្រុសស្រី
បទកញ្ចាញ់ចេក បទកញ្ឆាឈូង ចោលឈូង ប្របកៃ... ។ល។ ចាស់ៗលេងភ្លេងខ្មែរបុរាណ
សម័យបច្ចុប្បន្ន ច្រើនលេងយីកេនិងរាំវង់ ។ នៅខែពិសាខ
គេកម្រធ្វើច្រើនថ្ងៃណាស់ ព្រោះពិបាកដោយមានភ្លៀងច្រើន
ធ្វើតែមួយថ្ងៃមួយយប់
ហើយគេមិនសូវទាំងទៅដេកនៅឯទីកន្លែងអ្នកតានោះផង ។
ទាំងព្រះសង្ឃទាំងគ្រហស្ថ គេគ្រាន់តែទៅជួបជុំគ្នាចម្រើនព្រះបរិត្ត
រួចហើយក៏ត្រឡប់មកឯវត្តទៅផ្ទះវិញ ដល់ព្រឹកឡើងចម្អិនអាហារពីផ្ទះរួចស្រេច
ទើបនាំគ្នាទៅម្ដងទៀត ។ រៀបបាត្រដារបញ្ជូននិងឆាន់
ពេលព្រឹកនិងថ្ងៃត្រង់រួចហើយ ជួនកាលមានទេសនាឆ្លង ជួនកាលក៏គ្មានទេ
សន្មតថាហើយស្រេច នាំគ្នាត្រឡប់មកផ្ទះវិញរៀងខ្លួន ។
ក្រោយពេលដែលរាប់បាត្រ
និងព្រះសង្ឃសូត្រធម៌ចប់មួយលើកហើយ
មុននឹងរៀបចង្ហាន់ប្រគេនព្រះសង្ឃឆាន់
គេរៀបពិធីបញ្ជូនគេរំលែកភោជនាហារចេញពីកន្ទោងដារ ។
អ្នកតាចូលមកអង្ករមកគ្រវាស
បោយយកពីខ្លួនប្រាណនៃអ្នកដែលមកជួបជុំទាំងប៉ុន្មាន
មេជំងឺតម្កាត់ឧបទ្រពចង្រៃ បញ្ចេរជះទៅក្នុងសង្ឃឹកជាច្រើនលើកច្រើនសារ
ហើយក្នុងពេលជាមួយគ្នានោះ អ្នកអង្គុយជិតសង្ឃឹកពីរ
-បីនាក់ក៏តាំងច្រួចទឹកសែន ដង្ហោយហៅពួកខ្មោច ព្រាយ បិសាច
រាជភូតជាមេជំងឺ ធ្វើឲ្យគេឯងឈឺថ្កាត់ទាំងប៉ុន្មាន
នៅក្នុងស្រុកភូមិជាចំណុះអ្នកតានេះ ឲ្យចូលមកសេពសោយគ្រឿងក្រយាបូជា
ដែលគេរៀបចំឲ្យនៅឯសង្ឃឹក ។ លុះសែនហៅគ្រប់ ៣ដងហើយ
ព្រះសង្ឃសូត្រអាកាដ្ឋា ទើបគេបញ្ជាឲ្យសែងសង្ឃឹកចេញទៅហើយ
ក៏ដើរតាមបាចអង្ករពីក្រោយបណ្ដើរដរាបទៅ
ដល់ទីកន្លែងដែលត្រូវដាក់សង្ឃឹកចោល ទើបត្រឡប់មកវិញទាំងអស់គ្នា
ហើយសម្នឹងប្រាប់គេរាល់គ្នាថា "យើងបញ្ជូនពួកវាឲ្យទៅអស់ហើយ"
។ ឯពួកអ្នកស្រុកជាពិសេសពួកអ្នកដែលមកជួបជុំក្នុងពេលបុណ្យ
ក៏មានទឹកមុខរីករាយញញឹមញញែម ដែលអាចឲ្យសម្គាល់បានថា ៖
មានជំនឿជាក់ថាមុខជានឹងបានសេចក្ដីសុខសប្បាយពិតប្រាកដមែន
ព្រោះអ្នកតាបានបញ្ជូនមេឧបទ្រពចង្រៃទៅអស់ហើយ ។
ពិធីបញ្ជូននេះគេនិយមធ្វើតែនៅថ្ងៃបង្ហើយបុណ្យ ។
អំពីតង្វាយ:
វត្ថុដែលត្រូវថ្វាយគ្មានកំណត់ទេ តាមតែអ្នកបន់ថ្វាយអ្វី
ក៏ថ្វាយហ្នឹងទៅ បំណន់ត្រូវយកទៅថ្វាយដល់ទីកន្លែង
ប៉ុន្តែគេមិនដែលបន់ដាក់គ្រឿងស្រវឹងទេ ដោយគេដឹងថា
អ្នកនេះជាអ្នកតាសច្ចំមានសីលធម៌ មិនមែនជាពួកព្រាយបិសាចទេ ។
បើគេមានការបារម្ភចំពោះហេតុណាមួយ
ហើយចង់ឲ្យបានសុខក្សេមក្សាន្ត ដូចជាឲ្យជួយការពារជំងឺតម្កាត់ផ្សេងៗ
មានអាសន្នរោគជាដើម កុំឲ្យកើតមានដល់ស្រុកភូមិ ឬ
ក៏សុំឲ្យបានសុខសប្បាយ នៅពេលមានកិច្ចការក្នុងវត្ត
ដូចជារៀបស្ថាបនាកុដិ សាលា ព្រះវិហារ ឬ ធ្វើបុណ្យទានធំជាដើម
គេត្រូវរៀបរណ្ដាប់បញ្ជាន់រូបគឺ: សំណែនមានបង្អែម ចម្អាប ស្លាធម៌ ១គូ ជម ៤
សំពត់ស ៥ហត្ថ ប្រាក់មួយរៀល អង្ករ ទៀន ធូប ស្លា បារី ប្រេងម្សៅ និងទឹកបាន3 មួយស្ពក
ហើយប្រគំភ្លេងមានស្គរដី និងប៉ីអរ ។ កាលបើបានរៀបដូច្នេះហើយ
អ្នកតាក៏ចូលមក រាំលេងតាមភ្លេងអស់មួយបទយ៉ាងវែងទើបឈប់
រួចហើយផឹកទឹកបាន ស៊ីស្លា ឬ ជក់បារីនិងលាបប្រេងម្សៅហើយអង្គុយសម្រាក
ចាស់អារក្សទាក់ទងសួរ សុំឲ្យបានសុខសប្បាយទៅតាមការ
ឯអ្នកតាតែងតែទទួលព្រមជានិច្ច ប៉ុន្តែច្រើនប្រាប់អ្នកស្រុកឲ្យត្រណម4 ផង ។
ក្នុងពេលនោះ
បើអ្នកណាមានការសាទុក្ខដូចម្ដេច ឬចង់ដឹងហេតុអ្វីមួយចំពោះតែខ្លួនម្នាក់ៗ
អាចសួរបានតាមត្រូវការ ដូចជារករបស់បាត់ ឬទស្សន៍ទាយមើលមនុស្សឈឺជាដើម
រួចហើយ បើអស់នរណាសន្ទនាអ្វីតទៅទៀត ទើបអ្នកតាចេញទៅវិញ ។
ឯការរៀបបញ្ជាន់បែបនេះមានកំណត់កាលទេ
ចង់រៀបនៅពេលណាក៏បាន ឲ្យតែមានការគួររៀប ប៉ុន្តែគេនិយមរៀបតែក្នុងទីវត្ត
ពីព្រោះការទាក់ទងនឹងអ្នកតានេះ ច្រើនមានទាក់ទងតែក្នុងការជាសាធារណ
ឯចំពោះឯកជនវិញគ្មានទម្លាប់ធ្វើដូចនេះទេ ។
បើនរណាមានការត្រូវបន់ត្រូវថ្វាយអ្វី
ត្រូវទៅបន់ថ្វាយដល់កន្លែងខ្ទមឯណោះ ។ នៅពេលធ្វើបុណ្យប្រចាំក្នុងមួយឆ្នាំពីរដងនោះ
គេគ្មានរៀបរណ្ដាប់អ្វីដូចជានៅពេលបញ្ជាន់ទេគ្រាន់តែយកទៀនធូបទៅអុជថ្វាយ
ប្រាប់ប្រងនៅខ្ទមជាការស្រេច
ប៉ុន្តែរូបអ្នកនិងតោកជាដើមត្រូវដាក់ជាមួយដែរ
ដើម្បីទុកសម្រាប់ត្រូវការនៅពេលបញ្ជូនសង្ឃឹកដូចបានពោលមកហើយ ។
នៅពេលឥតរូប5ម្ដងៗ
អ្នកតាច្រើនចូលរូបថ្មីទៀតនៅពេលដែលរៀបបញ្ជូនក្នុងឱកាសធ្វើបុណ្យប្រចាំឆ្នាំនេះឯង
ឬ នៅពេលដែលគេរៀបបញ្ជាន់ដោយមានការជាចាំបាច់ម្ដងៗ
ដូចបានពោលមកហើយនោះដែរ ។
ប្រវត្តិអ្នកតា
តាមសេចក្ដីដំណាលតៗមកថា
ត្រង់នាទីដីសង្កាត់ទំរីងនិងសង្កាត់ឫស្សីព្រៃ (ស្រុកសណ្ដាន់) សព្វថ្ងៃ
ដែលបរមបុរាណនិយមហៅថា តំបន់ក្បាលដំរីនោះ ពីអតីតកាលមក
ជាព្រៃរហោឋានគ្មានមនុស្សនៅទេ
មានតែពួកពាឡម្រឹគអាស្រ័យនៅជាស្រុកភូមិរបស់វា ។ លុះក្រោយមកមានពួកឧទ្ទាមចូលទៅនៅ
តាមការណែនាំដោយសមព្រមត់នៃព្រានព្រៃ ម្នាក់ ហៅថា "ព្រានហ្លួង6" ដែលគាត់ធ្លាប់មកបរបាញ់ក្នុងព្រៃនេះ
ស្គាល់កន្លែងសព្វគ្រប់គឺ គាត់ចំណាំបានថា
ត្រង់នេះមានជាំត្រង់នោះមានអូរ ទួលទំនាប ។ល។ ហើយគាត់បានទាំងសន្មតនាមនៃត្រង់ទាំងនោះៗ
សឹងមានឈ្មោះហៅជាប់មកដល់សព្វថ្ងៃ7 ។
ពួកឧទ្ទាមដែលចូលមកនេះ
គឺនៅជ្រកលាក់ខ្លួនដោយកន្លែងផ្សេងៗពីគ្នា ដើម្បីកុំឲ្យមានដំណឹង
រកស៊ីកាប់ចម្ការតូចតាច ដាំស្រូវ ពោត នឹងបន្លែបន្តិចបន្តួច
ផ្សំជាមួយដំឡូង ក្ដួចនិងរកផលក្នុងព្រៃខ្លះដូចជាបណ្ដាញសត្វ យកឃ្មុំ
និងបេះផ្លែឈើជាដើម ហើយកាន់ទំនៀមទម្លាប់តាមភាពជាអ្នកនៅព្រៃភ្នំ
តាមព្រានព្រៃនោះទាំងអស់ ក្រោយមក មានអ្នកសំណាក់មកពីនេះខ្លះពីនោះខ្លះ
ទៅនៅផ្សំផងទៀត ក៏កាន់តែកើនចំនួនក្រាស់ក្រែលក្នុងកន្លែងនីមួយៗ
ក៏រីកសាយកើតជាភូមិធំៗ បន្តិចឡើង ប៉ុន្តែពុំទាន់មានវត្តអារាម
និងពុំទាន់មានក្រសួងរាជការត្រួតត្រាដិតដល់នៅឡើយទេ ។
ជំនាន់នោះគ្មានការធ្វើបុណ្យទានអ្វីផ្នែកខាងព្រះពុទ្ធសាសនាធំដុំទេ
ច្រើនទីពឹងលើអ្នកតានិងព្រាយបិសាចតែប៉ុណ្ណោះ ព្រោះក្នុងគ្រានោះ
អ្នកដែលចូលទៅនៅទាំងប៉ុន្មាន សុទ្ធតែចូលទៅនៅដោយលួចលាក់ ។
បណ្ដាមនុស្សទាំងឡាយ ដែលរស់នៅនាតំបន់ដូចខាងលើ មាននាងសាវកែម្នាក់ឈ្មោះ
ងួន នៅភូមិព្រាហ្មណ៍ ជាមនុស្សកំព្រា នៅរកស៊ីតែម្នាក់
មានផ្ទះតូចមួយខ្នង សង់ដាច់ឆ្ងាយពីគេ ក្បែរផ្លូវធ្លាចុងភូមិខាងកើត ។
នៅពេលអធ្រាត្រនៃរាត្រីមួយ អ្នកស្រុក
ជាពិសេសអ្នកដែលនៅជិតផ្លូវធ្លា ដែលកំពុងនិន្ទ្រាលក់យ៉ាងស្កប់ស្កល់
ស្រាប់តែភ្ញាក់ក្រញាងដោយឮសូរសន្ធឹកមនុស្សជិះសេះ
និងដើរយ៉ាងច្រើនតាមធ្លាពីចុងភូមិខាងលិចទៅកើត
ហាក់ដូចជាសន្ធឹកគេដង្ហែបុណ្យអ្វីមួយ ហើយបាត់សូរត្រង់មុខនាង ងួន ។
ក្រោយដែលបានឮសូរសន្ធឹកមក គេបានក្រោកអើតមើលតាមទៅ
ឃើញមានរស្មីច្រាលរន្ទាលពេញតែផ្ទះនាង ងួន ប្រហែលមួយចម្អិនបាយ
ក៏បាត់ពន្លឺនោះសូន្យឈឹងទៅវិញ ។ លុះព្រឹកឡើង
ពួកអ្នកស្រុកនាំគ្នាពិនិត្យមើលដានតាមផ្លូវ
ពុំមានឃើញមានស្នាមដានអ្វីបន្តិចបន្តួចសោះ
មិនអស់ចិត្តក៏នាំគ្នាទៅសួរដល់នាង ងួន ទៀត នាង ងួន ឆ្លើយថា
នាងគ្មានបានដឹងអ្វីទាំងអស់ ។ ពួកអ្នកស្រុកមានការងឿងឆ្ងល់ពន់ពេក
ចំពោះរឿងដ៏ចម្លែកនេះ ប៉ុន្តែបន្ទាប់មក
បានឃើញនាងចាប់ទម្ងន់ដោយគ្មានប្ដី ទើបគេយល់ថានាងមានគភ៌
ដោយមានហេតុភេទដ៏ចម្លែកពីពេលមុននោះឯង ទើបគេជំនុំគ្នាដោយស្ងាត់ថា : ប្រហែលជាមានអ្នកមានបុណ្យបារមីមកចាប់ផ្ទៃនាងហើយមើលទៅ
យើងត្រូវចាំមើលជួយថែទាំនាងផង ក្រែងលោពិតមែន យើងនឹងបានពឹងបារមីនោះ ។
តាំងពីពេលនោះមក
នាងងួនត្រូវបានអ្នកស្រុកជួយឧបត្ថម្ភគ្រប់បែបយ៉ាងទាំងអស់ ។
លុះដល់គ្រប់ខែដប់ នាង ងួន ក៏សម្រាលបុត្រនោះមក
ឃើញថាមានបុណ្យបារមីដ៏អស្ចារ្យពិតមែន គឺភេទប្រុស សម្រាលចាកឧទរមក
ចេះដើរ ចេះនិយាយភ្លាមហើយមាត់ទិព្វផង ។ បុត្រនាង
ងួនបានប្រកាសប្រាប់គេឯងរាល់គ្នាថា "ខ្ញុំឈ្មោះទុមបារមី
ព្រះឥន្ទលោកប្រើមក" ហើយប្រាប់នាង ងួនជាម្ដាយទៀតថា "កូននៅទីនេះជាមួយនឹងបានតែប្រាំពីរថ្ងៃទេ
កូននឹងលាម៉ែទៀតទៀតហើយ កូនដាំកូនពោធិមួយដើមទុកជូនម៉ែជាទីរឭក
បើម៉ែមានទុក្ខធុរៈដូចម្ដេច គ្រាន់តែនឹកដល់ខ្ញុំជាកូន
ខ្ញុំនឹងមកជួយម៉ែឲ្យបានសម្រេចដូចប្រាថ្នាទាន់ចិត្ត មួយទៀត ដែលថាខ្ញុំនឹងលាម៉ែទៅទៀតនោះ
សន្យាត្រឹមតែមែកពោធិដែលខ្ញុំដាំនេះធំបែកមែកដាបដល់ដី
ខ្ញុំនឹងត្រឡប់មកជួបនឹងម៉ែវិញហើយ" ។ លុះដល់គម្រប់ប្រាំពីថ្ងៃ
កុមារទុមបារមី ក៏បន្ទន់កាយដោយប្រណីតប្រណម្យលានាង ងួន ចេញបាត់ទៅ ។
ចាប់តាំងពីពេលនោះមក នាង ងួន
ក៏ក្លាយខ្លួនទៅជាវត្ថុស័ក្ដិសិទ្ធិមួយ ដោយមានមាត់ទិព្វ
អាចញាំងសេចក្ដីប្រាថ្នារបស់មនុស្សទាំងឡាយ ឲ្យសម្រេចបានដូចចិត្តភ្លាមៗ
ដោយគ្រាន់តែនឹកដល់គុណទុមបារមី ជាកូនរបស់នាង ឲ្យមកជួយតែប៉ុណ្ណោះ ។
ដោយឃើញនាងមានឥទ្ធិឫទ្ធិដូច្នេះ
មនុស្សទាំងឡាយបានលើកនាងជាទីគោរពសក្ការ
និងជាទីពឹងទីរឭកស្មើជីវិតរៀងៗខ្លួន បាននាំគ្នាហៅថានាង ងួន ថា
"លោកយាយៗ" ឬ លោកយាយ ងួន កាលណាកំបាំងមុខគាត់ ។
បន្ទាប់មកមានដំណាលថា
មានសៀមបានចូលមកលុកលុយប្រទេសខ្មែរយើង បានលើកទ័ពចូលមករាតត្បាតកៀរយកខ្មែរធ្វើជាឈ្លើយ
ដែលហៅ "សៀមកៀរ" ។ តាមសេចក្ដីដំណាលថា
សៀមនោះពូកែណាស់មានព្រាយខ្សឹប អ្នកណាទៅពួនកន្លែងណា
ក៏មិនកំបាំងដែរវាតាមទៅរកឃើញទាំងអស់ វាចាប់ដោតស្លឹកត្រចៀកផង ។
ម៉្លោះហើយពួកបណ្ដាជនដែលនៅក្នុងតំបន់ផ្សេងៗ ដោយបានឮល្បីថា យាយ ងួន
មានឫទ្ធិពូកែខ្លាំងណាស់ ក៏នាំគ្នារត់ចូលមកជ្រកនៅក្នុងតំបន់យាយ ងួន
នេះជាច្រើន ។ ថ្ងៃមួយ ពួកទ័ពសៀមលើកគ្នាមកៗជួបនឹងយាយ ងួន
កំពុងដាំបាយនឹងកូនឆ្នាំងតូចមួយ នៅផ្ទះគាត់ដែលនៅដើមផ្លូវ
ពួកទ័ពសៀមបានកំហែងប្រុងនឹងចាប់ចងគាត់
បណ្ដើរឲ្យទៅតាមរកមនុស្សដែលគាត់លាក់ តែយាយ ងួន
បាននឹកដើមដល់កូនឲ្យមកជួយ ហើយគាត់ឃាត់ពួកទ័ពនោះថា
"លោកចៅអើយកុំធ្វើបាបយាយ ចាំពិសាបាយឲ្យឆ្អែតទាំងអស់គ្នាសិន
សឹមយាយជូនទៅ នេះនែបាយ! យាយដាំជិតឆ្អិនហើយ" ។
មេទ័ពក្រេវក្រោធកំហកកំហែងស្ដីឲ្យថា "នែ ! យាយឯងកុំនិយាយលេងជាល្បែង
បែបចង់មើលងាយ បាយយាយឯងមួយកូនឆ្នាំង
អួតចង់ឲ្យគេស៊ីឆ្អែតអស់មួយកងទ័ព ប្រយ័ត្នណា ! យាយឯងមិនស្គាល់យើងទេ?” “ចាសលោក ! យាយចាស់ហើយ
មិនចេះនិយាយលេងទេ បើលោកចង់ជ្រាប លមើលសិនទៅ បើលោកពីសាមិនឆ្អែត
ខ្ញុំសុខចិត្តប្រគល់ជីវិតជូន បើពីសាមិនអស់
ត្រូវលោកថយទៅនគរលោកវិញភ្លាម" ។ ទទួលក្នុងពេលនោះ
ជាពេលដែលកងទ័ពត្រូវបង្អង់ រៀបចំបាយបរិភោគពេលព្រឹកផង មេទ័ពក៏នៅស្ងៀម
ប៉ុន្តែគ្មានស្ដាប់ពាក្យយាយ ងួន នេះបន្តិចបន្តួចសោះទេ គេគិតស្រេច
ចាំតែពួកកងទ័ពបរិភោគរួច ចាប់យាយ ងួន បណ្ដើរទៅតែម្ដង ។ ឯយាយ ងួន
កាលបើបានដាំស្លឆ្អិនហើយ ក៏ដោះដួសមួយកូនស្ពក លើកទៅជូនមេទ័ព ។
ដោយខឹងខ្លាំងពេក មេទ័ពមិនទទួល ចង្អុលឲ្យយកទៅកូនទាហានម្នាក់ ។
ឯកូនទាហាននោះក៏ទទួលយកទៅបរិភោគ ។
លុះបរិភោគទៅវាឆ្ងាញ់ខ្លាំងណាស់គិតថា ម្ហូបមួយកូនស្ពកនេះ
បង្ហើយឲ្យអស់តែម្នាក់ឯង មិនប្រាប់ដល់អ្នកណាទេ
ប៉ុន្តែបរិភោគមិនអស់សោះ ពោះតែតឹង មាត់តែ ឆ្ងាញ់ អាហារនៅតែដដែលគ្មានរំលោះ
ដរាបដល់ណែនពោះក្រោកមិនរួច ក៏ដឹងតៗគ្នាពីម្នាក់ទៅម្នាក់
នាំគ្នាចូលមកបរិភោគតៗគ្នា ឆ្អែតស្ទើរដើរមិនរួចរាល់គ្នា
អស់ទាហានមួយកងទ័ព មិនអស់អាហារមួយកូនស្ពករបស់យាយ ងួន នោះទាល់តែសោះ ។
ដោយឃើញហេតុអស្ចារ្យមេទ័ពសៀមគិតឃើញថា
"យាយនេះមានឫទ្ធិពូកែខ្លាំងណាស់ គ្រាន់តែបាយគាត់មួយស្ពក
ទាហានមួយកងទ័ពស៊ីមិនអស់ទៅហើយ ចំណង់បើតតាំងនឹងគាត់តទៅទៀត
ដឹងជាទទួលគ្រោះថ្នាក់ដល់ប៉ុណ្ណាទៅ? ។ រួចហើយមេទ័ព ក៏បញ្ជាដកទ័ពថយ
ត្រឡប់ទៅនគរសៀមវិញត្រឹមនេះទៅ ។
លុះចំណេរក្រោយមក យាយ ងួន
ក៏ទទួលអនិច្ចកម្មទៅ ក្នុងជន្មាយុ ១០០ ឆ្នាំគត់ ដោយរោគជរាពាធ ។
ពួកអ្នកស្រុកជាចំណុះគាត់ ក៏រៀបចំធ្វើបុណ្យតាមប្រពៃណី
ហើយបញ្ចុះសពគាត់ ត្រង់កន្លែងផ្ទះដែលគាត់នៅនោះឯង8
ដោយមានប្រក់និងបាំងជញ្ជាំងយ៉ាងសមរម្យ ។
ពួកអ្នកស្រុកដែលពីដើមមកធ្លាប់យកគាត់ជាពំនឹង
ក៏នៅរាប់អានគាត់នោះដដែលគឺថា បើអ្នកណាមានកិច្ចការយ៉ាងណា
ក៏ចូលទៅសុំទៅបន់ទៅថ្វាយ នៅកន្លែងផ្នូរគាត់នោះឯង
ប៉ុន្តែក្នុងជំនាន់នោះ មិនទាន់ហៅថាអ្នកតានៅឡើយទេ នៅត្រឹមតែ "លោកយាយៗ
ឬ លោកយាយ ងួន ដដែល" ។
ដោយនឹកគុណូបការៈរបស់គាត់
ពួកអ្នកស្រុកតែងនាំគ្នាទៅបោសសម្អាតទីកន្លែង
នឹងពូនផ្នូររបស់គាត់ស្ទើររាល់ថ្ងៃខែ
ប៉ុន្តែមិនទាន់មានធ្វើពិធីធំដុំដូចសព្វថ្ងៃនេះទេ ។ ក្រោយមក
គាត់ទៅពន្យល់សប្ដិដល់អ្នកស្រុក
ជាពិសេសចាស់ព្រឹទ្ធាចារ្យនៅក្នុងស្រុកភូមិ
ដែលជាហេតុឲ្យគេសន្និដ្ឋានថា លោកយាយ ងួន ពិតមែនតែស្លាប់ទៅហើយ
ប៉ុន្តែគាត់នៅរាប់អាន ជួយទុក្ខធុរៈពួកអ្នកស្រុកជាកូនចៅ
ដូចកាលគាត់រស់នៅនោះដដែល ។
លុះកន្លងក្រោយមក ទើបមានចូលជាន់រូប ។
ចាប់តាំងពីពេលជាន់រូបមក ពួកស្រុកនិងយាយ ងួន បាននិយាយឆ្លើយឆ្លងគ្នា
ទៅវិញទៅមក តាមរយៈរូបដែលចូលមកនោះ ហើយជំនាន់ក្រោយៗ បន្តិចមក
មានអ្នកខ្លះហៅថា "អ្នកតាលោកយាយ ឬ លោកយាយ ងួន" ។ ក្រោយមកទៀត
កាលនោះ ថាមានទ័ពយួនបានចូលមកលុកលុយប្រទេសកម្ពុជាយើង
បានរាលដាលចូលមកដល់ទីរួមខែត្រកំពង់ស្វាយ លោកតេជោអី
ដែលឈរត្រួតត្រានៅខែត្រនោះ នឹងចាត់ការតទល់ជាបន្ទាន់ពុំបាន
ហើយដោយឮល្បីថាលោកយាយ ងួន មានឫទ្ធានុភាពខ្លាំងពូកែ
ធ្លាប់មានស្នាដៃយូរមកហើយនោះ លោកក៏លួចបណ្ដោះកងទ័ពខ្លះ
ព្រមទាំងគ្រួសារចូលទៅស្នាក់នៅក្នុងភូមិដូងទេរ ក្នុងតំបន់លោកយាយ ងួន
នោះដែរ ។ លោកតេជោអីបានចាត់ឲ្យរៀបរណ្ដាប់បញ្ជាន់រូបយាយ ងួន
មកបន់សុំថា "លែងតែលោកយាយជួយឲ្យកម្រាបទ័ពយួនបានចុះ
នឹងរៀបធ្វើបុណ្យយ៉ាងឧឡារិកឧទ្ទិសថ្វាយក្នុង ១ឆ្នាំពីរដង
ដូចដែលគេធ្លាប់ធ្វើក្នុងទីឯទៀតៗ" ក្នុងពេលនោះថា យាយ ងួន
បានទទួលជួយពេញកម្លាំង ។
លោកតេជោបានផ្ញើលោកជំទាវ
និងបុត្រាបុត្រីទុកនៅទីនោះដោយចាត់ការឲ្យមានកងយាមល្បាតយ៉ាងមធ្យ័ត9
រួចលោកហួសទៅទាក់ទងកែនពីខែត្រទន្លេល្ពៅនឹងម្លូព្រៃ
មកផ្សំនឹងពួកអ្នកនៅនឹងតំបន់លោកយាយ ងួន នេះ ប្រជុំទ័ពឲ្យយាយ ងួន
ប្រោះព្រំឲ្យហើយទើបលើកចេញទៅ បានកម្រាប10
ទ័ពយួនវិនាសអន្តរាយអស់ក្នុងរយៈខែត្រនិងពីក្នុងទឹកដីខ្មែរទៅ ។
លុះបានសុខសាន្តហើយ ទើបត្រឡប់មកយកគ្រួសារទៅទីរួមខែត្រវិញ ។ បន្ទាប់មក
លោកបានចាត់ការធ្វើបុណ្យថ្វាយលោកយាយ ងួន គឺ ចាត់ឲ្យធ្វើទីធ្លាមួយ
សង់សាលាមួយខ្នង ជីកអណ្ដូងទឹក១ សម្រាប់ប្រើប្រាស់ក្នុងពេលបុណ្យ ។
តែនៅលើកនេះ ពិធីបុណ្យបានធ្វើចំនួន ៧យប់ ៧ថ្ងៃ ដោយមានព្រះសង្ឃ ១០០អង្គ
មកជាអធិបតីនឹងទទួលភត្តផង ព្រមទាំងអញ្ជើញពួកអ្នកស្រុក
និងនាម៉ឺនសព្វមុខមន្ត្រីក្នុងខែត្រគ្រប់ជាន់ថ្នាក់
ព្រមទាំងពួកទ័ពឲ្យមកជួបជុំទទួលការជប់លៀងក្នុងពិធីបុណ្យដ៏មហោឡារិកនោះដែរ
។ ចាប់តាំងពីពេលនោះមក លោកតេជោព្រមទាំងគ្រួសារ
តែងអញ្ជើញទៅធ្វើបុណ្យនាទីយាយ ងួន
ប្រចាំរៀងរាល់ឆ្នាំហើយលោកបានដឹកនាំឲ្យសាងវត្តសម្រាប់បួសរៀននិងធ្វើបុណ្យទាន
ហើយនិងចាត់ចែងឲ្យមានអ្នករាជការ ត្រួតត្រានៅតំបន់នេះរៀងមក ។
ដល់ឥតអំពីលោកតេជោអីទៅ ពួកអ្នកស្រុកចេះធ្វើតែបុណ្យនេះជាទម្លាប់ជាប់រហូតមកដល់សព្វថ្ងៃ
។
រឿង អ្នកតាយាយងួន របស់លោក ជឹម ឈុំ សង្កាត់ឫស្សីព្រៃ ស្រុកសណ្ដាន់ ខែត្រកំពង់ធំ
Reviewed by VannyDa
on
3:29 PM
Rating: