រឿងព្រេង អ្នកតាក្រហមក
អ្នកតាក្រហមកឋិតនៅភូមិមហារាជ
សព្វថ្ងៃគេហៅថា ភូមិឈើទាល សង្កាត់បឹងត្រាញ់ ស្រុកសំរោង ខែត្រតាកែវ ។
អ្នកតានេះ មានខ្ទមធ្វើដោយឈើប្រក់ស្លឹកជញ្ជាំងក្ដារ ។ អ្នកស្រុកទើបនឹងសង់អាស្រមថ្មីមួយទៀតដោយស៊ីម៉ងត៍
នៅទន្ទឹមគ្នានឹងខ្ទមចាស់ពីមុន ។ នៅពីខាងក្រោយអាស្រមមានដំបូក
ហើយមានដើមឈើដុះស៊ុមទ្រុម តាំងនៅលើដីទួលមួយខ្ពស់
ដែលអ្នកស្រុកនេះនិយមហៅថា "លោកតាភូមិ" ។ លោកតាម្នាក់និយាយថា:
អ្នកតានេះមិនដឹងជាមានពីកាលណាទេ គាត់កើតឡើងដឹងក្ដីកាលណា
ក៏ឃើញអ្នកតានេះតែម្ដង ប្រហែលជាកើតមានពីត្រឹមសម័យដែលមនុស្ស
មកតាំងនៅលើភូមិមហារាជនេះ ។ អ្នកតានេះ
មានឥទ្ធិពលលើអ្នកស្រុកភូមិនេះណាស់ ចេះជួយថែរក្សាសេចក្ដីសុខ និងជួយរកយុត្តិធម៌ឲ្យអ្នកស្រុក-ភូមិទៀតផង
។ សម័យដើម កាលបើមានរឿងរ៉ាវផ្សេងៗ កើតឡើងរវាងអ្នកភូមិ
ឬមានការឈ្លោះទាស់ទែងគ្នាជាដើម
គេតែងទៅប្ដឹង-ស្បថចំពោះមុខអ្នកតានោះ រាប់រៀបតាមដំណើររឿងរៀងៗខ្លួន
ហើយមានសូត្រពាក្យស្បថប្រាំធានទៀតផង
គូវិវាទទាំងពីរក៏សុខចិត្តរៀងៗខ្លួនជាការស្រេច
មិនបាច់ប្ដឹងផ្ដល់ដល់រដ្ឋការមុខក្រសួងទៀតទេ ។ ពាក្យសម្បថនេះ
ឃើញថាស័ក្ដិសិទ្ធិមែន បើអ្នកណាប្រព្រឹត្តពុំសុចរិតទៀងត្រង់ទេ
អ្នកនោះមុខជាអន្តរាយរហូតដល់ស្លាប់យ៉ាងទាន់ហន់ក៏សឹងមាន ។
ម៉្យាងទៀត អ្នកតានេះស្អប់ណាស់
មនុស្សណាពាក់មួក ជិះដំរី និងស្ត្រីមានផ្ទៃពោះ ដើរកាត់មុខមិនបានទេ
នឹងបណ្ដាលឲ្យរលូតកូន បើអ្នកមានបុណ្យស័ក្ដិនឹងធ្លាក់បុណ្យស័ក្ដិ ។
អ្នកស្រុកខ្លាចហើយមិនហ៊ានប្រព្រឹត្តបំពានចំពោះរឿងនេះទេ ។
អ្នកស្រុកដំណាលតៗមកថា ប្រមាណជា ៤០ ឬ ៥០
ឆ្នាំកន្លងទៅហើយ មានតាចាស់ម្នាក់ឈ្មោះង៉ែត ប្រពន្ធឈ្មោះលឿង
ផ្ទះគាត់នៅចម្ងាយប្រមាណ ៤០០ម ពីទិសអាគ្នេយ៍នៃអាស្រមអ្នកតានោះ ។ តា ង៉ែត
ជាអ្នករកស៊ីធ្វើទឹកត្នោត គាត់បានធ្វើទឹកត្នោតមួយដើមក្បែរខ្ទមអ្នកតានេះឯង
។ ពេលដែលឡើងគាបត្នោតនោះម្ដងៗ តាង៉ែតចេះតែជ្រលួសមាត់ក
ដោយគាបទៅវាបាក់ ឬក្រឡាច់ផ្កាត្នោតពីឃ្នាប ។ អ្នកតានេះខឹង ក៏ច្រានតា
ង៉ែត ទម្លាក់ពីចុងត្នោតមកដី ហើយទៅចូលរូបអ្នកស្រុកម្នាក់ ឲ្យនិយាយថា "លោកតាមិនឲ្យតា
ង៉ែតធ្វើត្នោតទៀតទេ ឲ្យរកស៊ីអ្វីដទៃទៀតទៅ កុំដើរគាបផ្កាគេទៀត
គេឈឺណាស់ ។ គ្រោះជាតា ង៉ែត មិនស្លាប់ក្នុងពេលនោះដែរ ។
តែលុះគាត់បានស្រាកស្រាន្តជាចាកជំងឺ មានកម្លាំងស្រួលបួលឡើងវិញ
គាត់ក៏ចាប់ធ្វើរបរត្នោតទៀត គាត់ធ្វើដើមដដែលហ្នឹង ។
ពេលនោះអ្នកតាក្រហមក (អ្នកតាភូមិ) លែងច្រានតា ង៉ែត
ទម្លាក់ដូចមុនទៀតហើយ អ្នកតាខឹងខ្លាំងណាស់ ដោយប្រដៅតា ង៉ែត មិនស្ដាប់
ក៏ចាប់តា ង៉ែត យកទៅដាក់ច្រវាក់ភ្ជាប់នឹងសសរខ្ទមអ្នកតា
អស់មួយយប់មួយថ្ងៃ ។ ប្រពន្ធកូនបាត់តា ង៉ែត ដើររកមិនឃើញសោះ
រកចុះរកឡើងក៏បានឃើញតា ង៉ែត នៅខ្ទមអ្នកតា ។ ពេលនោះតា ង៉ែត
ឃើញប្រពន្ធដើរចូលទៅ ស្រែកប្រាប់មកថា "អញទៅមិនរួចទេ
អញជាប់ច្រវាក់ជើងហើយ!” ។ ឮដូច្នោះ
ប្រពន្ធកូនក៏ខំទាញគាត់ចេញពីខ្ទមអ្នកតា តែគ្មានកម្រើកសោះ
ទាញយ៉ាងណាក៏មិនរួច គេឃើញជើងគាត់ទាំងពីរព័ទ្ធជាប់នឹងសសរខ្ទម
ហើយឮសូរច្រវាក់ច្រាវៗនៅក្បែរគាត់នោះដែរ ។ ប្រពន្ធកូនខំទាញទាល់ចំណេះ
នៅតែមិនរួច ក៏តាំងបែរបន់ចុះញ៉ម សុំឲ្យអ្នកតាលែងតា ង៉ែត នោះមកវិញ
អ្នកតាក៏លែងតា ង៉ែត ឲ្យមកជួបជុំប្រពន្ធកូនវិញដូចធម្មតា ។
តាំងពីពេលនោះមក អ្នកស្រុកភូមិក៏នាំគ្នាជឿស៊ប់
ចំពោះអ្នកតានោះឥតងាករេ គេតែងបន់គ្រប់ៗគ្នា
ក្នុងពេលណាដែលមានទុក្ខព្រួយ ឬ បាត់របស់ទ្រព្យផ្សេងៗ ឬ
ក៏ចង់បានជ័យជម្នះ ក្នុងការលេងល្បែងស៊ីសងជាដើម ។
គោលបំណងនៃការបន់នេះច្រើនតែបានសម្រេចដូចបំណងរៀងៗរហូតមក ។
ឯរបៀបតង្វាយគេច្រើនថ្វាយស្លាធម៌ដៃ2 ១គូ ស្លាធម៌ដូង ១គូ មាន់ស្ងោរ ១ មាន់រស់ ឬ
មាន់ធ្នាក់ នំ ចេក ប្រាក់ ទង់ ទៅតាមការដែលគេបានបន់ ។
របៀបឡើងអ្នកតា
ពិធីឡើងអ្នកតាក្រហមក ឬអ្នកតាភូមិនេះ
គេកំណត់ធ្វើនៅថ្ងៃ ១៣ កើត ខែពិសាខរៀងរាល់ឆ្នាំ ។ អ្នកស្រុកមហារាជ
(ភូមិឈើទាល) រៀបចំធ្វើពិធីនេះរៀងរាល់ឆ្នាំ ឆ្នាំខ្លះគេធ្វើបង្ហារួច
និមន្តព្រះសង្ឃចំរើនព្រះបរិត្ត រួចទេសនា ។ ព្រឹកឡើងនិមន្តព្រះសង្ឃដារ
ឆាន់ ដល់ពេលល្ងាច ទើបគេចាប់ធ្វើពិធីបញ្ជាន់រូប ។ ប៉ុន្តែមានឆ្នាំខ្លះ
គេធ្វើបញ្ជាន់រូបតែម្ដង មិនមាននិមន្តព្រះសង្ឃឆាន់ទេ ។ អ្នកតានោះ
មានរូបសម្នឹងជាភេទប្រុស សម្រាប់ចូលមកនិយាយកិច្ចការប្រាប់កូនចៅ ។
តារូបសម្នឹងនោះមានអាយុប្រមាណ ៥០ឆ្នាំ គឺអ្នកតាក្រហមកចូលជាន់តែម្ដង
ឥតមានអ្នកណារើសទេ ។ ប៉ុន្តែតមកខាងក្រោយ រូបនោះក៏កាន់តែចាស់
ចូលជាន់លែងកើត អ្នកស្រុកក៏រើសរករូបថ្មីទៀត ដោយគេបួងសួងថា
"បើលោកតាស្រឡាញ់អ្នកណា សូមឲ្យចូលរូបអ្នកនោះចុះ
ព្រោះរូបមុនចាស់ណាស់ហើយ ។ គេបួងសួងរួចហើយ ក៏ចាប់លេងភ្លេងខ្មែរ
ឲ្យអ្នកតារើសរូបចូលទៅ ។ សព្វថ្ងៃនេះ ចូលរូបតាម្នាក់ឈ្មោះ តា អន
ដែលជារូបថ្មី អាយុ ៥០ ប្លាយដែរទើបនឹងចូលធ្វើសម្នឹងក្នុងឆ្នាំ១៩៦៦
មុននេះគាត់នៅភូមិខ្នាអុង សង្កាត់បឹងត្រាញ់ ស្រុកសំរោង តាកែវ។
អំពីគ្រឿងសំណែនសម្រាប់ឡើងអ្នកតា
នៅថ្ងៃមុន ១៣
កើតខែពិសាខអ្នកស្រុកពីរនាក់ដើររៃអង្គាសប្រាក់ពីអ្នកភូមិទាំងអស់គ្នា
ដើម្បីយកទៅទិញប្រដាប់ប្រដា សម្រាប់រៀបចំពិធី ។
កាលទិញឥវ៉ាន់សព្វគ្រប់ហើយ គេក៏ចាប់ធ្វើស្លាធម៌ដៃ ១គូ
ដាក់ក្នុងខ្ទមអ្នកតា ព្រមទាំងមានចេក នំ បង្អែម ចម្អាប
ដាក់ថ្វាយក្នុងរោងនោះផង ។ ក្រៅពីនេះមានធ្វើសង្ឃឹកមួយ ទទឹង ០ម.៦០ បណ្ដោយ
១ម.២០ ។ នៅក្នុងសង្ឃឹកនោះ គេដាក់ស្រូវ អង្ករ ពោត សណ្ដែក ល្ង អំបិល ប្រហុក
ប្រាក់កាស ដែលអ្នកស្រុកភូមិគេយកមកដាក់ ។ ស្រូវអង្ករ
គេដេរស្បោងតូចៗច្រកគ្រប់ៗគ្នាយកមកដាក់ ក្នុងម្នាក់ៗមានស្រូវ ១បាវ
អង្ករ ១បាវ ប្រាក់ ១រៀល បាយសម្លសម្រាប់ដាក់លើសង្ឃឹក
និងបាយសម្លសម្រាប់ឲ្យពួកអ្នកភ្លេងបរិភោគ ។ គេធ្វើជ្រូក១ ដាក់លើស្ពក
និងមាន់ស្ងោរ ១គូ បង្អែម ១គូ ចម្អាប
១គូគ្រប់មុខសុទ្ធតែមួយគូៗទាំងអស់ ។ ពែមួយប្រវែង
១ហត្ថរាងចតុកោណកែងស្មើ ក្នុងពែគេដាក់បាយសម្ល ចេក នំ
គ្រប់មុខឥវ៉ាន់ដែលមាន ។ មានពែមួយទៀតរាងឆកោណ មាន ៦ ថ្នាក់3
មានទ្រង់ទ្រាយពែប្រហែលនឹងអាក់ព័ទ្ធសូត្រ ក្នុងពែនេះ
គេគេដាក់បង្អែម-ចម្អាប ដូចពែរាងចតុកោណកែងស្មើនោះដែរ ។
នៅខាងមុខរោងអ្នកតា គេក្រាលកន្ទេល
ហើយរៀបដាក់ប្រដាប់ប្រដាទាំងអស់ ឲ្យរូបអង្គុយលើកន្ទេលក្រហម
ក្បែររបស់ទាំងអស់នេះ បែរមុខទៅទិសខាងកើត ។ នៅពីមុខរូបមានរងមួយ
ហើយរងមានដន្លាប់ក្រមួន ១ ស្លាបៀក ៥ ម៉ាត់ បារី ៥ ទៀន ទៀនអុជហើយ ១គូ ម្លូ
៣សន្លឹក ស្លាមួយ ប្រាក់ ២០រៀល ដែលគេដាក់ឲ្យរូបបាំង4 ។
រូបអង្គុយបត់ជើងទទូរក្រមា ដៃទាំងពីរចាប់រង របៀបទ្រោមបន្តិច ។
ពីមុខរូបនោះ គេរៀបឆ្វេង-ស្ដាំជាជួរ គឺ មាន់ ១គូ បង្អែម ចម្អាប ១គូ
ជ្រូកដាក់កណ្ដាលខាងមុខបង្អែម និងចម្អាបទៅទៀត ។ តទៅទៀត គេដាក់ពែសង្ឃឹក
សង្ឃឹកគេដាក់មុខឲ្យឈមមករកមុខអ្នកតា និងក្រុមភ្លេង ១វង់ មានទ្រ ១
ប៉ីពក ១ អ្នកច្រៀងម្នាក់ ស្គរ ២ ។ ពេលបញ្ជាន់រូបលេងភ្លេងប្រគំ ។
ពេលភ្លេងកំពុងតែលេង រូបធ្វើទ្រឹង
ហាក់ដូចជាចាំស្ដាប់ភ្លេង និងចម្រៀង បើអ្នកចម្រៀងច្រៀងមិនត្រូវទេ
រូបចាប់ច្រៀងខ្លួនម្ដង ទើបអ្នកតាក្រហមកចូល ។ ពេលចូលរូបមុនដំបូង
អ្នកតានិយាយជាភាសាលាវ រួចទើបនិយាយភាសាខ្មែរជាខាងក្រោយ ។
មានម្នាក់អ្នកសួរ និងថ្វាយតង្វាយ ដែលតាមទម្លាប់អ្នកស្រុកហៅថា
"ជើងព្រះ" ។ ជើងព្រះនេះ ចេះនិយាយភាសាខ្មោច ដូចដូង គេថា
"មហាលៃ" ចេក គេថា "ត្រសូល"5 ជាដើម ។ល។ អ្នកចាំសួរនោះ
គេសួរពីសុខទុក្ខក្នុងស្រុកភូមិ នឹងសុំកុំឲ្យមានជំងឺអាសន្នរោគ អុត
ព្រោះជំងឺពីរមុខនេះ អ្នកស្រុកខ្លាចណាស់ សុំឲ្យមានទឹកភ្លៀងបរិបូណ៌
សុំកុំឲ្យមានក្រាដង្កូវស៊ីស្រូវ កុំឲ្យស្រូវពាយ ជាដើម ។
បន្ទាប់មក រូបអ្នកតាចូលនោះ
ចាប់ឲ្យចំណីខ្មោចព្រាយ ពេលដែលឲ្យចំណីគេបង្វែរសង្ឃឹកនោះ ឲ្យបែរមុខចេញ
រូបចូលនោះចាប់យកអង្ករមកផ្លុំ រួចបាចទៅលើពែនិងសង្ឃឹក
រួចចាប់លាជមកបាចលើពែនិងសង្ឃឹកទៀត ហើយគេឲ្យជូនពែនិងសង្ឃឹកនោះទៅ ។
មុនពេលយកសង្ឃឹកនិងជូនពែនោះទៅនោះ គេត្រូវចាក់បាយចាក់សម្ល បង្អែម
ចម្អាប ដាក់លើពែនិងសង្ឃឹក រួចនាំគ្នាសែងពែនិងសង្ឃឹកនោះចេញទៅ ។
ឯរូបនោះក្រោកឈរ ដៃកាន់ដំបង ឬ ដាវ
គ្រវីលោតដើរតាមក្រោយអ្នកសែងសង្ឃឹកនោះទៅដែរ ។
អ្នកលេងភ្លេងបទស្ដេចដើរ មនុស្សក៏ក្រោកដើរហែទៅទាំងអស់គ្នា បានចម្ងាយ
៥០ម. ឬ ១០០ម. រូបត្រឡប់មកវិញ អ្នកសែងសង្ឃឹក ភ្លេង និងអ្នកហែទាំងអស់
ចេះតែហែទៅមុខទៀត បានចម្ងាយប្រហែល ៥០០ម. ទើបដាក់សង្ឃឹកនិងពែចោល
ភ្លេងក៏ឈប់លេង អ្នកហែត្រឡប់មកវិញ ។
ឯប្រដាប់ប្រដានៅលើសង្ឃឹកទាំងប៉ុន្មាន
ត្រូវអ្នកសែងនោះចាត់ការគឺ មាន់ស្ងោរ ជ្រូក គេបេះតែស្លឹកត្រចៀកបន្តិច
ក្បាលបន្តិច ជើង កន្ទុយ ដាក់លើសង្ឃឹកនោះទៅ សល់ប៉ុន្មាន
គេនាំគ្នាចែកគ្នាបរិភោគ ។ ប៉ុន្តែបើស្រុកមានកើតជំងឺអាសន្នរោគ ឬ អុត
ហើយបើមានធ្វើពិធីនេះ គេមិនដែលហ៊ានយករបស់អ្វីមកវិញទេ
ទុកចោលនៅនោះហើយ សូម្បីតែសត្វតិរច្ឆានក៏មិនហ៊ានស៊ីផង ។
សម័យសព្វថ្ងៃនេះ ពេលរៀបឡើងអ្នកតាក្រហមក
មិនមានដាក់ជ្រូកទាំងមូលដូចមុនទេ គេទិញតែក្បាល ជើង
និងកន្ទុយជ្រូកមកជាការស្រេច ។
រឿងព្រេង អ្នកតាក្រហមក
Reviewed by VannyDa
on
3:26 PM
Rating: