រឿងព្រេង ទាក់ទងនឹងទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់
មានរឿងបុរាណដំណាលតៗ គ្នាមកថា
មានបុរសម្នាក់ នៅជាមួយនឹងប្រពន្ធ តាំងពីក្មេងដល់ចាស់
ខំរកស៊ីបានមាសមួយបាទ តែគ្មានកូនសោះ ។ ប្ដីប្រពន្ធនេះផ្ដាំគ្នាទៅវិញទៅមកថា
"បើអ្នកណាស្លាប់មុន ត្រូវយកមាសនេះដាក់មាត់អ្នកនោះ" ។
ចំណេរតមកមិនយូរប៉ុន្មាន ប្ដីស្លាប់មុនទៅ ។ ប្រពន្ធ
ក៏យកមាសនោះដាក់ក្នុងមាត់ប្ដី ហើយយកខ្មោចប្ដីទៅបូជា ។
ភ្លើងឆេះរលាយមាសនោះអស់ នៅសល់តែ ៣ ស្លឹង ។
សម័យមួយ ព្រះមហាក្សត្រមួយអង្គ
មានលោភចិត្តគ្របសង្កត់
ក៏ចេញព្រះរាជអាជ្ញាឲ្យរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាទ ជាកំហិត ។
យាយជាប្រពន្ធរបស់ខ្មោចតានោះ ក៏យកមាស ៣ ស្លឹង ដែលគាត់រើសទុកនោះ
ទៅថ្វាយព្រះមហាក្សត្រ ហើយក្រាបទូលថា "ក្រាបទូលព្រះករុណា ! មាសនេះ
ពីដើមពេញមួយបាទ, តែខ្ញុំម្ចាស់យកទៅបង់មាត់ឲ្យប្ដីខ្ញុំ ៗ
ខ្ញុំម្ចាស់យកទៅពុំបាន ក៏ត្រូវភ្លើងឆេះខាតអស់ខ្លះទៅ
នៅសល់តែប៉ុណ្ណេះ សូមព្រះករុណា មេត្តាដល់សត្វទាល់ក្រផងចុះ
ខ្ញុំម្ចាស់ទាស់មធ្យោបាយនឹងទៅរកមាសឯណាឲ្យគ្រប់ចំនួនថ្វាយព្រះអង្គ
ពុំបានឡើយ" ។ ព្រះមហាក្សត្រ ទ្រង់ព្រះសណ្ដាប់
ក៏កើតធម្មសង្វេគស្លុតព្រះទ័យ ទើបទ្រង់ប្រកាសឲ្យលើកលែងរៃយកមាស
អំពីបណ្ដារាស្ត្រតទៅទៀត ។
អាស្រ័យរឿងនេះ
ទើបបណ្ដារាស្ត្រទាំងអស់យល់ថា ប្រាក់ ឬមាសដែលបង់ក្នុងមាត់ខ្មោច
មានអនុភាពទៅលើទឹកចិត្តមនុស្សណាស់ សូម្បីព្រះមហាក្សត្រ
ក៏ចុះចាញ់អានុភាពនេះដែរ ។ មួយទៀត អានុភាពនៃប្រាក់
ឬមាសបង់មាត់ខ្មោចនេះ
ជាវត្ថុសក្ដិសិទ្ធអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន ។
ហេតុដូច្នេះឯង ទើបគេនាំគ្នាធ្វើរបៀបនេះជារៀងរាប
រហូតកើតទៅជាទំនៀមទម្លាប់មក ។
ប៉ុន្តែ អ្នកប្រាជ្ញពីបុរាណ ដែលឲ្យយកមាស
ឬប្រាក់ដាក់ក្នុងមាត់ខ្មោច គឺគប្បីជាប្រស្នាឲ្យពិចារណាថា
"សម្បត្តិទាំងអស់ យើងអាចយកជាប់នឹងខ្លួនទៅបានខ្លះ តែក្នុងវេលានៅមានជីវិត, កាលបើស្លាប់ហើយ
យើងមិនអាចយកទៅបានទេ" ។
រឿងនេះឯង
ដែលជាប់ជាទំនៀមរហូតមកដល់សព្វថ្ងៃ ។
រឿងព្រេង ទាក់ទងនឹងទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលស្លាប់
Reviewed by VannyDa
on
3:56 PM
Rating: