រឿងព្រេង ទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ
កាលបើមានបុគ្គលថ្មីៗ ស្លាប់លើផ្ទះ
អាចារ្យយោគី ត្រូវរកទឹកមួយក្អមតូច និងថ្មមួយដុំតូច ហើយអុជធូប ៣ សរសៃ
យកទៅដាក់ចុងជើងបុគ្គល រួចធ្វើឧបកិច្ចការពារ
កុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន ។ បើមិនធ្វើដូច្នេះទេ កាលណា
មានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះ អសុរកាយ
នឹងចូលក្នុងរូបបុគ្គលនោះបានពុំខាន ។ តែមិនបានធ្វើដូច្នេះទេ
ត្រូវព័ទ្ធសីមា បើបានព័ទ្ធសីមាហើយ ទោះបីមានឆ្មាខ្មៅលោតរំលង
ក៏មិនថ្វីដែរ ។ តាមជំនឿរបស់ខ្មែរថា អសុរកាយ ជាពួកបិសាច
តែងត្រាច់រង្គាត់រកស៊ីរង់ ហើយជួនកាល អាចបន្លាចមនុស្សផងក៏មាន
ទើបគេត្រូវតែការពារបុគ្គល ដោយពិធីផ្សេងៗ ។
គេតែងប្រាប់គ្នាឲ្យធ្វើកិច្ចផ្សេងៗ
ចំពោះបុគ្គលស្លាប់ដូច្នេះ ដើម្បីចៀសវាងអន្តរាយ ដូចមានរឿងមួយដំណាលថា ៖
នៅស្រុកមួយ
ជាទីរហោឋានដាច់ស្រយាលអំពីទីប្រជុំជន
ជាស្រុកសម្បូណ៌ដោយឈើព្រៃស្រោងស្រឹងស្ងាត់ជ្រងំ
មានអាកាសធាតុត្រជាក់ដោយទឹកសន្សើម និងឮសូរតែសំឡេងសត្វនានាស្រែកយំ
គួរឲ្យចាប់អារម្មណ៍ ។ នៅតំបន់នោះ មានផ្ទះមួយ ជាជម្រកនៃមនុស្ស ៤ នាក់ គឺ
ឪពុក ម្ដាយ និងកូនប្រុស ២ នាក់ ដែលនៅក្នុងវ័យជំទង់ ។ ឪពុក
ចេញទៅរកស៊ីស្រុកឆ្ងាយ យូរៗ ទើបវិលមកផ្ទះម្ដង ។
កូនប្រុសទាំងពីរនាក់នៅជាមួយម្ដាយ ។ ថ្ងៃមួយ ជាចៃដន្យអ្វី នាងម្ដាយនោះ
មានជំងឺជាទម្ងន់ ក៏ធ្វើមរណកាលទៅ ។ អ្នកស្រុក ដែលនៅភូមិជាមួយគ្នា
ប៉ុន្តែផ្ទះគេនៅឆ្ងាយៗ នាំគ្នាមកជួយធ្វើក្ដារមឈូសដាក់សពរួចស្រេច
ដល់ល្ងាច ក៏ត្រឡប់ទៅផ្ទះគេវិញអស់ទៅ ។ ផ្ទះសពនោះ ក៏ត្រូវនៅត្រមោចកំព្រា
មានតែកូនពីរនាក់អុជភ្លើងបំប្លុងនៅយាមសពម្ដាយ
រង់ចាំដល់ភ្លឺនឹងបានអ្នកជិតខាងមកជួយទៀត ។ ឯសពនៅក្នុងក្ដារមឈូសនោះ
ពុំទាន់បានព័ទ្ធសីមា ឬធ្វើកិច្ចអ្វីមួយឡើយ ព្រោះពេលក៏ខើច
នឹងទៅរកអាចារ្យណាក៏ពុំទាន់ ណាមួយផ្លូវកាត់ព្រៃ
ហើយត្រូវនឹងពេលព្រលប់ ជាពេលដែលសត្វសាហាវចេញរកស៊ីផង ។
ក្នុងរាត្រីនោះ ក្មេងទាំងពីរនាក់បងប្អូន
ចេះតែនាំគ្នាភ័យព្រួយ ព្រោះយប់កាន់តែស្ងាត់ទៅ, សត្វខ្លែងស្រាក
លលកខ្មោច ក៏ចេះតែបញ្ចេញសម្រែកគួរឲ្យព្រឺក្បាល ព្រឺស្បែក ។
ថ្លែងពីអសុរកាយ ដែលតែងត្រាច់រង្គាត់រកសាកសពសត្វព្រៃធ្វើជាអាហារ
លុះមកប្រទះឃើញខ្មោចនៅក្នុងក្ដារមឈូស ដែលមិនទាន់បានសីមាការពារនៅឡើយ
ក៏រលៀកខ្លួនចូលទៅស៊កក្នុងរូបសពនោះមួយរំពេច ។ ខ្មោចដែលនៅស្ដូកស្ដឹង
ប្រៀបបាននឹងដុំឈើនោះ ក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញ
ហើយបម្រះប្រវេប្រវាព្រូសប្រះរកងើបចេញពីក្ដារមឈូស ។
កុមារបងប្អូន ដេកនៅជិតក្ដារមឈូស, ប្អូនមិនទាន់ដឹងការអ្វីច្រើន
ក៏ដេកលក់ទៅ នៅតែកុមារបងដែលចេះតែមានការបារម្ភខ្លាច ។ លុះឮសូរខ្មោចនោះរើគ្រុះគ្រះក្នុងក្ដារ
វាក៏ចេះតែលួចសម្លឹងទៅរកក្ដារមឈូស ។ មិនយូរប៉ុន្មាន ស្រាប់តែខ្មោចនោះ
អើតក្បាលចេញពីក្ដារមកក្ងក់,
ម៉ែអើយ !
អើតមកធ្វើអ្វីហ្នឹង ? កុមារបងឃើញដូច្នោះ ភ័យណាស់
កន្ត្រាក់ដៃប្អូនអូសរត់ចុះពីលើផ្ទះ ។ ប្អូនក៏ស្ទុះទៅតាមទាំងសើងម៉ើង
។ បងនិយាយបណ្ដើររត់បណ្ដើរ ប្រាប់ប្អូនកុំឲ្យងាកក្រោយឲ្យសោះ ។
ក្មេងទាំងពីរនាក់ រត់ទៅមិនយូរប៉ុន្មាន ខ្មោចនោះ
ក៏លោតចុះដេញតាមពីក្រោយទៅដែរ ។ ឃើញដូច្នោះ ក្មេងទាំងពីរ
ខំរត់សំដៅវត្ត ព្រោះគិតឃើញថា "មានតែវត្តទេ
ដែលអាចជួយខ្លួនឲ្យផុតពីភ័យអន្តរាយនេះ" ។
ឯអសុរកាយ លុះតាមទៅដល់របងវត្ត ឃើញសីមា
វាមិនហ៊ានចូល ក៏ចេញពីរូបសាកសពនោះទៅ ។ ឯសាកសពនោះ
ក៏រលំដួលដេកច្រងាងក្នុងទីនោះឯង ។
លុះព្រឹកឡើង ព្រះសង្ឃ និងអ្នកស្រុក ដឹងរឿងហើយ
ក៏ផ្អើលមកឈូឆរ ហើយនាំគ្នាលើកខ្មោចនោះទៅបូជា
ធ្វើកិច្ចរម្ងាប់ចង្រៃគ្រប់បែបយ៉ាងទៅតាមទម្លាប់ ។
ដោយខ្លាចមានហេតុអាក្រក់ជាចៃដន្យ
ដូចក្នុងរឿងដំណាលនេះឯង ទើបចាស់បុរាណបានបង្គាប់គ្នា
ឲ្យរៀបរណ្ដាប់ធ្វើកិច្ចផ្សេងៗ និងឲ្យព័ទ្ធសីមាជាការចាំបាច់
ដើម្បីការពារទុកជាមុន ។
របៀបនេះ ក៏បានជាប់ជាទំនៀមទម្លាប់រហូតមក
។
រឿងព្រេង ទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ
Reviewed by VannyDa
on
3:55 PM
Rating: