រឿងព្រេង ទាក់ទងនឹងទំនៀមបំបួសនាគ
តាមពិតទៅពិធីបំបួសនាគមិនមែនជារឿងថ្មីរបស់ប្រជាពលរដ្ឋខ្មែរនោះទេ
ពិធីនេះបានកើតមានតាំងតែពីបរម បុរាណមកម្ល៉េះ រហូតមកដល់បច្ចុប្បន្ននៅតែជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដដែល
ព្រោះវាជាស្ពាន សីលធម៌ចម្លងមនុស្សទៅកាន់ភាពរុងរឿងនៃជីវិត វៀរចាកអំពើបាបទាំងឡាយ
កើតមានតែភាពស្ងប់ស្ងាត់ មិនលោភលន់មានចំណេះដឹងខ្ពង់ខ្ពស់ ជួយបំភ្លឺភាពត្រឹមត្រូវ
ដល់មនុស្សជំនាន់ក្រោយជាបន្ដបន្ទាប់។ ពិធីបំបួស នាគបានរលំរលាយក្នុងរបបខ្មែរ
ក្រហមកាន់កាប់អំណាចនាឆ្នាំ១៩៧៥-១៩៧៩ ក្រោយថ្ងៃរំដោះប្រជាពលរដ្ឋ មានសេរីភាព
សង្គមត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័នផ្សេងៗ ពិធីបំបួសនាគបានចាប់
ផ្ដើមកំរើកឡើងវិញ ប៉ុន្ដែបច្ចុប្បន្ននេះសំបូរតែនៅតាមតំបន់ជនបទប៉ុណ្ណោះ
យូរៗម្ដងកើតមាននៅទីក្រុងភ្នំពេញ។ ថ្មីៗនេះនៅទីក្រុង ភ្នំពេញ
ពិធីបំបួសនាគបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង
ដោយសារតែកូនប្រុសរបស់ត្រកូលអភិជន
តិចតួចបានសំរេចសាងផ្នួសនៅជាមួយព្រះធម៌រយៈពេលខ្លីជាគំរូមួយ
ខណៈដែលកូនប្រុសត្រកូលអភិជនជាច្រើន ទៀតមិនបានធ្វើបែបនេះ។ គួររំលឹកថា នៅក្នុងពិធីបំបួសនាគត្រូវរៀបចំទៅតាម
លំដាប់ប្រពៃណី មានពិធីកោរសក់ ពិធីជូនត្រ័យចំពោះលោកអ្នកមានគុណ ពិធីក្រុងពាលី
ពិធីបង្វិលពពិល ពិធីធ្វើធ្មេញនាគ ពិធីកួចចំណងដៃ នាគ ពិធីលាបប្រេងម្សៅ
ពិធីចំរើនព្រះបរិត្ដនាគ ពិធីហែនាគ៣ជុំព្រះវិហារ ពិធីចូលព្រះវិហារ ពិធីនាគវន្ទា
ចំពោះ ព្រះពុទ្ធរូប ពិធីនាគវន្ទាព្រះឧបជ្ឈាយ៍ ពិធីសុំនិស្ស័យបំបួសនាគ ព្រះឧបជ្ឈាយ៍
ព្រះសង្ឃហត្ថាបាស ចំរើនពុទ្ធជ័យ មង្គល ពិធីពហុទេវា សាមណេរវន្ទាលាញោមប្រុស-ស្រី
លោកតា លោកយាយ ដើម្បីសាងផ្នួសពិធីកប់សក់ដើម្បី សុំសេចក្ដីសុខ ។
ពិធីបំបួសនាគនេះជាពិធីមួយធំ ដែលមានទម្លាប់ធ្វើតាំងពីបុរាណកាលមកហើយដែលចូលជ្រួត
ជ្រាបទៅក្នុងចិត្ដ នៃប្រជាជនខ្មែរគ្រប់រូប
ព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិ។
ឯការបំបួសកូនចៅក៏ជាកិច្ចទំនុកបំរុង ព្រះពុទ្ធសាសនាមួយដែរ។
ម្យ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការ បណ្ដុះបណ្ដាលនិស្ស័យអក្សរសាស្ដ្រ និង
តម្រិះវិជ្ជាផ្សេងៗមានជំនាញសំណង់ និងការរចនាផ្សេងៗជាដើម ។
មនុស្សដែលបានបួសក្នុងព្រះពុទ្ធ សាសនាមានតម្លៃខ្ពស់ជាងមនុស្ស ដែលពុំបានបួស
ព្រោះអ្នកស្រុកតែងយល់ថា អ្នកបួសជាមនុស្សស្គាល់ បាបបុណ្យ គុណទោសច្បាស់លាស់
ហើយខ្មែរយើងតែងមានជំនឿម្យ៉ាងទៀតថា “បួសនេន សងគុណម្ដាយ បួសភិក្ខុ សងគុណឪពុក”។ ជំនឿទាំងនេះបានជ្រាបជ្រៅទៅក្នុងសន្ដានចិត្ដប្រជាជនខ្មែរ
ទូទាំងប្រទេស រហូតដល់ពេលរៀបចំទុកដាក់កូនចៅឱ្យមានប្ដី-ប្រពន្ធ
ក៏គេនិយមប្រកាន់រើសរកតែបុរសណា ដែលបាន បួសរៀនផងដែរ។
អ្នកស្រុកស្រែចំការនៅប្រកាន់ទំនៀមទម្លាប់ខាងលើនេះជាប់រហូតដល់សព្វថ្ងៃ
ប៉ុន្ដែមិនសូវជាតឹងរ៉ឹង ដូចកាលពីដើមទេ ព្រោះឥលូវនេះមានសាលារៀនរដ្ឋការច្រើន
ហើយដែលសំរាប់បណ្ដុះ និស្ស័យ និងតម្រិះវិជ្ជាផ្សេងៗ ដោយគេយល់ថា
“អ្នកបួសជាមនុស្សប្រសើរ”យ៉ាងនេះហើយទើបគេហៅ បព្វជ្ជា បេក្ខៈ
និងឧបសម្បទាបេក្ខៈថា“នាគ”។ “បំបួសនាគ” គឺបំបួសមនុស្សប្រសើរ។
ដំរីមានភ្លុកដែលធំល្អជាងគេ និងពស់ ដែលធំវិសេសជាងគេ ក៏ហៅថា “នាគ” ដែរព្រោះពាក្យថា
“នាគ”នេះមានន័យថា “ប្រសើរ” ។ ប៉ុន្ដែ
ទំនៀមបំបួសនាគនេះមានរឿងព្រេងពីបុរាណមួយនិទានថា
កាលដែលព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្ដជេតពន់
នាគរាជមួយមានមហិទ្ធីរិទ្ធិមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាចង់បួសជាភិក្ខុ
ក៏កាឡាខ្លួនជាមាណពចូលទៅថ្វាយ បង្គំព្រះមហាតិស្សត្ថេរ ហើយទូលថា
“ខ្ញុំព្រះករុណាសូមបួសជាព្រះមហាថេរផង” ។ ព្រះមហាតិស្សត្ថេរ ក៏បំបួស
ស្ដេចនាគកាឡានោះជាភិក្ខុទៅ។ ថ្ងៃមួយនៅពេលដែលភិក្ខុស្ដេចនាគនោះសិងពេល
ថ្ងៃយ៉ាងស្កប់ស្កល់ខ្លួនលោក ក៏ក្លាយជានាគឆ្វាយរង្វេលពេនពេញបន្ទប់។ ស្បង់ចីវរខ្ចាត់ខ្ចាយអស់រលីងអំពីកាយ
។ ពេលនោះសាមណេរមួយ អង្គផ្ចង់ចង្ហាន់រួចចូលទៅនិមន្ដឆាន់
លុះបើកទ្វារទៅស្រាប់តែឃើញពស់ពេនពេញបន្ទប់ ភ័យរន្ធត់ស្ទុះរត់ស្រែក
ឆោឡោផ្អើលពេញទាំងវត្ដ ។ លុះជ្រាបទៅដល់ព្រះដ៏មានបុណ្យ
ទើបព្រះអង្គទ្រង់ព្រះប្រញប្ដថា “ចាប់ពីថ្ងៃនេះ ទៅ ភិក្ខុឯក្រោយកុំបីបំបួសសត្វតិរច្ឆាននូវខ្មោច
បិសាច រាជភូត យក្សាឡើយ”។ អាស្រ័យដំណើរដែលព្រះអង្គ ទ្រង់ប្រញប្ដដូច្នេះ
ទើបភិក្ខុនាគក្រាបទូលព្រះដ៏មានបុណ្យថា
“ខ្ញុំព្រះអង្គនេះមានចិត្ដស្មោះចំពោះសាសនាព្រះអង្គ ពិតណាស់ ឥតមានក្លែងបន្លំទេ
បើខ្ញុំព្រះអង្គមានភេទជា សត្វ មិនអាចបួសក្នុងសំណាក់ព្រះអង្គបាន ដូច្នេះខ្ញុំ
ព្រះអង្គសូមពរឱ្យមានព្រះប្រញប្ដថា បើភិក្ខុនឹងបំបួសកុលបុត្រ
សូមឱ្យហៅអ្នកសុំផ្នួសនោះថា “នាគ” ដូច្នេះតទៅ
ដើម្បីឱ្យគេនឹកឃើញដល់ឈ្មោះខ្ញុំព្រះអង្គ ដែលជាអ្នកស្មោះចំពោះសាសនាព្រះអង្គ
តែពុំមាននិស្ស័យនឹងបានបួស ជាភិក្ខុដូចមនុស្សផងទាំងពួង។ ព្រះពុទ្ធអង្គ
ទើបបញ្ញត្ដិពាក្យឱ្យហៅបព្វជ្ជាបេក្ខៈនិងឧបសម្បទាបេក្ខៈថា“នាគ”
តាមសំណូមពរដែលស្ដេចនាគសុំ ។ អាស្រ័យរឿងនេះឯង ទើបមានឈ្មោះ ហៅថា “នាគ-នាគ”រហូតមក ។
រឿងព្រេង ទាក់ទងនឹងទំនៀមបំបួសនាគ
Reviewed by VannyDa
on
3:45 PM
Rating: